Sunday, March 25, 2012

លោក សម រង្ស៊ី អាច​ចូល​ស្រុក​បាន​តាម​រយៈ​ការ​សម្របសម្រួល

ប្រធាន​គណបក្ស​សមរង្ស៊ី លោក សម រង្ស៊ី (RFA/Ayuthyea)

មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល នៅ​ថ្ងៃ​សៅរ៍ ទី​២៤ ខែ​មីនា បាន​ប្រកាស​ថា កូន​សោ​សំខាន់​នៃ​ការ​វិល​ត្រឡប់​មក​កម្ពុជា​របស់​លោក សម រង្ស៊ី ឋិត​នៅ​លើ​ការ​សម្របសម្រួល​នយោបាយ​រវាង​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន និង​ប្រធាន​គណ​បក្ស​ប្រឆាំង​រូប​នេះ

2012-03-24
ដោយ យន់ សាមៀន
Radio Free Asia

អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈ​រដ្ឋ​មន្ត្រី លោក ផៃ ស៊ីផាន បាន​អះអាង​ថា តាម​បទ​ពិសោធន៍​នយោបាយ​កន្លង​មក លោក សម រង្ស៊ី អាច​វិល​ត្រឡប់​មក​កម្ពុជា ចូល​រួម​ការ​បោះ​ឆ្នោត​វិញ​បាន ប្រសិន​បើ​មាន​ការ​សម្របសម្រួល​នយោបាយ​ណា​មួយ​រវាង​លោក និង​លោក ហ៊ុន សែន។ លោក ផៃ ស៊ីផាន បាន​វិភាគ​ផ្ទាល់​ខ្លួន​ថា កាល​ពី​ឆ្នាំ​២០០៥ លោក សម រង្ស៊ី ត្រូវ​បាន​តុលាការ​កាត់​ទោស ប៉ុន្តែ​អាច​មក​ចូល​រួម​ការ​បោះឆ្នោត​បាន​ដោយ​សារ​ការ​សម្រប​សម្រួល​នឹង​លោក ហ៊ុន សែន ដូច​នេះ កូនសោ​វិល​ទៅ​កម្ពុជា​របស់​លោក សម រង្ស៊ី ឋិត​នៅ​លើ​ដៃ​លោក សម រង្ស៊ី ៖ “អ្វី​ដែល​ឯកឧត្ដម សម រង្ស៊ី បាន​ទន្ទេញ​រត់​មាត់​ប្រាប់​គេ​ឯង តើ​លោក​នឹង​វិល​ត្រឡប់​មក​វិញ ជា​ការ​ពិសោធន៍​ពី​ដើម​ទី ដូច្នោះ​លោក​មាន​ការ​ពិសោធន៍​ហើយ​ដើម្បី​សម្របសម្រួល អ្វី​ដែល​ជា​កូនសោ​ក្នុង​ដៃ​របស់​លោក”។

លោក សម រង្ស៊ី ប្រធាន​គណ​បក្ស​សម​រង្ស៊ី ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​សហ​រដ្ឋ​អាមេរិក នៅ​សប្ដាហ៍​នេះ បាន​ស្នើ​ឲ្យ​អង្គការ​សហ​ប្រជា​ជាតិ​នៅ​បុរី​ញីវយ៉ក (New York) ធ្វើ​ពហិការ​មិន​ចូល​រួម​សង្កេតការណ៍​បោះឆ្នោត​ឃុំ​សង្កាត់ នៅ​ឆ្នាំ​២០១២ និង​ការ​បោះ​ឆ្នោត​សកល​នៅ​ឆ្នាំ​២០១៣ ប្រសិន​បើ​រដ្ឋាភិបាល​កម្ពុជា​មិន​ផ្លាស់​ប្ដូរ​សមាសភាព​សមាជិក​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត និង​មាន​វត្តមាន​របស់​លោក​ក្នុង​ការ​បោះ​ឆ្នោត​ទាំង​នោះ។


លោក សម រង្ស៊ី កំពុង​រស់​នៅ​និរទេស​ខ្លួន នៅ​ប្រទេស​បារាំង ពី​ការ​តាម​ចាប់​ខ្លួន​ពី​សំណាក់​អាជ្ញាធរ​ទីក្រុង​ភ្នំពេញ ក្រោយ​ពេល​តុលាការ​បាន​កាត់​ទោស​លោក​ឲ្យ​ជាប់​ពន្ធនាគារ​រយៈ​ពេល ១៤​ឆ្នាំ។

ក្នុង​កិច្ច​សម្ភាសន៍​ជា​មួយ​វិទ្យុ​អាស៊ី​សេរី លោក សម រង្ស៊ី ហាក់​ដូច​ជា​បន្ទន់​ឥរិយាបថ​រិះគន់​លោក ហ៊ុន សែន ដោយ​ចំៗ ប៉ុន្តែ​ទទូច​ថា ការ​បោះ​ឆ្នោត​ត្រូវ​តែ​មាន​វត្ត​មាន​របស់​លោក

លោក​មាន​ប្រសាសន៍​ម្ដង​ហើយ​ម្ដង​ទៀត​ថា លោក​នៅ​តែ​មាន​សង្ឃឹម​នឹង​វិល​មក​កម្ពុជា​វិញ ប្រសិន​មិន​ដូច្នោះ​ទេ លទ្ធផល​បោះ​ឆ្នោត​នឹង​គ្មាន​តម្លៃ ៖ “ស្ថានការណ៍​នឹង​ប្រែប្រួល​ដូច​មុន​ដែរ។ មុន​មាន​បញ្ហា​ដូច​គ្នា គឺ​គេ​បាន​បង្កើត​ចំពោះ​ខ្ញុំ ចង់​រារាំង​ខ្ញុំ​មិន​ឲ្យ​ខ្ញុំ​ចូល​រួម​ក្នុង​ការ​បោះឆ្នោត តែ​ទី​បញ្ចប់​គឺ​មាន​ដំណោះ​ស្រាយ​ជា​និច្ច ហើយ​លើក​នេះ​មិន​ខុស​ពី​លើក​មុនៗ​ទេ នឹង​មាន​ដំណោះ​ស្រាយ​នយោបាយ​ទៅ​នឹង​បញ្ហា​នយោបាយ​នេះ”។

កាល​ពី​ឆ្នាំ​១៩៩៥ និង​២០០៥ លោក​ត្រូវ​បាន​រដ្ឋាភិបាល​បណ្ដេញ​ចេញ​ពី​រដ្ឋ​សភា និង​កាត់​ទោស ប៉ុន្តែ​កាល​នោះ លោក​អាច​វិល​មក​ធ្វើ​នយោបាយ​នៅ​កម្ពុជា​ឡើង​វិញ ក្រោយ​ពី​លោក​បាន​សម្របសម្រួល​នឹង​លោក ហ៊ុន សែន។ លោក សម រង្ស៊ី បាន​ចោទ​ក្នុង​លិខិត​អំពាវនាវ​របស់​លោក​ថា រយៈ​ពេល ១៥​ឆ្នាំ ក្នុង​ឆាក​ជីវិត​នយោបាយ លោក​អាច​គេច​ផុត​ពី​ការ​ប៉ុនប៉ង​ធ្វើ​ឃាត​ដោយ​ការ​បោក​គ្រាប់​បែក កាល​ពី​ឆ្នាំ​១៩៩៧ និង​១៩៩៨។

អង្គការ​សង្គម​ស៊ីវិល​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស និង​ដំណើរ​ការ​បោះឆ្នោត​កាល​ពី​ថ្ងៃ​ទី​១៥ មីនា បាន​សំដែង​ក្តី​បារម្ភ​ចំពោះ​សេរីភាព និង​យុត្តិធម៌​ក្នុង​ការ​បោះឆ្នោត ដែល​នៅ​តែ​ចោទ​ជា​បញ្ហា ដោយសារ​តែ​ការ​រឹត​ត្បិត​សេរីភាព​នៃ​ការ​ប្រកួត​ប្រជែង ការ​ប្រើប្រាស់​មន្ត្រី​រាជការ កង​កម្លាំង​ប្រដាប់​អាវុធ​មិន​ស្រប​ច្បាប់ និង​អសមធម៌​ក្នុង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ។ សេចក្ដី​ថ្លែង​ការណ៍​រួម​បញ្ជាក់​បន្ថែម​ទៀត​ថា ទី​លាន​ប្រកួត​ប្រជែង​នៅ​បន្ត​មិន​ស្មើ​ភាព​គ្នា ដោយ​សារ​វា​ឋិត​នៅ​ក្រោម​ការ​ត្រួត​ត្រា​របស់​គណ​បក្ស​កាន់​អំណាច ចំណែក​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ និង​ធនធាន​មនុស្ស​របស់​រដ្ឋ ត្រូវ​បាន​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ប្រើប្រាស់​ជា​ប្រយោជន៍​ក្នុង​ការ​ប្រកួត​ប្រជែង។ អង្គការ​សិទ្ធិ​មនុស្ស​បាន​សំណូមពរ​ឲ្យ​ព្រះ​មហា​ក្សត្រ និង​រដ្ឋាភិបាល​សម្របសម្រួល​នយោបាយ អាច​ផ្ដល់​ឱកាស​ឲ្យ​ប្រធាន​គណ​បក្ស​សម​រង្ស៊ី​ចូល​រួម​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់ និង​ការ​បោះ​ឆ្នោត​សកល​ឆ្នាំ​២០១២។

កាល​ពី​ដើម​ខែ​មីនា ឆ្នាំ​២០១២ លោក សម រង្ស៊ី បាន​ស្នើ​សុំ​ឲ្យ​តំណាង​រាស្ត្រ​អន្តរ​ជាតិ​សាមគ្គី​គ្នា ចូល​រួម​បង្កើត​គណៈកម្មាធិការ សមាជិក​សភា​អន្តរ​ជាតិ ស្ដីពី​ការ​បោះ​ឆ្នោត​ដោយ​សេរី​នៅ​កម្ពុជា ដើម្បី​ជំរុញ​ឲ្យ​រដ្ឋាភិបាល​អនុញ្ញាត​ឲ្យ​លោក​អាច​វិល​ទៅ​ចូល​រួម​ការ​បោះ​ឆ្នោត​ឃុំ-សង្កាត់ នៅ​ខែ​មិថុនា ឆ្នាំ​២០១២ និង​ការ​បោះ​ឆ្នោត​ជា​សកល​នៅ​ឆ្នាំ​២០១៣ ខាង​មុខ​នេះ។

អ្នកវិភាគ​នយោបាយ​យល់​ឃើញ​ថា គម្រោង​របស់​លោក សម រង្ស៊ី ប្រហែល​ជា​គ្មាន​ប្រសិទ្ធភាព ហើយ​បំណង​វិល​ត្រឡប់​របស់​លោក សម រង្ស៊ី មុន​ការ​បោះ​ឆ្នោត អាច​នឹង​មិន​ជោគជ័យ។

ទន្ទឹម​នឹង​នេះ​ដែរ រដ្ឋ​សភា​ជាតិ​កម្ពុជា កាល​ពី​ដើម​ខែ​មីនា ឆ្នាំ​២០១២ បាន​លុប​ឈ្មោះ​លោក សម រង្ស៊ី ចេញ​ពី​សមាជិក​តំណាង​រាស្ត្រ ដោយសារ​តែ​សាលដីកា​តុលាការ​ដំបូល​បាន​ចូល​ជា​ធរមាន៕

5 comments:

  1. Anonymous7:20 PM

    Reinforcement of 50+1 formula and everything I do I do
    it for YOU,may work for the OPPOSITION RULER សម្រាំងស៊ី to return to his vacation home in NOM BENH.

    ReplyDelete
  2. Anonymous7:16 AM

    ​ ប៉ុន្មានឆ្នាំមុននេះ លោកហ៊ុន សែនបាននិ
    យាយថា​ កូនសោសំរាប់ឲ្យលោកសម រង្សីចូល
    ស្រុកវិញស្ថិតនៅក្នុងដៃគាត់។ ឥឡូវនេះស្រាប់តែ
    លោកផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណរដ្ធមន្រ្តី
    ថ្លែងផ្ទុយទៅវិញថា កូនសោនោះនៅក្នុងដៃលោក
    សម រង្សីទៅវិញ។ ម៉េចអីចឹង? ថាពលរដ្ធខ្មែរដែល
    ខ្វះអង្ករច្រកឆ្នាំង ទៅជីកក្តួចមកឆីចុះក្រែងថាត្រូវ
    ពុល។ មានអីចឹងឯណា វាបែរទៅជាពុលឯអ្នកដឹក
    នាំឯណោះទៅវិញ។ ព្រះឥន្រ្ទនិយាយឯលិច ទេព្តា
    និយាយឯកើត ឋានសួគ៍ទាំងមូលចាត់ចែងដោយ
    ពពួកជនពុលក្តួច មិនស្លាប់គ្រាន់តែឡប់ៗ អីចឹងធ្វើ
    ម្តេចឲ្យស្រុកគេចផុតពីកញ្ជះគេបានទៅ?
    ស៊ី អេងគ្រុយ

    ReplyDelete
  3. Anonymous8:18 AM

    ឮថា លោកសម រង្សី កំពុងរៀបចំគំរោងបើកយុទ្ធនាការណ៍
    កេណ្ឌប្រមូលខ្មែរក្រៅប្រទេសដើម្បីប្ដឹងហ៊ុន សែន ទៅតុលាការឧក្រិដ្ឋអន្តរជាតិអំពីបទឧក្រិដ្ឋសង្រ្កាម
    និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ របស់ហ៊ុន សែន
    នោះ ទៅដល់ណា ទៅដល់ណីហើយ..?

    សង្ស័យតែដើរបោកប្រាស់ខ្មែរយកលុយទៅដាក់ហោប៉ាវទេ...
    ហើយកុហក់ថាប្ដឹងប្ដឹងប្ដឹងទៅ....

    ReplyDelete
  4. Anonymous12:56 PM

    គណៈបក្ស សម រង្ស៊ី គឺពិតជាគណៈបក្សបង្រ្គប់កិច្ចជួយកាន់មាត់បាវអោយគណៈបក្សប្រជាជន!

    ReplyDelete
  5. Anonymous9:54 PM

    គណបក្ស សម រង្ស៊ី គឺពិតជាគណបក្សបង្រ្គប់កិច្ចជួយកាន់ក្តអោយគណបក្ស CPP

    ReplyDelete