Saturday, December 29, 2012

អ្នក​តាម​ដាន​បារម្ភ​ពីការ​ផ្ទុះ​ការតស៊ូ​ក្រោយ​ពីមាន​ភាព​អយុត្តិធម៌​សង្គម​ជាបន្តបន្ទាប់

អ្នកវិភាគ​មួយចំនួន​មើលឃើញថា​អ្វី​ដែល​បាន​ កើតឡើង​នៅក្នុង​សប្តាហ៍​នេះ​និង​ក្នុង​សប្តាហ៍​ថ្មីៗ​ទំនងជា​នឹង​ក្លាយ​ជា​ របួស​មួយ​សម្រាប់​សង្គម​ខ្មែរ​ដែល​គួរតែ​មាន​ការ​ព្យាបាល​យ៉ាង​ត្រឹមត្រូវ​ មួយ។
 
គង់ សុឋានរិទ្ធ  29 ធ្នូ 2012 VOA 
 
ភ្នំពេញ​៖ សំឡេង​ស្រែក​យំ ​និង​ការប្រកាស​ពី​ភាពមាន​ទោស​កំហុស​របស់​ក្រុម​ប្រជាពលរដ្ឋ​នៅក្នុង​ សប្តាហ៍​នេះ​ទំនង​ជា​ស្នូរ​ជួង​មួយ​ដែល​បន្លឺ​ឡើង​ពី​ជញ្ជីង​យុត្តិធម៌​ នៅក្នុង​ប្រទេស​កម្ពុជា​។​
​យ៉ាងហោច​ណាស់​មាន​ជន​រងគ្រោះ​ចំនួន​ពីរ​ក្រុម​ដាច់ដោយឡែក​ពី​គ្នា​  បាន​ស្រែក ​យ៉ាង​អាក្រោស​ក្នុង​ក្នុង​ចំណោម​មហាជន​ដែល​បង្ហាញ​ការឈឺចាប់​និង​   ការស្រេកឃ្លាន​យុត្តិធម៌​បន្ទាប់ពី​ការសម្រេច​ក្តី​លើ​ពួកគេ​ដោយ​សាលាដំបូង​ រាជធានី​ភ្នំពេញ​និង​ដោយ​សាលាឧទ្ធរណ៍។ 
ស្រប​ពេល​នេះ​ដែរ​ករណី​លោក​ឈូក   បណ្ឌិត​ស្ថិតក្នុង​ភាពស្ងប់ស្ងាត់​យ៉ាង​ត្រជាក់​ក្រោយពី​មាន​ការចង្អុល​ បង្ហាញ​ជាច្រើន​ថា​លោក​បាន​ចុះ​ពី​រថយន្ត​ហើយ​បាន​ទាញ​កាំភ្លើង​បាញ់​សំដៅ​ ទៅ​រក​ហ្វូង បាតុករ​ពីក្រោយ​ខ្នង​នៅពេលដែល​ពួកគេ​កំពុង​តវ៉ា។ ហើយ​សាលាដំបូង​ខេត្ត​ស្វាយរៀង​បាន បោះ បង់​ការចោទប្រកាន់​លើ​ជនសង្ស័យ​ដោយ​សំអាង​ថា​ពុំ​មាន​ភស្តុតាង​ដាក់បន្ទុក។​

លោក​បណ្ឌិត ឡៅ ម៉ុងហៃ ​អ្នកវិភាគ​ឯករាជ្យ​លើកឡើងថា​សេចក្តីសម្រេច​របស់​តុលាការ​ខាង​លើ​បង្ហាញ​ពី​ ជញ្ជីង​យុត្តិធម៌​មាន​លំអៀង​សម្រាប់​ពលរដ្ឋ​ទន់ខ្សោយ​និង​អ្នក​ដែល​មាន​ ឥទ្ធិពល​និង​អំណាច។​

«សេចក្តី​សម្រេច​របស់​តុលាការ​ទាំង​ពីរ​ទាំង​បី​កន្លែង​ហ្នឹង ​ឃើញ​ថា​តុលាការ​ហ្នឹង​មាន​ការបែងចែក​សង្គម ​ឬ​ក្រុម​មនុស្ស​ជា​ពីរ។ មួយ​គឺ​មនុស្ស​សាមញ្ញ ​គឺ​អាច​ជាប់ទោស​ងាយ​ណាស់​ ហើយ​មនុស្ស​វិសាមញ្ញ​នៅលើ​ច្បាប់​ ដូចជា​កម្រ​ជាប់ទោស ​ឬ​គ្រោះ​ថា្នក់​ស្រាល»​។​

ទាំង​លោក​អ៊ូ វីរៈ ​នាយក​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​ទាំង​លោក​បណ្ឌិត​ឡៅ ម៉ុងហៃ​សុទ្ធតែ​យល់ថា​ការឈឺចាប់​របស់​សង្គម​នឹង​អាច​រី​ករាល​ដល់​ដល់​ការ​ ក្រោក​តស៊ូ​របស់​ពលរដ្ឋ។​

លោក​បណ្ឌិត ឡៅ ម៉ុងហៃ ​បាន​រំលឹកថា​ប្រវត្តិសាស្ដ្រ​នៃ​ការ​វិនាសកម្ម​និង​សង្គ្រាម​ដ៏​អូសបន្លាយ​ ចុងក្រោយ​របស់​កម្ពុជា​បាន​បង្កឡើង​ដោយ​ការឈឺចាប់ ​និង​ភាពអយុត្តិធម៌​ក្នុងសង្គម។​

«វា​ទៅ​ជា​មាន​ការតវ៉ា ​ការប្រឆាំង ​មានការ​បាក់បែក​សង្គម ​ហើយ​អាច​មាន​កាលៈទេសៈ​អ្វី​បន្ថែម​ទៀត ​មាន​សង្គ្រាម»។​

នួន ជា ​អតីត​ប្រធាន​សភា​ខ្មែរក្រហម​និង​បច្ចុប្បន្ន​ជា​ជនជាប់ចោទ​ម្នាក់​ដែល​ កំពុង​ស្ថិត​ក្រោម​ការ​កាត់ទោស​ធ្លាប់​បាន​ប្រាប់​សាលាក្តី​ខ្មែរក្រហម​ថា​ ក្រុម​ពួក​ខ្មែរក្រហម​បាន​ងើប​បះបោរ​និង​តស៊ូ​ក្នុងព្រៃ​ដោយសារតែ​មាន​ ការជិះជាន់​ក្នុងសង្គម ​ការប្រមាថ​មាក់ងាយ​ជនទន់ខ្សោយ​និង​ដោយសារ​អយុត្តិធម៌​សង្គម។​

ក្រុម​អ្នកវិភាគ​មួយ​ចំនួន​បាន​ចោល​ភ្នែក​ទៅ​មើល​តំបន់​មជ្ឈិម​បូព៌ា​ដូចជា​ នៅ​ប្រទេស​អេហ្ស៊ី​ប​និង​ប្រទេស​ទុយ​នី​ស៊ី​ដែល​ហ្វូងមនុស្ស​ងើប​បះបោរ​ ផ្តួល​អំណាច​រដ្ឋ​ដោយសារ​តែ​ភាពអយុត្តិធម៌​និង​គ្មាន​ការងារ​ធ្វើ​និង​ ការគាប​សង្កត់​សេរីភាព​បញ្ចេញមតិ​ជាដើម។​

ពួកគេ​បាន​ធ្វើ​ការប្រៀបធៀប​សំណុំរឿង​លោក​ម៉ម សុណង់ដូ នាយក​វិទ្យុ​សំបុ​ក​ឃ្មុំ​និង​ជា​ប្រធាន​សមាគម​អ្នកប្រជាធិបតេយ្យ​ សំណុំរឿង​ប៊​ន សំណាង​និង​សុខ សំអឿន​និង​ករណី​អ្នកស្រី​យ៉ោម បុប្ផា​ជាមួយ​នឹង​អ្វី​ដែល​បាន​កើតឡើង​នៅ​បណ្តា​ប្រទេស​មជ្ឈិម​បូ​ព៌ានោះ។​

ទោះជា​យ៉ាងណា​លោកនាយក​រដ្ឋមន្ដ្រី ហ៊ុន សែន បាន​ព្រមាន​ថា​ទិដ្ឋភាព​ដូច​គ្នា​មិនអាច​កើត​នៅ​ស្រុក​ខ្មែរ​នោះ​ទេ។​

លោក​បណ្ឌិត​ឡៅ ម៉ុងហៃ ​មើល​ឃើញ​ថា​ការចាប់​និង​កាត់ទោស​អ្នកភូមិ​បឹងកក់​កើតចេញពី​គំនុំ​រវាង​ ឈ្មួញ​និង​ក្រុមមន្ដ្រី​ចំពោះ​ការតវ៉ា​របស់​ក្រុម​ប្រជា​ពលរដ្ឋ​ រីឯ​ការផ្តន្ទាទោស​ប៊​ន សំណាង​និង​សុខ​សំអឿន​ដែល​ត្រូវ​គេ​ជឿ​ថា​ជា​ឃាតករ​សិប្ប​និមិត្ត​សម្លាប់​ លោក​ជា វិជ្ជា ​នោះ​ជា​ការ​បិទមាត់​ការតវ៉ា​និង​ការបិទបាំង​ការស្វែងរក​ឃាតករ​ពិត។​

លោក​យឹម សុវណ្ណ ​តំណាងរាស្ដ្រ​និង​ជា​អ្នកនាំពាក្យ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ច្របាច់​ បញ្ចូល​គ្នា​រវាង​គណបក្ស​សម រង្ស៊ី ​និង​គណបក្ស​សិទ្ធិមនុស្ស​ចាត់ទុកថា​វា​ជា​គ្រោះថ្នាក់​ដល់​សង្គម​ប្រសិនបើ​ ភាពអយុត្តិធម៌​នៅ​តែ​អូសបន្លាយ​នោះ។​

«សង្គម​មួយ​ដែល​អ្នកមានអំណាច ​មាន​លុយ​ធ្វើ​អ្វី​បាន​តាមតែ​អំពើ​ចិត្ត​ឲ្យ​អ្នកក្រ​ទទួល​ការ​រងគ្រោះ​ យ៉ាង​អយុត្តិធម៌ ​សង្គម​នេះ​នឹង​ជួប​ឧបសគ្គ ​និង​ជួប​វិបត្តិ​នៅ​ពេល​ខាងមុខ​បើ​រដ្ឋាភិបាល​នៅ​តែ​បន្ត​ឲ្យមាន​វប្បធម៌​ គ្មាន​ទោសពៃរ៍​នៅក្នុង​សង្គម​កម្ពុជា»។​

លោក​ជាម យៀប ​តំណាងរាស្ដ្រ​ខាង​គណបក្ស​កាន់អំណាច​មិនអាច​ទាក់ទង​បាន​ទេ។​ទោះជា​យ៉ាងណា​ លោក​ផៃ ស៊ីផា​ន​រដ្ឋលេខាធិការ​និង​ជា​អ្នកនាំពាក្យ​ទីស្តីការ​គណរដ្ឋមន្ដ្រី​ ឆ្លើយតប​ថា​ការលើកឡើង​ខាងលើ​គ្រាន់តែ​ជា​ការវាយតម្លៃ​បែប​បុគ្គល​តែប៉ុណ្ណោះ ​ហើយ​លោក​មិន​យល់ស្រប​នោះឡើយ។​

«ការវិនិច្ឆ័យ​ក្តី​ហ្នឹង គឺ​ឈរ​នៅលើ​អង្គហេតុ ​និង​អង្គច្បាប់ ​ហើយ​អ្វី​ដែល​ជា​ការវិនិច្ឆ័យ​ក្តី​ហ្នឹង​វា​មិន​អនុញ្ញាត​ឲ្យ​សង្គម​កម្ពុ ​ជា​ហ្នឹង​ក្លាយទៅជា​មាន​វិបត្តិ​នោះទេ ​ខ្ញុំ​មើលមិនឃើញ​ទេ»។​

ដោយ​ស្រង់​យក​ករណី​លោក ម៉ម សុណង់ដូ ​និង​សកម្មជន​ដីធ្លី​នៅ​សហគមន៍​បឹងកក់​លោក​បណ្ឌិត​ឡៅ ម៉ុងហៃ ​ចាត់ទុកថា​ចំណាត់ការ​របស់​រដ្ឋាភិបាល​តាម​ផ្លូវ​តុលាការ​គឺជា​ផ្នែក​មួយ​នៃ ​ការព្យាយាម​រឹតបន្តឹង​ស្ថានភាព​រិះគន់​និង​ជំទាស់​ក្នុង​បរិបទ​ឆ្ពោះ​ទៅរក​ ការបោះឆ្នោត។​

លោក​ផៃ ស៊ីផា​ន​បាន​បកស្រាយ​ទៅ​វិញ​ថា​ការសម្រេច​ក្តី​ក្នុង​សំណុំរឿង​ទាំង​ ប៉ុន្មាន​នោះ​ជា​សមត្ថកិច្ច​ផ្ទាល់​របស់​តុលាការ​ដែល​រដ្ឋាភិបាល​មិន​ ជ្រៀតជ្រែក​នោះ​ទេ។​

«នេះ​គឺជា​ការវិនិច្ឆ័យ​តាម​ដែន​សមត្ថកិច្ច​តុលាការ​សុទ្ធសាធ ​មិនមាន​អ្វី​ដែល​យក​ស្ថានភាព​នៃ​ការបោះឆ្នោត​ជា​ចំណាប់​ខ្មាំង​ទៅ​ ជះឥទ្ធិពល​លើ​សកម្មភាព​ដទៃ​ទៀត​ទេ។ ​នេះ​ជា​ការចាប់អារម្មណ៍ ហើយ​សិទ្ធិ​របស់​គេ»។​
 
ទោះជា​មាន​ការបកស្រាយ​បែបណា​ក៏​ដោយ​អ្នកវិភាគ​មួយចំនួន​មើលឃើញថា​អ្វី​ដែល​ បាន​កើតឡើង​នៅក្នុង​សប្តាហ៍​នេះ​និង​ក្នុង​សប្តាហ៍​ថ្មីៗ​ទំនងជា​នឹង​ក្លាយ​ ជា​របួស​មួយ​សម្រាប់​សង្គម​ខ្មែរ​ដែល​គួរតែ​មាន​ការ​ព្យាបាល​យ៉ាង​ ត្រឹមត្រូវ​មួយ៕​

5 comments:

Anonymous said...

សង្គមទឹកភ្នែក។​ តើថ្ងៃណាប្រជាជនចេះរួបរួមគ្នា កំចាត់សង្គមនេះចោល ? ក្នុងសភាពការណ៍នេះ ប្រជាពលរដ្ឋមិនអាចងើបតែម្នាក់ឯង ឬមួយក្រុមនោះ បានទេ។​ ត្រូវតែក្រោកឈរទាំងអស់គ្នា​ កំចាត់ សង្គមនេះចោល ដូចពាក្យចាស់លោកពោលថា ចង្កឹះមួយបាច់កាច់មិនបាក់។ ត្រូវតែរួបរួមគ្នា ក្រោមទង់សន្តិភាព។

Anonymous said...

ផៃ សុីផាន់គឺជា Moussa Ibrahim ( អ្នកនាំពាក្យ របស់ កាដាហ្វី ) របស់ ហុ៊ន សែន តែប៉ុណ្ណោះ ។ សព្វថ្ងៃ អ្នកនាំពាក្យ
ម្នាក់នេះ កំពង់រស់យ៉ាងភ័យខ្លាច មិនដឹងថាពេលណាពួកអតីតខ្មែរក្រហមដែលនៅជុំវិញខ្លួនគាត់ នឹងចាប់ផ្តើមបោសសំអាតផ្ទៃក្នុងនោះ
ទេ ហេតុនេះហើយ ផៃ សុីផានដើរឆ្លេឆ្លា ហិតផោម តាំងពីហុ៊ន តូឡើងទៅ ដើម្បីយកចិត្តហុ៊ន សែន ។ ទម្លាប់របស់ខ្មែរក្រហម ជនណា
ដែនធ្លាប់បំរើខ្មាំង ឬ មួយធ្លាប់ជ្រកកោណជាមួយខ្មាំង គេត្រូវតែកំទេចចោល នៅថ្ងៃណាពួកគេលែងត្រូវការ ។ ថ្ងៃណាមួយ តុលាការ
ខ្មែរដែល ផៃ សីុផាន គាំទ្រថាយុត្តិធម៌ ប្រពៃនោះ នឹងកាត់ទោសគាត់ នៅពេលនោះគាត់នឹងស្រែកថា " អយុត្តិធម៌ ណាស់ ! " ៕

Anonymous said...

I FEEL SORRY OF PHAY SIPHAN'S COMMENTS. THIS MAN IS KISSING UP HUN SEN FOR LIVING.

Anonymous said...

HO CHI MINH BLVD.?

Anonymous said...

ខ្ញុំ យល់ថាប្រសិនបើមានចលនាក្រោកឡើងប្រឆាំង
ពីបងប្អូនខ្មែរក្រហមបរិសុទ្ធ ស្រឡាញ់ប្រទេសជាតិ
ពិតក្នុងខណៈនេះមែន សង្រ្គាមនោះ វាប្រាកដជា
មានសភាពខ្លាំងក្លា ជាងសង្រ្គាមមុនៗ ព្រោះអី
ប្រជាពលរដ្ឋខ្មែរក្រីក្រ ស្លូតត្រង់ បានត្រូវពួកចោរ
ហារយកញ្ជះយួនយៀកកុង ធ្វើបាប កាប់សម្លាប់
ច្បាស់ផ្ទាល់នឹងភ្នែក ដែលនាំបណ្ដាលឱ្យការតស៊ូ
នោះកាន់តែពុះពោរឡើងៗ ដូច្នេះ យើងចាំមើល
តើ មេដឹកនាំនៃចោរហារយ នឹងត្រូវរងគ្រោះដូច
ការស្លាប់របសើកាដាហ្វ៊ី និង សាដាំហ៊ុសសេន
ដែររទេ?