Sunday, April 14, 2013

Editor of The Prey Nokor News arrested by the commie Vietnamese

រូបថត៖ ចាងហ្វាងកាសែតព្រៃនគរ លោក លី ឈួន។ (RFA/Quốc Việt)

ចាងហ្វាងកាសែតព្រៃនគរត្រូវអាជ្ញាធរវៀតណាមចាប់ខ្លួន

2013-04-13
ដោយ ទីន ហ្សាការីយ៉ា
Radio Free Asia

ចាងហ្វាងបោះពុម្ពផ្សាយកាសែតជាភាសាខ្មែរឈ្មោះ "ព្រៃនគរ" និងក្រុមគ្រួសារ ត្រូវបានអាជ្ញាធរវៀតណាម ចាប់ខ្លួននៅខណៈពួកគេមានបំណងឆ្លងដែនពីកម្ពុជា ទៅលេងស្រុកកំណើតនៅលើទឹកដីខ្មែរកម្ពុជាក្រោម។ រហូតមកទល់ពេលនេះ មិនមានដំណឹងណាមួយអំពីការចាប់ខ្លួនក្រុមគ្រួសារអ្នកកាសែតខ្មែរកម្ពុជាក្រោមនៅឡើយទេ។

នេះមិនមែនជាលើកទី១ ទេ ដែលអាជ្ញាធរវៀតណាម បានឃាត់ខ្លួនខ្មែរកម្ពុជាក្រោម នៅព្រំដែនកម្ពុជា-វៀតណាម នៃខេត្តអាងយ៉ាង ដែលក្រុមអង្គការសិទ្ធិមនុស្សជាតិ និងអន្តរជាតិ ចាត់ទុកសកម្មភាពរបស់អាជ្ញាធរវៀតណាម ជារឿងយាយីដល់ខ្មែរក្រោម និងរំលោភសិទ្ធិមនុស្ស។

ចាងហ្វាងកាសែតភាសាខ្មែរព្រៃនគរ ឈ្មោះ លី ឈួន និងប្រពន្ធ រួមជាមួយកូនរបស់លោកម្នាក់ទៀត ត្រូវបានអាជ្ញាធរព្រំដែនវៀតណាម បានចាប់ខ្លួន កាលពីថ្ងៃទី១២ មេសា នៅខណៈលោក និងគ្រួសារប៉ុនប៉ងចង់ចូលទៅលេងនឹងម្ដាយចាស់នៅលើទឹកដីកំណើតខ្មែរកម្ពុជាក្រោម នាឱកាសចូលឆ្នាំខ្មែរនេះ។


កូនស្រីច្បងរបស់លោក លី ឈួន គឺកញ្ញា លី ស៊ីណាត មានប្រសាសន៍ថា នៅពេលពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរនេះ ឪពុកម្ដាយរបស់នាង រួមនិងប្អូនស្រី បានធ្វើដំណើរទៅលេងនៅទឹកដីកំណើតខ្មែរកម្ពុជាក្រោម កាលពីថ្ងៃទី១២ មេសា។ ប៉ុន្តែនៅម៉ោងជាង ៥ល្ងាច នាងបានទទួលទូរស័ព្ទពីប្អូនស្រី ឈ្មោះ លី ស្រីនាថ ដោយនាងនិយាយយ៉ាងខ្លីថា ក្រុមគ្រួសាររបស់គាត់ត្រូវបានមន្ត្រីនគរបាលវៀតណាម ចាប់ខ្លួនតាំងពីម៉ោង ៩ព្រឹក តែគេមិនបានបញ្ជាក់ពីមូលហេតុចាប់ខ្លួននោះទេ។

មន្ត្រីនគរបាលវៀតណាម បានចាប់ខ្លួនចាងហ្វាងកាសែតព្រៃនគរ រួមទាំងប្រពន្ធឈ្មោះ ដាញ់ ធីដៀម កូនស្រីឈ្មោះ លី ស្រីនាថ នេះ ត្រូវបានអង្គការសមាគមខ្មែរកម្ពុជាក្រោមនៅកម្ពុជា បានចេញសេចក្ដីថ្លែងការណ៍ភ្លាមៗ ដោយអង្គការសមាគមខ្មែរក្រោម បានចាត់ទុកថា សកម្មភាពរបស់អាជ្ញាធរវៀតណាម ដែលចាប់ខ្លួនលោក លី ឈួន និងក្រុមគ្រួសារនេះ ជារឿងរំលោភសិទ្ធិមនុស្ស និងរំលោភទៅលើសេចក្ដីប្រកាសជាសកលស្ដីពីសិទ្ធិមនុស្ស។

សេចក្ដីប្រកាសជាសកលស្ដីពីសិទ្ធិមនុស្ស មាត្រា១៣ ចែងថា មនុស្សគ្រប់រូបមានសិទ្ធិធ្វើដំណើរដោយសេរី មានសិទ្ធិចាកចេញពីគ្រប់ប្រទេស រួមទាំងប្រទេសរបស់ខ្លួន និងមានសិទ្ធិត្រឡប់ទៅមាតុប្រទេសរបស់ខ្លួនវិញជាដើម។

នាយកកម្មវិធីនៃសមាគមខ្មែរកម្ពុជាក្រោម ដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ លោក សឺន ជុំជួន បានសម្ដែងពីការព្រួយបារម្ភចំពោះការចាប់ខ្លួនគ្រួសារលោក លី ឈួន នេះ ពីព្រោះថា លោកមិនអាចទាក់ទងដំណឹងណាមួយពីលោក លី ឈួន បានទេ ដោយទូរស័ព្ទត្រូវបានគេដកហូតអស់នោះ។ លោកក៏មិនដឹងមូលហេតុនៃការចាប់ខ្លួននោះដែរ។

ទាក់ទងនឹងបញ្ហានេះ វិទ្យុអាស៊ីសេរី មិនអាចទាក់ទងមន្ត្រីនាំពាក្យស្ថានទូតវៀតណាម លោក ឡេ មិញង៉ុក (Le Minhngoc) ដើម្បីសួរអំពីបញ្ហានេះបាននៅឡើយទេ នៅថ្ងៃទី១៣ មេសា។

និពន្ធនាយកកាសែតព្រៃនគរ ព្រះតេជព្រះគុណ ថាច់ ប្រីជាគឿន មានថេរដីកាថា ព្រះអង្គសូមអំពាវនាវដល់អង្គទូត និងអង្គការសិទ្ធិមនុស្សនានា ជួយដល់លោក លី ឈួន និងក្រុមគ្រួសាររបស់លោក ដែលវៀតណាម ចាប់ខ្លួននេះ។ ព្រះតេជព្រះគុណបញ្ជាក់ថា មូលហេតុចាប់ខ្លួនប្រហែលជាវៀតណាម ដឹងថា លោក លី ឈួន ជាអ្នកកាសែត។ ប៉ុន្តែព្រះតេជព្រះគុណអះអាងថា មូលហេតុសំខាន់តែមួយគត់ដែលលោក លី ឈួន ទៅលេងទឹកដីកំណើតរបស់ខ្លួននោះ គឺចង់សួរសុខទុក្ខម្ដាយចាស់របស់គាត់ទេ។

កាសែតព្រៃនគរ បោះពុម្ពផ្សាយមួយសប្ដាហ៍ម្ដង ផ្សាយអំពីព័ត៌មានដែលទាក់ទងនឹងខ្មែរកម្ពុជាក្រោម នៅលើទឹកដីខ្មែរកម្ពុជាក្រោម នៅវៀតណាម ភូមិភាគខាងត្បូង និងផ្សាយពីប្រជាពលរដ្ឋខ្មែរក្រោម នៅកម្ពុជា ដោយការឧបត្ថម្ភថវិកាពីព្រះសង្ឃនៅសហរដ្ឋអាមេរិក។

អាជ្ញាធរវៀតណាម ឃាត់ខ្លួនខ្មែរកម្ពុជាក្រោមនៅពេលពួកគេចូលទៅប្រទេសវៀតណាម តាមច្រកនៅខេត្តអាងយ៉ាង នេះ មិនមែនជាលើកទី១ ទេ។ ការឃាត់ខ្លួននេះ បានកើតមានបន្តបន្ទាប់។ កាលពីខែមីនា កន្លងទៅ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ លោក សឺន ស៊ូប៊ែរ ត្រូវបានមន្ត្រីនគរបាលវៀតណាម ខេត្តអាងយ៉ាង ឃាត់ខ្លួន ហើយអាជ្ញាធរវៀតណាម មិនអនុញ្ញាតឲ្យគាត់ចូលទៅប្រទេសវៀតណាម ទេ។ ប៉ុន្តែ ការឃាត់ខ្លួននេះ ត្រូវបានមន្ត្រីនាំពាក្យស្ថានទូតវៀតណាម នៅកម្ពុជា លើកហេតុផលថា ដើម្បីការពារសុវត្ថិភាពរបស់លោក។

ទោះជាយ៉ាងណាក៏ដោយ អនុប្រធានអង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch) លោក ហ្វីល រ៉ូបឺតសុន (Phil Robertson) មានប្រសាសន៍ថា ការហាមឃាត់មិនឲ្យខ្មែរកម្ពុជាក្រោមទៅលេងនៅទឹកដីរបស់ខ្លួននេះ រដ្ឋាភិបាលវៀតណាម មានការរើសអើងមកលើខ្មែរក្រោម និងជាការរំលោភសិទ្ធិមនុស្ស៕

3 comments:

Anonymous said...

ចុះរដ្ឋាភិបាលខ្មែរយល់យ៉ាងណាដែរឬក៍កិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរគ្រាន់តែលំអរដើម្បីបើកផ្លូវឱយ
យួនចូលមកស្រុកខ្មែរដោយស្របច្បាប់?
  អស្ចារ្យ...គួរដែរតើ...រដ្ឋាភិបាល...?
       ឃ្លាំង មឿង

Anonymous said...

Did Ah Ping Ang send secret information to Vietnam about Prey Nokor News?

Anonymous said...

យួនចូលស្រុកខ្មែរតាមចិត្ត។ ចូលហើយវិលវិញក៏បាន មិនវិលវិញក៏នៅទៅ។ ខ្មែរក្រោមទៅលេងស្រុកកំណើត ចាប់ជម្រិតទារលុយ ចោទ្យប្រកាន់ពីបទរំលោភផ្សេង្ៗ។
រដ្ឋាភិបាលខ្មែរមិនរវល់ មិនហ៊ានក្អកឲ្យយួនឮ។
បោះឆ្នោតឲ្យតេជោររររររដល់ណាទទៀត ???
ប៊ីចេញ