![]() |
| (Photo: The Phnom Penh Post) |
ម៉ៃ ទិត្យថារ៉ា
The Phnom Penh Post
ក្រចេះ : ពលរដ្ឋប្រមាណ១០០ នាក់ក្នុងឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះដែលមានវិវាទជាមួយនឹងក្រុមហ៊ុនសុវណ្ណវុទ្ធី បាននាំគ្នាបិទផ្លូវជាតិលេខ៧៦អា ដើម្បីដាក់សម្ពាធឲ្យអាជ្ញាធរមកដោះស្រាយឲ្យនោះ បានប៉ះទង្គិចគ្នានឹងអាជ្ញាធរកាលពីថ្ងៃអាទិត្យ។
នៅម៉ោង១០កន្លះព្រឹកថ្ងៃទី ២១មេសា ប្រជាជនប្រមាណ៣០០នាក់មកពីចំណុច១១៣ ក្នុងឃុំ២ ធ្នូ បានចេញមកបិទផ្លូវជាតិលេខ៧៦អា សុំឲ្យអាជ្ញាធរប្រាប់ក្រុមហ៊ុនឲ្យដកគ្រឿងចក្រចេញពីដី អ្នកភូមិ ហើយអនុញ្ញាតឲ្យអ្នកភូមិដាំដំឡូងមីលើដីនោះវិញ តែរហូតដល់ម៉ោងប្រហែល៤ល្ងាច ក្រុមអ្នកភូមិបានប៉ះទង្គិចជាមួយនឹងកងរាជអាវុធហត្ថ។
លោក មុំ អេង អាយុ ៥៥ ឆ្នាំ ជាតំណាងអ្នកភូមិបានថ្លែងថា អ្នកភូមិបានសម្រេចចិត្តបិទផ្លូវលេខ៧៦អា គ្រាន់តែដើម្បីឲ្យអភិបាលខេត្តចេញមុខមកដោះស្រាយឲ្យពួកគាត់ ប៉ុន្តែកងរាជអាវុធហត្ថប្រហែល៦នាក់ បានមកវាយក្រុមអ្នកតវ៉ា។ លោកថា៖«យើងចង់បានដំណោះស្រាយ ប៉ុន្តែយើងមិនអាចរកវិធីអីបានទេ ដូច្នេះ យើងមានតែវិធីបិទផ្លូវមួយព្រោះបើយើងមិនបិទផ្លូវឲ្យស្ទះទេ អាជ្ញាធរនឹងមិនចេញមកដោះស្រាយឲ្យយើងទេ»។
លោកបន្តថា អ្នកភូមិដែលមកតវ៉ាបានរួមគ្នាទប់ទល់នឹងកងរាជអាវុធហត្ថ ហើយក្នុងអំឡុងពេលប៉ះទង្គិចនោះ អ្នកភូមិប្រហែល ៦ នាក់ បានរងរបួស ឯកងរាជអាវុធហត្ថក៏រងរបួសដែរ ប៉ុន្តែលោកមិនដឹងថាប៉ុន្មាននាក់ទេ។ លោកថា៖ «បើគេមិនវាយមកលើយើងទេ យើងក៏មិនតបតវិញដែរ»។
លោក មម ហៃ តំណាងអ្នកភូមិក៏បានថ្លែងថា បន្ទាប់ពីអភិបាលស្រុកមកបញ្ជាឲ្យក្រុមហ៊ុនយកគ្រឿងចក្រចេញ និងសន្យាថានឹងដោះស្រាយជូនអ្នកភូមិ នៅសប្តាហ៍ក្រោយ អ្នកតវ៉ាបានបើកផ្លូវនៅម៉ោងជាង៦ល្ងាច។ លោកថា៖ «បើសប្តាហ៍ក្រោយគ្មានដំណោះស្រាយឲ្យអ្នកភូមិ ហើយក្រុមហ៊ុនមកទៀត យើងនឹងបិទផ្លូវម្តងទៀត»។ លោកបន្តថា ក្នុងពេលតវ៉ា មានស្រ្តី២នាក់និងបុរស៤នាក់រងរបួសធ្ងន់ ព្រោះពួកប៉េអឹមវាយត្រូវ។ លោកបន្ថែមថា៖ «វាព្រៃផ្សៃ ដែលពួកគេយកដៃស្រ្តីទៅវាយផ្លូវ»។
លោក មែន វណ្ណា អភិបាលរងស្រុកស្នួល បានថ្លែងថា បន្ទាប់ពីអាជ្ញាធរបានសន្យារកដំណោះស្រាយ ហើយបញ្ជាក្រុមហ៊ុនឲ្យយកគ្រឿងចក្រចេញ អ្នកភូមិបានបើកផ្លូវ ប៉ុន្តែក្នុងអំឡុងពេលបិទផ្លូវនោះ មានកងរាជអាវុធហត្ថ ៣ នាក់រងរបួសព្រោះអ្នកភូមិ យកកាំបិតកាប់ពួកគេ។
លោក ម៉ៅ រ៉ាន់នី មេបញ្ជាការរងកងរាជអាវុធហត្ថ បានថ្លែងថា មន្រ្តីលោកគ្រាន់តែទៅបើកផ្លូវវាងសម្រាប់អ្នកដំណើរប៉ុណ្ណោះ ប៉ុន្តែអ្នកភូមិ១ក្រុមបានមកកាប់ពួកគេ។ លោកថា៖ «យើងមិនចង់មានប្រតិកម្មតបទៅលើអ្នកភូមិទាំងនោះទេ ហើយមន្រ្តីខ្ញុំគ្មានកាំភ្លើងទេ យើងបាននាំពួកគេទៅព្យាបាលហើយ»។
កាលពីខែធ្នូ ឆ្នាំ ២០១០ រដ្ឋាភិបាលបានផ្តល់ដី ៥ពាន់ហិកតា ក្នុងទីជម្រកសត្វព្រៃឈ្នួលក្នុងស្រុកស្នួលទៅឲ្យក្រុមហ៊ុន សុវណ្ណ វុទ្ធី ជាដីសម្បទានសេដ្ឋកិច្ច ដើម្បីអភិវឌ្ឍកសិ-ឧស្សាហកម្ម។
លោក អ៊ូច ឡេង អ្នកសម្របសម្រួលគម្រោងកំណែទម្រង់ដីធ្លីនៃមជ្ឈមណ្ឌលសិទិ្ធមនុស្ស កម្ពុជា បានថ្លែងថា វាជាជម្រើសចុងក្រោយ ដែលអ្នកភូមិសម្រេចចិត្តរាំងផ្លូវ បើទោះជាពួកគេដឹងថា វាខុសច្បាប់ក៏ដោយ ព្រោះអាជ្ញាធរមិនព្រមដោះស្រាយ។
ក្រុមហ៊ុន សុវណ្ណ វុទ្ធី មិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេ កាលពីថ្ងៃអាទិត្យ៕

It is about time, all the Youn's dogs won't help you folks so you have to help your self, do what you got to do to survive.
ReplyDelete