Monday, September 24, 2012

សេក យៀប បន្ទាប់ពីលេបថ្នាំរួចច្រឡំមាត់ទទួលស្គាល់ថារដ្ឋាភិបាលខ្មែរបរាជ័យក្នុងការអនុវត្តន៍ច្បាប់...


http://www.youtube.com/watch?v=37RBC3mEs-M&feature=youtu.be

អ្នក​ឃ្លាំ​មើល៖ កម្ពុជា​មិន​ទាន់​បង្កើត​ច្បាប់​សម្រាប់​ធានា​ប្រព័ន្ធ​យុត្តិធម៌​ឲ្យ​រឹងមាំ

ដោយ តាំង សារ៉ាដា 2012-09-24 www.rfa.org
ក្រុម​អ្នក​ឃ្លាំ​មើល​រដ្ឋធម្មនុញ្ញ​កម្ពុជា បាន​វាយ​តម្លៃ​ថា ក្នុង​រយៈពេល ១៩ឆ្នាំ ចាប់​តាំង​ពី​ច្បាប់​កំពូល​របស់​ប្រទេស​មួយ​នេះ​ចាប់​បដិសន្ធិ​ឡើង​ក្នុង​ ឆ្នាំ​១៩៩៣ មក ការ​បែង​ចែក​អំណាច​ដាច់​ពី​គ្នា​របស់​ស្ថាប័ន​ធំ​ទាំង​បី គឺ​អំណាច​នីតិ​បញ្ញត្តិ នីតិប្រតិបត្តិ និង​អំណាច​តុលាការ ដែល​កំណត់​ក្នុង​រដ្ឋធម្មនុញ្ញ​នោះ ក្នុង​ភាព​ជាក់ស្តែង មិន​មាន​ឡើយ។

ប៉ុន្តែ ក្រុម​មន្ត្រី​បក្ស​កាន់​អំណាច​អះអាង​ថា រដ្ឋធម្មនុញ្ញ​របស់​ខ្មែរ​ដ៏​ល្អ​សព្វថ្ងៃ បាន​នាំ​មក​កម្ពុជា នូវ​ស្ថិរភាព​នយោបាយ និង​សិទ្ធិ​សេរីភាព​ជូន​ពលរដ្ឋ។
ក្រុម​អ្នក​ឃ្លាំ​មើល​ការ​គោរព និង​អនុវត្ត​រដ្ឋធម្មនុញ្ញ​ខ្មែរ ព្រមាន​ថា ប្រសិន​បើ​ច្បាប់​សំខាន់ៗ​ដែល​ចាំបាច់​សម្រាប់​ធានា​ប្រព័ន្ធ​យុត្តិធម៌​អោយ ​រឹងមាំ ដើម្បី​ទ្រទ្រង់​សមធម៌​ក្នុង​សង្គម​ជាតិ​នោះ មិន​ត្រូវ​បាន​បង្កើត​ឡើង​ទេ​នោះ ការ​អភិវឌ្ឍ​ប្រទេស​នឹង​មិន​អាច​ជឿន​លឿន​ទៅ​មុខ​បាន​ឡើយ។
រដ្ឋធម្មនុញ្ញ​ខ្មែរ​ដែល​មាន ១៦ជំពូក និង​១៥៨​មាត្រា ដែល​ប្រសូត​ចេញ​ពី​សន្ធិ​សញ្ញា​ទីក្រុង​ប៉ារីស ឆ្នាំ​១៩៩១ នេះ មាន​ចែង​អំពី​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស និង​ការ​បែង​ចែក​អំណាច​ទាំង​បី​ដាច់​ពី​គ្នា គឺ​អំណាច​នីតិ​បញ្ញត្តិ នីតិប្រតិបត្តិ និង​អំណាច​តុលាការ។
អ្នក​វិភាគ​ឯករាជ្យ​លោក​បណ្ឌិត ឡៅ ម៉ុងហៃ មាន​ប្រសាសន៍​ថា ចាប់​តាំង​ពី​កម្ពុជា​បាន​បង្កើត​រដ្ឋធម្មនុញ្ញ​របស់​ខ្លួន ក្នុង​ឆ្នាំ​១៩៩៣ មក គឺ​មាន​រយៈពេល ១៩ឆ្នាំ។ ហើយ​រហូត​មក​ទល់​ពេល​នេះ ច្បាប់​កំពូល​របស់​ប្រទេស​មួយ​នេះ នៅ​ខ្វះ​ខាត​ច្បាប់​ស្ដីពី​ការ​បង្កើត​ស្ថាប័ន​សមាជ​ជាតិ ច្បាប់​ស្ដីពី​ការ​បង្កើត​ស្ថាប័ន​ឧត្តម​ក្រុម​ប្រឹក្សា​ការពារ​ជាតិ ច្បាប់​ស្ដីពី​លក្ខន្តិកៈ​ចៅក្រម ព្រះរាជអាជ្ញា ច្បាប់​ស្ដីពី​ការ​រៀបចំ​ប្រព័ន្ធ​តុលាការ និង​ច្បាប់​ស្ដីពី​វិសោធនកម្ម​ច្បាប់​ឧត្ដម​ក្រុម​ប្រឹក្សា​នៃ​អង្គ​ចៅក្រម។
លោក​បណ្ឌិត ឡៅ ម៉ុងហៃ៖ «ត្រូវ​មាន​ឧត្តម​ក្រុម​ប្រឹក្សា​ការពារ​ជាតិ​ មួយ។ រួច​អ្នក​ណា​ជា​ប្រធាន គឺ​ព្រះមហាក្សត្រ​ជា​ប្រធាន ហើយ​ព្រះមហាក្សត្រ​ជា​មេ​បញ្ជាការ​កំពូល តាម​ពិត លោក​ជា​អ្នក​ត្រួតត្រា​កងទ័ព។ អា​ហ្នឹង គឺ​ឲ្យ​ច្បាស់​លាស់ ដឹង​អ៊ីចឹង ថា​តើ​កងទ័ព​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​អ្នក​ណា? ចំពោះ​ស្ថាប័ន​ណា ច្បាប់​លក្ខន្តិកៈ ចៅក្រម និង​ព្រះរាជអាជ្ញា​ហ្នឹង គឺ​តាំង​ពី​ឆ្នាំ​១៩៩៣ មក នៅ​មិន​ទាន់​ធ្វើ​នៅ​ឡើយ។ តាម​ពិត​ទៅ ចៅក្រម​ដូច​នៅ​ននលគក​អត់​មាន​ច្បាប់​ណា​ដែល​កំណត់​ថា ជា​ចៅក្រម​នោះ​ទេ»។
ប៉ុន្តែ លោក សំ ប្រជាមានិត មន្ត្រី​ជាន់​ខ្ពស់​នៃ​ខុទ្ទកាល័យ នៃ​ក្រសួង​យុត្តិធម៌ បញ្ជាក់​ថា សេចក្តី​ព្រាង​ច្បាប់​សំខាន់ៗ​ទាក់​ទិន​នឹង​ប្រព័ន្ធ​តុលាការ ត្រូវ​បាន​បញ្ជូន​ទៅ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី ដើម្បី​ជជែក​ពិភាក្សា និង​កែលំអ៖ «ក្រសួង​យុត្តិធម៌​បាន​បញ្ជូន​ច្បាប់​ទាំង​អស់​ហ្នឹង ទៅ​អស់​ហើយ ច្បាប់​ស្តីពី​វិសោធនកម្ម​ឧត្តម​ក្រុម​ប្រឹក្សា​នៃ​អង្គ​ចៅក្រម លក្ខន្តិកៈ​ចៅក្រម និង​ច្បាប់​ចាត់​តាំង​អង្គការ​តុលាការ។ ច្បាប់​ទាំង​បី​នេះ ត្រូវ​បាន​ក្រសួង​រៀបចំ​បញ្ជូន​យូរ​មក​ហើយ»។
ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ លោក​បណ្ឌិត ឡៅ ម៉ុងហៃ បាន​ដឹង​អំពី​ដំណើរការ​បង្កើត​ច្បាប់​សម្រាប់​ប្រព័ន្ធ​តុលាការ​នោះ​ជិត ២០ឆ្នាំ​មក​ហើយ តែ​ច្បាប់​ទាំង​នេះ​នៅ​មិន​ទាន់​ចេញ​ជា​លទ្ធផល។ លោក​បន្ត​ថា ផ្អែក​តាម​រដ្ឋធម្មនុញ្ញ ស្ថាប័ន​តុលាការ គឺ​ជា​ស្ថាប័ន​មួយ​ដែល​កម្ពុជា ត្រូវ​យក​ចិត្ត​ទុក​ដាក់​កែលំអ ដើម្បី​អាច​ដំណើរការ​បាន​ត្រឹមត្រូវ​ក្នុង​សង្គម ពីព្រោះ​ស្ថាប័ន​មួយ​នេះ មាន​អំណាច​ដាក់​ទណ្ឌកម្ម​ដល់​ជន​ប្រព្រឹត្ត​ល្មើស​ដោយ​មិន​រើស​មុខ ដើម្បី​នាំ​ភាព​កក់ក្តៅ​ផ្នែក​សន្តិសុខ​ជូន​ពលរដ្ឋ​ស្មើ​ភាព​គ្នា។
ក្រៅ​ពី​ភាព​ខ្វះ​ខាត​ច្បាប់​ទាំង​នេះ លោក​បណ្ឌិត​បន្ត​ថា រដ្ឋធម្មនុញ្ញ​ខ្មែរ​ក៏​បាន​រង​ការ​បំពាន​ដ៏​ធ្ងន់ធ្ងរ​ផង​ដែរ តាម​រយៈ​ការ​រំលោភ​សិទ្ធិ​មនុស្ស ការ​បណ្ដេញ​ពលរដ្ឋ​ចេញ​ពី​លំនៅឋាន ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ខ្លាំង​ដល់​សិទ្ធិ​ដីធ្លី សិទ្ធិ​សេដ្ឋកិច្ច និង​សិទ្ធិ​រស់​មាន​ជីវិត៖ «រឿង​សិទ្ធិ​មនុស្ស​នេះ​ឯង គឺ​ដំណើរការ​របស់​សភា។ ដូច​ជា ក្នុង​រដ្ឋធម្មនុញ្ញ​ចែង​ថា ត្រូវ​ទុក​មួយ​ថ្ងៃ​ក្នុង​មួយ​សប្ដាហ៍ ដើម្បី​ឲ្យ​មាន​សំនួរ​ចម្លើយ ប៉ុន្តែ​វា​អត់​មាន។ ដូច្នេះ វា​ក៏​រំលោភ​មួយ​ដែរ។ ម្យ៉ាង​ទៀត តំណាង​រាស្ត្រ​ត្រូវ​សាក​សួរ​រដ្ឋាភិបាល រដ្ឋមន្ត្រី ឬ​នាយក​រដ្ឋមន្ត្រី ជួន​កាល​ក៏​ឆ្លើយ​ទៅ ជួន​កាល​ក៏​មិន​ឆ្លើយ​ទៅ។ ដូច្នេះ អា​ហ្នឹង​វា​ខុស​នឹង​រដ្ឋធម្មនុញ្ញ ពីព្រោះ​រដ្ឋធម្មនុញ្ញ​ចែង​ថា ត្រូវ​តែ​មក​ឆ្លើយ​ក្នុង​រយៈពេល​ប្រាំពីរ​ថ្ងៃ»។
លោក​ព្រមាន​ថា ប្រសិន​បើ​ប្រទេស​នេះ​នៅ​តែ​បន្ត​មិន​គោរព​រដ្ឋធម្មនុញ្ញ​ទៀត​នោះ កម្ពុជា​នឹង​ក្លាយ​ជា​ប្រទេស​អនាធិបតេយ្យ ហើយ​អាច​ឈាន​ទៅ​រក​អំណាច​ផ្តាច់​ការ ពីព្រោះ​ដោយ​សារ​គ្មាន​ការ​គោរព​ច្បាប់ និង​គោរព​សិទ្ធិ​ពលរដ្ឋ ដែល​ធានា​ដោយ​រដ្ឋធម្មនុញ្ញ។
ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ មន្ត្រី​ជាន់​ខ្ពស់​នៃ​បក្ស​កាន់​អំណាច​អះអាង​ថា ក្រោយ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​បង្កើត​ឡើង បាន​នាំ​ឲ្យ​ប្រទេស​នេះ​មាន​របប​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស ស្ថិរភាព​នយោបាយ ពលរដ្ឋ​មាន​សិទ្ធិ​ក្នុង​ការ​បញ្ចេញ​មតិ មាន​អង្គការ​សង្គម​ស៊ីវិល និង​សហជីព​រាប់​រយ​អង្គភាព។
ក្រៅ​ពី​ដំណើរការ​ប្រជាធិបតេយ្យ​បោះ​ឆ្នោត​ថ្នាក់​ជាតិ កម្ពុជា បាន​បន្ថែម​ការ​បោះ​ឆ្នោត​ឃុំ-សង្កាត់​មួយ​ទៀត ដើម្បី​ធានា​ឲ្យ​ប្រព័ន្ធ​ប្រជាធិបតេយ្យ​របស់​ខ្លួន ជ្រួត​ជ្រាប​ដល់​ថ្នាក់​មូលដ្ឋាន។ រហូត​មក​ទល់​ពេល​នេះ រដ្ឋសភា​កម្ពុជា បាន​អនុម័ត​ច្បាប់​សំខាន់ៗ​ជាង ៤០០ រួម​ទាំង​ក្រម​ព្រហ្មទណ្ឌ នីតិវិធី​នៃ​ក្រម​ព្រហ្មទណ្ឌ ក្រម​រដ្ឋប្បវេណី នីតិវិធី​នៃ​ក្រម​រដ្ឋប្បវេណី ច្បាប់​ប្រឆាំង​អំពី​ពុក​រលួយ រួម​នឹង​ច្បាប់​ស្ដីពី​ការ​ផ្តល់​សច្ចាប័ន​ជាដើម។
តំណាង​រាស្ត្រ​ចាស់​វស្សា​មក​ពី​ខាង​គណបក្ស​ប្រជាជន​កម្ពុជា លោក ជាម យៀប បាន​ទទួល​ស្គាល់​ថា បើ​ទោះ​បី​ជា​កម្ពុជា​មាន​ច្បាប់​ដ៏​សន្ធឹក​សន្ធាប់​ក៏​ពិត​មែន ប៉ុន្តែ ការ​អនុវត្ត​ច្បាប់​នៅ​កម្ពុជា នៅ​មិន​ទាន់​មាន​ប្រសិទ្ធភាព៖ «រហូត​មក​ បច្ចុប្បន្ន​នេះ ច្បាប់​របស់​យើង​មាន​ចំនួន​ជាង ៤២០​ច្បាប់​ហើយ​ក្នុង​រយៈពេល​បួន​អាណត្តិ​នៃ​រយៈ​កាល​កន្លង​ទៅ។ អ៊ីចឹង​ទេ ច្បាប់​ទាំង​នេះ​ទោះ​បី​យើង​អនុម័ត​ច្បាប់​បាន​ច្រើន​មែន តែ​ការ​អនុវត្ត​មិន​ទាន់​ទទួល​បាន​នូវ​ប្រសិទ្ធភាព​ខ្ពស់​នៅ​ឡើយ​ទេ។ ប៉ុន្តែ​មាន​ច្បាប់​ប្រសើរ​ជាង​មិន​មាន។ ដូច្នេះ យើង​ជំរុញ​ឲ្យ​មាតុភូមិ​កម្ពុជា ក្លាយ​ទៅ​ជា​នីតិរដ្ឋ​ជា​បណ្ដើរៗ គឺ​រដ្ឋ​ប្រកប​ច្បាប់»។
លោក ជាម យៀប បាន​បក​ស្រាយ​ថា ការ​អនុវត្ត​ច្បាប់​មិន​សូវ​មាន​ប្រសិទ្ធភាព​នេះ គឺ​ដោយ​សារ​ការ​ផ្សព្វផ្សាយ​ច្បាប់​មាន​លក្ខណៈ​យឺតយ៉ាវ និង​ខ្វះ​ឧបករណ៍​សម្រាប់​ការ​ផ្សព្វផ្សាយ​ជូន​ពលរដ្ឋ មិន​បាន​ជ្រួតជ្រាប​ដល់​ថ្នាក់​មូលដ្ឋាន។
ប៉ុន្តែ ក្រុម​សិទ្ធិ​មនុស្ស​អន្តរជាតិ​និយាយ​ថា បញ្ហា​ដែល​អនុវត្ត​ច្បាប់​មិន​មាន​ប្រសិទ្ធភាព មិន​មែន​មក​ពី​កត្តា​ផ្សព្វផ្សាយ​ច្បាប់​មិន​បាន​គ្រប់គ្រាន់​នោះ​ទេ ផ្ទុយ​ទៅ​វិញ គឺ​ដោយ​សារ​ប្រព័ន្ធ​តុលាការ​កម្ពុជា មិន​ឯករាជ្យ ដោយ​សារ​មន្ត្រី​តុលាការ​ភាគ​ច្រើន សុទ្ធ​សឹង​ជា​សមាជិក​របស់​គណបក្ស​កាន់​អំណាច។
នាយក​ប្រតិបត្តិ​ទទួល​បន្ទុក​កិច្ចការ​ច្បាប់​ប្រចាំ​គណៈកម្មការ​សិទ្ធិ​ មនុស្ស​អាស៊ី ក្នុង​ទីក្រុង​ហុងកុង (Hong Kong) លោក បាស៊ីល ហ្វើណាន់ដូ (Basil Fernando) មាន​ប្រសាសន៍​ថា អ្វី​ដែល​គួរ​ឲ្យ​កត់​សម្គាល់​ជាង​គេ​នោះ គឺ​ស្ថាប័ន​រដ្ឋ​មួយ​ចំនួន​ដែល​ត្រូវ​ដំណើរការ​ប្រកប​ដោយ​ភាព​ឯករាជ្យ​នោះ បាន​អវត្តមាន​ចេញ​ពី​កម្ពុជា៖ «ស្ថាប័ន​គ្រឹះ​សំខាន់ៗ​ទាំង​នោះ គឺ​ស្ថាប័ន​តុលាការ និង​ស្ថាប័ន​សាធារណៈ​របស់​រដ្ឋ​មួយ​ចំនួន ដូច​ជា​ស្ថាប័ន​អនុវត្តន៍​ច្បាប់ ឬ​នគរបាល ត្រូវ​មាន​ភាព​ឯករាជ្យ។ ដូច្នេះ ពួក​គេ​ត្រូវ​មាន​លទ្ធភាព​ក្នុង​ការ​ស៊ើប​អង្កេត​បទ​ឧក្រិដ្ឋ​ផ្សេងៗ ផ្អែក​លើ​ផ្លូវ​ច្បាប់។ សព្វថ្ងៃ យើង​នៅ​មិន​ទាន់​ឃើញ​មាន​ស្ថាប័ន​រដ្ឋ​បែប​នេះ​កើត​មាន​ឡើង​ក្នុង​ប្រទេស​ កម្ពុជា នៅ​ឡើយ​ទេ។ អ៊ីចឹង ដើម្បី​ស្ថាប័ន​ទាំង​នោះ ក្លាយ​ជា​ការ​ពិត កម្ពុជា​ត្រូវ​តែ​បង្កើត​វា​ឡើង»។
លោក​ថ្លែង​បន្ត​ថា រដ្ឋធម្មនុញ្ញ​របស់​ខ្មែរ គ្រាន់​តែ​ជា​ក្រដាស​ស​មួយ​ច្បាប់​ប៉ុណ្ណោះ ដែល​គ្មាន​តម្លៃ ពីព្រោះ​ច្បាប់​កំពូល​មួយ​នេះ​បាន​រង​ការ​រំលោភ​បំពាន​យ៉ាង​ធ្ងន់ធ្ងរ។ រីឯ​ស្ថាប័ន​ក្រុម​ប្រឹក្សា​រដ្ឋធម្មនុញ្ញ ដែល​ជា​ស្ថាប័ន​មួយ​ត្រូវ​ធ្វើ​កិច្ចការ​ឯករាជ្យ​ក្នុង​ការ​ពិនិត្យ និង​ដោះស្រាយ​ការ​រំលោភ​រដ្ឋធម្មនុញ្ញ​នោះ ក៏​ត្រូវ​បាន​ជ្រៀត​ជ្រែក​ដោយ​អំណាច​នយោបាយ​យ៉ាង​ជោគជាំ​ផង​ដែរ ដោយ​សារ​ក្រុម​មន្ត្រី​នៃ​ស្ថាប័ន​មួយ​នេះ សុទ្ធ​សឹង​ជា​សមាជិក​របស់​បក្ស​កាន់​អំណាច។
ចំណែក​ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា លោក អ៊ូ វីរៈ ថ្លែង​ថា ពលរដ្ឋ​ខ្មែរ​គ្រប់​រូប​មាន​ភ័ព្វ​វាសនា ដែល​ទទួល​បាន​រដ្ឋធម្មនុញ្ញ​មួយ​ដែល​មាន​ខ្លឹមសារ​យ៉ាង​ល្អ ប៉ុន្តែ​រដ្ឋសភា​ខ្មែរ នៅ​ខ្វះ​ខាត​សមត្ថភាព​ក្នុង​ការ​ដើរ​តួ​ជា​អ្នក​បង្កើត​ច្បាប់ និង​អ្នក​ឃ្លាំ​មើល​អំពី​ការ​អនុវត្ត​ច្បាប់ ដោយ​សារ​ខ្វះ​នូវ​ឆន្ទៈ​នយោបាយ។ លោក​បន្ថែម​ថា លោក​ចង់​ឲ្យ​មជ្ឈដ្ឋាន​ទាំង​អស់ ធ្វើ​យ៉ាង​ណា​ចូល​រួម​ចំណែក​ក្នុង​ការ​ជំរុញ​ឲ្យ​មាន​ការ​អនុវត្ត​ រដ្ឋធម្មនុញ្ញ​ឲ្យ​បាន​ត្រឹមត្រូវ។
លោក អ៊ូ វីរៈ៖ «ខ្ញុំ​យល់​ថា រដ្ឋធម្មនុញ្ញ​របស់​យើង គឺ​ជា​រដ្ឋធម្មនុញ្ញ​ដ៏​ល្អ ហើយ​ជា​ច្បាប់​កំពូល​ទៀត។ ខ្ញុំ​មើល​ទៅ ទាំង​អ្នក​នយោបាយ និង​ប្រជាពលរដ្ឋ មិន​សូវ​ជា​ចាប់​អារម្មណ៍​ទៅ​លើ​ការ​ជំរុញ​ឲ្យ​មាន​ការ​ប្រើប្រាស់ និង​អនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ។ ខ្ញុំ​សូម​ឲ្យ​អ្នក​ទាំង​អស់​គ្នា ទាំង​ប្រជាពលរដ្ឋ ទាំង​អ្នក​នយោបាយ ទាំង​អង្គការ សង្គម​ស៊ីវិល ត្រូវ​ជំរុញ​ធ្វើ​ម៉េច​ឲ្យ​រដ្ឋធម្មនុញ្ញ​របស់​យើង ត្រូវ​បាន​យក​ទៅ​ប្រើប្រាស់​ឲ្យ​បាន​ត្រឹមត្រូវ»។
លោក​ក៏​បាន​អំពាវនាវ​ដល់​យុវជន​ខ្មែរ​ទាំង​អស់ ត្រូវ​ចូល​រួម​ចំណែក​ដ៏​សកម្ម ក្នុង​ការ​ជំរុញ​ឲ្យ​មាន​ការ​គ្រប់គ្រង​ប្រទេស​បែប​រដ្ឋធម្មនុញ្ញ​និយម ដូច្នេះ ទាំង​យុវជន ក៏​ដូច​ជា​ពលរដ្ឋ​ខ្មែរ​ទូទៅ ត្រូវ​ធ្វើ​កិច្ចការ​បន្ថែម ដើម្បី​នាំ​នាវា​កម្ពុជា ឆ្ពោះ​ទៅ​រក​មាគ៌ា​នៃ​ការ​គោរព​នីតិរដ្ឋ៕

 


6 comments:

  1. Anonymous2:58 AM

    សូមគាំទ្រលោក ឡាវ ម៉ុងហៃ ដែលជាអ្នកវិភាគដែលឈរលើជំហោយុត្តិធម៌!...

    ReplyDelete
  2. Anonymous7:33 AM

    ពលរដ្ឋបានមើលឃើញដូចលោកឡាវ ម៉ុងហៃដែរ
    តែគេមិនអាចកែអស់លោកមន្រ្តីបានឡើយ មានន័យថា បើបញ្ជោមន្រ្តីចូលចិត្ត,តែបើបង្អាប់
    គាត់ខឹង,ហើយសព្វថ្ងៃប្រជាពលរដ្ឋកំពុងធ្វើការ
    ជាមួយប្រទេសអ្នកគោរពច្បាប់ឲ្យជួយពួកគាត់ ដើម្បីភាពយុត្តិធម៌នៅចំពោះមុខច្បាប់អន្តរៈជាតិ,ហើយវាស្របនិងជំរើសរបស់ប្រជាពលរដ្ឋដែរថា៖​បើស្លូតស្លាប់ វីវរមានភព្វ័ អាយុយឺនយូ៕

    ReplyDelete
  3. Anonymous10:56 AM

    can we all khmer take viet to International court now even thought hun sen is pm. we should do it now including hun sen if all khmer people stand up all together can we take hun sen to the ICJ? about kok tral and much more let hun answer to question to the international court with youn

    ReplyDelete
  4. Anonymous10:59 AM

    can we Khmer asked the world arrest Hun sen once he step out of Khmer territory or in side Khmer land.

    ReplyDelete
  5. Anonymous7:45 PM

    ចំពោះ10:56AM សូមទានជ្រាប
    លោកត្រូវយល់ថា ICJ នេះជាតុលាការមួយដែល
    ប្រទេសមួយនិងប្រទេសមួយប្តឺងគ្នាទៅវិញទៅមក
    តែចំពោះយើងមិនទាន់រំដោះខ្លួនបានឯករាជ្យជាម្ចាស់ប្រទេសបាន យើងមិនអាចធ្វើអ្វីទេ។ សូមលោក
    សិក្សាអំពីច្បាប់អន្តរៈជាតិឲ្យបានច្បាស់សិនឲ្យសម
    និងសុភាសិតខ្មែរថា៖ អ្នកចេះច្បាប់មិនខ្លាចក្តី អ្នកចេះវិន័យមិនខ្លាចសង្ឃ។ ខ្ញុំសូមណែនាំលោក
    ថា៖បើលោកចង់ដឺងអំពីច្បាប់ជាអន្តរៈជាតិ លោក
    អាចសួរនាំលោកសួន សេរីរដ្ឋា ប្រធានចលនាអំ​ណាចពលរដ្ឋខ្មែរ ប្រហែលជាលោកអាចស្រាយបំ
    ភ្លឺជូនលោកបាន...........សូមអរគុណ៕

    ReplyDelete
  6. Anonymous3:52 PM

    និយាយពីច្បាប់អន្តរជាតិស្អី បារាំងចាប់ផ្ដើមវាយ
    លុក លីប៊ី គ្មានអាណាហ៊ានងើបក្បាលប្រឆាំង
    សូម្បីតែ រុស្ស៊ី និង ចិន ក៏មិនហ៊ានកម្រើក៕

    ReplyDelete