ដោយ ផន រ៉ីណា និង យន់ សាមៀន 2012-06-27
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃអង្គារ ទី២៦ មិថុនា បានបដិសេធព័ត៌មានចុះផ្សាយដោយកាសែត ឌឹ ខេមបូឌា ដេលី (The Cambodia Daily) និង ភ្នំពេញ ប៉ុស្តិ៍ (Phnom Penh Post) ដែលថា លោកនៅតែបន្តចុះហត្ថលេខាផ្តល់ដីសម្បទានបន្ថែម ក្រោយពេលរដ្ឋាភិបាលបានសម្រេចផ្អាកជាបណ្ដោះអាសន្នផ្តល់ដីសម្បទាន ឲ្យក្រុមហ៊ុនឯកជន។
១៥-មិថុនា-២០១១៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុងឱកាសចែកសញ្ញាបត្រដល់និស្សិតនៅសាកលវិទ្យាល័យ វិទ្យាសាស្ត្រសុខាភិបាល រាជធានីភ្នំពេញ។
លោក ហ៊ុន សែន បានអះអាងចាប់តាំងពីថ្ងៃទី៧ ឧសភា ជាថ្ងៃដែលរដ្ឋាភិបាលបានសម្រេចផ្អាកផ្តល់ដីសម្បទាននោះមក លោកមិនបានចុះហត្ថលេខាផ្តល់ដីសម្បទានថ្មីនោះទេ។ លោកបន្តថា កាលពីថ្ងៃទី១៨ ឧសភា លោកបានចុះហត្ថលេខាធ្វើអនុបយោគ ប្ដូរដីសាធារណៈរបស់រដ្ឋទៅជាដីឯកជនរបស់រដ្ឋ ទៅឲ្យក្រុមហ៊ុនវិនិយោគចំនួនបី ដោយសារក្រុមហ៊ុនទាំងនោះត្រូវបានផ្តល់ដីសម្បទានមុនថ្ងៃទី៧ ឧសភា ជាថ្ងៃរដ្ឋាភិបាលសម្រេចផ្អាកដីសម្បទាន។
កាលពីថ្ងៃទី១៥ មិថុនា អង្គការសង្គមស៊ីវិលបានអោយដឹងថា ទោះបីជារដ្ឋាភិបាលបានសម្រេចផ្អាកផ្ដល់ដីសម្បទានសេដ្ឋកិច្ចទៅឲ្យ ក្រុមហ៊ុនយ៉ាងណាក្ដី ប៉ុន្តែរដ្ឋាភិបាលនៅតែបន្តធ្វើអនុបយោគ គឺប្ដូរដីសាធារណៈរបស់រដ្ឋ ទៅជាដីឯកជនរបស់រដ្ឋ ទៅឲ្យក្រុមហ៊ុនវិនិយោគដដែល។ បញ្ហានេះ សង្គមស៊ីវិលបានចាត់ទុកការប្រកាសរបស់នាយករដ្ឋមន្ត្រីថា ជាសារនយោបាយប៉ុណ្ណោះ។
ទោះជាយ៉ាងណាក៏ដោយ ទាក់ទងនឹងចំនួនដែលចោទថា រដ្ឋាភិបាលបន្តផ្តល់ដីសម្បទានដល់ក្រុមហ៊ុនឯកជន ក្រោយពេលប្រកាសផ្អាកនោះ ទីភ្នាក់ងារសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃអង្គារ ទី២៦ មិថុនា ម្សិលមិញ បានរាយការណ៍ថា យោងតាមអង្គការសិទ្ធិមនុស្ស លីកាដូ (Licadho) រដ្ឋាភិបាលកម្ពុជាបានបន្តផ្តល់ដីសម្បទានចំនួន១៣ ដែលមានទំហំដីសរុបជាង៨ម៉ឺនហិកតារ គឺស្មើនឹងប្រទេសសិង្ហបុរី ចាប់តាំងពីរដ្ឋាភិបាលបានសម្រេចផ្អាកពីថ្ងៃទី៧ ឧសភា មក៕
Quit playing the fool and get some work done.
ReplyDelete