Friday, November 18, 2011

Ven. Loun Sovath forced to lead an itinerant life

ព្រះភិក្ខុ​សង្ឃ លួន សាវ៉ាត (Photo: The Phnom Penh Post)

ព្រះ​តេជ​ព្រះ​គុណ លួន សុវ៉ាត គង់​នៅ​ជា​លក្ខណៈ​ចល័ត

ព្រះ​តេជ​ព្រះ​គុណ លួន សុវ៉ាត ដែល​រង​ការ​បណ្ដេញ​ចេញ​ពី​វត្ត​កាល​ពី​ពាក់​កណ្ដាល​ខែ​សីហា កំពុង​គង់​ចល័ត​នៅ​តាម​ទី​នានា។ Ven. Loun Sovath who was chased out of all pagodas in August is forced to lead an itinerant life


2011-11-16
ដោយ ផន រីណា
Radio Free Asia

ព្រះ​តេជ​ព្រះ​គុណ លួន សុវ៉ាត មាន​ថេរដិកា​ប្រាប់​វិទ្យុ​អាស៊ី​សេរី​ពី​ប្រទេស​កម្ពុជា​ថា​ព្រះ​អង្គ​កំពុង​គង្គ​នៅ​ជា​លក្ខណៈ​ចល័ត និង​រក្សា​ខ្លួន​ព្រះ​អង្គ​ជា​សង្ឃ​កាន់​ព្រះ​ពុទ្ធ​សាសនា​ដដែល ទោះ​បី​ជា​ព្រះ​អង្គ​មិន​មាន​ទំនាក់​ទំនង​ជា​មួយ​វត្ត​អារាម និង​ព្រះ​សង្ឃ​ឯទៀត បន្ទាប់​ពី​មាន​ការ​ប៉ះ​ទង្គិច​ជា​មួយ​រដ្ឋ​អំណាច ក្នុង​ការ​បញ្ចេញ​មតិ​ការ​ពារ​សិទ្ធិ​ពល​រដ្ឋ ដែល​នាំ​ទៅ​ដល់​ការ​បណ្ដេញ​ព្រះ​សង្ឃ​ចេញ​ពី​វត្ត។

ព្រះ​អង្គ​រស់​នៅ​ចាត់​ចែង​ចង្ហាន់​ដោយ​ថវិកា​ផ្ទាល់​ខ្លួន រួម​ជា​មួយ​និង​ការ​ឧបត្ថម្ភ​ពី​ញាតិ​ញោម​តាម​សហគមន៍​ដែល​ស្រឡាញ់​រាប់​អាន​ព្រះ​អង្គ ចាប់​តាំង​ពី​ព្រះ​អង្គ​ចាក​ចេញ​ពី​វត្ត​មក ៖ "ស្ថានភាព​មក​ដល់​ពេល​នេះ​គឺ​អាត្មា​មិន​មាន​វត្ត​អារាម​ណា​មួយ​ដែល​អាត្មា​អាច​ស្នាក់​នៅ​បាន​ទេ ដូច្នេះ​ការ​ត្រាច់ចរ​... ទុក​តែ​មិន​បាន​ស្នាក់​នៅ​ក្នុង​វត្ត​ក៏​មាន​ពុទ្ធ​បរិស័ទ​ខ្មែរ ទាំង​ក្នុង​ប្រទេស ក្រៅ​ប្រទេស រួម​ទាំង... ហើយ​បាន​ចង្ហាន់​ពី​ពុទ្ធ​បរិស័ទ​ពេល​ដែល​អាត្មា​គង់​នៅ​ទី​ណា​ប្រជា​សហគមន៍​នៅ​ទី​នោះ​ប្រគេន​ទំនុក​បម្រុង​ឲ្យ​អាត្មា"។


ព្រះ​តេជ​ព្រះ​គុណ លួន សុវ៉ាត មាន​បន្ទូល​ទៀត​ថា ការ​រក្សា​សីល​តាម​ព្រះ​ពុទ្ធ​សាសនា​មិន​ចាំ​បាច់​តែ​រស់​អា​ស្រ័យ​នៅ​ក្នុង​វត្ត​អារាម​នោះ​ទេ គឺ​អាស្រ័យ​តាម​ការ​គោរព និង​កាន់​វិន័យ​ធម៌​តាម​បែប​ព្រះ​ពុទ្ធ​បាន​ត្រឹម​ត្រូវ​ខ្ជាប់ខ្ជួន​តែ​ប៉ុណ្ណោះ ៖ "ការ​ពិត​បើ​និយាយ​ពី​អ្នក​បួស​គឺ​មិន​បួស​ឲ្យ​សប្បាយ ឲ្យ​ស្រណុក ឬ​បួស​ទៅ​នៅ​តែ​ក្នុង​វត្ត​ទេ បើ​និយាយ​ពី​អ្នក​បួស គឺ​បួស​ត្រូវ​មើល​ធម៌​វិន័យ​របស់​ព្រះ​ពុទ្ធ​សាសនា គឺ​អង្គ​របស់​ព្រះសម្មាសម្ពុទ្ធ​ដែល​ព្រះ​ពុទ្ធ​គ្រប់​ទី​កន្លែង គ្រប់​ពេលវេលា ដែល​ព្រះ​អង្គ​តែង​តែ​ជួយ​សង្គ្រោះ​មនុស្ស​សត្វ​រស់​នៅ ដែល​រង​ទុក​លំបាក​វេទនា ហើយ​ព្រះ​ពុទ្ធ​គឺ​ចល័ត​គ្រប់​ទី​កន្លែង​តាម​ស្រុក​ស្រែ​ចម្ការ តាម​ទី​ព្រៃ លើ​ភ្នំ ក្រោម​ថ្ម គឺ​ព្រះ​ពុទ្ធ​លោក​ដើរ​ចូល​ទៅ​ក្នុង​សង្គម។ យ៉ាង​ណា​ចំពោះ​អាត្មា ដែល​រង​ការ​គំរាម​ការ​បណ្ដេញ​ចេញ រង​ការ​បំបិទ​សិទ្ធិ គេ​ពុំ​មើល​ធម៌​វិន័យ​របស់​ព្រះ​ពុទ្ធ​សាសនា​ទេ ដោយ​យក​ព្រះ​ពុទ្ធ​សាសនា​ធ្វើ​ជា​ឧបករណ៍​លេង​សើច​ផ្នែក​នយោបាយ ដើម្បី​ធ្វើ​បាប​ព្រះ​សង្ឃ ដូច​ជា​អាត្មា​ជា​ដើម គ្រាន់​តែ​ជួយ​ប្រោស​សត្វ​គេ​ថា​ខុស"។

ព្រះ​អង្គ​ក៏​បាន​សង្វេគ​ក្នុង​ចិត្ត​ខ្លះ​ដែរ ដោយ​ពិធី​កាន់​បិណ្ឌ​ភ្ជុំបិណ្ឌ​ឆ្នាំ​នេះ​ទាំង​មូល ព្រះ​អង្គ​មិន​អាច​ចូល​វត្ត​កាន់បិណ្ឌ​ជា​មួយ​ព្រះ​សង្ឃ​ឯ​ទៀត និង​បរិស័ទ​ក្នុង​វត្ត​នៅ​ប្រទេស​កម្ពុជា​បាន។ ដោយ​ហេតុ​នេះ​ហើយ ព្រះ​សង្ឃ និង​សហគមន៍​ខ្មែរ​នៅ​ក្នុង​ប្រទេស​អូស្ត្រាលី បាន​និមន្ត​ព្រះ​អង្គ​ចូល​ទៅ​កាន់​បិណ្ឌ​នៅ​ក្នុង​វត្ត​ធំ នៅ​ក្នុង​ទីក្រុង Sydney នៃ​ប្រទេស​អូស្ត្រាលី ៖ "ជា​ការ​គាប​សង្កត់​គំរាម​កំហែង​ដ៏​ធ្ងន់ធ្ងរ​ពី​ព្រោះ​ព្រះ​សង្ឃ មិត្តភ័ក្ដិ និស្សិត​នៅ​ក្នុង​វត្ត​ក្ដី គេ​ហាម​មិន​ឲ្យ​ទាក់​ទង​មក​អាត្មា​ទេ ហើយ​ថា​បើ​អ្នក​ណា​មួយ​ហ៊ាន​ទាក់​ទង​មក​អាត្មា គេ​ចាត់​ទុក​ថា​អ្នក​នោះ​មិន​គោរព​តាម​បទ​បញ្ជា ដែល​គេ​ហាម​ប្រាម ហើយ​នឹង​ត្រូវ​គេ​បណ្ដេញ​ចេញ​ដូច​អាត្មា​អ៊ីចឹង​ដែរ។ បុណ្យ​កាន់​បិណ្ឌ​ភ្ជុំបិណ្ឌ គឺ​អាត្មា​នៅ​ប្រទេស​អូស្ត្រាលី បង​ប្អូន​ប្រជា​ពល​រដ្ឋ​ខ្មែរ គាត់​បាន​និមន្ត​អាត្មា​ទៅ​ប្រារព្ធ​កាន់​បិណ្ឌ​នៅ​ប្រទេស​អូស្ត្រាលី"។

ព្រះ​តេជ​ព្រះ​គុណ លួន សុវ៉ាត ចាប់​ផ្ដើម​និមន្ត​គង្គ​ចល័ត​តាំង​ពី​ព្រះ​អង្គ​ចាក​ចេញ​ពី​វត្ត​មួយ​ក្នុង​ខេត្ត​សៀមរាប ពី​ថ្ងៃ​​​ទី​​១​​៩ ខែ​សីហា ឆ្នាំ​២០១១ បន្ទាប់​ពី​សង្ឃ​ដិកា​បន្ត​បន្ទាប់​បាន​​​ចេញ​បម្រាម​​​​ដល់​​គ្រប់​​​ទី​វត្ត​អារាម​ក្នុង​រាជ​ធានី​ភ្នំពេញ មិន​អនុញ្ញាត​ឲ្យ​​ព្រះ​អង្គ​​គង្គ​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ ដោយ​សារ​ការ​បញ្ចេញ​មតិ​ការ​ពារ​សិទ្ធិ​ពល​រដ្ឋ​កន្លង​មក​របស់​ព្រះ​អង្គ។

ព្រះ​អង្គ លួន សូវ៉ាត មាន​ថេរដិកា​អះអាង​ថា ព្រះ​អង្គ​មាន​ការ​សោក​ស្ដាយ​ណាស់ ដែល​ព្រះ​អង្គ​ពុំ​បាន​ធ្វើ​អ្វី​ខុស​នឹង​ច្បាប់​សង្ឃ​ទាល់​តែ​សោះ ៖ "ការ​ចោទ​ប្រកាន់​ការ​ហាម​ប្រាម​ហ្នឹង គឺ​វា​ខុស​ទៅ​ក្នុង​ព្រះ​ពុទ្ធ​សាសនា​ទាំង​ស្រុង​តែ​ម្ដង ហើយ​មិន​មែន​ជា​សង្ឃ​សម្រេច​ប្រកាស​ទេ ជា​បុគ្គល​ប្រកាស អំណាច​ប្រកាស ឬ​ក៏​ផ្ដាច់​ការ​ប្រកាស… មិន​មែន​ជា​សេចក្ដី​ប្រកាស​របស់​សង្ឃ​ទេ។ អាត្មា​បដិសេធ​មិន​ទទួល​ស្គាល់​ជា​ដាច់​ខាត... ក្នុង​ព្រះ​សង្ឃ​ទូទៅ​ជាង ៦​ម៉ឺន​អង្គ​ក្នុង​ប្រទេស​កម្ពុជា ក៏​លោក​មិន​ឯកភាព​ដែរ លោក​មិន​ឯកភាព មិន​គាំទ្រ​នូវ​សង្ឃ​សម្រេច​នោះ​ទេ មិន​មែន​ជា​សង្ឃ​សម្រេច"។

ព្រះ​អង្គ លូន សុវ៉ាត ថ្មីៗ​នេះ​ទើប​បាន​ចូល​រួម​ប្រជុំ​ជា​មួយ​សកម្ម​ជន​អ្នក​ការពារ​សិទ្ធិ​មនុស្ស នៅ​ក្នុង​ប្រទេស​អៀរឡង់ ដែល​មាន​សមាជិក​ចូល​រួម​ពី​ប្រទេស​ខុស​ៗ​គ្នា​ចំនួន​ជាង ៩០​ប្រទេស​ក្នុង​ពិភព​លោក តាម​ការ​និមន្ត​អញ្ជើញ​របស់​អង្គការ​សិទ្ធិ​មនុស្ស​អន្តរ​ជាតិ ឈ្មោះ​អ្នក​ការ​ពារ​ជួរ​មុខ។

អង្គការ​អ្នក​ការ​ពារ​ជួរ​មុខ ជា​អង្គការ​ការ​ពារ​សកម្ម​ជន​រង​គ្រោះ​ពី​ការ​ការ​ពារ​សិទ្ធិ​មនុស្ស​នៅ​ក្នុង​តំបន់។ ព្រះ​អង្គ​មាន​ថេរដិកា​ដែរ​ថា នៅ​ក្នុង​សេចក្ដី​ប្រកាស​ចុង​ក្រោយ​នៃ​កិច្ច​ប្រជុំ​នោះ អង្គការ Frontline Defenders នេះ បាន​ផ្ដល់​ឱវាទ​ថា ឲ្យ​សមាជិក​ទាំង​អស់​ជួយ​ផ្ដល់​ព័ត៌មាន​ឲ្យ​បាន​ឆាប់ ដើម្បី​ស្វែង​រក​ការ​គាំទ្រ​ពី​អង្គការ​អន្តរ​ជាតិ​ផ្សេងៗ នៅ​លើ​ពិភព​លោក ប្រសិន​សកម្ម​ជន​ណា​មួយ​ទទួល​រង​ការ​គំរាម​ធ្ងន់ធ្ងរ​ដល់​សុវត្ថិភាព​ពី​សំណាក់​អាជ្ញាធរ​ក្នុង​តំបន់។

ព្រះ​អង្គ លូន សូវ៉ាត ក៏​បាន​អង្គការ​ការ​ពារ​សិទ្ធិ​មនុស្ស​អន្តរ​ជាតិ Human Rights Watch ផ្ដល់​រង្វាន់ Hellman/Hammett ក្នុង​ការ​បញ្ចេញ​មតិ​ការ​ពារ​សិទ្ធិ​ពល​រដ្ឋ​ក្នុង​តំបន់​ដែរ៕

1 comment:

Anonymous said...

Ah Tep Vong and Ah Non Nget will become homeless in hell after Runteas Banh them.