Monday, February 20, 2012

មិន​ត្រូវ​យក​កម្លាំង​ប្រដាប់​អាវុធ​មក​គំរាម​ពលរដ្ឋ​ដៃ​ទទេ ទេ - Armed forces should not be used to theaten defenseless citizens

កម្លាំង​ទ័ព​​ដែល​​គេ​​ដឹក​​យក​​ទៅ​​គម្រាម​​អ្នក​​ភូមិ​​អម​លាំង​​នៅ​​តុលាការ​​កំពង់​ស្ពឺ​​។ រូបថត ជី​វ័ន
RCAF soldiers were brought in to threaten Omlaing villagers at the Kampong Speu court (Photo: Chivoan, The Phnom Penh Post)

Monday, 20 February 2012
តុង សុប្រាជ្ញ
The Phnom Penh Post

«កម្ម​យើង​ទេ​ ឪវា​អើយ​ នេះ​មក​ពី​យើង​អន់ មក​ពី​យើង​ខ្សោយ មក​ពី​យើង​ធ្វើ​បុណ្យ​ពី​ជាតិ​មុន​មិន​ល្អ បាន​ជា​ជាតិ​នេះ​ រង​កម្ម​បែប​នេះ​» នេះ​ជា​ពាក្យ​ត្អូញត្អែរ ​របស់​តួអង្គ​ម្តាយ​ លឹម ​ដែល​ជឿ​ទៅ​លើ​កម្មផល​ ប្រាប់​ទៅ​កាន់​ប្តី​របស់​គាត់​ ដែល​ពួក​គាត់ ​​បាន​ទទួល​រង​ការ​គំរាម​កំហែង​ជិះជាន់​ ពី​សំណាក់​អាជ្ញាធរ​​ស្រុក​ តាំង​ពី​សម័យ​កង​ទ័ព​ជប៉ុន​ ដេញ​កង​ទ័ព​ និង​ប្រជា​ជន​បារាំង ​ចេញ​ពី​ស្រុក​ខ្មែរ​ ក្នុង​សម័យ​សង្គ្រាម​លោក​លើក​ទី​ ២ ​ឆ្នាំ​ ១​៩៤៥​ មក​ម្ល៉េះ ​ក្នុង​រឿង «​គូលី​កំណែន»​ សម្រាប់​សិក្សា ថ្នាក់​បាក់​ឌុប​​សព្វ​ថ្ងៃ​នេះ​។

ហេតុអ្វី​បាន​ជា​ជាង​ ៦០​ ឆ្នាំ កន្លង​មក​ហើយ​ស្រុក​ខ្មែរ​ មិន​មាន​អ្វី​ប្រែប្រួល​គួរ​ឲ្យ​កត់​សម្គាល់​សោះ ​ប្រជា​ពល​រដ្ឋ នៅ​តែ​ត្រូវ​គេ​ជិះ​ជាន់​សង្កត់​សង្កិន​ដដែល​?​ បើ​ទោះ​បី​ជា​ប្រទេស​ជាតិ​សព្វ​ថ្ងៃ​នេះ មាន​ច្បាប់​ទម្លាប់​ហើយ​ក៏​ដោយ​?​ តើ​នេះ​មក​ពី​ប្រទេស​កម្ពុជា​ ដែល​អាន​ថា​៖​«កម្មពុជា» ​បាន​ជា​ប្រជា​ពលរដ្ឋ ចេះ​តែ​រង​កម្ម​រហូត​មក​ពី​របប​មួយ​ទៅ​របប​មួយ​ មិន​ចេះ​ចប់ មិន​ចេះ​ហើយ​អ៊ីចឹង​? ​


ថ្មីៗ​នេះ យើង​កត់​សម្គាល់​ឃើញ​ថា ​ប្រជា​ពលរដ្ឋ ហាក់​បី​ដូច​ជា​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​សត្រូវ​ ជាមួយ​នឹង​កង​កម្លាំង​ប្រដាប់​អាវុធ ដោយ​សារ​រឿង​ទំនាស់​ដីធ្លី​។​ ឧទាហរណ៍​៖ ​កាល​ពី​ ២​ សប្តាហ៍​មុន​នេះ ​មាន​​ការ​ដាក់​ពង្រាយ​កម្លាំង​សមត្ថកិច្ច​ប្រដាប់​អាវុធ​ចម្រុះ ​មាន​ទាំង​ប៉ូលិស​ មាន​ទាំង​កង​រាជ​អាវុធហត្ថ មាន​កងទ័ព ដែល​មាន​អាវុធ​គ្រប់​ដៃ ​និង​មាន​ទាំង​កាំភ្លើង​យន្ត​ថែម​ទៀត​ មក​ហ៊ុមព័ទ្ធ​ប្រជា​ពលរដ្ឋ​ មក​ស្តាប់​សវនាការ​ស្រ្តី​ដែល​ជា​អ្នក​ភូមិ​ពួក​គាត់​ម្នាក់​ ពាក់ព័ន្ធ​នឹង​រឿង​ជម្លោះ​ដី​ធ្លី និង​តវ៉ា​រឿង​ដី​ធ្លី នៅ​មុខ​សាលា​​ដំបូង​ខេត្ត​កំពង់ស្ពឺ​។​ ការ​ប្រើ​កង​កម្លាំង​ប្រដាប់​អាវុធ​ចម្រុះ​​ ដើម្បី​គំរាម​កំហែង​ប្រជា​ពលរដ្ឋ​ មក​តវ៉ា​ដី​ធ្លី​នោះ ​ដែល​មើល​ទៅ ជា​រូបភាព​គួរ​ឲ្យ​ភ័យ​ខ្លាច​ផង​ និង​គួរ​ឲ្យ​ខ្មាស​អៀន​ផង​ក្នុង​ការ​ប្រើប្រាស់​អាវុធ​បែប​នេះ​ធ្វើ​ជា ដំណោះស្រាយ សម្រាប់​ប្រទេស​ដែល​កំណត់​ទិសដៅ​ថា កំពុង​កាន់​លទ្ធិ​ប្រជាធិបតេយ្យ​នោះ​។

សកម្មភាព​ប្រើប្រាស់​កង​កម្លាំង​នេះ ហាក់បី​ដូចជា​ផ្ទុយ​ទៅ​នឹង​ប្រសាសន៍​របស់​លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន កាល​ពី​ខែ​មុន ដែល​បាន​ប្រកាស​ចាប់​ខ្លួន​កង​កម្លាំង​ពីរ​នាក់ ដែល​យាម​ដី ឲ្យ​ក្រុមហ៊ុន​ធីធីវាយ (TTY) បាន​បាញ់​អ្នក​ភូមិ ២ ធ្នូ ក្នុង​ស្រុក​ស្នួល​ខេត្ត​ក្រចេះ យក​មក​ផ្តន្ទាទោស ហើយ​ព្រមាន​ទៅ​កង​កម្លាំង​សមត្ថកិច្ច ដែល​ប្រើ​បាស់​អាវុធ​ចំពោះ​រឿង​ដី​ធ្លី​ជាមួយ​ប្រជា​ពលរដ្ឋ​។

តែ​បញ្ហា​ធ្វើ​ឡើង​នៅ​ខេត្ត​កំពង់ស្អឺ​នេះ ធ្វើ​ឲ្យ​ប្រសាសន៍​របស់​លោក ហ៊ុន សែន ហាក់​នៅ​មិន​ទាន់​មាន​ប្រសិទ្ធ​ភាព ដូច​ការ​យក​ច្បាប់​មក​អនុវត្ត​ទេ​? ​មក​ទល់​ពេល​នេះ ជន​ដែល​បាញ់​ប្រជា​ពលរដ្ឋ​បាន​ចាប់​ខ្លួន​ហើយ តែ​មិន​ដឹង​ជា​នៅ​ទីណា បាត់​ដំណឹង​ឈឹង។

តាម​ពិត​ទៅ ​កងទ័ព គឺ​សម្រាប់​ការពារ​ទឹក​ដី ប្រយុទ្ធ​ប្រឆាំង​ជាមួយ​បរទេស​ឈ្លាន​ពាន​ ជា​ពិសេស​ប្រទេស​ជិត​ខាង មិនមែន​យក​មក​គំរាម​កំហែង​ប្រជា​ពលរដ្ឋ​ខ្មែរ​គ្នា​ឯង​ ដែល​ធ្វើ​ការ​តវ៉ា​ដោយ​សន្តិវិធី ​មាន​តែ​ដៃ​ទទេ​បែប​នេះ​នោះ​ទេ​។​ មាន​តែ​របប​ខ្មែរ​ក្រហម ប៉ុល ​ពត​ ទេ​ ដែល​ចាត់​ទុក​ប្រជា​ពលរដ្ឋ​ខ្មែរ​ខ្លួន​ឯង​ជា​សត្រូវ​នោះ​ ចុះ​ហេតុ​អ្វី​បាន​ជា​ខ្មែរ​ចេះ​តែ​ចង់​ដើរ​ជាន់​ដាន​ប្រវត្តិសាស្ត្រ​ ដែល​អន់​ថយ​ដដែលៗ​អ៊ី​ចឹង​?​ ចំណែក​បញ្ហា​សន្តិសុខ សណ្តាប់​ធ្នាប់​ក្នុង​ប្រទេស គឺជា​កាតព្វ​កិច្ច​របស់​ប៉ូលិស​ រីឯ​កង​រាជអាវុធហត្ថ គឺ​សម្រាប់​មើល​ការ​ខុស​ត្រូវ​ចំពោះ​មន្រ្តី​ប៉ូលិស​ និង​មន្ត្រី​យោធា​ណា ដែល​ប្រព្រឹត្ត​ខុស​នឹង​ច្បាប់​?​ ការ​ដែល​យក​កងទ័ព​ មក​បង្ក្រាប​ និង​សម្លាប់​ប្រជា​ពលរដ្ឋ​ ដែល​តវ៉ា​នោះ​ មាន​តែ​ប្រទេស​កាន់​របប​ផ្តាច់​ការ​ទេ ដូច​នៅ​ប្រទេស​លីប៊ី​ ដែល​ធ្លាប់​ដឹក​នំា​ដោយ​កាដាហ្វី​ត្រូវ​បាន​គេ​សម្លាប់​និង​ប្រទេស ស៊ីរី​បច្ចុប្បន្ន​នេះ​...។ សម្រាប់​ប្រទេស​ដែល​មាន​ឈ្មោះ​ថា កាន់​លទ្ធិ​ប្រជាធិបតេយ្យ​ដូច​ស្រុក​ខ្មែរ​ មិន​ត្រូវ​ការ​ដំណោះស្រាយ​បែប​ចុង​កាណុង​ទេ​។​

បើ​តាម​ច្បាប់​រដ្ឋ​ធម្មនុញ្ញ​ មាត្រាទី ៣៥​ កថា​ខណ្ឌ​ទី ២​ បាន​ចែង​ថា​ «​សេចក្តី​ស្នើ​ទាំង​ឡាយ​ របស់​ប្រជា​ពលរដ្ឋ​ ត្រូវ​បាន​ទទួល​ការ​ពិនិត្យ​ និង​ដោះស្រាយ​យ៉ាង​ហ្មត់​ចត់​ ពី​អង្គការ​រដ្ឋ​»។ ​សំណួរ​សួរ​ថា តើ​អង្គការ​រដ្ឋ តុលាការ​សព្វ​ថ្ងៃ​ហ្នឹង ​ផ្តល់​ភាព​យុត្តិធម៌​ ដល់​ប្រជា​ពលរដ្ឋ​ហើយ​ឬ​នៅ​? ​ឲ្យ​តែ​ប្រជា​ពលរដ្ឋ​ប្តឹង​ប្តល់​រឿង​ដី​ធ្លី​ជាមួយ​អ្នក​ធំ​ ឬ​ក៏​ឧកញ៉ា​ៗ​ នៅ​តុលាការ គឺ​ប្រជា​ពល​រដ្ឋ​កម្រ​ឈ្នះ​ក្តី​ណាស់​។​ បញ្ហា​អយុត្តិធម៌​នៅ​ប្រព័ន្ធ​តុលាការ​នេះ​ហើយ​ ទើប​ធ្វើ​ឲ្យ​មាន​ការ​តវ៉ា​ ចេះ​តែ​កើត​មាន​ឡើង​ជា​ហូរហែ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​ទៀត ដោយ​សារ​តែ​ភាព​អយុត្តិធម៌​នៅ​ក្នុង​សង្គម​។​

កាល​ពី​មុន​បោះឆ្នោត​ អ្នក​នយោបាយ ឬ​សកម្មជន​គណបក្ស​នីមួយៗ​ ម្នាក់ៗ នាំ​គ្នា​ចុះ​ពង្រឹង​មូលដ្ឋាន​ សួរ​សុខ​ទុក្ខ​ប្រជា​ពលរដ្ឋ​ ចុះ​ចែក​ក្រមា​ សារុង មី ប៊ីចេង​ អង្ករ​ បន្តិច​បន្តួច​ហាល​ថ្ងៃ ​ហាល​ភ្លៀង លុយ​ទឹក​ លុយ​ភក់ មើល​ទៅ​តាម​កញ្ចាក់​ទូរទស្សន៍ ​និង​តាម​សារ​ព័ត៌មាន​ក្នុង​ស្រុក​មួយ​ចំនួន​ ដូចជា​ស្រឡាញ់​ប្រជា​ពលរដ្ឋ​ខ្លាំង​ណាស់! ដល់​ពេល​ដឹង​លទ្ធផល​ជាប់​ឆ្នោត​ជា​បឋម​លើស​លប់​រួច​ហើយ​ គឺ​មក​សង​គុណ​ប្រជា​ពលរដ្ឋ​ តាម​បែប​ប្រើ​កង​កម្លាំង​ចម្រុះ ស្ពាយ​សុទ្ធ​តែ​អាវុធ​គ្រប់​ដៃ ​និង​កាំភ្លើង​យន្ត​ មក​ហ៊ុមព័ទ្ធ​ បាញ់​វាយ​ឲ្យ​រង​របួស និង​គំរាម​កំហែង​ប្រជា​ពលរដ្ឋ​ដែល​គ្រាន់​តែ​តវ៉ា​រឿង​ទំនាស់​ដីធ្លី​។ ទង្វើ​ដល់​ត្រើយ​សើយ​គូទ​បែប​នេះ ​តើ​ប្រជា​ពល​រដ្ឋ​ គួរ​តែ​ពិចារ​ណា​ដែរ​ឬទេ ចំពោះ​ការ​បោះឆ្នោត​លើក​ក្រោយ​ៗ​ទៀត​នោះ​?​

ការ​ប្រើ​កម្លាំង​ឡោម​ព័ទ្ធ​ប្រជាពលរដ្ឋ​ស្លូត​ត្រង់​ដៃ​ទទេ​បែប​នេះ ​គឺ​ហាក់​បី​ដូចជា​សត្វ​ខ្លា​ព័ទ្ធ​ស៊ី​សត្វ​គោ ដូច​នៅ​ក្នុង​ទូរស្សន៍​ប៉ុស្តិ៍​ឌីសខោវ័រី (Discovery)​អ៊ីចឹង​ដែរ ដែល​សត្វ​ខ្លា​ទាំង​នោះ ​បើ​ទោះ​បី​ជា​វា​កាច​សាហាវ​ប៉ុនណា​ក៏​ដោយ ក៏​វា​មិន​ដែល​ស៊ីកូន​វា ឬ​ក៏​ធ្វើ​បាប​កូន​វា​ទេ គឺ​មាន​តែ​វា​ការពារ​ និង​ថែទាំ​កូន​វា​ទៅ​វិញ។ សម្រាប់​សកម្មភាព​នេះ​ទៀត​សោត ហាក់​បី​ដូច​ជា​បង្ហាញ​ពី​ភាព​ហិង្សា​ នៅ​តែ​កើត​មាន​នៅ​ក្នុង​ស្រុក​ខ្មែរ​ បើ​ទោះ​បីជា​ស្រុក​ខ្មែរ លែង​មាន​សង្គ្រាម​ហើយ​ក៏​ដោយ​ តែ​សល់​ចំហាយ​ខ្លះ​ពី​សង្គ្រាម​?​ ឬ​មួយ​ក៏​ចង់​បង្ហាញ​សាច់​ដុំ​ដាក់​ប្រទេស​ជិត​ខាង​យើង​ថា​ ស្រុក​ខ្មែរ​មាន​កង​កម្លាំង​ និង​អាវុធ​គ្រប់គ្រាន់​​សម្រាប់​ការពារ​ជាតិ​?​ តែ​តាម​ពិត​ទង្វើ​នេះ ​គឺជា​ទង្វើ​មួយ​គួរ​ឲ្យ​ខ្មាសអៀន​ និង​គួរ​ឲ្យ​អស់​សំណើច​​ សម្រាប់​ប្រទេស​ជិត​ខាង​ទៅ​វិញ​ទេ ដែល​យក​កង​ទ័ព​មក​គំរាម​កំហែង​ប្រជា​ពលរដ្ឋ​ស្លូត​ត្រង់​ខ្លួន​ឯង ដែល​គ្រាន់​តែ​ធ្វើ​ការ​តវ៉ា មាន​តែ​ដៃ​ទទេ​នោះ​។​

ម្យ៉ាង​វិញ​ទៀត​ ការ​ដែល​ចេះ​តែ​អះអាង​ថា​ ស្រុក​ខ្មែរ​កាន់​លទ្ធិ​ប្រជាធិបតេយ្យ ​គឺ​ប្រជាធិបតេយ្យ​តែ​មាត់​ តែ​ក្នុង​ចិត្ត​ នៅ​តែ​ប្រកាន់​ចរិត​ផ្តាច់​ការ​ដដែល​ឬ​? បើ​មើល​ទៅ​ហាក់បី​ដូច​ជា​លទិ្ធប្រជាធិបតេយ្យ​ស្រុក​ខ្មែរ​ ចាស់​ខែ ចាស់​វស្សា​ជាង​ប្រទេស​ភូមា​ តែ​ហេតុ​អ្វី​បាន​ជា​ភូមា​ ចាប់​ផ្តើម​លទ្ធិ​ប្រជាធិបតេយ្យ​លឿន​គួរ​ឲ្យ​កត់​សម្គាល់​ម្ល៉េះ? ដូចជា​បង្កើត​ច្បាប់​ឲ្យ​ប្រជាពលរដ្ឋ​គេ​មាន​សិទ្ធិ​តវ៉ា​ និង​ធ្វើ​បាតុកម្ម​ ហើយ​កាល​ពី​សប្តាហ៍​មុន​នេះ​រដ្ឋាភិបាល​ភូមា បាន​ដោះស្រាយ​បញ្ហា​ដំឡើង​ប្រាក់​ខែ​ ដល់​កម្មករ​ ដែល​មក​តវ៉ា ដែល​មិន​ធ្លាប់​មាន​ជាង​ ៤០​ ឆ្នាំ​កន្លង​មក​ហើយ​ក៏ដោយ​ បើ​ទោះ​ជា​បាន​ដំឡើង​ប្រាក់​តិច​តួច​ក្តី ​តែ​ជា​ការ​ចាប់​ផ្តើម​មួយ​ដ៏​ល្អ​ប្រពៃ។ ​នេះ​មក​ពី​ភូមា​រៀន​ពី​ស្រុក​ខ្មែរ​ អំពី​លទ្ធិ​ប្រជាធិបតេយ្យ​នេះ?​ ចុះ​ហេតុ​អ្វី​បាន​ជា​ស្រុក​ខ្មែរ​ ក៏​ខិតខំ​ធ្វើ​ត្រាប់​តាម​អ្វី​ដែល​អាក្រក់ៗ ​ដែល​ភូមា​ធ្លាប់​តែ​កាន់​របប​ផ្តាច់​ការ​អំឡុង​ពេល ៤០ ឆ្នាំ​ ដូចជា​ការ​យក​កម្លាំង​ប្រដាប់់​អាវុធ​ ទៅ​បង្ក្រាប និង​ចាប់​ប្រជា​ពលរដ្ឋ​ និង​ព្រះសង្ឃ​ដែល​តវ៉ា​ និង​ធ្វើ​បាតុកម្ម​អហិង្សា​ទៅ​វិញ​?​ ប្រទេស​ទាំង​ ២ នេះ​ ហាក់​ដូចជា​មាន​និន្នាការ​ផ្ទុយ​គ្នា​ទាំង​ស្រុង ក្នុង​ការ​អនុវត្ត​ប្រជាធិបតេយ្យ​របស់​ខ្លួន ដែល​គួរ​ឲ្យ​ឆ្ងល់​ ថា​តើ​ប្រទេស​មួយ​ណា​ អនុវត្ត​លទ្ធិ​ប្រជាធិបតេយ្យ​ពិត​ប្រាកដ​?​ តិច​ខ្មាស​ភូមា​ទៅ​វិញ​ ដែល​លទិ្ធ​ប្រជាធិបតេយ្យ​ទើប​កើត​កាល​ពី​ចុង​ឆ្នាំ​ទៅ​មិញ​សោះ​ ហើយ​ម្ចាស់​ជំនួយ​ និង​វិនិយោគ​ទុន​ធំ​ៗ កំពុង​សម្លឹង​មើល​យ៉ាង​ដិត​ដល់​ ចំពោះ​​ដំណើរ​ការ​វិវត្ត​របស់​ប្រទេស​ភូមា​ និង​មាន​បំណង​បង្វែរ​ទិស​ទៅ​ប្រទេស​នោះ​បណ្តើរៗ​ហើយ​។

អាស្រ័យ​ហេតុ​នេះ ​រាជ​រដ្ឋាភិបាល​កម្ពុជា ​គួរ​តែ​ពិចារណា​ រក​ដំណោះស្រាយ​ដោយ​សន្តិវិធី ជូន​ប្រជា​ពលរដ្ឋ​​ ដែល​ជា​ម្ចាស់​​ឆ្នោត ​ឲ្យ​បាន​សមរម្យ​ផង​ ជាជាង​​ការ​ប្រើប្រាស់​កង​កម្លាំង​អាវុធ​យុទ្ធភណ្ឌ​ ជាមួយ​នឹង​ប្រជាពល​រដ្ឋ​តូច​តាច​ខ្លួន​ឯង​ ដែល​មាន​តែ​ដៃ​ទទេ ដោយ​សារ​ទំនាស់​ដី​ធ្លី​នេះ​ ពី​ព្រោះ​ការ​ធ្វើ​បែប​នេះ​ វា​មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋ​ដែល​បាត់​បង់​ដី​ធ្លី កាន់​តែ​ទទួល​រង​នូវ​ភាព​អយុត្តិធម៌​ថែម​ទៀត​ប៉ុណ្ណោះ​ទេ វា​ថែម​ទាំង​ធ្វើ​ឲ្យ​ខូច​ដល់​កេរ្តិ៍​ឈ្មោះ​ និង​មុខ​មាត់​របស់​ប្រទេស​កម្ពុជា​ថែម​ទៀត​ខណៈ​ដែល​កម្ពុជា កំពុង​តែ​ធ្វើ​ជា​ប្រធាន​អាស៊ាន​ផង​នោះ​។ គួរ​សន្សំ​គ្រាប់​ទុក​ប្រើ​សម្រាប់​ប្រយុទ្ធ​តតាំង​ជាមួយ​នឹង​ខ្មាំង​សត្រូវ ​បច្ចា​មិត្ត​ និង​ប្រទេស​ជិត​ខាង​ឈ្លាន​ពាន​ទឹក​ដី​យើង​វិញ ទើប​ជា​ការ​ប្រសើរ​ជាង​៕

3 comments:

Anonymous said...

AH HUN SEN just dig a deeper hole for himself! AH HUN SEN hasn't learned anything from what happen in Syria yet?

Attacking your own people is a win-win policy? Is this the Vietcong logic or is it AH HUN SHIT Vietcong slave logic?

Anonymous said...

AH Kwak euy, resign tov. You can still open another eye, yes?

Anonymous said...

KAM PEAR KHMER .......
MIN MAEN MOK PI CHMOIS KAMPUCHEA,
KEU MOK PI KHMER PLEU KLUON AENG !!!