លោក អានឌ្រូ ខាលី សហព្រះរាជអាជ្ញាសាលាក្តីកាត់ទោសមេដឹកនាំខ្មែរក្រហមរូបថត៖ AP Andrew Cayley, ECCC Co-Prosecutor (Photo: AP) |
ដោយ សុខ ខេមរា វីអូអេ ខ្មែរ | វ៉ាស៊ីនតោន
«សំណួរគឺថា តាមច្បាប់ ទោះបីជាសហចៅក្រមស៊ើបអង្កេតចង់ចាប់ផ្តើមការស៊ើបអង្កេតឡើងវិញក៏ដោយ ក៏វិធានច្បាប់មានលក្ខណៈទន់ខ្សោយក្នុងរឿងនេះ»។
Synopsis: Even though Cases 003/004 are still facing difficulties, Andrew Cayley, the International Co-Prosecutor of the KR Tribunal claimed that the Co-Investigating judges have the legal duty to investigate these two cases. Andrew Cayley told VOA: “The Co-Investigating Judges cannot reject or kick out the accusations, except when there is no crime that was perpetrated. The identity of the culprits has not been revealed yet and the exact locations are still lacking.”
ទោះជាសំណុំរឿងបន្ថែម០០៣ និង០០៤ កំពុងមានភាពចម្រូងចម្រាស់ក្តី លោក អានឌ្រូ ខាលី សហព្រះរាជអាជ្ញាសាលាក្តីកាត់ទោសមេដឹកនាំខ្មែរក្រហមបានអះអាងថា សហចៅក្រមស៊ើបអង្កេតមានភារកិច្ចបន្តនីតិវិធីតាមច្បាប់ជាចាំបាច់ដើម្បីស៊ើបអង្កេតរឿងក្តីទាំងពីរនេះ។
លោក អាន ឌ្រូ ខាលីថ្លែងប្រាប់វីអូអេតាមរយៈអ៊ីម៉េលថា៖
«សហចៅក្រមស៊ើបអង្កេតមិនអាចបដិសេធ ឬទាត់ចោលការចោទប្រកាន់បានទេ លើកលែងតែពុំមានបទឧក្រិដ្ឋត្រូវបានប្រព្រឹត្ត។ ជនដៃដល់មិនទាន់ត្រូវបានបង្ហាញអត្តសញ្ញាណ ឬទីកន្លែង ភស្តុតាងគ្រប់គ្រាន់ក៏ទេដែរ»។
សំណុំរឿង០០៣និង០០៤ ដែលរដ្ឋាភិបាលកម្ពុជាមិនចង់ឲ្យកើតមាននោះបាន ក្លាយជារឿងប្រទាញប្រទង់គ្នាជាថ្មីទៀតរវាងសហចៅក្រមស៊ើបអង្កេតជាតិ និង អន្តរជាតិក្រោយពីសហព្រះរាជអាជ្ញាដាក់ជូនដីការបញ្ជូនរឿងស៊ើបសួរទៅកាន់ សហចៅក្រមស៊ើបអង្កេតកាលពីឆ្នាំ២០០៨ តែមិនត្រូវបានបំពេញគ្រប់លក្ខណៈនៃការស៊ើបអង្កេត។ សហចៅក្រមស៊ើបអង្កេតអន្តរជាតិ ឡរ៉ិន កាស្ព័រ អាសឺម៉េត (Laurent Kasper Ansermet) ដែលលោកអគ្គលេខាធិការអង្គការសហប្រជាជាតិ បាន គី មូន (Ban Ki-Moon) តែងតាំងជំនួសលោក ស៊ីហ្គហ្វ៊ិក ប៊្លុង្គ (Siegefried Blunk) ដែលបានលាលែងកាលពីខែតុលាឆ្នាំទៅនោះ មិនត្រូវរដ្ឋាភិបាលកម្ពុជាតែងតាំងតាមច្បាប់ភ្លាមៗដូចពេលមុនទេ។ លោកត្រូវបានសហភាគីរបស់លោក គឺលោក យូ ប៊ុនឡេង បន្ទោសក្នុងសេចក្តីប្រកាសព័ត៌មានកាលពីពេលថ្មីៗនេះថា គ្មាននិតិសម្បាទាគ្រប់គ្រាន់ ឬមិនទាន់មានលក្ខណជាចៅក្រមពេញលេញ នៅពេលលោកចេញសេចក្តីប្រកាសព័ត៌មានសុំឲ្យសហចៅក្រមជាតិផ្តល់ព័ត៌មានឲ្យបានគ្រប់គ្រាន់អំពីដំណើរការវិវត្តន៍នៃសំណុំរឿង០០៣ និង០០៤។
លោក សហព្រះរាជអាជ្ញា អាន់ឌ្រូ ខាលី ថ្លែងថាទៀតថា៖
«តុលាការនឹងនៅតែមានការជឿជាក់ប្រសិនបើគ្រប់ភាគីពាក់ព័ន្ធអនុវត្តច្បាប់ និងនិតិវិធី។ បើដំណើរការត្រូវបានបង្អាក់ដើម្បីបញ្ចប់ដោយរបៀបផ្សេងនោះ វានឹងប៉ះពាល់ជាអវិជ្ជាមានដល់កេរដំណែលរបស់តុលាការ»។
អ្នកសង្កេតការណ៍ និងអ្នកវិភាគខ្លះនិយាយថា សំណុំរឿងបន្ថែម០០៣និង០០៤ នៅមានឧបសគ្គបន្ថែមទៀតដែលពិបាកនឹងដំណើរការទៅមុខបានហើយ អាច នឹងត្រូវបានទាត់ចោលដោយភាគីកម្ពុជានៅពេលដែលសហចៅក្រមស៊ើប អង្កេតបម្រុងរបស់អង្គការសហប្រជាជាតិមិនត្រូវបានតែងតាំងឲ្យពេញសិទ្ធិ។
ឧបសគ្គទាំងនោះអាចបណ្តាលឲ្យអង្គបុរេជំនុំជម្រះច្រានចោលបណ្តឹងលើ ភាពខ្វែងគំនិតគ្នាទាំងឡាយរបស់លោកសហចៅក្រមស៊ើបអង្កេតកម្ពុជា 0និង សហចៅក្រមស៊ើបអង្កេតបម្រុងរបស់អង្គការសហប្រជាជាតិដោយឈរលើហេតុផលថាសហចៅក្រមស៊ើបអង្កេតបម្រុងរបស់អង្គការសហប្រជាជាតិមិនមានលក្ខណៈសម្បត្តិពេញលេញជាចៅក្រម។ បញ្ហាមួយទៀតអាចធ្វើឲ្យសហចៅក្រមស៊ើបអង្កេតកម្ពុជាមិនអាចចេញដីកានាំខ្លួនជនសង្ស័យ ឬអនុវត្តនីតិវិធីតុលាការរួមគ្នាក្នុងសំណុំរឿងបន្ថែមបានជាមួយនឹងសហចៅក្រមបម្រុងបានទេ។ បញ្ហានេះគេគិតថា អាចនឹងមានការច្រានចោលបទចោទរបស់សហព្រះរាជអាជ្ញាផងដែរទាក់ទងនឹងសំណុំរឿងបន្ថែមនេះ។ តែអ្នកវិភាគ និងអ្នកសង្កេតការណ៍ខ្លះនិយាយថាបញ្ហានេះអាចត្រូវបានដោះស្រាយ ទាល់តែអង្គការសហប្រជាជាតិប្តូរចៅក្រម។ មន្ត្រីអង្គការសហប្រជាជាតិបានប្រកាសហើយថាអង្គការសហប្រជាជាតិមិនប្តូរចៅក្រមថ្មីទេ ក្រៅពីបញ្ជាក់ថាលោកចៅក្រម កាស្ព័រ អាសឺមិត មានសិទ្ធិគ្រប់គ្រាន់ក្នុងការស៊ើបអង្កេតសំណុំរឿងបន្ថែម០០៣ និង០០៤។
អ្នកស្រី អាន ហេដេល អ្នកជំនាញផ្នែកច្បាប់នៃមជ្ឈមណ្ឌលឯកសាកម្ពុជាបាន អះអាងថាលោកស្រីកំពុងរង់ចាំមើលដំណើរការវិវត្តន៍ទៅមុខរបស់សាលាក្តី។ លោកស្រីបន្ថែមថាសំណុំរឿង០០៣ ត្រូវបិទ ហើយបទចោទត្រូវបានបដិសេធតែសំណុំរឿង០០៤ នៅបើកចំហរ។
«សំណួរគឺថា តាមច្បាប់ ទោះបីជាសហចៅក្រមស៊ើបអង្កេតចង់ចាប់ផ្តើមការស៊ើបអង្កេតឡើងវិញក៏ដោយ ក៏វិធានច្បាប់មានលក្ខណៈទន់ខ្សោយក្នុងរឿងនេះ»។
អ្នកសង្កេតការណ៍ផ្សេងទៀតអះអាងក្នុងលក្ខខណ្ឌមិនឲ្យបញ្ចេញឈ្មោះថា គេពិបាកនឹងស្វែងរកការសហការនៅដំណាក់កាលនាំខ្លួន ចាប់ខ្លួនជនសង្ស័យដើម្បីស៊ើបអង្កេតបន្តនៅពេលប្រទេសសាម៉ីមិនយល់ព្រម។
លោក ភីធ័រ ម៉ាហ្គៃអឺ (Peter Maguire) សាស្ត្រចារ្យអាមេរិកម្នាក់ និងជាអ្នកនិពន្ធសៀវភៅខ្មែរក្រហម Facing Death in Cambodia បានថ្លែងថាសាលាក្តីកាត់ទោសខ្មែរក្រហម ជាសាលាក្តីធ្វើតាមនយោបាយមិនមែនធ្វើតាមច្បាប់ទេ។
«ជាច្រើនឆ្នាំហើយដែលលោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានបញ្ជាក់យ៉ាងច្បាស់ជាឧឡារិកថា សំណុំរឿង០០២ប្រឆាំងនឹងមេដឹកនាំជាន់ខ្ពស់ខ្មែរក្រហម ជាសំណុំរឿងចុងក្រោយ តែយ៉ាងណាក៏ដោយ អង្គការសហប្រជាជាតិមិនទទួលស្គាល់ការសម្រេចចិត្តនយោបាយម្ចាស់ប្រទេសទេ»។
ថ្លែងប្រាប់វីអូអេតាមទូរស័ព្ទកាលពីថ្ងៃព្រហស្បតិ៍អ្នកស្រីអ៊ឹម ចែម ជនជាប់ សង្ស័យក្នុងសំណុំរឿង០០៤បានសាទរប្រសិនបើមានការទម្លាក់ចោល សំណុំរឿងបន្ថែម០០៣ និង០០៤ ដែលមានជនសង្ស័យ៥នាក់ជាអតីតកម្មាភិបាលខ្មែរក្រហម។
«លើកលែង លែងមានឈ្មោះ ០០៣ /០០៤ ហ្នឹង ជាអារម្មណ៍ខ្ញុំរីករាយណាស់។ ហើយក៏គ្មានគិតអីពាក់ព័ន្ធនឹងនយោបាយពីមុនកន្លងមកទេ»។
ថ្លែងប្រាប់វីអូអេតាមទូរស័ព្ទដែរកាលពីថ្ងៃព្រហស្បតិ៍លោក មាស មុត ជនជាប់ សង្ស័យក្នុងសំណុំរឿង០០៣បានអះអាងថាល្មមដល់ពេលកម្ពុជាត្រូវមាន សន្តិភាពហើយ។
«ការពិតទាំងអស់គ្នាត្រូវអនុវត្តនយោបាយផ្សះផ្សារបង្រួបបង្រួមជាតិឲ្យល្អ ដើម្បី សុវត្ថិភាព ដើម្បីសុខសន្តិភាពក្នុងសង្គមកម្ពុជាយើងពីព្រោះសុខសន្តិភាព របស់យើងគ្មាននរណាជាងយើងទេដែលគិតគូរ។ ហើយបើជាមានទុក្ខមាន លំបាកទៀតក៏គ្មាននរណាមកជួយទទួលយើងដែរ»។
សាលាក្តីខ្មែរក្រហមកំពុងកាត់ទោសអតីតមេដឹកនាំជាន់ខ្ពស់ក្នុងសំណុំរឿង០០២ ដែលមានជនជាប់ចោទ៣នាក់គឺ នួន ជា ប្រធានរដ្ឋសភា ខៀវ សំផន ប្រមុខរដ្ឋ និង អៀង សារីរដ្ឋមន្ត្រីការបរទេសខ្មែរក្រហម ពីបទឧក្រិដ្ឋជាច្រើន ដែលទាក់ ទងនឹងការស្លាប់ពលរដ្ឋខ្មែរប្រហែល១លាន៧សែននាក់៕
3 comments:
Do we realy WILL get the justice???
Yes, you will get justice in your next lifetime.
by
Hun Sen
Ah Hun Sen koon me juo ke juoy.
How many innocent Khmer peoples have you killed?
Post a Comment