ដោយ ខែ សុណង
Radio Free Asia
គណបក្សប្រឆាំង សម រង្ស៊ី កំពុងរកមធ្យោបាយដើម្បីឲ្យលោក សម រង្ស៊ី ជាប្រធានគណបក្សនេះវិលត្រឡប់មកកម្ពុជា បន្តដឹកនាំគណបក្សសម្រាប់ប្រកួតប្រជែងការបោះឆ្នោតនាពេលខាងមុខ។
ការរកមធ្យោបាយនេះ បន្ទាប់ពីរដ្ឋសភាបានប្រកាសជាផ្លូវការទៅតាមសាលដីកាស្ថាពររបស់តុលាការកំពូលថា មានទោស ដែលនាំឲ្យលោកលែងជាសមាជិកសភាទៀតហើយ។
មន្ត្រីជាន់ខ្ពស់គណបក្ស សម រង្ស៊ី បានហៅករណីលោក សម រង្ស៊ី ជាប្រធានបក្សដែលត្រូវសភាប្រកាសជាផ្លូវដកចេញពីសមាជិកសភាថា ជារឿងនយោបាយ ដែលគណបក្សកាន់អំណាចប្រើប្រព័ន្ធតុលាការ និងកំពុងខ្លាចប្រជាប្រិយភាពគណបក្ស សម រង្ស៊ី។
អ្នកនាំពាក្យគណបក្ស សម រង្ស៊ី លោក យឹម សុវណ្ណ មានប្រសាសន៍នៅថ្ងៃទី១៣ ខែមីនា ថា គណបក្សនេះកំពុងរិះរកមធ្យោបាយចំពោះករណីលោក សម រង្ស៊ី វិលមកកម្ពុជាវិញ។ ទោះបីជាយ៉ាងនេះក្ដី លោកនៅមិនទាន់មានភាពប្រាកដប្រជានៅឡើយថា មធ្យោបាយនេះអាចជាការចរចា ឬក៏ជាការជួយអន្តរាគមន៍ពីសហគមន៍អន្តរជាតិនោះទេ។
លោក យឹម សុវណ្ណ បញ្ជាក់ថា ករណីចោទប្រកាន់លោក សម រង្ស៊ី គឺជារឿងនយោបាយសុទ្ធសាធ ដែលគណបក្សកាន់អំណាចប្រើប្រាស់ប្រព័ន្ធតុលាការដើម្បីដាក់ទោសប្រធានគណបក្ស សម រង្ស៊ី ហើយករណីនេះ ជាការបំបាក់ស្មារតីដល់មនុស្សជំនាន់ក្រោយមិនឲ្យងើបឡើងប្រឆាំងនៅពេលដែលមានបរទេសឈ្លានពានទឹកដីកម្ពុជា។
លោក យឹម សុវណ្ណ៖ «យើងជាខ្មែរកាតព្វកិច្ចការពារប្រទេស កាតព្វកិច្ចចូលរួមកសាងសង្គម គឺជាកាតព្វកិច្ចរបស់កូនខ្មែរ។ ឯកឧត្ដមប្រធាន សម រង្ស៊ី មិនមែនជាឧក្រិដ្ឋជនទេ។ ហើយក៏មិនដែលជាប់ពាក់ព័ន្ធជាមួយការប្រព្រឹត្តបទល្មើស ប្រព្រឹត្តអំពើពុករលួយ កាប់បំផ្លាញព្រៃឈើ ឬលក់ទ្រព្យសម្បត្តិជាតិអ្វីដែរ។ ដូច្នេះករណីនយោបាយយើងអាចដោះស្រាយក្នុងពេលណាមួយមិនអាចនរណាដឹង ឬទាយទុកបានទេ»។
កាលពីថ្ងៃច័ន្ទ ទី១២ ខែមីនា ឆ្នាំ២០១២ រដ្ឋសភាបានប្រកាសដោយផ្អែកតាមច្បាប់ស្ដីពីលក្ខន្តិកៈតំណាងរាស្ត្រ ថា ប្រធានគណបក្ស សម រង្ស៊ី លោក សម រង្ស៊ី ត្រូវបាត់បង់សិទ្ធិ បុព្វសិទ្ធិ និងសមាជិកភាព ជាសមាជិករដ្ឋសភា តាមអំណាចសាលដីកាស្ថាពររបស់តុលាការកំពូលតាំងតែពីថ្ងៃទី១ ខែមីនា ឆ្នាំ២០១១។
តុលាការបានសម្រេចផ្ដន្ទាទោសលោក សម រង្ស៊ី ឲ្យជាប់ពន្ធនាគារកំណត់ ២ឆ្នាំ និងផ្ដន្ទាទោសពិន័យជាប្រាក់ចំនួន ៨លានរៀល ពីបទបំផ្លាញទ្រព្យសម្បត្តិសាធារណៈ និងរើសអើងពូជសាសន៍ ទាក់ទងនឹងការដកតម្រុយបង្គោលព្រំដែនរវាងកម្ពុជា-វៀតណាម លេខ ១៨៥ នៅភូមិកោះក្បានកណ្តាល ឃុំសំរោង ស្រុកចន្ទ្រា ខេត្តស្វាយរៀង នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០០៩ កន្លងទៅ។
ក្រៅពីបាត់បង់សមាជិកភាព ជាសមាជិកសភា លោក សម រង្ស៊ី បានបាត់បង់មិនមានឈ្មោះនៅក្នុងបញ្ជីឈ្មោះបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៣ ក្នុងមណ្ឌលភូមិភាគ២ កាលពីថ្ងៃទី២៩ មករា ឆ្នាំ២០១២ទៀតផង។
ទាក់ទងបញ្ហានេះ អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក ទេព នីថា បានពន្យល់ថា ក្នុងករណីលោក សម រង្ស៊ី កំពុងមានទោសនោះ លោក សម រង្ស៊ី មិនអាចឈរឈ្មោះជាបេក្ខជនតំណាងរាស្ត្រអាណត្តិទី៥បានទេ៖ «ដើម្បីឈរឈ្មោះបោះឆ្នោតបានគាត់ត្រូវមានសិទ្ធិបោះឆ្នោត មានឈ្មោះក្នុងបញ្ជីបោះឆ្នោត ហើយគាត់ឋិតនៅក្នុងគណបក្សមួយដែលបានដាក់បញ្ជីឈរឈ្មោះបោះឆ្នោត»។
សេចក្ដីប្រកាសលេខ ០៤៥ រសចុះថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១១ របស់រដ្ឋសភា ដោយផ្អែកតាមសាលដីកានៅថ្ងៃទី១ ខែមីនា ឆ្នាំ២០១១ ត្រង់មាត្រា១៤ នៃច្បាប់ស្ដីពីលក្ខន្តិកៈតំណាងរាស្ត្រចែងថា តំណាងរាស្ត្រដែលមានសាលក្រមស្ថាពរ ឬសាលដីកាស្ថាពរ សម្រេចថា ជាទណ្ឌិតជាប់ពន្ធនាគារត្រូវបាត់បង់ទាំងស្រុងនូវសិទ្ធិបុព្វសិទ្ធិ និងសមាជិកភាព ជាសមាជិករដ្ឋសភា ហេតុនេះឈ្មោះសម រង្ស៊ី ត្រូវបាត់បង់សមាជិកភាព ជាសមាជិករដ្ឋសភានីតិកាលទី៤។
នាយកប្រតិបត្តិគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ហៅកាត់ថា ខុមហ្វ្រែល (Comfrel) លោក គល់ បញ្ញា មានមតិថា វត្តមានរបស់អ្នកដឹកនាំគណបក្សគឺជារឿងមួយសំខាន់ក្នុងពេលប្រកួតប្រជែងការបោះឆ្នោត។ លោកថា ករណីលោក សម រង្ស៊ី គឺជាករណីបញ្ចេញមតិខាងនយោបាយ ដែលគណបក្សកាន់អំណាចមិនគួរប្រើប្រព័ន្ធតុលាការដែលនាំឲ្យប៉ះពាល់ការបោះឆ្នោតនាពេលខាងមុខឡើយ។
លោក គល់ បញ្ញា៖ «ខុសទាស់លើសលួសខ្លះនៅក្នុងការបញ្ចេញមតិខាងនយោបាយ មែនទែនរឿងនេះគឺយកមកជជែកគ្នាបាន។ លោក សម រង្ស៊ីនេះ អ៊ីចឹង គាត់បញ្ចេញមតិខាងនយោបាយទាក់ទិននឹងទំនាស់ព្រំដែនកម្ពុជា និងវៀតណាម។ អ៊ីចឹងទៅគេត្រូវយកបញ្ហានេះឲ្យមកជជែកគ្នាខាងនយោបាយទុកជម្រើសឲ្យប្រជាពលរដ្ឋវិញថា តើគាត់យល់យ៉ាងម៉េច ហើយបើយើងយកតុលាការមកកាត់ក្ដីរឿងបញ្ហានៃការបញ្ចេញមតិ ទំនាស់កិច្ចការនយោបាយនោះ វាអត់ឆ្លើយតបទៅនឹងគោលការណ៍ប្រជាធិបតេយ្យទេ»។
លោក គល់ បញ្ញា បានកត់សម្គាល់ថា ក្នុងពេលបច្ចុប្បន្ននេះ សហគមន៍អន្តរជាតិនៅមានការចាប់អារម្មណ៍ចង់ជួយឲ្យកម្ពុជា មានការរីកចម្រើនខាងប្រជាធិបតេយ្យ ខាងការអភិវឌ្ឍន៍នានា។
បន្ទាប់ពីសភាបានដក លោក សម រង្ស៊ី ចេញពីបេក្ខភាពអ្នកតំណាងរាស្ត្រនីតិកាលទី៤នោះ សម្រាប់គណបក្សនេះ គឺជាឱកាសមួយដែលធ្វើឲ្យសាធារណជនមានការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើគណបក្ស សម រង្ស៊ី។ ម៉្លោះហើយសាធារណជនគេនឹងរង់ចាំមើលទៀតថា តើលោក សម រង្ស៊ី ហ៊ានសម្រេចចិត្តចូលស្រុកវិញ ឬក៏ទុកឲ្យគណបក្សរបស់ខ្លួនសម្រេចផ្លាស់ប្ដូរយកបេក្ខភាពថ្មី ជាមេបក្សជំនួសរូបលោក ក្នុងការដឹកនាំប្រកួតប្រជែង សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ឬយ៉ាងណានោះ?
ទាក់ទងបញ្ហានេះ អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ លោកបណ្ឌិត សុខ ទូច បានវិភាគថា មានចំណុចបញ្ហាបីដែលសំខាន់ត្រូវលើកមកពិចារណា។ ទី១ គណបក្ស សម រង្ស៊ី គឺជាគណបក្សប្រឆាំងធំជាងបង្អស់នៅក្នុងប្រទេសកម្ពុជា ដែលមានតុល្យភាពក្នុងការប្រកួតប្រជែងក្នុងពេលបោះឆ្នោតខាងមុខនេះ។ បញ្ហាទី២ ទាក់ទងនឹងលោក សម រង្ស៊ី ផ្ទាល់តែម្ដងថា តើលោកមានឆន្ទៈក្នុងការចូលខ្លួនមកប្រទេសវិញដែរ ឬទេ? ប៉ុន្តែលោកជឿជាក់ថា លោក សម រង្ស៊ី នឹងចូលខ្លួន។
លោកបណ្ឌិត សុខ ទូច បញ្ជាក់បន្ថែម៖ «យើងមើលថ្លឹងទាំងពីរថា គាត់ជាប់ពិរុទ្ធ ឬក៏តុលាការកាត់ទោសគាត់ពីបញ្ហាអី? ពីបញ្ហាដកបង្គោលព្រំដែននេះគឺជារឿងនយោបាយវាជារឿងបញ្ហាជាតិ ដូច្នេះទេឯកឧត្ដម សម រង្ស៊ី លោកចូលត្រូវបានឃុំឃាំងមែនក៏លោកមានតម្លៃដែរ។ តែប្រសិនជាលោកអត់ចូលវិញ នោះមិនមែនជាអ្នកនយោបាយទេ ប្រហែលជាគាត់បង្កើតគណបក្សដើម្បីលំអដៃគូនៅក្នុងការប្រកួតប្រជែងឲ្យថា កម្ពុជាមានលទ្ធិប្រជាធិបតេយ្យតែប៉ុណ្ណោះ។ ចំណុចទី៣ យើងឃើញហើយថា អ្វីដែលឯកឧត្ដម សម រង្ស៊ី ធ្វើមានន័យថា គាត់ខុសទៅនឹងច្បាប់។ យើងដឹងហើយគាត់នៅក្នុងសភា កាលណាគាត់ធ្វើកិច្ចការណាមួយទាក់ទងក្នុងបញ្ហាច្បាប់ យើងត្រូវជ្រើសរើសយកបញ្ហាច្បាប់មកដោះស្រាយ»។
លោកបណ្ឌិត សុខ ទូច បានផ្ដល់ដំណោះស្រាយថា ករណីនេះមានតែព្រះមហាក្សត្រទេដែលដើរតួនាទីក្នុងនាមជាប្រមុខរដ្ឋក្នុងការសម្របសម្រួលជម្លោះរវាងគណបក្សប្រឆាំង និងគណបក្សកាន់អំណាច៖ «ករណីផ្លូវច្បាប់យើងដឹងហើយតុលាការកំពូលបានឲ្យ សម រង្ស៊ី ជាប់ពិរុទ្ធហើយ។ អ៊ីចឹងចប់តួនាទីរបស់អ្នកនយោបាយ ព្រះមហាក្សត្រលោកអាចដើរតួសម្របសម្រួលរឿងហ្នឹង លោកមានសិទ្ធិនៅក្នុងការលើកលែងទោសដល់ប្រជាពលរដ្ឋខ្មែរ ឬបញ្ហានយោបាយហ្នឹង អ៊ីចឹងព្រះករុណា លោកអាចដើរតួសម្រុះសម្រួលដើម្បីកុំឲ្យគោលនយោបាយឈ្នះៗរបស់យើង កាលណាឯកឧត្ដម សម រង្ស៊ី គាត់ចូលមកក្នុងករណីណាមួយ វាបង្ហាញពីរលកនយោបាយ។ តែបើសិនជាប្រមុខរដ្ឋាភិបាលឲ្យចូលថា ដូចអន់ពេក។ អ៊ីចឹងទេ ដើម្បីកុំឲ្យមានបញ្ហានេះ បាត់តុល្យភាព អ៊ីចឹងតួនាទីព្រះករុណានៅពេលនេះសំខាន់មែនទែន»។
នៅមុនការបោះឆ្នោតអាណត្តិទី៤ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានឲ្យលោក សម រង្ស៊ី ដកពាក្យបណ្ដឹងនៅសហរដ្ឋអាមេរិក ដែលប្ដឹងលោកថា នៅពីក្រោយការគប់គ្រាប់បែកមុខរដ្ឋសភាចាស់ កាលពីឆ្នាំ១៩៩៧ ជាថ្នូរទៅនឹងការអនុញ្ញាតឲ្យលោក សម រង្ស៊ី វិលមកប្រទេសកម្ពុជាវិញ ដើម្បីចូលរួមការបោះឆ្នោតជាតិម្ដងរួចមកហើយ។ ចំពោះជោគវាសនារបស់គណបក្ស សម រង្ស៊ី ស្ថិតនៅក្នុងដៃរបស់លោក សម រង្ស៊ី ផ្ទាល់ ហើយគេនៅមិនទាន់ដឹងទេថា ការប្រកួតប្រជែងបោះឆ្នោតលើកនេះ លោកនឹងចូលខ្លួនមកទឹកដីកម្ពុជាវិញ ឬយ៉ាងណានៅឡើយទេ៕
4 comments:
May be there is no way! This time Sam Rainsy has to kiss Hun Sen's really, really hard before he is allowed in. Must apologise a thousand this time. Must say Hun Sen is a good leader, good prime minister, youn is not the enemy!
Let's see if Sam Rainsy would do it and sell his "nationalist arse" off so Hun Sen would let him in to legitimate his democracy course before the international community.
Rainsy, Rainsy,..., don't be such a pussy leader!
ឆ្ងល់ដែលចង់ចូលធ្វើអី បើនៅស្រុកក៏ធ្វើអិមិនបាន បោះក៏មិនដែលឈ្នះ។ ធ្វើជាមេដឹកនាំម្នាក់ សុខចិត្តស្លាប់ មិនទៅសុំអាហ៊ុន សែន ទេ
Watch out Sam Rainsy, AH VietMinh will try to kill you again for the 3rd time.
To 02:37pm,
It seems you are Yuon.
If you are Khmer, remember this:
" Prawjat Kam Puop Tae' Ong "
A Khmer Patriot
Post a Comment