Thursday, March 08, 2012

ទិវាស្ត្រីពិភពលោក មិត្តនារី ​ម៉ែន សំអុយ គឹតទូទាត់ជីវិតស្ត្រីខ្មែរ មួយ១០០០ដុល្លារ

មន្ត្រី​យក​ប្រាក់​ទៅ​ទិញ​ទឹក​ចិត្ត​កម្មករ​កុំ​ឲ្យ​ប្តឹង​ឈូក បណ្ឌិត


Thursday, 08 March 2012
ម៉ៃ ទិត្យថារ៉ា
The Phnom Penh Post

ស្វាយ​រៀងៈ គ្រួសារ​ស្ត្រី​ជា​កម្មករ​រងគ្រោះ​ ដែល​កំពុង​ព្រួយបារម្ភ​ពី​សុវត្ថិភាព បាន​ប្រាប់​កាសែត​ភ្នំពេញ​ ប៉ុស្តិ៍​ កាល​ពី​ថ្ងៃ​ពុធ​ម្សិលមិញ​ថា ក្រុម​មន្រ្តី​ក្រុង​បាវិត បាន​ព្យាយាម​បញ្ចុះ​បញ្ចូល ស្ត្រី​រងគ្រោះ ដែល​រង​ការ​បាញ់​ប្រហារ​ពី​សំណាក់​លោក ឈូក បណ្ឌិត អភិបាល​ក្រុង​បាវិត ​កុំ​ឲ្យ​ដាក់​ពាក្យ​ប្តឹង​ ដោយ​សន្យា​ថា​ នឹង​ផ្តល់​ម៉ូតូ​មួយ​គ្រឿង ឬ​ប្រាក់ ១០០០ ដុល្លារ​ ជា​សំណង​ជំងឺ​ចិត្ត​។

លោក សំ ស៊ីណាត បង​របស់​កញ្ញា ប៊ុត ចិន្តា វ័យ ​២១ ​ឆ្នាំ​ ដែល​ត្រូវ​របួស​ធ្ងន់​ បាន​និយាយ​កាល​ពី​ម្សិល​មិញ​ថា​ ​នៅ​ម៉ោង​ប្រមាណ​ជា ៨ ព្រឹក​ មាន​មន្រ្តី​ ៧ ​រូប មក​ពី​ក្រុង​បាវិត​ បាន​ទៅ​ផ្ទះ​របស់​មេ​ភូមិ​ និង​បាន​ប្រាប់​មេ​ភូមិ ​ឲ្យ​មក​ចរចា​ជាមួយ​គ្រួសារ​របស់​លោក​កុំ​ឲ្យ​ប្តឹង​លោក ឈូក បណ្ឌិត ​ដោយ​ពួក​គេ​នឹង​ផ្តល់​លុយ​ទៅ​ឲ្យ​គ្រួសារ​របស់​លោក​។ លោក​បញ្ជាក់​ថា​៖«​ប្រធាន​ភូមិ​របស់​ខ្ញុំ​បាន​មក​ផ្ទះ​ខ្ញុំ និង​បាន​និយាយ​ថា ប្រសិន​បើ​គ្រួសារ​ខ្ញុំ កុំ​ប្តឹង​លោក ឈូក បណ្ឌិត នោះ​ពួក​គេ នឹង​ឲ្យ​លុយ​ ១០០០ ដុល្លារ ​ដល់​គ្រួសារ​របស់​ខ្ញុំ ហើយ​ប្រសិន​បើ​គ្រួសារ​ខ្ញុំ្ ត្រូវ​ការ​ម៉ូតូ ពួ​ក​គេ នឹង​ទិញ​មួយ​គ្រឿង​ឲ្យ ដែល​មាន​តម្លៃ​ស្មើ ១០០០ ដុល្លារ»។ លោក មាន​ប្រសាសន៍​ទៀត​ថា​ ប្រសិន​បើ​គ្រួសារ​របស់​លោក ព្រម​ទទួល​លុយ​នោះ ពួក​គេ​ចាំបាច់​ត្រូវឲ្យ​ផ្តិត​មេ​ដៃ​ នៅ​លើ​ក្រដាស​មួយ​ ហើយ​បន្ទាប់​មក​យក​ប្រាក់​ ១០០០​ ដុល្លារ។

លោក​ថ្លែង​​បន្ត​ទៀត​ថា​៖ «​ពួក​គេ​មើល​ងាយ​ជីវិត​ប្អូន​ស្រី​ខ្ញុំ​ដូច​ជា​សត្វ​មាន់ ឥឡូវ​នេះ ​ខ្ញុំបារម្ភ​អំពី​សុវត្ថិភាព​ប្អូន​ស្រី​ខ្ញុំ​ព្រោះ​អាជ្ញាធរ​ស្គាល់​ ផ្ទះ​ខ្ញុំ ​ច្បាស់​ណាស់​»។​


លោក​បាន​ថ្លែង​បន្ត​ទៀត​ថា​ លោក​នឹង​ឲ្យ​ប្អូន​ស្រី​របស់​លោក ទៅ​រស់​នៅ​កន្លែង​ផ្សេង​មួយ​រយៈ ដើម្បី​សុវត្ថិភាព​ ហើយ​ប្រហែល​ជា​បី​ថ្ងៃ​ទៀត ​លោក​នឹង​ដាក់​ពាក្យ​ប្តឹង​ជន​ដៃ​ដល់​ដែល​បាន​បាញ់​ប្អូន​ស្រី​របស់​លោក ​ទៅ​តុលាការ​ខេត្ត​។ លោក​បញ្ជាក់​ថា​៖ «​ខ្ញុំចង់​ស្វែង​រក​យុត្តិ​ធម៌​ឲ្យ​ប្អូន​ស្រី​របស់​ខ្ញុំ ជីវិត​ប្អូន​ស្រី​ខ្ញុំ មិន​ដូច​ជីវិត​សត្វ​ធាតុ​ដែល​ពួក​គេអាច​បាញ់​នៅ​ពេល​ណា ដែល​គេ​ចង់​បាញ់​នោះ​បាន​ទេ»​។

កញ្ញា​ កែវ នា វ័យ​ ១៨​ ឆ្នាំ ជា​ជន​រងគ្រោះ​ម្នាក់​ទៀតដែល​គ្រោង​នឹង​រៀប​ការ ​នៅ​ក្នុង​ថ្ងៃ​ទី​ ៩ ខែ​មីនា​នេះ​ បាន​និយាយ​ថា នាង មិន​ឃើញ​មាន​មន្រ្តី​ក្រុង​បាវិត​ណា​ម្នាក់ មក​ភូមិ​របស់​នាង​ទេ​ ហើយ​នាង​មិន​ដឹង​ច្បាស់​ទេ​ថា​ តើ​នាង​នឹង​ប្តឹង​ឬ​អត់​? នាង​បញ្ជាក់​ថា​៖«​ខ្ញុំ​មិន​ដឹង​ថា​ ឪពុក​ម្តាយខ្ញុំ ធ្វើ​យ៉ាង​ណា​ទេ​»​។

លោក សុខ សៀ មេ​ភូមិ​ព្រៃ​ផ្តៅ ដែល​បាន​មក​ចរចា​ជាមួយ​នឹង​គ្រួសារ​ស្រ្តី​រងគ្រោះ បាន​និយាយ​ថា កាល​ពី​ម្សិល​មិញ មាន​មន្រ្តី​ ៥​ នាក់ ​មក​ពីក្រុង​បាវិត មាន​ដូច​ជា​អធិការ​ប៉ូលិស​ក្រុង​បាវិត​ម្នាក់ អធិការ​រង​ប៉ូលិស​ក្រុង​បាវិត​ពីរ​នាក់ និង​មន្រ្តី​ឃុំ​ច្រក​ម្ទេស​ពីរ​នាក់ ​មក​ផ្ទះ​របស់​លោក​ ហើយ​បាន​ប្រាប់​លោក​ឲ្យ​ទៅ​ចរចា​ជាមួយ​នឹង​គ្រួសារ​ជន​រងគ្រោះ​ថា ប្រសិន​បើ​ពួក​គេ​កុំ​ប្តឹង​លោក ឈូក បណ្ឌិត​នោះ​ ពួកគេ នឹង​​ផ្តល់​ប្រាក់​ ១០០០ ដុល្លារ​ ឬ​ម៉ូតូ​មួយ​គ្រឿង​។ លោក​មេ​ភូមិ​រូប​នេះ បាន​បញ្ជាក់​ថា​៖«​ខ្ញុំ​មិន​ដឹង​ថា ពួក​គេ​បាន​លុយ​នោះ​មក​ពី​ណា​ទេ​ ហើយ​ពួក​គេ មក​ភូមិ​របស់​លោក ៣ ​ដង​មក​ហើយ​ ប៉ុន្តែ​លោក ឈូក បណ្ឌិត មិន​បាន​មក​ទេ គឺ​មក​តែ​អភិបាល​រង​របស់​គាត់​តែ​ប៉ុណ្ណោះ»​។

លោក ​ថ្លែង​បន្ត​ទៀត​ថា លោក មិន​អាច​បង្ខំ​គ្រួសារ​ជន​រង​គ្រោះ ឲ្យ​ទទួល​យក​លុយ​នោះ​បាន​ទេ​ លោក​ទុក​ឲ្យ​ពួក​គេ​សម្រេច​ចិត្ត​ដោយ​ខ្លួន​ឯង ហើយ​គ្រួសារ​ជន​រងគ្រោះ តែងតែ​បដិសេធ​ មិន​ព្រម​ទទួល​យក​សំណង​ជា​ថ្នូរ​នឹង​ការ​ឈប់​ប្តឹង​ឡើយ​។

លោក កែវ គង់ អធិការ​ប៉ូលិស​ក្រុង​បាវិត ដែល​បាន​ទៅ​ចរចា​ជាមួយ​គ្រួសារ​ជន​រង​គ្រោះ បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ទេ ដោយ​គ្រាន់​តែ​និយាយ​ថា​​៖ «​ខ្ញុំ​មិន​បាន​ទៅ​ផ្ទះ​ជន​រង​គ្រោះ​ទេ​។ ខ្ញុំ​មិន​ដឹង​ដំណឹង​អំពី​ប្រាក់​ ១០០០ ដុល្លារ​ដែល​គេ​នឹង​ឲ្យ​ទៅ​ជន​រងគ្រោះ ដើម្បី​កុំ​ឲ្យ​ប្តឹង​នោះ​ទេ​»​។

កាលពី​ថ្ងៃ​ទី​ ២០ កុម្ភៈ កម្មករ​ជាង​ ៦០០០ ​​នាក់ ​មក​ពី​រោង​ចក្រ​ចំនួន​៤​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស មេនហាតធេន បាន​តវ៉ា ​ទាម​ទារ​ឲ្យ​ដំឡើង​ប្រាក់​ខែ​ និង​កែ​លម្អ​ស្ថានភាព​ការងារ​ហើយ​កម្មករ ៣ នាក់​ត្រូវ​របួស​ដោយ​អភិបាល​ក្រុង​បាវិត​បើក​ការ​បាញ់​ប្រហារ​លើ​ហ្វូង ​មនុស្ស​ទាំង​កណ្តាល​ថ្ងៃ​ត្រង់​។

បើ​ទោះ​បី​ជា​លោក​ឈូក​បណ្ឌិត ត្រូវ​បាន​គេ​មើល​ឃើញ​ថា បាន​ប្រើ​កាំភ្លើង​បាញ់​កម្មករ​ឲ្យ​រង​របួស​ធ្ងន់​ក៏​ដោយ ក៏​ចាប់​តាំង​ពី​ពេល​នោះ​មក​លោក​ឈូក​ បណ្ឌិត មិន​ត្រូវ​បាន​ចាប់​ខ្លួន​ទេ។

កាល​ពី​ថ្ងៃ​ទី ​៥ មីនា តុលាការ​ខេត្ត​ស្វាយ​រៀង បាន​ចេញ​ដី​កា​កោះ​ហៅ​លោក ឈូក បណ្ឌិត​ ឲ្យ​ចូល​​ខ្លូន​​ទៅ​បំភ្លឺ​នៅ​ថ្ងៃ​ទី ​១៦ ខែ​មីនា ជាប់​ពាក់​ព័ន្ធ​នឹង​បទ​​សង្ស័យ​ ​ពី​ការ​​បាញ់​ប្រហារ​លើ​កម្មករ​ ​នៅ​រោង​ចក្រ​ ​កៅវ៉េ ក្នុង​ក្រុង​បាវិត។

អង្គការ​សង្គម​ស៊ីវិល​នានា និង​មជ្ឈ​ដ្ឋាន​មួយ​ចំនួន បាន​ធ្វើ​ការ​រិះគន់​យ៉ាង​ខ្លាំង​ទៅ​លើ​សមត្ថកិច្ច របស់​រដ្ឋាភិបាល​កម្ពុជា ដែល​មិន​បាន​ចាប់​ខ្លូន​លោក​ឈូក បណ្ឌិត រហូត​មក​ដល់​ពេល​នេះ​។

លោក មឿន តុលា ប្រធាន​អង្គភាព​កម្មវិធី​ការងារ នៅ​ឯ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់ សម្រាប់​សហគមន៍​បាន​ថ្លែង​ថា អាជ្ញា​ធរ​ទាំង​នេះ មិន​គួរ​ទៅ​ព្យាយាម​បញ្ចុះ​បញ្ចូល​ឲ្យ​គ្រួសារ​ជន​រងគ្រោះ​ ​ទទួល​យក​លុយ​នោះ​​ទេ ​​ព្រោះ​ពួក​គេដឹង​រួច​ជា​ស្រេច​ហើយ​ថា​ វាជា​ករណី​បទ​ល្មើស​ព្រហ្ម​ទណ្ឌ ដែល​ជា​បទ​ឧក្រិដ្ឋ​ធ្ងន់ធ្ងរ​ ដែល​ពួក​គេ​មិន​អាច​ទិញ​ជន​រង​គ្រោះ​ កុំ​ឲ្យ​ប្តឹង​បាន​ទេ។ ​ជន​សង្ស័យ​ត្រូវ​តែ​ចូល​ខ្លូន​ទៅ​ទទួល​ទោស​តាម​ផ្លូវ​ច្បាប់​។ លោក​បាន​បញ្ជាក់​ថា​៖«​អ្វី​ដែល​ពួក​គេ​ព្យាយាម​ធ្វើ​គឺ​បង្ហាញ​ការ​ពិត​ថា លោក ឈូក​ បណ្ឌិត​ ពិត​ជា​ជន​ដៃ​ដល់​មែន​។ ប្រសិន​បើ​គាត់​មិន​បាន​ធ្វើ​វា​ទេ ចុះ​ហេតុ​អ្វី បាន​ជា​គាត់​ព្យាយាម​ឲ្យ​លុយ​ទៅ​ជន​រង​គ្រោះ ដូច្នេះ​តុលាការ ​គួរ​តែ​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​ ចំពោះ​បញ្ហា​នេះ​»​។

សមត្ថកិច្ច​ខេត្ត​ស្វាយ​រៀង បាន​និយាយ​ថា ចាប់​តាំង​ពី​ថ្ងៃ​មាន​ការ​បាញ់​ប្រហារ​នៅ​ក្រុង​បាវិត​នោះ​មក ពួក​គេ​មិន​ដឹង​ថា លោក​ឈូក​បណ្ឌិត នៅ​ទីណា​នោះ​ទេ ប៉ុន្តែ​មន្ត្រី​នគរ​បាល​ម្នាក់ និយាយ​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ បាន​អះអាង​ថា លោក​ឈូក​ បណ្ឌិត កំពុង​ស្នាក់​នៅ​ផ្ទះ​របស់​ឧប​នាយក​រដ្ឋ​មន្ត្រី​ម្នាក់​នៅ​ភ្នំពេញ​៕

1 comment:

Anonymous said...

មីឆ្កែយួនថ្នាក់ទី ៥ នៃ ខេត្តក្រចេះមួយនេះ
គឺខ្ញុំស្គល់មុខវាច្បាស់ណាស់។
វាមើលងាយប្រជារាស្ត្រខ្មែរ ដូច្នេះ សមមុខវា
ហើយដែលនាងទទយលគ្រោះថ្នាក់មិនទទួល
លុយស្មោកគ្រោកនេះ។