Thursday, March 08, 2012

អ៊ុចសំអុយ គំរាម​អ្នក​ការពារ​ព្រៃ​ឡង់ ដើម្បី​ការពារ​ឈ្មួញ

គំនរ​ឈើ​ក្នុង​ព្រៃ​ឡង់​ដែល​អ្នក​ភូមិ​រក​ឃើញ​ហើយ​ដុត​ចោល​។ រូបថត សហ​ការី
អាជ្ញាធរ​គំរាម​អ្នក​ការពារ​ព្រៃ​ឡង់

Thursday, 08 March 2012 12:15
ម៉ៃ ទិត្យថារ៉ា
The Phnom Penh Post



កំពង់ធំៈសមាជិក​បណ្តាញ​ព្រៃ​ឡង់ បាន​ឲ្យ​ដឹង​ពី​ម្សិលមិញ​ថា លោក​អ៊ុច សំអន អភិបាល​រង​ខេត្ត​កំពង់ធំ បាន​គំរាម​ពួក​គាត់​ថា អាជ្ញាធរ​មិន​ទទួល​ខុស​ត្រូវ​ឡើយ ប្រសិន​បើ​អ្នក​ភូមិ​ត្រូវ​គេ​លួច​បាញ់​ប្រហារ​ពេល​ចូល​រួម​ការពារ​តំបន់ ព្រៃឡង់

លោក គឹម ចេង អាយុ ៥០ ឆ្នាំ​ ជា​សមាជិក​ម្នាក់​ នៃ​បណ្តាញ​ព្រៃ​ឡង់ ​បាន​ថ្លែង​ថា អ្នក​ភូមិ នឹង​មិន​ធ្វើ​តាម​បង្គាប់​ឲ្យ​នៅ​ឆ្ងាយ​ពី​តំបន់​ព្រៃ​ឡង់​របស់​អាជ្ញាធរ ​ខេត្ត​ទេ ហើយ​នឹង​បន្ត​ដើរ​ល្បាត​ បង្ក្រាប​អ្នក​លួច​កាប់​បំផ្លាញ​ព្រៃ​ឈើ​ខុស​ច្បាប់​បន្ត​ទៀត។​ លោក​បន្ត​ថា៖​ «លោក អ៊ុច សំអន បាន​គំរាម​អ្នក​ភូមិ និង​ប្រាប់​យើង​ថា យើង​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ដើរ​ល្បាត​ព្រៃ​ទៀត​ទេ។ ប្រហែល​គាត់​ឃុប​ឃិត​ជាមួយ​ឈ្មួញ​ដែល​ធ្វើ​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​ដោយ ​ខុស​ច្បាប់​ហើយ​មើល​ទៅ​ បាន​ជា​គាត់​ខ្លាច​យើង​ដើរ​ល្បាត ​ប៉ះពាល់​ដល់​ផល​ប្រយោជន៍​គាត់»​។

អ្នក​ភូមិ​បាន​អះអាង​ថា ជន​ល្មើស​កាប់​ឈើ​ខុស​ច្បាប់​ បាន​ធ្វើ​ការ​កាប់​ផ្តួល​ឈើ​ប្រណីត​ជា​ប្រចាំ​នៅ​ក្នុង​ព្រៃ​។

លោក គឹម ចេង បាន​ថ្លែង​ថា អ្នក​ភូមិ​ចង់​ការពារ​ព្រៃ​នេះ និង​បញ្ឈប់​ភាព​អនាធិបតេយ្យ ប៉ុន្តែ​លោក​អភិបាល​រង​ខេត្ត​រូប​នេះ​ បាន​បដិសេធ​មិន​ទទួល​ខុស​ត្រូវ​ប្រសិន​បើ​អ្នក​ភូមិ​ត្រូវ​គេ​បាញ់​ ប្រហារ​ ដោយ​សារ​តែ​បុព្វហេតុ​ការពារ​ព្រៃ​ឈើ​នេះ​ទៅ​វិញ​។

លោក​លើក​ឡើង​ថា៖​«អ្វី​ដែល​អាជ្ញាធរ​កំពុង​ធ្វើ​ វា​ហាក់​បី​ដូច​ជា​ពួក​គេ​បោះបង់​ប្រជាជន និង​ព្រៃ​ឈើ​ ដើម្បី​ការពារ​ឈ្មួញ»។


លោក ឈាង វុទ្ធី តំណាង​អ្នក​ភូមិ​ម្នាក់​ទៀត​ បាន​ថ្លែង​ថា មេ​ឃុំ អភិបាល​ស្រុក និង​អភិបាល​ខេត្ត​ បាន​គំរាម​កំហែង​ចាប់​ខ្លួន​អ្នក​ភូមិ ​ដែល​ប្រឆាំង​នឹង​បម្រាម​នេះ។ លោក​បញ្ជាក់​ថា៖​ «ពួក​គេ​គិត​គូរ​តែ​ប្រយោជន៍​ក្រុមហ៊ុន។ យើង​គិត​គូរ​ពី​ព្រៃ​ឈើ ដូច្នេះ​យើង​នៅ​តែ​បន្ត​ធ្វើ​សកម្មភាព​របស់​យើង​បន្ត​ទៀត»។

កាល​ពី​ម្សិល​មិញ លោក អ៊ុច សំអន បាន​បដិសេធ ការ​ចោទ​ប្រកាន់​របស់​អ្នក​ភូមិ ប៉ុន្តែ​បាន​ថ្លែង​ថា អ្នក​ភូមិ​ បាន​ចូល​ក្នុង​ព្រៃ​ដើម្បី​ដុត​ដើម​ឈើ​កាប់​ផ្តួល​ដោយ​ក្រុមហ៊ុន​ ដែល​បាន​ទទួល​អាជ្ញា​ប័ណ្ណ។

លោក​ថ្លែង​ថា៖​ «ពីរ​លើក​មក​ហើយ ​ដែល​យើង​បាន​ហាម​ឃាត់​ពួក​គេ ព្រោះ​ពួក​គេ​ បាន​ទៅ​ដុត​ទ្រព្យ​សម្បត្តិ​របស់​ក្រុម​ហ៊ុន និង​ទ្រព្យ​សម្បត្តិ​របស់​អ្នក​ភូមិ​ផ្សេង​ទៀត។ យើង​ត្រូវ​ការ​ពារ​ព្រៃ​ឈើ​ក្រុមហ៊ុន​ដែល​មាន​អាជ្ញាប័ណ្ណ​ធ្វើ​ការ​ក្នុង​ ព្រៃ​នោះ និង​អ្នក​ភូមិ»។

លោក ឈុត វុទ្ធី ប្រធាន​អង្គការ​ការពារ​ធន​ធាន​ធម្មជាតិ​បាន​ថ្លែង​ថា អាជ្ញាធរ​ពុំ​បាន​ធ្វើ​ការ​ដើម្បី​ការពារ​ព្រៃ​ឈើ​និង​ប្រយោជន៍​របស់ អ្នក​ភូមិ​ទេ៕

No comments: