ព្រះយេស៊ូអធិស្ឋាននៅក្នុងសួនកេតសេម៉ានី
ពេលនោះ
ព្រះយេស៊ូយាងទៅជាមួយពួកសិស្សដល់កន្លែងមួយ ឈ្មោះកេតសេម៉ានី។
ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «អ្នករាល់គ្នាអង្គុយនៅទីនេះសិន,
ចាំខ្ញុំទៅអធិស្ឋាននៅត្រង់កន្លែងនោះ។» ព្រះអង្គនាំលោកពេត្រុស និងកូនរបស់លោកសេបេដេទាំងពីរនាក់ទៅជាមួយ។ ពេលនោះ
ព្រះអង្គចាប់ផ្ដើមព្រួយព្រះហឫទ័យ, ហើយចុកចាប់អន្ទះសាពន់ប្រមាណ។ ទ្រង់មានព្រះបន្ទូលទៅកាន់អ្នកទាំងបីថា៖ «ខ្ញុំព្រួយចិត្តយ៉ាងខ្លាំងស្ទើរតែស្លាប់។ អ្នករាល់គ្នានៅទីនេះសិនហើយ, ចូរប្រុងស្មារតីជាមួយខ្ញុំ។»
ព្រះអង្គយាងទៅមុខបន្ដិច, ក្រាបព្រះភក្ដ្រដល់ដី, ទូលអង្វរថា៖ «ឱព្រះបិតាអើយ!
ប្រសិនបើបាន សូមអោយពែងនៃទុក្ខលំបាកនេះ ចេញឆ្ងាយពីទូលបង្គំទៅ,
ប៉ុន្តែ សូមកុំធ្វើតាមបំណងទូលបង្គំឡើយ,
គឺសូមអោយបានសំរេចតាមព្រះហឫទ័យរបស់ព្រះអង្គវិញ។»
ព្រះអង្គយាងមករកពួកសិស្ស, ឃើញគេកំពុងតែដេកលក់។
ព្រះអង្គមានព្រះបន្ទូលទៅលោកពេត្រុសថា៖
«អ្នករាល់គ្នាមិនស៊ូទ្រាំប្រុងស្មារតីជាមួយខ្ញុំ
សូម្បីតែមួយម៉ោងក៏មិនបានដែរឬ? ចូរប្រុងស្មារតី,
ហើយអធិស្ឋានកុំអោយចាញ់ការល្បួងឡើយ។
វិញ្ញាណរបស់មនុស្សប្រុងប្រៀបជាស្រេចមែន, តែគេនៅទន់ខ្សោយ
ព្រោះនិស្ស័យលោកីយ៍។»
ព្រះអង្គ
យាងចេញទៅម្ដងទៀត ជាលើកទីពីរ, ហើយទូលអង្វរថា៖ «ឱព្រះបិតាអើយ,
ប្រសិនបើទូលបង្គំត្រូវតែទទួលពែងនៃទុក្ខលំបាកនេះចៀសពុំបានទេនោះ, សូមអោយបានសំរេចតាមព្រះហឫទ័យរបស់ព្រះអង្គចុះ។»
ព្រះយេស៊ូវិលត្រឡប់ទៅរកពួកសិស្សម្ដងទៀត, ឃើញគេដេកលក់ ដ្បិតគេងងុយពេក បើកភ្នែកពុំរួចសោះ។ ព្រះអង្គក៏យាងចាកចេញពីគេទៅអធិស្ឋានជាលើកទីបី, ហើយទូលអង្វរដោយពាក្យដដែល។
បន្ទាប់មក
ព្រះអង្គវិលមករកសិស្សវិញ, មានព្រះបន្ទូលទៅគេថា៖
«អ្នករាល់គ្នានៅតែដេកលក់, អ្នករាល់គ្នាសំរាកដល់អង្កាល់ទៀត?
ឥឡូវនេះ
ជិតដល់ពេលកំណត់ដែលបុត្រមនុស្សត្រូវគេបញ្ជូនទៅក្នុងកណ្ដាប់ដៃ
របស់មនុស្សបាបហើយ។ ចូរក្រោកឡើង! យើងនាំគ្នាទៅ ដ្បិតអ្នកដែលនាំគេមកចាប់ខ្ញុំ មកជិតដល់ហើយ!»
គេចាប់ព្រះយេស៊ូ
ព្រះអង្គកំពុងតែមានព្រះបន្ទូលនៅឡើយ ស្រាប់តែយូដាសជាសិស្សម្នាក់
ក្នុងចំណោមសិស្សទាំងដប់ពីរមកដល់, ទាំងមានបណ្ដាជនជាច្រើនកាន់ដាវ,
កាន់ដំបងមកជាមួយផង។ ពួកនាយកបូជាចារ្យ និងពួកព្រឹទ្ធាចារ្យ របស់ប្រជាជន បានចាត់អ្នកទាំងនោះអោយមក។ យូដាសដែលនាំគេមកចាប់ព្រះយេស៊ូ បានសន្មតជាមួយគេនូវសញ្ញាមួយថា៖ «ខ្ញុំថើបអ្នកណា គឺអ្នកនោះហើយ។ សុំចាប់គាត់ទៅ។» កាលយូដាសមកដល់ភ្លាម គាត់ដើរតម្រង់មករកព្រះយេស៊ូទូលថា៖ «ជម្រាបសួរព្រះគ្រូ!» រួចថើបព្រះអង្គ។
ពេលនោះ
បណ្ដាជនក៏នាំគ្នាចូលមកចាប់ព្រះអង្គ។ មានម្នាក់ក្នុងចំណោមពួកអ្នកដែលនៅជាមួយព្រះយេស៊ូ បានហូតដាវកាប់អ្នកបំរើរបស់លោកមហាបូជាចារ្យ ដាច់ស្លឹកត្រចៀក។
ព្រះយេស៊ូមានព្រះបន្ទូលទៅអ្នកនោះថា៖ «ស៊កដាវអ្នកទៅក្នុងស្រោមវិញទៅ,
ដ្បិតអស់អ្នកដែលប្រើដាវនឹងត្រូវស្លាប់ដោយមុខដាវជាមិនខាន។ អ្នកស្មានថា ខ្ញុំមិនអាចអង្វរករព្រះបិតាខ្ញុំអោយចាត់ទេវតាជាងដប់ពីរកងពល មកជួយខ្ញុំបានភ្លាមៗទេឬ? តែបើធ្វើដូច្នោះ
ធ្វើម្ដេចនឹងបានស្របតាមសេចក្ដីដែលមានចែងទុកក្នុងគម្ពីរ
អំពីហេតុការណ៍ដែលត្រូវតែកើតឡើងយ៉ាងនេះ?»
ពេលនោះ
ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់មហាជនថា៖ «ខ្ញុំជាចោរព្រៃឬ
បានជាអស់លោកកាន់ដាវកាន់ដំបងមកចាប់ខ្ញុំដូច្នេះ?
ខ្ញុំតែងអង្គុយបង្រៀននៅក្នុងព្រះវិហារជារៀងរាល់ថ្ងៃ
តែអស់លោកពុំបានចាប់ខ្ញុំទេ។ ហេតុការណ៍ទាំងនេះ កើតឡើង ដើម្បីអោយបានស្របតាមសេចក្ដីដែលមានចែងទុកក្នុងគម្ពីរព្យាការី។» ពេលនោះ
ពួកសិស្សនាំគ្នាបោះបង់ចោលព្រះអង្គ, ហើយរត់បាត់អស់ទៅ។
ព្រះយេស៊ូនៅមុខក្រុមប្រឹក្សាជាន់ខ្ពស់
លុះចាប់ព្រះយេស៊ូបានហើយ គេបណ្ដើរព្រះអង្គទៅដល់ដំណាក់របស់លោកកៃផាស ជាមហាបូជាចារ្យ
ពួកអាចារ្យ និងពួកព្រឹទ្ធាចារ្យ ជួបជុំគ្នានៅទីនោះ។ លោកពេត្រុសដើរតាមព្រះអង្គពីចម្ងាយ។
គាត់តាមរហូតដល់ទីធ្លាខាងក្នុងដំណាក់របស់មហាបូជាចារ្យ,
ហើយអង្គុយជាមួយកងរក្សាព្រះវិហារ,
ចង់ដឹងថាហេតុការណ៍នឹងទៅជាយ៉ាងណា។
ពួកនាយកបូជាចារ្យ និងក្រុមប្រឹក្សាជាន់ខ្ពស់ទាំងមូល
នាំគ្នារកពាក្យចោទប្រកាន់ មួលបង្កាច់ព្រះយេស៊ូ
ដើម្បីកាត់ទោសប្រហារជីវិតព្រះអង្គ។ ទោះបីមានមនុស្សជាច្រើនធ្វើសាក្សីក្លែងក្លាយក៏ដោយ ក៏គេរកមិនបានដែរ។ នៅទីបំផុត មានបុរសពីរនាក់នាំគ្នាចូលមក, ពោលថា៖ «អ្នកនេះបានអះអាងថា “ខ្ញុំអាចរុះព្រះវិហាររបស់ព្រះជាម្ចាស់ចោល, ហើយសង់ឡើងវិញបានក្នុងរវាងបីថ្ងៃ។”»
ពេលនោះ លោកមហាបូជាចារ្យក្រោកឈរឡើង, សួរព្រះអង្គថា៖ «ម្ដេចក៏អ្នកមិនឆ្លើយនឹងពាក្យចោទប្រកាន់របស់អ្នកទាំងនេះ?»
ព្រះយេស៊ូនៅស្ងៀម។
លោកមហាបូជាចារ្យសួរព្រះអង្គទៀតថា៖
«ចូរស្បថដោយយកព្រះដ៏មានព្រះជន្មគង់នៅធ្វើជាប្រធាន,
តើអ្នកពិតជាព្រះគ្រិស្ដជាព្រះបុត្រារបស់ព្រះជាម្ចាស់មែនឬ?»
ព្រះយេស៊ូមានព្រះបន្ទូលទៅលោកថា៖ «ត្រូវដូចលោកមានប្រសាសន៍មែន។ ប៉ុន្តែ
ខ្ញុំសុំបញ្ជាក់ប្រាប់អស់លោកថា អំណើះតទៅ អស់លោកនឹងឃើញបុត្រមនុស្សគង់នៅខាងស្ដាំព្រះដ៏មានឫទ្ធានុភាព, ហើយនឹងយាងមកលើពពកក្នុងផ្ទៃមេឃ។»
ពេលនោះ
លោកមហាបូជាចារ្យហែកអាវរបស់លោក, ហើយមានប្រសាសន៍ថា៖
«ជននេះបានពោលពាក្យប្រមាថព្រះជាម្ចាស់ហើយ!
យើងមិនបាច់រកសាក្សីឯណាទៀតទេ។
អស់លោកឮអ្នកនេះពោលពាក្យប្រមាថព្រះជាម្ចាស់អំបាញ់មិញស្រាប់! តើអស់លោកមានយល់យ៉ាងណា?»
គេក៏នាំគ្នាស្ដោះទឹកមាត់ដាក់ព្រះភក្ត្រព្រះអង្គ, គេវាយតប់ព្រះអង្គ, ហើយអ្នកខ្លះទះកំផ្លៀងព្រះអង្គ ទាំងពោលថា៖ «ទាយមើល៍ ព្រះគ្រិស្ដអើយ។ អ្នកណាវាយឯង!»
លោកពេត្រុសបដិសេធមិនស្គាល់ព្រះយេស៊ូ
ពេលនោះ
លោកពេត្រុសអង្គុយនៅខាងក្រៅក្នុងទីធ្លា។
មានស្ត្រីបំរើរបស់មហាបូជាចារ្យម្នាក់ ចូលមកជិតគាត់, ពោលថា៖
«អ្នកឯងជាបក្សពួករបស់យេស៊ូ ជាអ្នកស្រុកកាលីឡេដែរ។»
ប៉ុន្តែ គាត់ប្រកែកថា៖ «ខ្ញុំមិនដឹងថា នាងចង់និយាយអំពីរឿងអ្វីឡើយ!»
ពេលលោកពេត្រុសដើរចេញពីទីនោះ ឆ្ពោះទៅរកខ្លោងទ្វារ,
មានស្ត្រីបំរើម្នាក់ទៀតឃើញគាត់,ហើយពោលថា៖
«អ្នកនេះជាបក្សពួករបស់យេស៊ូ ជាអ្នកភូមិណាសារ៉ែតដែរ។»
បន្តិចក្រោយមក
អស់អ្នកដែលនៅទីនោះ នាំគ្នាចូលទៅជិតលោកពេត្រុស, ហើយពោលថា៖
«អ្នកឯងពិតជាបក្សពួករបស់អ្នកទាំងនោះ,
ព្រោះសំដីអ្នកឯង បញ្ជាក់ច្បាស់ថា អ្នកឯងមកពីស្រុកកាលីឡេមែន។»
លោកពេត្រុសក៏ពោលឡើង ថា៖ «បើខ្ញុំកុហក សូមព្រះជាម្ចាស់ដាក់ទោសខ្ញុំចុះ!
ខ្ញុំសុំស្បថថា ខ្ញុំមិនដែលស្គាល់អ្នកនោះទាល់តែសោះ!»
រំពេចនោះ
ស្រាប់តែមាន់រងាវឡើង។ លោកពេត្រុសក៏នឹកឃើញ
ព្រះបន្ទូលរបស់ព្រះយេស៊ូដែលថា៖ «មុនមាន់រងាវ
អ្នកនឹងបដិសេធបីដងថា មិនស្គាល់ខ្ញុំ។» លោកពេត្រុសចាកចេញពីទីនោះ, ហើយយំសោកយ៉ាងខ្លោចផ្សា។
1 comment:
Ah meak phon teh..
Post a Comment