នគរបាលរាជធានី ចាប់សែងស្ត្រីអ្នកភូមិបឹងកក់ យកទៅដាក់បញ្ចូលឡាន កាលពីថ្ងៃទី ២២ ឧសភា ខណៈធ្វើការតវ៉ាដោយសន្តិវិធី។ រូបថត ចរិយា |
លោក ឈុត វុទ្ធី ត្រូវបាញ់សម្លាប់កាលពីថ្ងៃទី ២៦ មេសា។ រូបថត សហការី |
កុមារីហេង ចន្ថាត្រូវបានបាញ់សម្លាប់កាលពីថ្ងៃ១៦ឧសភា។ រូបថត សហការី |
Wednesday, 30 May 2012
The Phnom Penh Post
ភ្នំពេញៈ គណៈកម្មាធិការប្រព្រឹត្តិកម្ម ដែលបណ្តុំទៅដោយអង្គការសមាគមចំនួន ២២ អង្គការធ្វើការផ្នែកសិទ្ធិស្ត្រី និងសមភាពយេនឌ័រចំនួន ១៨ ព្រមទាំងបណ្តាញសហគមន៍ ចំនួន ៨ បានធ្វើការថ្កោលទោសរដ្ឋាភិបាល ចំពោះអ្វីដែលក្រុមធ្វើការបម្រើសង្គមទាំងនេះ ហៅថា ជាអំពើរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ ដែលបានប្រព្រឹត្តដោយកងកម្លាំងប្រដាប់អាវុធរបស់រដ្ឋាភិបាល ក្នុងការបណ្តេញប្រជាពលរដ្ឋចេញពីលំនៅដ្ឋាន ការបាញ់សម្លាប់មនុស្សក្រៅច្បាប់ និងការប្រើអំពើហិង្សាបង្រ្កាបបាតុកម្មដោយសន្តិវិធី ព្រមទាំងការចាប់ខ្លួនពលរដ្ឋរងគ្រោះ ដែលតវ៉ាការពារផ្ទះរបស់ខ្លួន យកទៅដាក់ពន្ធនាគារ ដូចជាករណីការចាប់ស្ត្រីបឹងកក់ចំនួន ១៥ នាក់ដាក់ពន្ធនាគារ។
នៅក្នុងលិខិត ចេញពីម្សិលមិញ គណៈកម្មាធិការប្រព្រឹត្តិកម្ម បានកត់សម្គាល់ឃើញថា ការរំលោភសិទ្ធិមនុស្ស ដោយការបណ្តេញប្រជាពលរដ្ឋចេញពីលំនៅដ្ឋានការប្រើអំពើហិង្សា បង្រ្កាបបាតុកម្មដោយសន្តិវិធី និងការបាញ់ប្រហារជីវិតមនុស្សក្រៅច្បាប់ ការចាប់ពលរដ្ឋការពារដីធ្លីដាក់ពន្ធនាគាររដ្ឋាភិបាលខកខានមិន បានស៊ើបអង្កេតឲ្យបានហ្មត់ចត់ និងយុត្តិធម៌ដល់ប្រជាពលរដ្ឋឲ្យបានពេញលេញនោះទេ។ នៅក្នុងលិខិតបានបន្តថា៖«គណៈកម្មាធិការប្រព្រឹត្តិកម្ម មានការព្រួយបារម្ភជុំវិញបញ្ហាទំនាស់ដីធ្លី ដោយរាជរដ្ឋាភិបាល បានប្រើប្រាស់កម្លាំងប្រដាប់អាវុធដើម្បីការពារប្រយោជន៍របស់ ក្រុមហ៊ុនជាជាងការពារប្រជាពលរដ្ឋ ហើយកងកម្លាំងប្រដាប់អាវុធទាំងអស់ មិនបានអនុវត្តនីតិវិធីច្បាប់ជាធរមានឡើយ រីឯស្ថាប័នតុលាការបានចោទប្រកាន់ និងសម្រេចផ្តន្ទាទោសដាក់គុកប្រជាពលរដ្ឋ ដោយមិនបានឈរលើមូលដ្ឋានច្បាប់ឡើយ»។
នៅក្នុងលិខិតថ្កោលទោសដែលស្នើឲ្យបញ្ឈប់នូវសកម្មភាពធ្វើទុក្ខ បុកម្នេញ រំលោភបំពានយ៉ាងធ្ងន់ធ្ងរ ទៅលើប្រជាពលរដ្ឋ គណៈកម្មាធិការប្រព្រឹត្តិកម្ម បានលើកពីករណី ពលរដ្ឋបឹងកក់ កាលពីថ្ងៃទី ២៤ ខែឧសភា ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនស្រ្តីចំនួន ១៥ នាក់ ដែលស្ត្រីទាំងនោះបានប្រើប្រាស់សិទ្ធិរបស់ខ្លួន ដើម្បីតវ៉ាទាមទារដីធ្លី ដែលត្រូវបានរឹបអូសយក ដោយក្រុមហ៊ុន Shukaku Inc របស់លោក ឡាវ ម៉េងឃីន សមាជិកព្រឹទ្ធសភា គណបក្សប្រជាជនកម្ពុជា។ ដូចគ្នានោះដែរ ករណីនៅឯខេត្តក្រចេះ កាលពីថ្ងៃទី ១៦ ខែ ឧសភា ឆ្នាំ ២០១២ កងកម្លាំងប្រដាប់អាវុធចម្រុះ ដែលបានចុះទៅបណ្តេញប្រជាពលរដ្ឋពីផ្ទះសម្បែង បានបាញ់សម្លាប់កុមារី ហេង ចន្ថា អាយុ ១៤ ឆ្នាំម្នាក់ស្លាប់។ រីឯករណីនៅឯខេត្តកោះកុង លោក ឈុត វុទ្ធី ប្រធានអង្គការការពារធនធានធម្មជាតិ ត្រូវបានកម្លាំងប្រដាប់អាវុធ បានបាញ់សម្លាប់ក្រៅច្បាប់ នៅពេលដែលរូបលោក ព្យាយាមយកព័ត៌មាននៅកន្លែងកាប់ឈើមួយកន្លែង នៅថ្ងៃ ២៦ ខែមេសា។
នៅក្នុងលិខិតនេះ បានបន្តទៀតថា ការប្រើអំពើហិង្សានោះ ក៏កើតមានផងដែរ នៅឯខេត្តស្វាយរៀង កាលពីថ្ងៃទី២០ខែកម្ភៈឆ្នាំ ២០១២ ដោយមន្ត្រីរាជរដ្ឋាភិបាលបានបាញ់កម្មការិនី ៣ នាក់ឲ្យរងរបួស ពេលកំពុងតវ៉ាប្រឆាំងនឹងការរំលោភច្បាប់ការងារ និងនៅក្រចេះ កងកម្លាំងប្រដាប់អាវុធ បានបាញ់មកលើពលរដ្ឋឲ្យរងរបួស ៤ នាក់កាលពីថ្ងៃទី ១៨ ខែមករា ឆ្នាំ ២០១២ នៅពេលដែលពលរដ្ឋធ្វើបាតុកម្មទាមទារឲ្យមានការដោះស្រាយវិវាទដីធ្លី ជាមួយនឹងក្រុមហ៊ុនTTY។
ខិលិតថ្កោលទោសបានបន្តទៀតថា៖ «សូមបញ្ឈប់ការតាមស្វែងរកចាប់ខ្លួន តំណាងប្រជាពលរដ្ឋដែលពាក់ព័ន្ធនឹងបញ្ហាដីធ្លី សូមឲ្យស្វែងរកចាប់ខ្លួនជនល្មើស ដែលបានបាញ់ប្រហារ លើប្រជាពលរដ្ឋ មកធ្វើការផ្តន្ទាទោសតាមច្បាប់»។
លោក សុក សំអឿន នាយកប្រតិបត្តិអង្គការក្រុមអ្នកច្បាប់ ការពារសិទ្ធិកម្ពុជា (CDP) ដែលស្ថិតនៅក្នុងចំណោមអង្គការទាំងនេះ បានថ្លែងថា ទាក់ទងនឹងករណីជាច្រើន ដែលបានកើតឡើងកន្លងមក ដូច លោក ឈុត វុទ្ធី ពលរដ្ឋបឹងកក់ និងពលរដ្ឋនៅសហគមន៍ផ្សេងៗទៀត ធ្វើឲ្យពួកលោក ដែលធ្វើការទាក់ទិនទៅនឹងសិទ្ធិមនុស្ស មានការព្រួយបារម្ភ ពីព្រោះអ្នកដែលការពារធនធានធម្មជាតិ ប្រឆាំងនឹងបទល្មើសព្រៃឈើ បែរជាត្រូវបានគេបាញ់សម្លាប់ ហើយការស៊ើបអង្កេតមិនបានច្បាស់លាស់ ធ្វើឲ្យពលរដ្ឋមានការសង្ស័យ ចំណែកឯពលរដ្ឋបឹងកក់ ប្រើប្រាស់សិទ្ធិតវ៉ាដើម្បីការពារផ្ទះសម្បែងរបស់ខ្លួន ត្រូវបានគេចាប់ដាក់គុក។
លោកមានប្រសាសន៍ថា៖ «អ្វីដែលអាជ្ញាធរបានធ្វើ គឺគ្រាន់តែជាការបំបិទមាត់ មិនឲ្យពលរដ្ឋហ៊ានតវ៉ា ប្រសិនបើតវ៉ា គឺត្រូវចាប់ដាក់គុក។ ខ្ញុំចង់ឲ្យតុលាការធ្វើការ ដោយឯករាជ្យ និងផ្តល់យុត្តិធម៌ដល់ជនរងគ្រោះពិតប្រាកដ»។
លោក ចាន់ សូវេត មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់ របស់អង្គការសិទ្ធិមនុស្សអាដហុក ថ្លែងថា ដោយសារតែឃើញការអនុវត្តរបស់ភ្នាក់ងាររាជរដ្ឋាភិបាលមកលើពលរដ្ឋ ហាក់ដូចជាឃោរឃៅ ដែលសង្គមស៊ីវិលមិនអាចទទួលយកបាន ទើបគណៈកម្មាធិការប្រព្រឹត្តិកម្ម សម្រេចចេញលិខិតថ្កោលទោសនេះ ដើម្បីឲ្យរដ្ឋាភិបាល ធ្វើការស្រាវជ្រាវ ទាក់ទិនទៅនឹងករណីទាំងអស់នោះ ថា តើវាកើតចេញពីការបញ្ជាដោយប្រព័ន្ធឬយ៉ាងណា? ហើយថា តើវាប៉ះពាល់យ៉ាងម៉េច នៅពេលការបោះឆ្នោតឃុំ-សង្កាត់ ជិតមកដល់ បើអំពើហិង្សាកើតឡើងយ៉ាងនេះ? លោកបានបន្តថា៖ «រដ្ឋាភិបាលមិនបានយកគោលការណ៍សិទ្ធិមនុស្សមកដោះស្រាយទេ ទាក់ទិនទៅនឹងជម្លោះដីធ្លី និងការបង្ក្រាបការតវ៉ាដោយអហិង្សា គឺបានយកកម្លាំងប៉េអឹម ប៉ូលិសមកបង្ក្រាបតែម្តង ដែលសបញ្ជាក់ឲ្យឃើញថា ស្ថានភាពសិទ្ធិមនុស្សបច្ចុប្បន្ន វាមានលក្ខណៈអាក្រក់ច្រើន»។
ប៉ុន្តែ លោក គៀត ច័ន្ទថារិទ្ធ អ្នកនាំពាក្យនគរបាលជាតិ បានថ្លែងថា មន្ត្រីប៉ូលិស គឺអនុវត្តទៅតាមតែច្បាប់ ប្រសិនបើពលរដ្ឋធ្វើល្មើសច្បាប់ គឺប៉ូលិសត្រូវតែចាប់បញ្ជូនទៅតុលាការ ហើយបច្ចុប្បន្ននេះ ប៉ូលិស គឺជាអ្នកការពារហ្វូងបាតុករ មិនដែលប្រើហិង្សាដល់ពលរដ្ឋ រហូតដល់មានបទបញ្ជា នៅពេលណាប៉ូលិស ចូលទៅហ្វូងបាតុករ មិនឲ្យយកអាវុធជាប់នឹងដៃទៀតផង តើឲ្យប៉ូលីសគោរពសិទ្ធិមនុស្សប៉ុនណាទៀត។ លោកនិយាយថា ៖«ចូរក្រឡេកទៅមើលប្រទេសនៅជុំវិញខ្លួនថា តើប៉ូលិសខ្មែរ មានការបាញ់សម្លាប់ប្រជាពលរដ្ឋស្លាប់រាប់សិបនាក់ទេ គឺបូលិសយើងល្អឥតខ្ចោះហើយ រហូតដល់មានប៉ូលិសខ្លះរងរបួសបែកក្បាល ដោយសារតែហ្វូងបាតុករផង»។
លោក ឯក ថា លោកទិត្យ សុធា និងលោកផៃ ស៊ីផាន អ្នកនាំពាក្យ នៃទីស្ដីការគណៈរដ្ឋមន្ត្រី មិនអាចទំនាក់ទំនងដើម្បីធ្វើការអត្ថាធិប្បាយបានទេ កាលពីម្សិលមិញ។
នៅក្នុងសេចក្តីថ្លែងការណ៍រួម របស់អង្គការសង្គមស៊ីវិល ធ្វើការផ្នែកសិទ្ធិស្ត្រី និងសមភាពយេនឌ័រ បានសម្តែងនូវការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះដំណើរការកាត់ក្តីមិនប្រក្រតី និងយ៉ាងតក់ក្រហល់ ដែលបានសម្រេចដាក់ទោសទៅលើក្រុមស្ត្រីបាតុករអហិង្សា ១៣ នាក់ នៅសហគមន៍បឹងកក់ ឲ្យជាប់ពន្ធនាគារដល់ទៅ ២ ឆ្នាំកន្លះ និងការចាប់ខ្លួនបុរសម្នាក់ និងស្ត្រីម្នាក់បន្ថែមទៀត ក្នុងថ្ងៃដដែល គឺថ្ងៃទី ២៤ ខែឧសភា ដើម្បីរង់ចាំការកាត់ទោស។ សេចក្តីថ្លែងការណ៍ដដែលនេះ បានគូសបញ្ជាក់ថា៖«សិទ្ធិរបស់ស្ត្រី ក្នុងការទទួលបាននូវការកាត់ក្តីដោយយុត្តិធម៌ ត្រូវបានបដិសេធចោល នៅក្នុងនីតិវិធីនៃសំណុំរឿងក្តីនេះ។សំណើរបស់អ្នកតំណាងផ្លូវច្បាប់របស់ស្ត្រី ដែលស្នើសុំឲ្យមានការពន្យារពេលក្នុងការកាត់ក្តីនោះត្រូវបានបដិសេធ»។
ក្រុមអង្គការស្ត្រីទាំងនេះ បានទាមទារឲ្យដោះលែងអ្នកភូមិបឹងកក់ទាំង ១៥ នាក់ ជាបន្ទាន់ ដោយលើកឡើងថា ការដោះស្រាយសមរម្យ និងសិទ្ធិទទួលបានការកាត់ក្តីដោយយុត្តិធម៌ មានសារៈសំខាន់ណាស់ សម្រាប់កម្ពុជា ដើម្បីបញ្ជាក់ថា ប្រទេសនេះបាននិងកំពុងប្រកាន់យកប្រជាធិបតេយ្យពិតប្រាកដដែលមានការអនុវត្តច្បាប់ត្រឹមត្រូវនិងការគោរពសិទ្ធិមនុស្ស៕
រាយការណ៍បន្ថែម សូ វិសាល
No comments:
Post a Comment