ដោយ ដែន អយុធ្យា 2012-05-30
ប្រជាពលរដ្ឋតំបន់បឹងកក់ស្វែងរកមន្ត្រីសង្គមស៊ីវិល ឲ្យជួយអន្តរាគមន៍ទៅស្ថាប័នពាក់ព័ន្ធដើម្បីដោះលែងពលរដ្ឋបឹងកក់ ចំនួន ១៥នាក់ ដែលតុលាការរាជធានីភ្នំពេញ ចាប់ដាក់ពន្ធនាគារក្នុងសកម្មភាពតវ៉ាទាមទារសិទ្ធិកាន់កាប់ដីធ្លី ដែលត្រូវរដ្ឋាភិបាលបង្ខំឲ្យចាកចេញពីលំនៅឋាន ទាំងមិនទាន់មានសំណងសមរម្យ។
លោក រ៉ុង ឈុន ជាប្រធានសហភាពសហជីពកម្ពុជា បានឲ្យដឹងនៅថ្ងៃពុធ ទី៣០ ខែឧសភា ថា អ្នកភូមិបឹងកក់ចំនួន ១១នាក់ តំណាងឲ្យប្រជាពលរដ្ឋជិត ៨០០គ្រួសារ បានពឹងលោកជួយអន្តរាគមន៍ដោះលែងពលរដ្ឋបឹងកក់ចំនួន ១៥នាក់ ដែលតុលាការចាប់ដាក់ពន្ធនាគារ កាលពីថ្ងៃទី២៤ ខែឧសភា ឲ្យមានសេរីភាព។
លោក រ៉ុង ឈុន ដែលជាប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យផងនោះ បានឲ្យដឹងថា សហជីពលោកត្រៀមដាក់លិខិតជូនឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម ឲ្យពិនិត្យទៅលើការវិនិច្ឆ័យរបស់តុលាការ សាលាដំបូងរាជធានីភ្នំពេញ ដែលកាត់ទោសពលរដ្ឋបឹងកក់ចំនួន ១៥នាក់ ទាំងតក់ក្រហល់។
លោក រ៉ុង ឈុន បានចាត់ទុកការជម្រះក្តីរបស់តុលាការរាជធានីភ្នំពេញ មានភាពតក់ក្រហល់ និងខុសនីតិវិធី ព្រោះគ្មានសាក្សី ហើយតុលាការមិនបានស៊ើបអង្កេតទេ។ លោកបន្តថា ពលរដ្ឋទាំង ១៥នាក់ ដែលតុលាការកាត់ឲ្យមានទោស ពួកគេគ្មានកំហុសឆ្គងនោះទេ ព្រោះគ្រាន់តែប្រើប្រាស់សិទ្ធិមូលដ្ឋាន ការការពារដីធ្លី និងផ្ទះមិនឲ្យបាត់បង់នោះ។
ប្រជាពលរដ្ឋបឹងកក់ទាំង ១៥នាក់ ត្រូវបានតុលាការចោទប្រកាន់ពីបទចូលកាន់កាប់អចលនវត្ថុនីតិបុគ្គល សាធារណៈ និងប្រឆាំងនឹងអ្នករាជការសាធារណៈ ដោយបានផ្ដន្ទាទោសឲ្យជាប់ពន្ធនាគារក្នុងម្នាក់ៗ ពី ២ឆ្នាំ ទៅ ២ឆ្នាំកន្លះ៕
No comments:
Post a Comment