Friday, May 18, 2012

គ្រូ​រាប់​ម៉ឺន​នាក់​នឹង​ក្លាយ​ជា​មន្ត្រី​ត្រួត​ពិនិត្យ បោះឆ្នោត

មន្ត្រី​បោះ​ឆ្នោត រាប់​សន្លឹក​ឆ្នោត​ក្នុង​ការ​​បោះ​ឆ្នោត​ព្រឹទ្ធ​សភា​ កាលពី​អាណត្តិ​មុន។ រូបថត ហេង ជីវ័ន

Friday, 18 May 2012 12:01
Stuart White និង មាស សុខ​ជា
The Phnom Penh Post

ភ្នំពេញៈ​គ្រូបង្រៀន​រាប់​ម៉ឺន​នាក់ ត្រូវ​បាន​រំពឹង​ថា ​នឹង​ទទួល​យក​ការងារ​ជា​មន្រ្តី​ក្នុង​ការ​បោះឆ្នោត​ឃុំ-សង្កាត់ ដែល​នឹង​ចាប់​ផ្តើម​យុទ្ធនាការ​បោះឆ្នោត នៅ​ថ្ងៃ​នេះ ធ្វើ​ឲ្យ​មាន​ការ​បារម្ភ​ខ្លាច​ប៉ះពាល់​ទៅ​ដល់​ការ​សិក្សា​របស់​សិស្ស ដែល​មាន​ភាព​ទន់ខ្សោយ​ស្រាប់​នោះ​។ យោង​តាម​លោក មុំ សុទ្ធ ប្រធាន​ផ្នែក​បណ្តុះ​បណ្តាល​នៅ​ គ.ជ.ប ​បាន​ឲ្យ​ដឹង​ថា មាន​ការ​ងារ​ជាង ១១ ៦០០០ កន្លែង ដែល​ឈរ​ជើង​នៅ​បណ្តា​មណ្ឌល​បោះឆ្នោត និង​ការិយាល័យ​បោះឆ្នោត។ លោក​បាន​បន្ត​ថា ៥០ ភាគរយ នៃ​ការងារ​ទាំង​នោះ​នឹង​ត្រូវ​បំពេញ​ដោយ​គ្រូប​ង្រៀន។

លោក ម៉ក់ វណ្ណ ​រដ្ឋ​លេខាធិការ​នៃ​ក្រសួង​អប់រំ បាន​ថ្លែង​ថា លោក​មិន​បាន​ដឹង​ពី​សេចក្តី​លម្អិត ​នៃ​បញ្ហា​នេះ​ទេ ប៉ុន្តែ​លោក​បញ្ជាក់​ថា ​ការ​ចូល​រួម​ចំណែក​របស់​គ្រូ​បង្រៀន ក្នុង​ការ​បោះឆ្នោត​ដោយ​សេរី មាន​សារៈ​សំខាន់ ហើយ​អវត្ត​មាន​របស់​ពួក​គេ​នឹង​មិន​ប៉ះពាល់​ដល់​ការ​សិក្សា​របស់​សិស្ស​ឡើយ។

លោក​បាន​សួរ​ថា៖ «ជា​ធម្មតា តើ​អ្នក​ណា​មាន​លទ្ធភាព​ធ្វើ​កិច្ចការ​ទាំង​នេះ​បាន?»។ លោក​បាន​កត់​សម្គាល់​ថា ​គ្រូបង្រៀន​ជា​ញឹកញាប់ ជា​បេក្ខជន​មាន​លក្ខណៈ​សម្បតិ្ត​នៅ​តាម​តំបន់​ជនបទ។


«ការងារ​របស់​យើង​ មិន​មែន​ការ​បោះឆ្នោត​ទេ វា​ជា​ការងារ​បង្រៀន​កុមារ ប៉ុន្តែ​យើង​ចង់​ឲ្យ​ប្រទេស​របស់​យើង​មាន​លទិ្ធ​ប្រជាធិបតេយ្យ​ច្បាស់​ លាស់ ​ដូច្នេះ​យើង​អនុញ្ញាត​ឲ្យ​គ្រូ​បង្រៀន​ធ្វើ​ការ​រយៈ​ពេល​ខ្លី​លើ​ការ​បោះឆ្នោត»។

យោង​តាម​លោក ម៉ក់ វណ្ណ បាន​ឲ្យ​ដឹង​ទៀត​ថា ​គ្រូ​ជំនួស​ជា​ច្រើន​នាក់​ កំពុង​រង់ចាំ​បំពេញ​កន្លែង​គ្រូ​បង្រៀន ដែល​បាន​ជ្រើសរើស​ជួយ​ក្នុង​ការ​រៀបចំ​ការ​បោះឆ្នោត។ លោក​បាន​បញ្ជាក់​ថា៖ «​ថ្នាក់​រៀន​នឹង​មិន​បិទ​ទ្វារ​ទេ។ ថ្នាក់​រៀន​នៅ​តែ​ដំណើរ​ការ​[យើង]​មាន​គ្រូ​ជំនួស​ជាច្រើន​នាក់»។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ បើ​តួលេខ​របស់​ គ.ជ.ប ជា​តួលេខ​ត្រឹម​ត្រូវ​ នោះ​គ្រូ​បង្រៀន​ជាង​ ៦០០០០​ នាក់ ​នឹង​ធ្វើ​ការ​លើ​ការងារ​បោះឆ្នោត ដោយ​គ្រូ​បង្រៀន​ខ្លះ​ត្រូវ​ធ្វើ​ការ​ដល់​ទៅ​ ៣ ខែ។

តាម​ការ​ប្រៀបធៀប​បាន​ឲ្យ​ដឹង​ថា ក្រសួង​អប់រំ មាន​គ្រូ​បង្រៀន​សរុប​ប្រហែល ៩៤០០០ នាក់​សម្រាប់​ឆ្នាំ​សិក្សា​២០០៦‑២០០៧ ដែល​នេះ ​ធ្វើ​ឲ្យ​មនុស្ស​មួយ​ចំនួន​ឆ្ងល់​ថា​ តើ​ប្រព័ន្ធ​អប់រំ​កម្ពុជា​មាន​គ្រូ​ជំនួស​ឬ​អត់​?

លោក អៀង​ វុទ្ធី ​អ្នក​គ្រប់គ្រង​កម្មវិធី​អង្គការ Bridges Across Borders​ ជា​អង្គការ​ក្រៅ​រដ្ឋាភិបាល ធ្វើ​ការ​តស៊ូ​មតិ​លើ​ការ​អប់រំ បាន​ថ្លែង​ថា៖ «​ប្រសិន​បើ​ គ.ជ.ប ព្យាយាម​យក​គ្រូ​ចេញ​ជា​ច្រើន​ខែ នោះ​ប្រាកដ​ណាស់ វា​នឹង​ប៉ះពាល់​ដល់​ការ​អប់រំ​សិស្ស»។

ស្ថិតិ​របស់​អង្គការ​យូណេស្កូ បាន​បង្ហាញ​ថា កម្ពុជា មាន​សិស្ស​បឋម​សិក្សា​ជិត ៥០ នាក់​ សម្រាប់​រាល់​គ្រូ​បង្រៀន​ម្នាក់ ជា​តួ​លេខ​ដែល​ខ្ពស់​ជាង​ប្រទេស​វៀតណាម ២​ដង និង​ខ្ពស់​ជាង​នៅ​សហរដ្ឋ​អាមេរិក ៣ ដង។ ឯកសារ​របស់​អង្គការ​នេះ​ បាន​ឲ្យ​ដឹង​ថា ​តាម​ទ្រឹស្តី តួលេខ​សិស្ស​ធៀប​នឹង​គ្រូ​តិច អនុញ្ញាត​ឲ្យ​គ្រូ​បង្រៀន ផ្តោត​យក​ចិត្ត​ទុក​ដាក់​ថែម​ទៀត ​លើ​សិស្ស​ម្នាក់ៗ ដែល​អាច​ធ្វើ​ឲ្យ​លទ្ធផល​នៃ​ការ​សិក្សា​របស់​សិស្ស​ល្អ​ប្រសើរ​ឡើង។

យោង​តាម​លោក អៀង វុទ្ធី​បាន​ឲ្យ​ដឹង​ថា ឥឡូវ​នេះ​ជា​ពេល​មិន​ល្អ​សម្រាប់​គ្រូ​ចាក​ចេញ​ពី​ការ​ងារ​ឡើយ​។ ​លោក​បន្ត​ថា៖ «​ក្នុង​រយៈ​ពេល ៣ ខែ​ទៀត នឹង​មានការ​ប្រឡង​ថ្នាក់​វិទ្យាល័យ​ ហើយ​ជា​ធម្មតា​ សិស្ស​ត្រូវ​ការ​រៀន​បន្ថែម ដើម្បី​ត្រៀម​ប្រឡង។ តែ​ប្រសិន​បើ​គ្រូ​ទៅធ្វើ​ការ​ឲ្យ ​គ.ជ.ប នោះ​វា​នឹង​ប៉ះពាល់​សាលារៀន​និង​សិស្ស ​នេះ​មិន​មែន​ជា​គំនិត​ល្អ​ទេ»។

លោក ទេព នីថា អគ្គ​លេខាធិការ​ គ.ជ.ប បាន​ថ្លែង​ថា តម្រូវ​ការ​ចង់​បាន​បុគ្គលិក​មាន​លក្ខណៈ​សម្បតិ្ត​សម្រាប់​រៀបចំ​ការ​បោះឆ្នោត​ បាន​កើន​ឡើង តែ​គ្រូ​បង្រៀន មិន​មែន​ជា​គោលដៅ​ជាក់​លាក់​ សម្រាប់​ការ​ជ្រើសរើស​ឡើយ។ លោក​បាន​បញ្ជាក់​ថា៖ «​ការ​ជ្រើសរើស​បាន​ធ្វើ​ឡើង​ដោយ​បើក​ចំហ សម្រាប់​សាធារណជន​ដាក់​ពាក្យ​ មិន​មែន​តែ​គ្រូ​ទេ តែ​គ្រូ​មាន​សមត្ថភាព​ធ្វើ​ការ​ឲ្យ​គ.ជ.ប។ ​ពេល​ពួក​គេ​ធ្វើ​ការ​ឲ្យ​គ.ជ.ប ពួក​គេ​ត្រូវ​សុំ​ការ​អនុញ្ញាត​ពី​ស្ថាប័ន​រៀងៗ​ខ្លួន​ ប៉ុន្តែ គ.ជ.ប មិន​បាន​ពាក់ព័ន្ធ​នោះ​ទេ»៕

No comments: