Friday, May 18, 2012

រឿងតាថេន និង សិស្សបីនាក់

ដកស្រង់ពីគតិលោក

ឯរឿងចៅសននោះ ដើមឡើយមានសាមេណរ១អង្គ អ្នកស្រុកគេតែងហៅ លោកតាថេនលោកតាថេននោះជានេន
ខ្ជីខ្ជា លួចមាន់វត្តស្ងោរផឹកស្រាស៊ីបាយល្ងាចតែរឿយៗ មានមនុស្ស៣នាក់រួមចូលផឹកស៊ីជាមួយផង។ លុះនៅយូរមក
តាថេន រកប្រាក់នឹងទិញស្រាពុំបាន ហើយគិតកែ្រងនៅយូរទៅអ្នកស្រុកគេដឹងថានេនផឹកស្រាគេនឹងបេណ្តញបំបរចា
កអារាម ទើបនិយាយពិគ្រោះគ្នានឹងមនុស្សទាំង៣ នាក់នោះថាយើងនៅក្នុងស្រុកធំនេះ អត្តខាត់ប្រាក់ចាយណាស់ ឧ
បាសកឧបាសិកា ញោមវត្តនេះ គេក៏ពុំមានសទ្ធាធ្វើបុណ្យធ្វើទាននឹងយើងឡើយ។ បើដូចេ្នះគួរយើងចេញទៅស្រុក
ក្រៅ ដើរកកែខៃកុហកបញ្ឆោតអ្នកស្រុកស្រែចំការ ដោយឧបាយកលផ្សេងៗ គឺអញធ្វើជាលោកធុតង្គរុក្ខមូលចៅ
ឯង៣នាក់ធ្វើជាកូនសិស្សឧបដ្ឋាកដើរតាមក្រោយ ដើរនិយាយបញ្ចុះបញ្ចូលបបួលពួកអ្នកព្រៃអោយគេជឿថា អញវិ
សេស គេក៏និមន្តធ្វើបុណ្យទាន បានចតុប្បច្ច័យ ហើយសូមយើងកែខៃទិញបាយ ទិញស្រាផឹកទៅតាមកាល។

ឯមនុស្សទាំង៣នាក់នោះក៏យល់ព្រមតាមតាថេនក៏រៀបរកឆ័ត្រមុងធុតង្គ នូវគ្រឿងបរិក្ខារបានព្រមហើយទើបនាំមនុ
ស្ស៣នាក់នោះ ចេញចាកស្រុកធំ ដើរទៅកាន់ស្រុកលើតាថេនក៏កែ្លងខ្លួនជាលោកសង្ឃធុតង្គដោយព្រៃ ដល់វេលាព្រឹ
កក៏ចូលទៅបិណ្ឌបាតក្នុងស្រុកតាមលំដាប់ផ្លូវ ឯបណ្តាមហាជន អ្នកស្រុក ក្រៅកាលបើបានឃើញតាថេននោះហើយ ក៏នឹកស្មានថាជាលោកសង្ឃរុក្ខមូលដោយសុចរិត ទើបនាំគ្នាដាក់បាតប្រគេនចតុប្បច្ច័យផ្សេងៗ អ្នកខ្លះនិមន្តឆាក
មហាបង្សុកូល អ្នកខ្លះនិមន្តដារឆាន់ធ្វើបុណ្យផ្សេងៗតាមសទ្ធាអ្នកកាន់ព្រះ ពុទ្ធសាសនា។ តាថេនបានលាភសក្ការៈហើយ ក៏ធ្វើជាសង្រួមឥន្រ្ទីយស្រគត់ស្រគំ ពុំសូវនិយាយស្តីអ្វីច្រើនឡើយ។ ឯមនុស្ស៣នាក់នោះតែទៅដល់ទីណាវាក៏នាំ
និយាយសរសើរអួតគុណតាថេន ប្រាប់អ្នកស្រុកនោះថា លោកគ្រូយើងនេះ លោកវិសេសខាងផ្លូវក្នុងពេកណាស់ ទាំងទឹកមន្តក៏ពូកែចេះ ទាំងយឹតមើលហួយ មើលប៉ោក៏ឆុតឆាប់ តែលោកជាអ្នកសណ្តោស មិនមានចិត្តលោភោទេបើអ្នក
ណាត្រូវចិត្តលោក លោកក៏ប្រោសអោយទានបានសំរេចប្រយោជន៏គ្រប់ប្រការ ពួកយើង៣នាក់ក៏ឧស្សាហ៏ដើរតាម
លោកទាំងម្ល៉េះនេះ ព្រោះឃើញសិល្បវិជ្ជាការនោះមែនទែនណាស់។ ឯពួកមហាជនទាំងឡាយកាលបើបានស្តាប់
ពាក្យអ្នកទាំង៣នាក់ស្រដីអួតតាថេនដូច្នោះហើយក៏ជឿតាម ទើបនាំគ្នានិមន្តតាថេនសូត្របូជាព្រះគ្រោះ ខ្លះសូមទឹក
មន្ត ខ្លះសូមខែ្សក ខែ្សចង្កេះខ្លះ តាថេនក៏បានលាភសក្ការៈបរិបូណ៌ដោយ ពួកអ្នកក្រៅរាប់អាន តែដល់ពេលយប់ស្ងាត់ចៅ៣នាក់ វាទៅលួចទិញស្រាទិញបាយមកលៀងគ្នាក្នុងព្រៃតាមវិស័យកិរិយាពាល។


ឯតាថេននិងអ្នក៣នាក់ វាប្រព្រឹត្តការកោងយ៉ាងនេះរៀងៗទៅតាមផ្លូវ។ លុះថ្ងៃ១ តាថេននាំគ្នាទាំង៣នាក់ដើរទៅ
ដល់ភូមិគោក១ ទើបចូលទៅកាន់ភូមិនោះ ហើយទៅអង្គុយក្រោមម្លប់ដើមស្វាយខាងជើងភូមិ។ ឯចៅ៣នាក់វានាំ
គ្នាចូលទៅក្នុងភូមិនិយាយឃោសនាប្រាប់អ្នកស្រុកថា លោកធុតង្គនិមន្តមកគង់នៅខាងជើងភូមិនោះឯង បើបងប្អូន
ត្រូវការប្រាថ្នាការអ្វីៗក៏អញ្ជើញយកទឹកតែ ស្ករស ស្លាបារីទៅប្រគេនលោកចុះ លោកនិមន្តមកនេះ គឺមកចង់ប្រោស
សត្វហើយ អ្នកណាចង់បានខែ្សកខែ្សចង្កេះ ទឹកមន្តការពាររោគអាសន្នកម្មផ្សេងៗ ក៏សូមអញ្ជើញទៅរកលោកអោយ
ឆាប់ចុះ។ ឯបណ្តាមហាជនប្រុសស្រីនៅទីភូមិនោះលុះលឺថាលោកធុតង្គរុក្ខមូលវិសេសមកដូច្នេះហើយ ខ្លះក៏បានស្លា
បារី ខ្លះក៏បានទឹកក្ដៅ ទឹកត្រជាក់នាំគ្នាទៅរកតាថេន ដល់ហើយក៏ថ្វាយបង្គំសួរទទួលបដិសណ្ឋារៈប្រគេនទឹកស្រង់ទឹក
ឆាន់ ស្លាម្លូភេសជ្ជៈតាមសទ្ធា ហើយសំពះសួរថា ព្រះករុណាម្ចាស់និមន្តមកពីស្រុកណាព្រះករុណា។ តាថេនឆ្លើយថា «ចំ
រើនពរអាត្មាភាពនេះនៅក្នុងក្រុងចេញមកធុតង្គយូរខែហើយ ទើបតែថ្ងៃនេះមានហេតុជាការមិនស្រួលនៅភូមិស្រុក
ញាតិញោមនេះ បានជាអាត្មាភាពខំឧស្សាហ៏ដើរមកនេះ»។ ឯពួកអ្នកស្រុកនោះលុះលឺតាថេនថា ដូច្នេះហើយ ក៏កើត
សេចក្តីសង្ស័យឡើងគ្រប់គ្នា ទើបនាំគ្នាសួរតបថា «ករុណាម្ចាស់,មានពុទ្ធដិកានេះយល់ប្លែកពេកណាស់» ចុះលោកម្ចា
ស់ យល់ហេតុភូមិ យើងនេះមិនស្រួលយ៉ាងណា? តាថេនថា «ញាតិញោមអើយ, អាត្មាអង្គុយធម៌យប់មិញនេះ ក៏ឃើ
ញហេតុអន្តរាយ នឹងកើតមានដល់ញាតិញោម ក្នុងភូមិនេះទាំងអស់គ្នា គឺឃើញថា ភូមិនេះនៅតែ៧ថ្ងៃទៀត នឹងមាន
អសនីបាត គឺរន្ទះបាញ់មកត្រូវ ភូមិនេះដល់នូវសេចក្តីវិនាសសូន្យទាំងភូមិជាម្តង អាត្មាគិតអាណិតដល់ញាតិញោមរាល់
គ្នាណាស់ បានជាខំឧស្សាហ៏មកនេះ ប្រាថ្នានឹងប្រាប់សេចក្តីនោះអោយញាតិញោមបានដឹងខ្លួនជាមុន ថាបើញោមឯ
ណាចង់អោយរួចអំពីកាឡកិណីសេចក្តីវិនាសនោះមានតែរើផ្ទះសំបែងចេញអំពីទីចាស់ទៅតាំងនៅភូមិក្រៅជាថ្មីទៀត
នោះទើបបានផុតភ័យអំពី អសនីបាតនោះបាន»។

ឯបណ្តាមហាជនទាំងឡាយនោះ លុះលឺតាថេនថាដូច្នេះហើយ ក៏កើតសេចក្តីភិតភ័យទាំងអស់គ្នា ទើបតបថា «សូម
ទានករុណាម្ចាស់ បើដូច្នេះសេចក្តីភ័យនោះនឹងមានដល់យើងខ្ញុំហើយ តែថាការដែលថារើផ្ទះសំបែងអំពីភូមិនេះចេញ
ទៅនោះ យល់ថាជាការលំបាកណាស់បើដូច្នេះករុណាម្ចាស់ នឹងមានឧបាយកលល្មមឧបទេស កែខៃសេចក្តីអន្តរាយ
អំពី រន្ទះនោះជាបានខ្លះរឺទេ?» ឱ! ញាតិញោមចង់គិតកែខែឧបទេសនោះ ចាំអាត្មាអង្គុយធម៌មើលសិន ថាហើយ តា
ថេនតាំងអុជទៀនធូប ហើយតាំងសមាធិអង្គុយ ធ្មេចភ្នែកបានតិច ក៏បើកភ្នែកហើយថា បានញោម តែត្រូវខាតទុនខ្លះ
ទើបអាចធ្វើបាន។ ករុណាម្ចាស់មិនអីទេ ទោះបង់ខាតធនធានប៉ុន្មានៗ ក៏មិនថាដែរ ធ្វើមេ្តចឯងដល់នូវសេចក្តីវិនាស
ហើយ សូមនិមន្តលោកគ្រូម្ចាស់បង្គាប់ចុះ។ តាថេនក៏ធ្វើជាមាយាហើយប្រាប់ថា ឱ! ញាតិញោមអើយ អាត្មានេះជា
សង្ឃផង នឹងបង្គាប់បញ្ជាទៅក៏ដូចជាមិនគួរ នឹងភេទឯងជាសមណៈនោះសោះ ត្បិតភ្លើងរន្ទះនោះតាមបាលីថា អសនី
គឺថាអសុរាប្រែថាយក្ខខ្មោចនោះវាគាប់ចិត្តតែនិងស្រា បាយសាច់ញាំភ្លាមាន់ស្ងោររៀបបូជាពលិការវា ហេតុនោះបាន
ជាអាត្មាទាស់ណាស់ ព្រោះឯងជាលោកសង្ឃ។ ករុណាម្ចាស់ កុំព្រួយព្រះហរិទ័យឡើយនិមន្តបង្គាប់ចុះ យើងខ្ញុំនឹងធ្វើ
តាម។ តាថេនបានឱកាសដូច្នេះហើយក៏អោយធ្វើរោងពិធី១ខ្នង នៅក្រៅភូមិហើយអោយធ្វើរាជវ័តិ ទង់ ឆ័ត្រ ស្លា
ធម៌ បាយសី ជមចារ គ្រឿងចំអាបបង្អែមផ្សេងៗ យកទៅតាំងនៅរោងពិធី។

ឯមនុស្សទាំងឡាយ ក៏នាំគ្នាធ្វើតាមពាក្យតាថេននោះសព្វប្រការ ឯតាថេនក៏នាំគ្នា៣នាក់ចូលទៅក្នុងរោង ហើយយ
កអំបោះចងព័ទ្ធសីមា៧ជាន់ហើយប្រាប់អ្នកស្រុកថា ញាតិញោមទាំងអស់នេះ សុទ្ធសឹងជាមនុស្សមានគ្រោះធំត្រូវតែ
នៅក្រៅរោងពិធីនេះ តាថេនថាហើយទើបសរសេរសំបុត្របិទនៅមាត់ទ្វារនោះថា កុំអោយនរណាចូលក្នុងរោងពិធី
នេះឡើយ ថាបើនរណាកាត់អំបោះសីមាកន្លងចូលដល់ ក្នុងរោងហើយអ្នកនោះនឹងទៅជាឆ្កួតឈឺស្លាប់កើតវិបត្តផ្សេង
ៗ។ បណ្តាអ្នកស្រុកធ្វើតាមតាថេនហាមទាំងអស់ នាំគ្នាហាមកូនចៅកេ្មងតូចធំ កុំអោយចូលទៅក្នុងរោងពិធីនោះ។

ឯតាថេនបានឱកាសស្ងាត់ហើយ ក៏នាំគ្នាទាំង៣នាក់ ស៊ីបាយផឹកស្រាតាមអំពើពាល លុះស្រវឹងស្រាខ្លាំងក៏តាំងនិយា
យកោកៗ ប្រកែកគ្នាទៅវិញទៅមកគឹកកងក្នុងរោង លុះដល់នៅបានពីរបីថ្ងៃមានកេ្មងប្រុសម្នាក់អាយុ ១៤ រឺ១៥ឆ្នាំ
ឈ្មោះចៅ សន កេ្មងនោះវាទៅឃ្វាលក្របីនៅវាលស្រែ។ ដល់ពេលថ្ងៃល្ងាចត្រជាក់ ចៅសន វាដេញក្របីទៅផ្ទះបរ
ទៅខាងរោងពិធីនោះ បានលឺសំលេងចៅពាលទាំង៤នាក់ផឹក ស៊ីប្រកែកគ្នាកោកកាកដូច្នេះហើយ ចៅសនគិតថាសំ
លេងយ៉ាងនេះ ទំនងជាមនុស្សស្រវឹងស្រា យ៉ាងលោកសង្ឃនោះផឹកស្រាទេដឹង បើដូចេ្នះគួរអញលបទៅមើលអោយ
ជាក់ច្បាស់ ទោះវាឆ្កួតរឺឈឺចាប់យ៉ាងណាក៏តាមចុះ អញប្រថុយលបមើល គិតហើយក៏ដើរលបចូលទៅដល់ប្របជ
ញ្ជាំងរោង ហើយលួចបើកស្លឹកត្នោតដែលបាំងនោះគន់មើលទៅក្នុងរោង ក៏ឃើញចៅពាលទាំង៤នាក់ អង្គុយដំកងគ្នា
ស៊ីបាយ ផឹកស្រាដោយអំពើពាល។ ចៅសនឃើញច្បាស់ហើយក៏នឹកថា យីអាដែងអស់នេះ ផឹកស្រាស៊ីបាយល្ងាចទេតើ
ពុទ្ធោៗ ឱ ម៉ែឪអញទៅជឿអាពួកនេះឆ្កួតទទេ ទាំងអ្នកស្រុកក៏ជឿចុះចូលវា អោយវាបញ្ឆោតអស់ខ្លួនមែនហើយ
បើដូច្នេះគួរអញ ទៅប្រាប់ម៉ែឪអោយគាត់បានដឹងផងចុះ គិតហើយក៏ដើរថយចេញម្នីម្នារត់ត្រង់ទៅផ្ទះ បានឃើញម្តា
យនៅលើផ្ទះ ចៅសនក៏ប្រាប់ម៉ែ ម៉ែ! ម៉ែឯងទៅជឿអីលោកសង្ឃធុតង្គនោះមិនពិតជាលោកសង្ឃល្អទេ វាកែ្លងក្លា
យទេម៉ែ ខ្ញុំបានឃើញវាផឹកស្រា ស៊ីបាយល្ងាចអំបាញ់មិញនេះឯង។

ឯនាងជាម្តាយបានលឺពាក្យកូនប្រាប់ដូច្នេះហើយ ក៏ពុំមានសតិសម្បជញ្ជៈ នឹងត្រិះរិះអោយច្បាស់លាស់ដោយជឿពា
ក្យតាថេនថា នរណាកាត់សីមាចូលក្នុងរោងពិធីលោក អ្នកនោះនឹងឆ្កួតប្រាកដ ទើបកើតភិតភ័យតក្កមាហើយសួរថា
«ចៅសន ឯងចូលទៅក្នុងរោងពិធីលោករឺអី?» ចៅសនថា «បាទខ្ញុំបាទលួចលបចូលទៅឃើញ វាកំពុងតែផឹកស៊ីទាំង
៤នាក់ណា៎ម៉ែ» ម្តាយថា «ឱ កូនអើយ លោកបានហាមទាំងអស់គ្នាថា កុំអោយនរណាចូលទៅក្នុងសីមារោងពិធី
លោក ឥលូវកូនឯងចូលទៅនោះ ត្រូវដូចលោកថា អ្នកណាចូលហើយអ្នកនោះនឹងឆ្កួតមិនខាន ឥលូវឯងឆ្កួតហើយ
តើកូនគួរអីទៅថាលោកសង្ឃផឹកស្រានោះ លោកជាអ្នកដើរធុតង្គវិសេសណាស់។ ចៅសនប្រកែកថា «ម៉ែឯងមិន
ជឿខ្ញុំរឺ ខ្ញុំបានឃើញច្បាស់នឹងភ្នែកហើយ អាដែងទាំង៤នាក់នោះ វាមកកែ្លងបញ្ឆោតគេយកលាភទេ អ្នកណាទៅជឿ
វាក៏គង់នឹងខូចខ្លួន។ ឯនាងម្ដាយមិនស្តាប់ ចេះតែថា អាឯងចូលក្នុងសីមាលោកវាឆ្កួតមែនហើយ។ ឯបណ្តាពួក
ញាតិនៅជិតខាង បានលឺចៅសននិងម្តាយប្រកែកគ្នាដូច្នេះហើយសឹងឆោឡោឡើងទៅសួរថា ម្តេចចៅសនវាចូលទៅ
ក្នុងសីមាលោកនោះរឺអី? នាងម្តាយក៏ប្រាប់ទៅថា អើឯងអើយវាចូលទៅក្នុងសីមាលោក ឥលូវវាឆ្កួតវរណាស់ទៅ
តាំងតែជេរលោកសង្ឃនោះផ្សេងៗ។

ឯពួកញាតិក៏នាំគ្នាស្តីបន្ទោសចៅសន ហើយថាឆ្កួតមែនហើយ ធ្វើម្តេចនឹងរកគ្រូឯណានឹងមើលបាន។ ឯចៅសន
លឺពួកញាតិបន្ទោសដូច្នេះហើយ ក៏ខឹងណាស់ តាំងជេរដាសពាសទៅ ដល់ប្រកែកនឹងគេមិនឈ្នះ វាក៏យំផងព្រោះដោ
យសារកេ្មង ឯពួកញាតិក៏រិតតែជឿថា ចៅសនឆ្កួតមែន គឺពីដើមគ្រាន់តែថាលោកសង្ឃផឹកស្រា អិលូវវរខ្លាំងតាំងយំ
ជេរគេឯងតែផ្តាស មិនស្គាល់ចាស់កេ្មងផង ឯនាងម្តាយនោះក៏ភិតភ័យ ទើបរត់ទៅឯរោងពិធីតាថេន ដល់ហើយ
ស្រែកហៅទៅថា «ឱ ករុណាម្ចាស់សូមេមត្តាប្រោសសត្វ សូមទាននិមន្តចេញមកខាងក្រៅរោងសិន ត្បិតសត្វកើត
វិបត្តិហើយ ព្រះគុណម្ចាស់»។ ឯតាថេន លឺនាងសិកានិមន្តអោយចេញដូច្នេះ ក៏ស្ទុះម្នីម្នាជូតមាត់ជូតកស្អាត ហើយតាំ
ងគ្រងចីវរជាបរិមណ្ឌលពាក់ ផ្គាំកាន់ឈើច្រត់ដើរលបៗចេញមកក្រៅហើយសួរ «កើតអីញោម បានជាភិតភ័យ រលះ
រលាំងយ៉ាងនេះ។ នាងសិកានោះ ក៏អង្គុយលុតជង្គង់ប្រណម្យដៃទូលថា «លោកម្ចាស់ឥលូវនេះចៅសនកូនខ្ញុំករុណា
វាចូលមកក្នុងសីមាលោកម្ចាស់ ឥលូវកើតវរ ទៅជាឆ្កួតពុំដឹងអី ចេះតែសែ្រកយំជេរគេឯងពាសទៅជេរត្រូវទាំង
លោកម្ចាស់ផង»។ តាថេនឆ្លើយថា «ញោម អាចក្តី (អាចក្តី អ្នកដឹងសេចក្តីខុសត្រូវ ពាក្យបព្វជិតនិយាយជំនួសឈ្មោះ
ខ្លួន និយាយទៅរកគ្រហស្ថ ដូចពាក្យអាត្មាដែរ ឥលូវមិនឃើញមានប្រើពាក្យអាចក្តីនេះទេប្រើ អាត្មាវិញ) បានហាម
ហើយថា កុំអោយប្រហែស អោយហាមកូនហាមចៅកុំអោយវាចូលក្នុងសីមាពិធីនេះ កែ្រងវាកើតហេតុឥលូវមែន
ៗដូចពាក្យអាចក្តីថាចុះឥលូវនេះវានៅឯណាកូនញោមនោះ។ ករុណាម្ចាស់វានៅឯផ្ទះខ្ញុំករុណាឯនោះ។ អើបើដូ
ច្នេះ ញោមទៅនាំខ្លួនវាមកឯរោងពិធីនេះអាចក្តីនឹងមើលរោគឆ្កួតនោះណា៎ញោម នែញោម ពាក្យចាស់លោកថា
បន្លាមុត តោងយកបន្លាជោះ ទឹកចូលត្រចៀកតោងយកទឹកចាក់ រោគឆ្កួតកើតមកពីរោងពិធី តោងមកមើលរក្សាឯ
រោងពិធីទើបសះស្បើយបាន។ ឯនាងសិកានោះក៏សំពះលាតាថេនវិលទៅពឹងបងប្អូនប្រុសៗ ៣-៤នាក់អោយជួយចា
ប់យកខ្លួនចៅសនមកប្រគល់អោយតាថេន។ ឯចៅសននោះត្រូវគេចាប់ដឹកនាំទៅដូច្នោះ ក៏រិតតែខឹងនឹងពួកញាតិ
តាំងបំរះននៀលជេរគេជេរឯង ហើយយំទៅតាមភាសាកេ្មង តែធន់ពុំបាននឹងកំលាំងមនុស្សចាស់គេក៏នាំគ្នាចាប់សែ
ងពនាំទៅដល់រោងពិធីនោះ។ ឯតាថេនក៏បបួលគ្នាទាំង៣នាក់ចេញមកក្រៅរោងហើយទទួលយកចៅសនចូលទៅ
ក្នុងរោងតាថេនក៏ប្រាប់ទៅថា ញោមទាំងអស់គ្នាសុទ្ធតែជាអ្នកមានគ្រោះនឹងនៅជិតរោងពិធីនេះពុំបាន កែ្រងខ្មោចព្រា
យអសនី នោះវាចូលរូប អាត្មានឹងស្រោចទឹកមន្តចៅសនហើយខ្មោចដែលនៅក្នុងរូបចៅសន វានឹងស្រែកជាខ្លាំងពុំ
ខាន បើដូច្នេះ ចូរញាតិញោមទាំងអស់គ្នាចៀសចេញទៅផ្ទះវិញអោយឆាប់ កុំនៅយូរកែ្រង ខ្មោចវាចូល ឯរូបចៅ
សននេះមិនអីទេ តែស្អែកខានស្អែកគង់នឹងជាមិនខាន។

ឯពួកញាតិចៅសនលឺតាថេនថាដូច្នោះ ក៏នាំគ្នាសំពះលាលោកតាថេនវិលទៅផ្ទះទីទៃៗទៅ។ ឯតាថេនចូលទៅក្នុង
រោងពិធី ហើយអោយគ្នាបីនាក់នោះចងចៅសនខ្ជាប់នឹងសសររោង តាំងកាន់រំពាត់ផ្តៅទាំង៤នាក់ ហើយកំហែងសួរ
ចៅសនថាអើ អាសនអាឯងថា ឃើញអញផឹកស្រាមែនរឺដូចេម្តច?ចៅសនឆ្លើយថា អើមែនខ្ញុំឃើញលោកតាឯង
ផឹកស្រា ស៊ីបាយល្ងាចប្រាកដទាំង៤នាក់។ ពួកទាំងនោះក៏កើត ទោសោហើយវាយចៅសន៤-៥រំពាត់ ចៅសនក៏សែ្រក
យំដោយសំលេងខ្លាំងៗ ទាំង៤នាក់ក៏សាកសួរទៀតថា ដូចម្តេចអាសនឯងថា ពួកយើងផឹកស្រាមែនរឺដូចម្តេច? ចៅ
សនថា អើអាឯងផឹកស្រាមែន អញឃើញច្បាស់នឹងភ្នែកអញហើយ។ អា៤នាក់ក៏រឹតតែវាយខ្លាំងលើសមុន។ ចៅស
នបាននូវសេចក្តីវេទនា ឈឺចាប់ពន់ពេកណាស់ ដល់ក្រោយទើបគិតថា ឱអញនេះជាមនុស្សកេ្មងម្នាក់ឯង គេឆ្កួត
ពេញស្រុកទៅហើយតែឯងមិនធ្វើឆ្កួតតាមគេនោះ អាដែងពួកពាលនេះវានឹងវាយអញដល់សេចក្តីស្លាប់មិនខានឡើ
យ។ ណ្ហើយចុះតោងធ្វើជាឆ្កួតតាមវាទៅចុះ ទើបរក្សាខ្លួនសុខបាន ចៅសនគិតដូច្នេះហើយ ទើបលើកដៃសំពះតាថេ
នហើយ សាសព្ទប្រាប់ទៅថា ករុណាម្ចាស់ ខ្ញុំករុណានេះឆ្កួតពិតមែនហើយ សូមទានប្រោសអត់ទោស ខ្ញុំឆ្កួតមិនដឹងខ្លួន
មិនដឹងប្រាណទេព្រះគុណ បានជាថាព្រះគុណផឹកស្រា នោះគឺព្រះគុណពុំមែនឆាន់ស្រាទេ ខ្ញុំឆ្កួតមែនហើយ ឥលូវខ្ញុំដឹងខ្លួ
នជាសះស្បើយហើយ រាងចាលហើយ ពីនេះទៅទៀត ខ្ញុំមិនថាព្រះគុណផឹកស្រាទេទាន។ តាថេនថា អើបើឯងលែង
ថាអញផឹកស្រា រាងចាលហើយអញក៏លែងវាយឯងតែត្រឹមនេះ។

ករុណាខ្ញុំព្រះករុណាលែងថាព្រះគុណឆាន់ស្រាហើយអំពីថ្ងៃនេះតទៅ ករុណាម្ចាស់។ អើបើមែនដូច្នេះអញក៏លែងវា
យឯង បើឯងនៅតែថាអញៗ ក៏វាយឯងទាល់តែស្លាប់។ ថាហើយតាថេនក៏អោយស្រាយចំណងចៅសន ឃាត់
ឃាំងចៅ សនមិនអោយចេញទៅក្រៅរោង។ ឯចៅសនសោតទល់ចំណេះ ក៏នៅបំរើអា៤នាក់នោះទៅតាមអធ្យា
ស្រ័យ លុះថ្ងៃគំរប់៧ ជាពេលយប់ស្ងាត់ចៅសនក៏ដេកលក់ទៅ។ ឯចៅពាល៤នាក់នោះតាំងរើគ្រឿងកំណល់ពិធីយ
កប្រាក់ យកសំពត់ ផ្តិល ជើងពាន វេចសំពាយហើយ ក៏នាំគ្នាលបរត់ចេញចាកស្រុកនោះទៅកាន់ស្រុកដទៃទៅ។ លុះ
វេលាព្រឹកចៅសនភ្ញាក់ឡើង ស្រាប់តែស្ងាត់ឈឹងទាំងរោង មើលទៅគ្រឿងតាំងពិធីនោះ ក៏បាត់អស់រលីងគ្មានសល់
ដល់តិចឡើយ ចៅសនក៏ដឹងថាតាថេនលួចរបស់ទ្រព្យរត់ទៅអស់ហើយ ទើបចៅសនដើរចេញចាករោងចូលទៅផ្ទះ
អាត្មា។ ឯបណ្តាញាតិមិត្តឃើញចៅសនដើរមកដូច្នាះហើយ សួរថា ដូចម្តេចទៅ ជីសនអើយរោគនោះបានស្រាក
ស្រានធូរខ្លួនប្រាណខ្លះហើយរឺដូចម្តេចទៅ។ ចៅសនក៏តបថា នៅឡើយតែថា ឥលូវនេះអំពើចំកួតនោះ វានៅលើអ្នក
ស្រុកទាំងអស់គ្នា អើឯងជាៗសោះ គេឆ្កួតពេញទាំងស្រុក ក៏ត្រលប់ថាឯងឆ្កួតវិញ អើមីងមា យាយតាទាំងអស់គ្នា
ទៅជឿអាមនុស្សពាលនោះទុកជាគ្រូ ថាលោកធុតង្គរុក្ខមូលវិសេសណាស់ ឥលូវគ្រឿងប្រដាប់ដែលតាំងពិធីពលីការ
នោះ លោកធុតង្គទោះបន្លុង ឆាកយកទៅអស់ហើយអោយអញ្ជើញទៅមើលចុះ។ ថាហើយចៅសនក៏ដើរត្រង់ទៅផ្ទះ

ឯបណ្តាអ្នកស្រុកបានលឺចៅសនថាដូច្នេះហើយ ខ្លះក៏សង្ស័យថា កែ្រងពិតដូចពាក្យចៅសនថារឺ ទើបនាំគ្នាទៅឯរោ
ងពិធី ស្រាប់តែឃើញស្ងាត់ឈឹងសូន្យ ក៏ចូលទៅក្នុងរោង យល់របស់ទ្រព្យខ្លួននោះវិនាសអស់ទៅ ដោយដៃមនុស្សពា
លទាំង ៤នាក់នោះឯង ហើយទើបនាំគ្នាមកផ្ទះទីទៃៗកើតសេចក្តីវិប្បដិសារីរលឹកទោស អាត្មា ឃើញថាជាមនុស្ស
ឥតបញ្ញា ទៅជឿពាលអោយវាបញ្ឆោតបាន គឺខ្លួនឆ្កួតប្រាកដ ចៅសនគ្នាជាសោះក៏នាំគ្នាជឿថាឆ្កួតវិញ។

No comments: