Friday, May 18, 2012

គេ​ចោទ​ថា CPP កាត់​ប្រាក់​ខែ​នគរបាល​ជាតិ​យក​ទៅ​បម្រើ​បក្ស

Friday, 18 May 2012 12:02
គឹម យុទ្ធណា និង​ Shane Worrell
The Phnom Penh Post

ភ្នំពេញៈ គណបក្ស​ប្រជាជន​កម្ពុជា ត្រូវ​បាន​គេ​ចោទ​ថា បាន​កាត់​ប្រាក់​ខែ របស់​នគរបាល​ជាតិ យក​ទៅ​បម្រើ​ដល់​ការ​បោះឆ្នោត ឃុំ​ សង្កាត់ នៅ​ថ្ងៃ​ទី ៣ ខែ​មិថុនា និង​ការ​បោះឆ្នោត​ជាតិ ក្នុង​ឆ្នាំ ២០១៣ ខាង​មុខ​។ នេះ​បើ​តាម​ការ​អះអាង​របស់​ក្រុម​មន្រ្តី​នគរបាល​នៅ​អគ្គ​ស្នងការ​នគរបាល​ជាតិ។

មន្ត្រី​នគរបាល​ជាតិ​ម្នាក់​ ដែល​សុំលាក់​អត្ត​សញ្ញាណ ដោយ​សារ​តែ​បារម្ភ​ពី​តួនាទី​របស់​ខ្លួន បាន​អះអាង​ថា ប្រាក់​ខែ​របស់​មន្ត្រី​នគរបាល ចាប់​ពី​មន្ត្រី​ថ្នាក់​អនុប្រធាន​នាយកដ្ឋាន​រហូត​ដល់ មន្ត្រី​នគរបាល​ធម្មតា​ត្រូវ​បាន​កាត់​តាម​ចំនួន​តិច ឬ​ច្រើន ទៅ​តាម​តួនាទី​របស់​នគរបាល​ទាំង​នោះ​។ លោក​បាន​និយាយ​កាល​ពី​ម្សិលមិញ​ថា ការ​កាត់​ប្រាក់​ខែ​នេះ​ត្រូវ​បាន​ថ្នាក់​ដឹក​នាំ​ប្រាប់​ថា យក​លុយ​ចូល​បក្ស​ដើម្បី​បម្រើ​ការ​ឃោសនា​បោះឆ្នោត ឲ្យ​គណបក្ស​ប្រជាជន។ ប្រភព​ដដែល​បាន​បន្ថែម​ថា មន្ត្រី​ថ្នាក់​អនុប្រធាន​នាយកដ្ឋាន ត្រូវ​បាន​កាត់​ចំនួន ១០​ម៉ឺន​រៀល ថ្នាក់​ប្រធាន​ការិយាល័យ ៥ ម៉ឺនរៀល មន្ត្រី​រងការិយាល័យ ៣ ម៉ឺនរៀល នាយ​ផ្នែក​ការិយាល័យ ២ ម៉ឺន​រៀល នាយរង​ផ្នែក​ការិយាល័យ​១ម៉ឺន​រៀល និង​មន្ត្រី​នគរបាល​ធម្មតា​មួយ​ម៉ឺន​រៀល ដោយ​ប្រាក់​ខែ​ទាំង​នេះ ត្រូវ​កាត់ ជា​រៀង​រាល់​ខែ ចាប់​ពី​ខែ​មេសា​កន្លង​មក​នេះ​រហូត​ទៅ​ដល់​ការ​បោះឆ្នោត​ថ្នាក់​ជាតិ​ឆ្នាំ ២០១៣ ខាង​មុខ។


មន្ត្រី​នគរបាល​រូប​នេះ បញ្ជាក់​ថា​៖ «ខ្ញុំ​មិន​ពេញ​ចិត្ត​ចំពោះ​ការ​កាត់​នេះ​ទេ ស្រប​ពេល​ដែល​ប្រាក់​ខែ​របស់ខ្ញុំ ក៏ដូច​ជា​មន្ត្រី​រាជការ និង​គ្រូ​បង្រៀន​ទទួល​បាន​តិច​ស្រាប់​ទៅ​ហើយ​នោះ»។

មន្ត្រី​នគរបាល​ម្នាក់​ទៀត​ដែល​សុំ​លាក់​អត្តសញ្ញាណ​ដែរ​នោះ​ក៏​អះអាង ថា មាន​ការ​កាត់​ប្រាក់​ខែ​ដូច​គ្នា​នេះ​ដែរ​។ លោក​បាន​ប្រាប់​ឲ្យ​ដឹង​ថា៖ «អា​រឿង​កាត់​លុយ​និង​វា​ជា​រឿង​មួយ ចំណែក​ឯការ​ចំណាយ​លុយ​ខ្លួន​ឯង ជា​រឿង​មួយ​ទៀត ពេល​ដែល​ខ្ញុំ​ចុះ​ទៅ​មូលដ្ឋាន​ដើម្បី​ជួប​នឹង​សមាជិក​បក្សប្រជាជន។ ដូច្នេះ​ការ​ចំណាយ​ទៅ​វិញ វា​គ្មាន​តម្លាភាព​សោះ​។ ខ្ញុំ​មិន​ដឹង​ថា ថា្នក់​ដឹក​នាំ​យក​លុយ​ទាំង​អស់​នោះ​ទៅ​ណា​ទេ?»។

លោក​បាន​ប្រាប់​ឲ្យ​ដឹង​ទៀត​ថា បច្ចុប្បន្ន មាន​មន្ត្រី​នគរបាល​ប្រមាណ​ ៧០ ភាគរយ បាន​យក​ពេលវេលា និង​ម៉ោង​ធ្វើ​ការ​របស់​រដ្ឋ​ចុះ​ទៅ​ធ្វើ​ការងារ​បម្រើ​ឲ្យ​បក្ស​នៅ​តាម​មូលដ្ឋាន និង​បាន​ប្រើ​ប្រាស់​ធនធាន​របស់​អង្គភាព​ថែម​ទៀត​ផង ខណៈ​ដែល​ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់ កាន់​តែ​ខិតជិត​មក​ដល់។

មិន​អាច​សុំ​ការ​ពន្យល់​ពី​លោក នេត សាវឿន អគ្គ​ស្នងការ​នគរបាល​ជាតិ​បាន​ទេ កាលពី​ថ្ងៃ​ម្សិលមិញ ខណៈ​ដែល​លោក គៀត ច័ន្ទថារិទ្ធ មន្ត្រី​អ្នក​នាំពាក្យ​អគ្គស្នងការ​នគរបាលជាតិ​មិន​លើក​ទូរស័ព្ទ។

ទោះយ៉ាងណា លោក ខៀវ សុភ័គ មន្ត្រី​នំា​ពាក្យ​ក្រសួង​មហាផ្ទៃ បាន​បដិសេធ ចំពោះ​ការ​ចោទ​ប្រកាន់​នេះ ដោយ​ថ្លែង​ថា​ គណបក្ស​ប្រជាជន គ្មាន​គោលការណ៍​ណា​មួយ​ កាត់​ប្រាក់​ខែ​មន្ត្រី​រាជការ​នោះ​ទេ។ ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ លោក​បាន​គូស​បញ្ជាក់ថា​៖«​វាពិត​ជា​គ្មាន​គោលការណ៍​កាត់​លុយ​ចូល​បក្ស​បែប​នោះ​ទេ ប៉ុន្តែ​មាន​ការ​ស្ម័គ្រ​ចិត្ត​ដោយ​ខ្លួន​ឯង ហើយ​ពួក​គាត់ មាន​សិទ្ធិ​ក្នុង​ការ​ធ្វើ​នយោបាយ ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ»។

លោក សុន ឆ័យ តំណាងរាស្រ្ត​គណបក្ស​ សម រង្ស៊ី ​បាន​ថ្លែង​ថា ​មន្រ្តី​រាជការ​ស៊ីវិល បាន​ប្រឈម​នឹង​សម្ពាធ​ជាច្រើន ឲ្យ​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា។ លោក​ថ្លែងថា៖ «នេះ​ជា​បញ្ហា​ធំ​។ គណបក្ស​ប្រជាជន ​កំពុង​រុកកួន​មន្រ្តី​រាជការ ជា​ពិសេស​នគរបាល និង​គ្រូ​បង្រៀន​ ឲ្យ​ចូល​រួម​គណបក្ស​របស់​ពួកគេ។ ប្រសិន​បើ​គេ​មិន​ចូល​រួម ពួក​គេ​នឹង​មិន​ត្រូវ​បាន​ដំឡើង​តំណែង​ឡើយ»​។ លោក​បន្ថែម​ថា ពួកគេ​នឹង​ត្រូវ​កត់​សម្គាល់​ ហើយ​នឹង​ត្រូវ​ទទួល​រង​ការ​ប្រតិបត្តិ​អាក្រក់​បំផុត។

លោក​បន្ថែម​ថា​៖«ពួក​គេ​ក៏​ត្រូវ​បាន​បង្ខំ​ឲ្យ​បង់​ប្រាក់​ដែរ​។ ពួក​គេ​គ្មាន​ជម្រើស​ទេ។​ សម្ពាធ​ប្រភេទ​នេះ​បង្ក​ឲ្យ​មាន​សម្ពាធ​ជាច្រើន​លើ​ប្រព័ន្ធ។ រាល់​មន្រ្តី​រាជការ​ទាំង​អស់​ត្រូវ​បាន​បង្ខំ​ឲ្យ​រក​មធ្យោបាយ ផ្សេង​ទៀត ដើម្បី​រក​ប្រាក់​ចូលបក្ស​»

លោក អ៊ូ វីរៈ ប្រធាន​មជ្ឈមណ្ឌល​សិទិ្ធមនុស្ស​កម្ពុជា បាន​ថ្លែង​ថា ការ​ចោទ​ប្រកាន់​របស់​នគរបាល​មិន​មែន​ជា​រឿង​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ទេ​ ចំពោះ​លោក។ លោក​បាន​លើក​ឡើង​ថា៖ «​វា​មាន​ជា​ទូទៅ។ ខ្ញុំ​ដឹង​ពី​រឿង​ទាំង​នេះ​ដែល​កំពុង​កើត​ឡើង»។

លោក គល់ បញ្ញា ​នាយក​ប្រតិបតិ្ត​នៃ​គណៈកម្មាធិការ​ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា ហៅ​កាត់ ខុម ហ្វ្រែល បាន​ថ្លែង​ថា ​គណបក្ស​នយោបាយ ​មាន​សិទិ្ធ​ប្រមូល​ប្រាក់​ពី​សមាជិក ប៉ុន្តែ​កង្វះ​នៃ​គោលការណ៍​ផ្ទៃ​ក្នុង​ដែល​គូស​បញ្ជាក់​ពី​របៀប​ប្រមូល​ ប្រាក់ បាន​នាំ​ឲ្យ​មាន​បញ្ហា​នេះ។ ​លោក​​បញ្ជាក់​ថា៖ «​អ្នក​នយោបាយ​ត្រូវ​បង់​ប្រាក់​ ដើម្បី​ធ្វើ​យុទ្ធនាការ​ឃោសនា ប៉ុន្តែ​ពួក​គេ​ត្រូវ​កំណត់​ថា តើ​ចំនួន​ប៉ុន្មាន​ដែល​ពួក​គេ​គួរ​បង់។តើ[​សមាជិក]​មាន​កាតព្វកិច្ច​ឬ អត់​? ហើយ​កាតព្វ​កិច្ច​អ្វី? វា​មិន​ច្បាស់​​នោះ​ទេ។ ពួក​គេ​ត្រូវ​បង្កើន​តម្លាភាព»

No comments: