តុលាការដោះលែងសកម្មជនការពារសិទ្ធិមនុស្សលីកាដូ
2012-05-30
សកម្មជនការពារសិទ្ធិមនុស្សនៃអង្គការលីកាដូ លោក លាង សុខជឿន ត្រូវបានដោះលែងឲ្យមានសេរីភាពវិញហើយពីពន្ធនាគារខេត្តកណ្ដាល នៅក្រុងតាខ្មៅ នៅវេលាម៉ោង ១១ព្រឹក ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១២ ក្រោយពីបានជាប់ឃុំខ្លួនរយៈពេល ២ឆ្នាំ តាមសាលក្រមកាត់ទោសរបស់តុលាការខេត្តតាកែវ កន្លងមក។
ការដោះលែងនេះត្រូវបានសកម្មជនការពារសិទ្ធិមនុស្សជាតិ និងបរទេសចំនួនជាង ១០០នាក់ ទៅរង់ចាំស្វាគមន៍នៅមុខពន្ធនាគារនោះ។
លោក លាង សុខជឿន ត្រូវបានសកម្មជនការពារសិទ្ធិមនុស្សដទៃទៀត បានបំពាក់កម្រងផ្កាម្លិះ និងជូនបាច់ផ្កាពណ៌ក្រហម នៅពេលចេញពីពន្ធនាគារនៅក្រុងតាខ្មៅ ខេត្តកណ្ដាល ដោយបានពោលថា សូមអរគុណដែលបានមកសំដែងការគាំទ្រនៅពេលនេះ។
លោកបានមានប្រសាសន៍នៅមុខពន្ធនាគារថា លោកសប្បាយចិត្តខ្លាំងណាស់ដោយបានរួចចេញពីពន្ធនាគារវិញនៅពេលនេះ៖ «ប៉ុន្តែខ្ញុំតូចចិត្តដោយខ្ញុំមិនបានប្រព្រឹត្តនូវទោសកំហុសអ្វីសោះ តែត្រូវតុលាការចាប់ខ្ញុំដាក់គុកអស់រយៈពេល ២ឆ្នាំដោយអយុត្តិធម៌បំផុត ...នេះជាការសោកស្ដាយរបស់ខ្ញុំ។ បាទ! ពីរឆ្នាំនៅក្នុងគុក ខ្ញុំគ្មានបានអ្វីទទួលទេ មានតែការឈឺចាប់ និងឃើញទុក្ខលំបាករបស់អ្នកទោសនៅក្នុងពន្ធនាគារតែប៉ុណ្ណោះ។ ពួកគាត់មិនអាចមានរបបអាហារគ្រប់គ្រាន់ ឬក៏ទឹក មិនអាចប្រើប្រាស់គ្រប់គ្រាន់ មានបញ្ហាគាបសង្កត់ផ្លូវចិត្តខ្លះទៀតពីសំណាក់មន្ត្រី»។
ជាមួយគ្នានេះដែរប្រធានអង្គការការពារសិទ្ធិមនុស្សលីកាដូ លោកស្រី ពុង ឈីវកេក បានមានប្រសាសន៍នៅមុខពន្ធនាគារដែរថា ការជាប់ក្នុងពន្ធនាគាររបស់ លាង សុខជឿន កន្លងមកនេះ គឺជារឿងអយុត្តិធម៌ ដោយសារលោកមិនបានប្រព្រឹត្តទោសកំហុសដូចការចោទប្រកាន់នោះទេ។
លោកស្រី ពុង ឈីវកេក៖ «ថ្ងៃនេះ ជឿន បានចេញពីពន្ធនាគារ ដូច្នេះខ្ញុំមានការរីករាយណាស់ ប៉ុន្តែខ្ញុំនៅតែមានការតូចចិត្តណាស់ ដោយសារ ជឿន អត់បានធ្វើខុសអី ហើយ ជឿន ជាប់ទោស ២ឆ្នាំ ដោយអយុត្តិធម៌បំផុត។ អត់មានភស្តុតាងអី តែមួយគត់សោះ ដែលអាចចោទ ជឿន បាន ដូច្នេះការកាត់ទោស ជឿន នេះគឺជាអយុត្តិធម៌បំផុត។ យើងមានការសោកស្ដាយ ដូច្នេះយើងសូមបួងសួងទេវតាកុំឲ្យឃើញអយុត្តិធម៌អ៊ីចឹងទៀត ហើយយើងសុំសំណូមពរទៅតុលាការ សូមធ្វើម៉េចកុំឲ្យពួកខ្ញុំឃើញអយុត្តិធម៌ដូច្នេះទៀត»។
សកម្មជនការពារសិទ្ធិមនុស្សរបស់អង្គការលីកាដូ លោក លាង សុខជឿន ត្រូវបានតុលាការខេត្តតាកែវ បានផ្ដន្ទាទោសឲ្យជាប់គុក ២ឆ្នាំ នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១០ កន្លងទៅ ក្រោមបទចោទថា បាចត្រាក់នៅខេត្តតាកែវ ប្រឆាំងថ្ងៃរំដោះ ៧ មករា ឆ្នាំ១៩៧៩ ថា ជាថ្ងៃយួនឈ្លានពានកម្ពុជា។ លោកត្រូវបានផ្ទេរមកជាប់ក្នុងពន្ធនាគារនៅខេត្តកណ្តាល វិញ ដោយសារតែពន្ធនាគារនៅខេត្តតាកែវ ចង្អៀតណែន។
ចំណែកឯជនសង្ស័យចំនួន ៤នាក់ទៀតជាព្រះសង្ឃខ្មែរកម្ពុជាក្រោម ត្រូវបានតុលាការខេត្តតាកែវ ក៏បានកាត់ទោសឲ្យជាប់គុករវាង ២ឆ្នាំ ទៅ ៣ឆ្នាំ ក្រោមបទចោទដូចគ្នា។
ការដោះលែងលោក លាង សុខជឿន នៅពេលនេះ គឺក្រោយពេលដែលតុលាការកំពូលបានសំរេចតម្កល់សាលក្រមរបស់សាលាដំបូងខេត្តតាកែវ ចាត់ទុកជាបានការ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១២ កន្លងទៅនេះ។
ការដោះលែងនេះ ដោយសារតែលោក លាង សុខជឿន បានជាប់ពន្ធនាគារដល់កំណត់ទោស ២ឆ្នាំ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
Thursday, May 31, 2012
Subscribe to:
Post Comments (Atom)
1 comment:
Very happy for him to be release. Curse whoever done harm to him. We honor him and love for his contribution the fact to Cambodia people.That was the fact and the most people were opposite.The Khmer Rouge government or the current government did not want the truth to be reveal.Shame!!!!!
Post a Comment