ដោយ ហ៊ុំ ចំរើន 2012-06-28
កម្មករកម្មការិនីនៅរោងចក្រកាត់ដេរ តាយ យៀន (Tai Yang) រាប់ពាន់នាក់ បានប្រមូលផ្ដុំគ្នាតវ៉ា ដោយធ្វើកូដកម្មអហិង្សាមិនចូលធ្វើការ បន្ទាប់ពីថៅកែមិនព្រមទទួលយកសំណើរបស់ពួកគេ។
ប៉ុន្តែ រោងចក្របែរជាបិទប្រកាសរបស់សាលក្រមតុលាការខេត្តកណ្ដាល ដែលបង្គាប់កម្មករកម្មការិនីក្នុងសហគ្រាសនេះ ឲ្យចូលធ្វើការវិញ ដោយដាក់កំហិតក្នុងរយៈពេល៤៨ម៉ោង បើមិនដូច្នោះទេ រោងចក្រនឹងលុបពួកគេចេញពីបញ្ជីទៅវិញ។
តំណាងកម្មករបម្រើការនៅសហគ្រាសកាត់ដេរ តាយ យៀន ដែលមានរោងចក្រ តាយ យៀន ទី១ តាយ យៀន ទី២ និងខេមវែល (CAMWELL) លោកស្រី តុន មីនា បានឲ្យដឹងថា នៅព្រឹកថ្ងៃពុធ ទី២៧ ខែមិថុនា កម្មករប្រមូលផ្តុំគ្នាធ្វើកូដកម្មទាមទារឲ្យថៅកែដោះស្រាយទុក្ខ លំបាករបស់កម្មករមួយចំនួន។
ក្នុងការទាមទារនោះមានដូចជា ស្នើឲ្យក្រុមហ៊ុនទូទាត់ប្រាក់អត្ថប្រយោជន៍ផ្សេងៗ ជូនកម្មករ ចំពោះករណីថៅកែបានប្ដូរឈ្មោះក្រុមហ៊ុន។ ស្នើផ្ដល់សោហ៊ុយធ្វើដំណើរ និងថ្លៃស្នាក់នៅចំនួន ១៥ដុល្លារ ក្នុង ១ខែ។ ស្នើដំឡើងប្រាក់រង្វាន់ទៀងទាត់ ១៥ដុល្លារក្នុង ១ខែ។ ស្នើដំឡើងប្រាក់ថ្លៃទឹកដោះគោចំនួន ១៥ដុល្លារក្នុង ១ខែ និងសុំឲ្យក្រុមហ៊ុនកុំយកមុខតំណែង និងបច្ចេកទេសមកទូទាត់នៅរាល់ពេលកម្មករនិយោជិក និងថ្នាក់ដឹកនាំសហជីពសុំច្បាប់លើសពី ៣ថ្ងៃ ឡើងទៅ។
លោកស្រី តុន មីនា បានបញ្ជាក់ថា ក្រុមកម្មករមិនព្រមចូលធ្វើការតាមសេចក្ដីប្រកាសរបស់សាលក្រម តុលាការខេត្តកណ្ដាល ឡើយ។ ប្រសិនបើថៅកែរោងចក្រនៅតែរឹងរូស នឹងមិនបានដោះស្រាយឲ្យបានសមស្របតាមច្បាប់ការងាររបស់ប្រទេស កម្ពុជានោះ។
ទាក់ទងនឹងបញ្ហានេះ លោក ប៊ុត ធឿន ជំនួយការក្រុមហ៊ុនសហគ្រាសកាត់ដេរ តាយ យៀន បានចាត់ទុកការធ្វើកូដកម្មរបស់ក្រុមកម្មករថា ធ្វើឡើងខុសច្បាប់។ ហើយបានអះអាងថា ក្រុមហ៊ុនព្យាយាមកោះហៅតំណាងសហជីពទៅចូលរួមដោះស្រាយនៅមន្ទីរ ការងារជាច្រើនលើកមកហើយ តែតំណាងកម្មករមិនព្រមទៅតាមការអញ្ជើញ ទើបឈានចូលដល់ដំណាក់កាលនេះ។
ចំណែកឯអ្នកស្រី យ៉ាង សុភ័ណ្ឌ ប្រធានសម្ព័ន្ធសហជីពកម្ពុជា ដែលបានចុះផ្ទាល់ដល់មុខរោងចក្រ តាយ យៀន ទី១ តាយ យៀន ទី២ និង ខេមវែល អ្នកស្រី បានអះអាងថា ក្រុមកម្មករបានទុកឱកាសឲ្យក្រុមហ៊ុនអស់រយៈពេលជិត១សប្ដាហ៍មកហើយ តែក្រុមហ៊ុនគ្មានចេតនាក្នុងការកោះហៅក្រុមកម្មករទៅចរចាឡើយ។
កម្មករកម្មការិនីនៅសហគ្រាសកាត់ដេរ តាយ យៀន សរុបមានចំនួនប្រមាណ ៤ពាន់នាក់។ កម្មករបានឲ្យដឹងថា ពួកគេធ្លាប់បានធ្វើការតវ៉ាជាបន្តបន្ទាប់ ចាប់ពីដើមខែឧសភា ឆ្នាំ២០១២ រហូតមកដល់ថ្ងៃទី២៧ ខែមិថុនា។ ប៉ុន្តែ ថៅកែក្រុមហ៊ុនមួយនេះហាក់បីដូចមិនអើពើចំពោះការទាមទាររបស់ក្រុម កម្មករកម្មការិនីឡើយ។
ទោះជាយ៉ាងនេះក្ដី ក្រុមកម្មករបានសន្យាថា ពួកគេមិនចូលធ្វើការតាមដីកាបង្គាប់របស់តុលាការឡើយ បើទោះណាក្រុមហ៊ុននេះមិនបានដោះស្រាយឲ្យបានសមស្របតាមច្បាប់ ការងាររបស់ប្រទេសកម្ពុជា ទេនោះ ពួកគេនៅតែបន្តធ្វើកូដកម្មទាមទារតទៀត៕
No comments:
Post a Comment