Sunday, June 24, 2012

គ​.​ជ​.​ប​.៖ លទ្ធផល​បោះឆ្នោត​ផ្លូវការបោះឆ្នោតឃុំសង្កាត់ មាន ៧ គណបក្ស ទទួលអាសនៈ

(ថ្ងៃទី 24 មិថុនា 2012, ម៉ោង 04:44:PM) | ដោយ: សុខ ភក្តី
ភ្នំពេញ: ​លោក ទេព នីថា អគ្គលេខាធិការ គ​.​ជ​.​ប​. បាន​មានប្រសាសន៍​នៅ​រសៀល​ថ្ងៃ​ទី​២៤​មិថុនា ឆ្នាំ​២០១២​ថា ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ អាណត្តិ​ទី​៣ មាន​គណបក្ស​ចំនួន ៧ ទទួលបាន​អាសនៈ នៅក្នុង​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់ ទូទាំង​ប្រទេស​ចំនួន ១.៦៣៣ ឃុំ​សង្កាត់​។ ក្នុងនោះ គណបក្ស​ប្រជាជន​កម្ពុជា បាន​នាំមុខ​គេ ដោយ​ទទួល​តំណែង​ជា​មេឃុំ​ចៅសង្កាត់​នៅក្នុង​ឃុំ​សង្កាត់​ចំនួន ១.៥៩២ ឃុំ​សង្កាត់​។​
ថ្ងៃទី២៤មិថុនា ឆ្នាំ២០១២ ជាថ្ងៃដែល គ.ជ.ប. បានប្រកាសលទ្ធផលបោះឆ្នោតឃុំ​សង្កាត់ ជាផ្លូវការ។ សេចក្តីប្រកាសតាម​ទូរទស្សន៍​ជាតិ​កម្ពុជា ទ​.​ទ​.​ក​. វិទ្យុជាតិ AM 918 KHz និង​វិទ្យុជាតិ FM 96 MHz​ មន្ត្រីគ.ជ.ប. បាន​ប្រកាស​ពី​ចំនួន​សំឡេងឆ្នោត​របស់​គណបក្ស​នយោបាយ​និមួយៗ ចំនួន​អាសនៈ និង​តំណែង​ជា​មេឃុំ​ចៅសង្កាត់ ជំទប់​ទី​១ ជំទប់​ទី​២ ដែល​គណបក្ស​នយោបាយ ទទួល​បាន​ក្នុង​ឃុំ​សង្កាត់​មួយៗ និង​ក្នុង​ខេត្ត​និមួយៗ​។​
លោក ទេព នីថា បាន​មានប្រសាសន៍​ប្រាប់ CEN ថា លទ្ធផល​ផ្លូវការ​នៃ​ការបោះឆ្នោត​ឃុំ​សង្កាត់ អាណត្តិ​ទី​៣ បានបង្ហាញ​ថា គណបក្ស​ប្រជាជន​កម្ពុជា បានទទួល ៨.២៩២ អាសនៈ ដោយ​មាន​តំណែង​ជា​មេឃុំ​ចៅ​សង្កាត់​ចំនួន ១.៥៩២ ឃុំ​សង្កាត់​។ គណបក្ស​សមរង្ស៊ី បា​ទទួល ២.១៥៥ អាសនៈ និង​តំណែង​ជា​មេឃុំ​ចៅសង្កាត់ ចំនួន ២២ ឃុំ​សង្កាត់​។ គណបក្ស​សិទ្ធិមនុស្ស ទទួល​បាន​ចំនួន ៨០០ អាសនៈ និង​មេឃុំ​ចៅ​សង្កាត់​ចំនួន ១៨ ឃុំ​សង្កាត់​។ គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ចំនួន ១៥១ អាសនៈ និង​ឈ្នះ​បាន​មេឃុំ​ចៅ​សង្កាត់​ចំនួន ១​។ គណបក្ស​នរោត្តម​រណឫទ្ធិ ៥២ អាសនៈ​។ គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ ៨ អាសនៈ និង​គណបក្ស​សញ្ជាតិ​កម្ពុជា ទទួលបាន ១ អាសនៈ​។​
លោក​អគ្គលេខាធិការ ទេព នីថា បាន​បន្ថែមថា "​តាម​ច្បាប់​ស្តីពី​ការគ្រប់គ្រង​រដ្ឋបាល​ឃុំ​សង្កាត់ គឺ​ក្រសួង​មហាផ្ទៃ នឹង​ប្រកាស​សមាជិក​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ថ្មី ចូល​បំពេញការងារ ឬ​និយាយ​ថា គាត់​ចាប់ផ្តើម​បើក​សម័យប្រជុំ​លើកដំបូង យ៉ាងយូរ ១៤ ថ្ងៃ ក្រោយ​ថ្ងៃ​ប្រកាស​លទ្ធផល​ផ្លូវការ​នៃ​ការបោះឆ្នោត​នេះ​"​។​
សូម​ រម្លឹកថា គ​.​ជ​.​ប​. បាន​ប្រកាស​ពី​ចំនួន​អាសនៈ នៃ​ការបោះឆ្នោត​ឃុំ​សង្កាត់ អាណត្តិ​ទី​១ នៅ​ឆ្នាំ​២០០២ ដែល​មាន​គណបក្ស​ចំនួន ៨ បាន​ចូលរួម​ប្រកួតប្រជែង ហើយ​មាន​តែ​គណបក្ស ៤ ប៉ុណ្ណោះ ដែល​ទទួលបាន​អាសនៈ សរុប​ចំនួន ១១.២៦១ អាសនៈ​។​
ចំនួន​អាសនៈ របស់​គណបក្ស​នយោបាយ ដែល​ទទួលបាន​ពី​ការបោះឆ្នោត​ឃុំ​សង្កាត់ អាណត្តិ​ទី​១ នៅ​ឆ្នាំ​២០០២ រួមមាន​៖
-​គណបក្ស​ប្រជាជន​កម្ពុជា ចំនួន ៧.៧០៣ អាសនៈ​
-​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ចំនួន ២.២១១ អាសនៈ​
-​គណបក្ស សមរង្ស៊ី ចំនួន ១.៣៤៦ អាសនៈ​
-​គណបក្ស ប្រជាធិបតេយ្យ​ខ្មែរ ១ អាសនៈ​
.​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ អាណត្តិ​ទី​២ ឆ្នាំ​២០០៧៖​ ​
​ ចំណែក​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ នៅ​ឆ្នាំ​២០០៧ មាន​គណបក្សនយោបាយ​ចំនួន ១២ បាន​ចូលរួម​ប្រកួតប្រជែង ហើយ​មាន​គណបក្ស ៥ ប៉ុណ្ណោះ ដែល​ទទួលបាន​អាសនៈ សរុប​ចំនួន ១១.៣៥៣ អាសនៈ រួមមាន​៖
-​គណបក្ស​ប្រជាជន​កម្ពុជា ចំនួន ៧.៩៩៣ អាសនៈ​
-​គណបក្ស​សមរង្ស៊ី ចំនួន ២.៦៦០ អាសនៈ​
-​គណបក្ស នរោត្តម រណឫទ្ធិ ចំនួន ៤២៥ អាសនៈ​
-​គណបក្ស ហ្វ៊ុន​ស៊ិនប៉ិច ចំនួន ២៧៤ អាសនៈ​
-​គណបក្ស​ហង្ស​ដា​រ៉ា​ចលនា​ប្រជាធិបតេយ្យ ចំនួន ១ អាសនៈ​។​
ដោយឡែក​សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ អាណត្តិ​ទី​៣ កាលពី​ថ្ងៃ​ទី​៣​មិថុនា ឆ្នាំ​២០១២ មាន ១០ គណបក្ស​ចូលរួម​ប្រកួតប្រជែង ដើម្បី​ដណ្តើម​អាសនៈ​ឃុំ​សង្កាត់​សរុប​ចំនួន ១១.៤៥៩ រូប នៅក្នុង​ឃុំ​សង្កាត់​សរុប ១.៦៣៣ ឃុំ​សង្កាត់ ទូទាំង​ប្រទេស​។ ក្នុងនោះ មានតែ​គណបក្ស ៧ ប៉ុណ្ណោះ ដែល​ទទួលបាន​អាសនៈ នៅ​ឃុំ​សង្កាត់ អាណត្តិ​ទី​៣៕​

3 comments:

Anonymous said...

នៅពេលណាគណបក្សកាន់អំណាចទទួលបានជោគ
ជ័យ នៅតាមកញ្ចក់ទូរទស្សន៍ស្ទើរតែទាំងអស់ព្រង
ព្រាតផ្សព្វផ្សាយព័ត៌មាន ផ្ទុយទៅវិញឱកាសដែល
សាលាក្ដីខ្មែរក្រហម លើកសាវនាការស្ដីពីករណី
នួនជា តិះដៀលជេរយួន ស្រាប់តែត្រូវផ្អាកការផ្សាយ
ផ្ទាល់ក្នុងស្ថានីយ៍ទូរទស្សន៍ ពួកគណបក្សកាន់អំណាច
ពិតជាឆ្លាតមែន តែពលរដ្ឋខ្មែរបានយល់ដឹងអស់ហើយ
រឿងហេតុទាំងឡាយនោះ៕

Anonymous said...

អា គ ជ ប បំរើបក្សប្រជាជនកុម្មុយនិស្តបីអាណត្តិ
មកហើយ ដូច្នេះរាស្ត្រ និង បក្សដទៃទៀត
ឃើញខ្នងអា គ ជ ប នេះហើយ។
ដូច្នេះ រាស្ត្រ និងបក្សឯទៀតត្រូវតែទម្លាក់វាចោល
ហើយកុំរើសពួកវាណាមួយមកធ្វើការនៅទីនេះ
ទៀតជារៀងរហូត។

Anonymous said...

Ah Tep nitha ,ah Um sua sdey chea kon Me Somphoeurng Youn Kbal Monche.