Saturday, June 23, 2012

បង្គោល​ព្រំដែន​គោក​កម្ពុជា​-​វៀតណាម លេខ ៣១៤ បើកសម្ពោធ នៅ​ព្រឹក​ថ្ងៃអាទិត្យ ក្រោម​វត្តមាន​របស់​នាយករ​ដ្ឋ​មន្ត្រី​

(ថ្ងៃទី 23 មិថុនា 2012, ម៉ោង 03:15:PM) | ដោយ: CEN
ភ្នំពេញ: បង្គោល​ព្រំដែន​គោក កម្ពុជា និង​វៀតណាម លេខ ៣១៤ នៅ​ចុង​ព្រំប្រទល់​រវាង​ខេត្តកំពត និង​ខេត្ត​កៀន​យ៉ាង របស់​ប្រទេស​វៀតណាម នឹងត្រូវ​បើកសម្ពោធ​ជា​ផ្លូវការ នា​ព្រឹក​ថ្ងៃអាទិត្យ ទី​២៤​មិថុនា ឆ្នាំ​២០១២ ដោយមាន​នាយករដ្ឋមន្ត្រី​ប្រទេស​ទាំងពីរ​ចូលរួម​។​
បង្គោល​ព្រំដែន​គោក លេខ ៣១៤ គឺជា​បង្គោល​ព្រំដែន ដែលមាន​សារៈសំខាន់​ក្នុងការ​កំណត់ព្រំដែន​សមុទ្រ ពីព្រោះ​ប្រទេស​ទាំងពីរ កម្ពុជា និង​វៀតណាម បាន​ឯកភាពគ្នា យក​បង្គោល​ព្រំដែន​គោក​លេខ​៣១៤ ដើម្បី​ឈានទៅដល់​ការព្រមព្រៀង​ជាមួយគ្នា បោះបង្គោល​ព្រំដែន​សមុទ្រ​។
បង្គោល​ព្រំដែន​លេខ ៣១៤ ជា​បង្គោល​ព្រំដែន​ចុងក្រោយបង្អស់ នៃ​ខ្សែ​ព្រំដែន​គោក​កម្ពុជា និង​វៀតណាម នៅ​ចំណុច​ឆ្នេរសមុទ្រ​ខេត្ដ​កំពត និង​គៀន​យ៉ាង​។ នេះ​ជា​ពិធី​សម្ពោធ លើក​ទី​២ បន្ទាប់ពី​ការសម្ពោធ​បង្គោល​ព្រំដែន​លេខ ១៧១ នៅ​ច្រកទ្វារព្រំដែន​អន្ដរជាតិ បាវិត និង​ម៉ុក​បាយ កាលពី​ឆ្នាំ​២០០៦ ដែលជា​ការចាប់ផ្តើម​ដំណើរការ​បោះបង្គោល​ព្រំដែន​គោក​ដ៏​ចម្រូងចម្រាស់​រវាង​ កម្ពុ​ជា និង​វៀតណាម លើ​បណ្តោយ​ព្រំដែន​ប្រវែង ១២៧០ គីឡូម៉ែត្រ​។​
សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា និង នាយករដ្ឋមន្ត្រី វៀតណាម​លោក ង្វៀន តាន់ យ៉ុង នឹង​ធ្វើជា​អធិបតី​ក្នុង​ពិធី​សម្ពោធ​បង្គោល​ព្រំដែន​លេខ​៣១៤ ដែល​ស្ថិតនៅ​ចុង​ព្រំប្រទល់​រវាង​ខេត្តកំពត​(​កម្ពុជា ) និង​ខេត្ត កៀន​យ៉ាង (​ប្រទេស​វៀតណាម​) នៅ​ព្រឹក​ថ្ងៃអាទិត្យ​ស្អែក​នេះ​។​
ការសម្ពោធ​ បង្គោល​ព្រំដែន​លេខ​៣១៤ នាពេលនេះ ពុំ​មានន័យថា​ជាការ​សម្ពោធ​ការចាប់ផ្ដើម​បោះបង្គោល​ហើយ ក៏​មិនមែនជា​ការសម្ពោធ​បញ្ចប់​ការងារ​បោះបង្គោល និង​ខណ្ឌសីមា​ព្រំដែន​រវាង​ប្រទេស​យើង​ទាំងពីរ​ទាំងស្រុង​នោះទេ ពីព្រោះ​នៅមាន​ការងារ​សេសសល់​មួយចំនួនទៀត ដែល​ត្រូវ​បន្ដ​អនុវត្ដ​រហូតដល់​កិច្ចការ​ទាំងអស់ ត្រូវបាន​បញ្ចប់​ជា​ស្ថាពរ នា​បំណាច់​ឆ្នាំ​២០១២៕​

No comments: