អ្នកបឹងកក់និងកូនៗរបស់អ្នកតំណាងដែលជាប់ឃុំ ផ្តុំគ្នាតវ៉ានៅមុខព្រឹទ្ធសភា។ រូបថត វីរៈ ម៉ៃ |
Monday, 11 June 2012
ឃុត សុភចរិយា-ឆាយ ច័ន្ទនីដា
The Phnom Penh Post
«ខ្ញុំ ត្រូវបង្ខំចិត្តឈប់រៀនដោយខ្លួនឯង ដើរតវ៉ាសុំឲ្យគេដោះលែងម្តាយ ព្រោះបើទៅរៀនក៏គ្មានន័យអីដែរ បើម្តាយជាប់ឃុំ» - កុមារី ឃិន ចរិយា អាយុ១២ឆ្នាំភ្នំពេញៈ ប្ដីនិងកូនៗស្ត្រីនៅតំបន់បឹងកក់ ពលរដ្ឋមកពីសហគមន៍នានា និងក្រុមអង្គការសង្គមស៊ីវិលប្រមាណជាង២០០នាក់ កាលពីម្សិលមិញ បានប្រមូលផ្ដុំគ្នានៅមុខពន្ធនាគារព្រៃស ដើម្បីគាំទ្រនិងលើកទឹកចិត្តដល់ម្ដាយនិងតំណាងខ្លួនដែលជាប់ឃុំក្នុងពន្ធនាគារព្រោះតែការតវ៉ាក្នុងជម្លោះដីធ្លីមិនទាន់ដោះស្រាយ និងអំពាវនាវរកអន្តរាគមន៍ឲ្យមានការដោះលែងអ្នកទាំងនោះ។
នេះជាលើកទីពីរ បន្ទាប់ក្រុមអ្នកបឹងកក់ បានទៅប្រមូលផ្ដុំគ្នានៅមុខពន្ធនាគារព្រៃស ចាប់ពីថ្ងៃទី២៤ ខែឧសភា ដែលស្ត្រីតំណាងអ្នកភូមិ១៣នាក់ ត្រូវតុលាការភ្នំពេញកាត់ទោសឲ្យជាប់ពន្ធនាគារក្នុងម្នាក់ៗ ពីមួយឆ្នាំទៅពីរឆ្នាំកន្លះ និងពីរនាក់ទៀតត្រូវចាប់បញ្ជូនមកឃុំនៅក្នុងពន្ធនាគារនេះ រង់ចាំការជំនុំជម្រះ។
នៅមុខពន្ធនាគារព្រៃស ខណៈកុមារាកុមារី ជាកូនៗរបស់ស្ត្រីក្នុងសហគមន៍បឹងកក់បានទ្រហោយំ និងស្រែកច្រៀងរៀបរាប់ពីទឹកចិត្តម្ដាយរបស់គេ ដែលបានព្យាយាមតស៊ូមតិ ដើម្បីការពារដីនិងផ្ទះសម្រាប់គ្រួសារនិងសហគមន៍ ហើយត្រូវអាជ្ញាធរចាប់ខ្លួនផ្ដន្ទាទោសទាំង«អយុត្តិធម៌» នោះ។ លោក អ៊ូ គង់ជា ដែលត្រូវជាប្ដីរបស់អ្នកស្រី ទេព វន្នី បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ពួកគាត់នឹងធ្វើការតស៊ូមតិ តាមការត្រួសត្រាយរបស់ភរិយា និងតំណាងរបស់ខ្លួនបន្តទៀត រហូតមានដំណោះស្រាយដោយយុត្តិធម៌ និងតម្លាភាព។
លោកបានថ្លែងថា៖«ថ្វីបើពួកគាត់ត្រូវគេបង្ខាំងនៅក្នុងពន្ធនាគារ ប៉ុន្តែ ការតវ៉ាការពារសិទ្ធិលំនៅដ្ឋានរបស់សហគមន៍បឹងកក់យើងខ្ញុំ នឹងមិនបញ្ចប់ឡើយ»។
កុមារី ហេង ស្រីល័ក្ខ អាយុ១៣ឆ្នាំ ត្រូវជាកូនស្រីរបស់អ្នកស្រី ហេង មុំ បាននិយាយថា ម្ដាយនិងអ្នកភូមិផ្សេងទៀត ត្រូវអាជ្ញាធរចាប់ខ្លួនជាច្រើនដង ហើយត្រូវតុលាការរាជធានីកាត់ទោសដាក់ពន្ធនាគារទាំង «អយុត្តិធម៌» បំផុត។
នាងនិយាយថា៖ «ខ្ញុំគិតថា ម្ដាយខ្ញុំនិងអ្នកភូមិខ្ញុំទាំងអស់គ្មានកំហុសអ្វីទេ ព្រោះពួកគាត់តវ៉ាការពារដីនិងផ្ទះរបស់ខ្លួន និងសហគមន៍យើងតែប៉ុណ្ណោះ»។
អ្នកស្រី យ៉ោម បុប្ផា តំណាងរបស់អ្នកបឹងកក់ បាននិយាយថា នៅក្នុងការជួបជុំរបស់សហគមន៍បឹងកក់នាព្រឹកម្សិលមិញនេះ ពួកគាត់ក៏បានបង្ហោះប៉េងប៉ោងដែលមានសារថា «សុំដោះលែងតំណាងពួកយើងឲ្យមានសេរីភាពវិញមក»។
អ្នកស្រីថា៖«អ្នកបឹងកក់នឹងមិនចុះញ៉ម ចំពោះអំពើអយុត្តិធម៌ទេ យើងនឹងរួមគ្នាក្រោកតស៊ូ ដើម្បីភាពស្អាតស្អំនិងយុត្តិធម៌សម្រាប់សហគមន៍និងសង្គមកម្ពុជាទាំងមូល»។
ក្រុមកុមារនិងពលរដ្ឋបឹងកក់ទាំងនេះពីថ្ងៃសុក្រ បានអះអាងដែរថា នឹងដាក់ញត្តិថ្វាយព្រះមហាក្សត្រ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ជាថ្មីទៀតនាថ្ងៃទី១១ មិថុនានេះ ដើម្បីទូលសុំអន្តរាគមន៍ពីព្រះអង្គ ឲ្យដោះលែងស្ត្រីនិងអ្នកតំណាង១៥នាក់ ដែលជាប់ឃុំនៅព្រៃសជាថ្មី។
អ្នកស្រី បូ ឆវី តំណាងអ្នកបឹងកក់បានអះអាងយ៉ាងនេះ ក្រោយពីប្រជាពលរដ្ឋ និងក្មេងៗជាង១០០នាក់នៅតំបន់បឹងកក់ ទៅផ្តុំគ្នានៅមុខព្រឹទ្ធសភា ពីថ្ងៃសុក្រ ដាក់ញត្តិស្នើសុំឲ្យមានការដោះលែង តំណាងទាំង១៥នាក់់ និងបន្តទៅដាក់ញត្តិនៅស្ថានទូតជប៉ុនផងដែរ។
អ្នកស្រី បូ ឆវី ថ្លែងថា ៖ «យើងមិនអាចនៅស្ងៀមបានទេ យើងត្រូវការឲ្យម្តាយកូនៗនោះ មានសេរីភាពវិលមកថែទាំពួកគេវិញ។ យើងបានដើរដាក់ជាច្រើនស្ថាប័នរដ្ឋ និងអង្គការ ស្ថានទូតមួយចំនួន ហើយសង្ឃឹមថា ស្ថាប័នទាំងនោះនឹងជួយនិយាយឲ្យរដ្ឋាភិបាលកម្ពុជាអន្តរាគមន៍ដោះលែងអ្នកទាំង១៥រូប»។
គម្រោងដាក់ញត្តិថ្វាយព្រះមហាក្សត្រជាថ្មី គឺបន្ទាប់ពីព្រះបរមរាជវាំងទទួល ញត្តិពីលោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជា ថ្វាយទ្រង់ពីថ្ងៃទី៧ ខែមិថុនា ទូលសុំព្រះអង្គជួយអន្តរាគមន៍ឲ្យមានការដោះលែងពលរដ្ឋបឹងកក់ដែលជាប់ពន្ធនាគារឲ្យមានសេរីភាពវិញ។
តែអ្នកស្រី ឆវី ថា ៖ «ទោះបីលោក រ៉ុង ឈុន បានដាក់ថ្វាយហើយក៏ដោយ ក៏យើងមិនទាន់អស់ចិត្តដែរ ព្រោះញត្តិពលរដ្ឋ ព្រះបរមរាជវាំងមិនទទួល។ យើងត្រូវតែដាក់ផ្ទាល់ ព្រោះយើងជាអ្នករងគ្រោះនៅបឹងកក់នេះ»។
កុមារី ឃិន ចរិយា អាយុ១២ឆ្នាំ រៀននៅបឋមសិក្សាបាក់ទូក កូនស្រីរបស់ស្ត្រីជាប់ឃុំឈ្មោះ តុល ស្រីពៅ និយាយ ថា ៖ «ខ្ញុំត្រូវបង្ខំចិត្តឈប់រៀនដោយខ្លួនឯង ដើរតវ៉ាសុំឲ្យគេដោះលែងម្តាយ ព្រោះបើទៅរៀនក៏គ្មានន័យអីដែរ បើម្តាយជាប់ឃុំ»។ នាងបន្តថា ម្តាយនាងនិងអ្នកតំណាងឯទៀតនៅរងទុក្ខក្នុងពន្ធនាគារ។
លោក អំ សំអាតទីប្រឹក្សាជាន់ខ្ពស់ផ្នែកបច្ចេកទេសថ្លែងថា រដ្ឋាភិបាលគួរតែព្យាយាមដោះស្រាយបែងចែកព្រំដីដែលផ្តល់ដោយអនុក្រឹត្យដល់ពលរដ្ឋទាំងនោះ គឺមិនមែនទៅចាប់ពលរដ្ឋដាក់គុក ទុកឲ្យ កូនៗ គេរស់នៅកំព្រាម្តាយឡើយ។
លោកថា៖ «យើងព្រួយបារម្ភចំពោះការសិក្សារបស់ក្មេងៗ នេះជាការប៉ះពាល់មួយ ដែលគេជាធនធានមនុស្សសម្រាប់ប្រទេស តែបែរជារឿងដីធ្លីមិនទាន់ដោះស្រាយចប់ ត្រូវចាប់ម្តាយគេដាក់គុក។ នោះ គឺប៉ះពាល់ដល់កុមារ»។
លោក ឡុង គឹមហ៊ាងមន្ត្រីព័ត៌មានក្រុមការងារពិសេសសិទ្ធិលំនៅដ្ឋាន ពីល្ងាច មិញប្រាប់ថា ស្រ្តីអ្នកបឹងកក់ជាប់ឃុំបួននាក់អះអាងថា គេនឹងធ្វើកូដកម្មតវ៉ាអត់អាហារនៅក្នុងពន្ធនាគារ។ លោកថា ស្ត្រីបួននាក់នោះមានអ្នកស្រី គង់ ចាន់ថា ឆេង- លាភ ទេព វន្នី និង សុង ស្រីលាភ។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី ថ្លែងថា រដ្ឋាភិបាលបានអនុវត្តការងារខ្លួនចប់ហើយ លើរឿងបឹងកក់ គឺការកាត់ដីជូនពលរដ្ឋ ឯការអនុវត្ត គឺខាងសាលារាជធានី ជាអ្នកកំណត់ព្រំដី។ លោកថ្លែងថា៖ «រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យកាត់ដីរួចហើយ រួចមានផែនទីទៀតផង ហេតុអ្វីនៅមានបញ្ហាទៀត»។ ចំណែករឿងជាប់ឃុំ លោកបានតបថា ជារឿងរបស់តុលាការ ដែលហួសពីដៃរដ្ឋាភិបាលហើយ។
កាលពីថ្ងៃសុក្រដែរ អ្នកចាត់ការទូទៅនៅសាកលវិទ្យាល័យបញ្ញាសាស្ត្របាន បិទកម្មវិធីបទបង្ហាញពីផលប៉ះពាល់នៃការការពារដីធ្លី ព្រៃឈើ និងធនធានធម្មជាតិ ពីសហគមន៍បឹងកក់និងសហគមន៍ព្រៃឡង់ ដោយសំអាង ថា កម្មវិធីនេះនឹងបង្កឲ្យមានបញ្ហាដល់ការវិនិយោគលើវិស័យអប់រំ៕
No comments:
Post a Comment