Wednesday, June 20, 2012

តស៊ូឡើង រឹងមាំឡើងក្មួយ ដើម្បីអ្នកម្តាយរួចផុតពីអំពើអយុត្តិធម៌

កុមារ​ភូមិ​បឹងកក់ ផ្ញើ​សារ​ឲ្យ​សាលាឧទ្ធរណ៍​បើកសវនាការ​ដោះលែង​ម្តាយ​ពួកគេ ដោយ​គ្មាន​លក្ខខណ្ឌ​

(ថ្ងៃទី 20 មិថុនា 2012, ម៉ោង 04:33:PM) | ដោយ: រតនា

ភ្នំពេញ: ក្រុម​ពលរដ្ឋ និង​កុមារ​ជា​កូន​របស់​ស្ត្រី​បឹងកក់​ទាំង ១៣​នាក់ ដែល​កំពុង​ជាប់ពន្ធនាគា​ព្រៃ​ស ចាប់តាំងពី​ថ្ងៃទី​២៤ ខែឧសភា ក្នុង​ជម្លោះដីធ្លី​នៅ​បឹងកក់​នោះ បាន​ប្រមូល​ផ្តុំគ្នា​ជាថ្មី​ម្តងទៀត​នៅមុខ​សាលាឧទ្ធរណ៍ កាលពី​ព្រឹក​ថ្ងៃទី​២០ ខែមិថុនា ដោយ​ទាមទារ​ឲ្យ​មានការ​ដោះលែង​ម្តាយ​របស់​ពួកគេ​ទាំងអស់​ចេញពី​ពន្ធនាគារ ដោយ​គ្មាន​លក្ខខណ្ឌ​អ្វី​ទាំងអស់​។​ ក្នុងការ​ទាមទារ​ខាងលើ ក្រុម​កុមារ​ទាំងនោះ​សើ្ន​ឲ្យ​សាលាឧទ្ធរណ៍​ប្រកាន់​នូវ​ភាពយុត្តិធម៌ ដោះលែង​ម្តាយ​ពួកគេ ពីព្រោះ​ពួកគេ​ត្រូវការ​ម្តា​យមក​រស់នៅ​ជាមួយ​។​ ចំណែកឯ​ស្ត្រី​ម្នាក់ តំណាង​អ្នកភូមិ​បឹងកក់ បាន​និយាយថា ពួគគាត់​ដែលជា​ពលរដ្ឋ​បឹងកក់ មក​នៅមុខ​សាលាឧទ្ធរណ៍​ពេលនេះ គឺ​មក​អង្គុយ​ស្ងាត់ស្ងៀម ដោយ​គ្រាន់តែ​លើក​បដា ដើម្បី​ជំរុញ​សាលាឧទ្ធរណ៍​ឲ្យ​បើកសវនាការ លើ​បណ្តឹងទាស់​របស់​ពលរ​ដ្ឋ​បឹងកក់​ទាំង ១៣ នាក់​នោះ ឲ្យ​បាន​ឆាប់ នៅ​ថ្ងៃទី​២៧ ខែមិថុនា ឲ្យ​មាន​យុត្តិធម៌ "​ជញ្ជីង​យុត្តិធម៌​ត្រូវតែ​ថ្លឹង​ឲ្យ​បាន​ស្មើ​"​។​ ​ស្ត្រី​តំណាង​ រូបនោះ​បញ្ជាក់ថា “​ពួក​ខ្ញុំ​ពលរដ្ឋ​បឹងកក់ ជំរុញ​ឲ្យ​សាលាឧទ្ធរណ៍ ដែល​បើកសវនាការ​ថ្ងៃទី​២៧ ខែមិថុនា ត្រូវតែ​ដោះលែង​ស្ត្រី​បឹងកក់​ទាំង ១៣ នាក់​នោះ ឲ្យ​មាន​សិទ្ធិសេរីភាព​វិញ ដោយ​គ្មាន​លក្ខខណ្ឌ​អី​ទាំងអស់​” ដោយ​សង្ឃឹមថា សាលាឧទ្ធរណ៍​នឹងមិន​ធ្វើ​ដូច​សាលាដំបូង​រាជធានី​ភ្នំពេញ​ទេ​។​ សូមបញ្ជាក់ថា កុមារ និង​ពលរដ្ឋ​បឹងកក់ ដែល​មក​តវ៉ា​នៅមុខ​សាលាឧទ្ធរណ៍ នៅ​ថ្ងៃទី​២០ ខែមិថុនា​នេះ ពួកគាត់​មិនបាន​ស្រែក​តវ៉ា​ខ្លាំង​ទេ គឺ​ពួកគាត់​មក​អុជ​ធូប និង​មក​លើក​បដា ដែលជា​សារ​មួយ​បញ្ជូនទៅ​សាលាឧទ្ធរណ៍ ឲ្យ​បើកសវនាការ​នៅពេល​ខាងមុខ ប្រកបដោយ​ភាពយុត្តិធម៌​បំផុត​សម្រាប់​ស្ត្រី​ទាំង ១៣​នាក់ ដែល​កំពុង​ជាប់ពន្ធនាគារ​ព្រៃ​ស គឺ​ត្រូវតែ​ដោះលែង​ពួកគាត់​ដោយ​គ្មាន​លក្ខខណ្ឌ​អ្វី​ទាំងអស់​៕ K​

1 comment:

Anonymous said...

អ្នកទាំង ១៣ នាក់ជាម្ដាយនៃកុមារទាំងអស់នេះ
គ្មានកំហុសអ្វីសោះ តែអ្នកដឹកនាំចោទថា បាន
ប្រឆាំងនឹងរដ្ឋការទៅវិញ។
នេះជាអំពើលាមករបស់ជនផ្ដាច់ការ ហ៊ុន សែន
និងអ្នកក្រោមបញ្ជារបស់ហ៊ុន សែន រំលោភដោយ
បំពានទៅលើសិទ្ធរបស់រាស្ត្រ។
ជនផ្ដាច់ការរបស់ ហ៊ុន សែន ថ្ងៃណាមួយនឹង
ត្រូវរាស្ត្រសម្លាប់ ហើយនឹងមានឈ្មោះថា
ជាមនុស្សក្បត់ជាតិរហូតរាប់ពាន់ឆ្នាំ៕