ស្ត្រីខ្មែររកចំណូលបាន ៧៥សេនដុល្លារក្នុងមួយថ្ងៃ ...
ខណៈដែលជំទាវស្រីធុំ រកប្រាក់រាប់លាន ដុល្លារ ចួលក្នុងមួយថ្ងៃ ចាយ តចៅ
ស្ត្រីកម្ពុជារកចំណូលបាន ៧៥សេនដុល្លារ ខណៈដែលបុរសរកចំណូលបាន ១ដុល្លារក្នុងមួយថ្ងៃ
ថ្ងៃទី 18 មិថុនា 2012
ដោយ: រតនា
Cambodia Express News
ភ្នំពេញ: លោក អេនឌ្រូវ ម៉េសុន អ្នកដឹកនាំសរសេររបាយការណ៍ នៃធនាគារពិភពលោក បាននិយាយថា ដូចខ្ញុំបានធ្វើបទបង្ហាញថា ប្រទេសមួយចំនួនក្នុងតំបន់ (អាស៊ី) នៅតែប្រឈមនឹងបញ្ហាយែនឌ័រ និងការអប់រំជាមូលដ្ឋាន ហើយប្រទេសកម្ពុជា គឺជាប្រទេសមួយក្នុងចំណោមនោះ។ លោកបានលើកឡើងបែបនេះ នៅក្នុងសន្និសីទកាសែតវីដេអូខនហ្វឺរឹនពីទីក្រុងបាងកក ប្រទេសថៃ ជាមួយធនាគារពិភពលោកប្រចាំនៅកម្ពុជា កាលពីវេលាម៉ោង ១១ ដល់ម៉ោង ១២ ថ្ងៃត្រង់ នាថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១២។
លោក អេនឌ្រូវ ម៉េសុន (Andrew Mason) បានលើកឧទាហរណ៍នៅក្នុងកម្រិតមធ្យមសិក្សា យើងបានឃើញថា មានតែយុវនារីចំនួន ៨៥ ភាគរយប៉ុណ្ណោះ បានចូលរៀន បើធៀបនឹងចំនួនយុវជន ដូច្នេះនៅមានគម្លាតនៃការអប់រំដែលត្រូវបំពេញ។
លោកបន្តថា ដូចនៅប្រទេសថៃដែរ យើងបានឃើញមានកម្លាំងពលកម្មស្ដ្រីខ្ពស់ខ្លាំងក្នុងការងារនៅប្រទេសកម្ពុជា ហើយយើងក៏ឃើញស្ដ្រីមានចំនួនច្រើនខ្លាំងដែរ ក្នុងការងារកសិកម្មប្រចាំគ្រួសារ និងក្នុងវិស័យសេដ្ឋកិច្ចផងដែរ។ ស្ដ្រីនៅប្រទេសកម្ពុជារកប្រាក់ចំណូលបាន ៧៥ សេន ក្នុងមួយថ្ងៃ នៅពេលដែលបុរសរកបាន ១ ដុល្លារ ដូច្នេះនៅមានគម្លាតក្នុងការទទួលបានប្រាក់ចំណូលផងដែរ។
ជាមួយគ្នានេះ អ្នកស្រី រីណា បាឌីយ៉ានី (Reena Badiani) មានប្រសាសន៍ថា ស្ដ្រីប្រឈមគ្រោះថ្នាក់ច្រើនជាងបុរស ចំពោះអំពើជួញដូរមនុស្ស។
របាយការណ៍ថ្មីមួយរបស់ធនាគារពិភពលោក បានបង្ហាញថា ខណៈដែលសមភាពយែនឌ័រមានការកើនឡើងនៅទូទាំងតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក គម្លាតជាច្រើននៅតែកើតមាននៅក្នុងតំបន់សំខាន់ៗមួយចំនួន។ របាយការណ៍ដែលមានចំណងជើងថា “ឆ្ពោះទៅរកសមភាពយែនឌ័រនៅក្នុងតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក” បានអោយដឹងថា ការលើកកម្ពស់លទ្ធភាពរបស់ស្ដ្រីឲ្យទទួលបានការងារ និងកាលានុវត្តភាពសេដ្ឋកិច្ច អាចបង្កើតផលិតភាពយ៉ាងច្រើននៅក្នុងតំបន់។
លោកស្រី ផាមេឡា អនុប្រធានធនាគារពិភពលោក ប្រចាំតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក បានធ្វើការកត់សម្គាល់ថា “ការលុបបំបាត់វិសមភាព នៃកាលានុវត្តភាពក្នុងការចូលរួមក្នុងសកម្មភាពសេដ្ឋកិច្ច អាចបង្កើនផលិតភាពរបស់កម្មករនៅក្នុងតំបន់ ពី ៧ ភាគរយ ដល់ ១៨ ភាគរយ។ សកម្មភាពនេះ មានឥទ្ធិពលយ៉ាងច្រើន ចំពោះកំណើនសេដ្ឋកិច្ច និងការកាត់បន្ថយភាពក្រីក្រ។ ដូច្នេះការពង្រឹងសិទ្ធិអំណាចសេដ្ឋកិច្ចរបស់ស្ដ្រី មិនមែនត្រឹមតែជារឿងត្រឹមត្រូវដែលត្រូវធ្វើនោះទេ ក៏ប៉ុន្តែវាជារឿងដែលឆ្លាតវៃត្រូវធ្វើ”។
របាយការណ៍នេះ (ដែលបានទទួលការគាំទ្រពីទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិប្រទេសអូស្ដ្រាលី) កំពុងត្រូវបានផ្សព្វផ្សាយដោយក្រុមជំនាញផ្នែកយែនឌ័រ របស់ធនាគារពិភពលោក នៅទីក្រុងបាងកក។ ក្រុមនេះកំពុងតែពិភាក្សាជាមួយអ្នកតាក់តែងគោលនយោបាយ សង្គមស៊ីវិល និងមេដឹកនាំដែលមានគំនិតយោបល់ល្អៗ ស្ដីអំពីយែនឌ័រ និងរបៀបវារៈអភិវឌ្ឍន៍ ព្រមទាំងកំពុងពិភាក្សាអំពីការជ្រើសរើសគោលនយោបាយ ដើម្បីលើកកម្ពស់សមភាពយែនឌ័រ និងជំរុញការអភិវឌ្ឍឲ្យកាន់តែមានប្រសិទ្ធភាពជាងនេះ។
លោកស្រី អាណែត ឌីកសុន នាយកប្រចាំប្រទេស របស់ធនាគារពិភពលោកប្រចាំតំបន់អាស៊ីអាគ្នេយ៍ បានមានប្រសាសន៍ថា “ធនាគារពិភពលោកបានប្ដេជ្ញាចិត្តគាំទ្រដល់ប្រទេសនានា ក្នុងការដោះស្រាយបញ្ហានានា ដែលស្ដ្រីជួបប្រទះក្នុងការទទួលបាននូវលទ្ធភាពចាប់យកកាលានុវត្តភាពសេដ្ឋកិច្ច ទាំងទាក់ទងទៅនឹងការពង្រឹងជំនាញក្នុងការរកប្រាក់ចំណេញ ការបង្កើនលទ្ធភាពរបស់ស្ដ្រី ដើម្បីទទួលបានដីធ្លី និងមូលធន ឬការបង្កើនសំឡេង និងឥទ្ធិពលរបស់ស្ដ្រីនៅក្នុងសង្គម”៕
No comments:
Post a Comment