Tuesday, July 10, 2012

Boeung Kak Lake residents ask Hillary Clinton's intervention to resolve land dispute

អ្នក​បឹង​កក់​ឈរ​សំពះ​អរគុណ​ដល់​សហរដ្ឋ​អាមេរិក ដែល​បាន​ជួយ​ឲ្យ​តំណាង​ពួក​គេ​រួច​ខ្លួន​ចេញ​ពី​ពន្ធនាគារ និង​ស្នើ​ឲ្យ​បន្ត​ជួយ​ដោះ​ស្រាយ​ជម្លោះ​ដី​ត​ទៅ​ទៀត នៅ​មុខ​ស្ថានទូត​អាមេរិក ភ្នំពេញ កាល​ពី​ថ្ងៃ​១០ កក្កដា ឆ្នាំ​២០១២។ (RFA/Sochivy)

អ្នក​បឹង​កក់​ស្នើ​អ្នកស្រី ហ៊ីលឡារី គ្លិនតុន ជួយ​អន្តរាគមន៍​ដោះស្រាយ​ជម្លោះ

2012-07-10
ដោយ សុ ជីវី
Radio Free Asia

អ្នក​បឹង​កក់​ប្រមាណ ៥០​នាក់ ស្នើ​ដល់​រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក អ្នកស្រី ហ៊ីលឡារី គ្លិនតុន (Hillary Clinton) និង​បណ្ដា​ស្ថានទូត​ប្រទេស​សំខាន់ៗ​មួយ​ចំនួន​ប្រចាំ​នៅ​កម្ពុជា អន្តរាគមន៍​ទៅ​រដ្ឋាភិបាល​កម្ពុជា ដើម្បី​ដោះស្រាយ​បញ្ចប់​ជម្លោះ​ដីធ្លី​ក្នុង​តំបន់​បឹង​កក់។

តំណាង​អ្នក​បឹង​កក់ លោកស្រី ទេព វន្នី មាន​ប្រសាសន៍​ប្រាប់​អ្នក​សារព័ត៌មាន​នៅ​ខាង​មុខ​ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​កម្ពុជា នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​១០ ខែ​កក្កដា ថា ពួក​គេ​ដាក់​លិខិត​ថ្លែង​អំណរគុណ​ចំពោះ​ឯក​អគ្គ​រដ្ឋទូត​​នៃ​បណ្ដា​ស្ថានទូត​នានា​ប្រចាំ​នៅ​កម្ពុជា និង​រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក ដែល​បាន​អន្តរាគមន៍​ជួយ​ពួក​គេ​អោយ​មាន​សេរីភាព​ពី​ពន្ធនាគារ។

ស្រប​គ្នា​នេះ​ពួក​គេ​​អំពាវ​នាវ​ដល់​រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក អ្នកស្រី ហ៊ីលឡារី គ្លិនតុន និង​បណ្ដា​ស្ថានទូត ជួយ​អោយ​តុលាការ​នៅ​កម្ពុជា ទម្លាក់​នូវ​ទោស​កំហុស​របស់​អ្នក​តំណាង​ពួកគេ​ទាំង ១៣​នាក់ និង​ជំរុញ​អោយ​អាជ្ញាធរ​វាស់​វែង​ដីធ្លី​ទំហំ ១២,៤៤​ហិកតារ ដែល​រដ្ឋាភិបាល​បាន​ប្រគល់​អោយ។


ការ​អំពាវ​របស់​អ្នក​ភូមិ​បឹង​កក់ ធ្វើ​ឡើង​ស្រប​ពេល​ដែល​រដ្ឋមន្ត្រី​ការ​បរទេស​សហរដ្ឋ​អាមេរិក អ្នកស្រី ហ៊ីលឡារី គ្លិនតុន គ្រោង​នឹង​មក​ដល់​កម្ពុជា នៅ​រសៀល​ថ្ងៃ​ទី​១១ ខែ​កក្កដា ដើម្បី​ចូល​រួម​វេទិកា​អាស៊ាន។

អ្នក​បឹង​កក់​បាន​ដាក់​លិខិត​ថ្លែង​អំណរ​គុណ និង​សំណើ​របស់​គេ​នៅ​ស្ថានទូត​សហរដ្ឋ​អាមេរិក អូស្ត្រាលី អង់គ្លេស បារាំង និង​សហគមន៍​អឺរ៉ុប។ នេះ​ជា​ការ​ចេញ​តវ៉ា​លើក​ទី​១​ហើយ បន្ទាប់​ពី​អ្នក​ភូមិ​បឹង​កក់​ចំនួន ១៣​នាក់​ត្រូវ​ដោះ​លែង​ពី​ពន្ធនាគារ​ព្រៃ​សរ។ ពួក​គេ​នៅ​តែ​អះអាង​ថា នឹង​កៀរគរ​ការ​គាំទ្រ​ពី​សំណាក់​សហគមន៍​នានា អោយ​ចូល​រួម​ការ​តវ៉ា​ជាមួយ​ពួកគេ​រហូត​ដល់​ទទួល​បាន​ដំណោះស្រាយ​ដូច​ការ​ទាម​ទារ៕

1 comment:

Anonymous said...

សូមឲ្យរងគ្រោះបឹងកក់ និង ទីដទៃទៀតមាន
ជោគជ័យគ្រប់ប្រការ។
បរាជ័យជនក្បត់ជាតិ និង ជនរឹបអូសដីជន
រងគ្រោះខ្មែរ។