Wednesday, August 15, 2012

មន្ត្រី​ក្រសួង​ដែនដី​បួន​នាក់​រួច​ខ្លួន​ពីឃុំ​ស្ងាត់ៗ​ [- ស៊ូត! កុំមាត់ អំពើពុករលួយ កំពុងដំណើរការ!]

08/14/12
By សុខ ខេមរា
វី អូ​ អេ ខ្មែរ

វ៉ាស៊ីនតោន៖ ជនសង្ស័យ​៤​នាក់​ជា​មន្ត្រី​ក្រសួង​ដែនដី​នគ​រូបនីយកម្ម​និង​សំណង់​ដែល​ត្រូវ​ចាប់ឃុំខ្លួន​ពី​បទសង្ស័យ​ថា​បាន​ប្រព្រឹត្ត​អំពើ​ពុករលួយ​ត្រូវ​តុលាការ​ក្រុងភ្នំពេញ​សម្រេច​ដោះលែង​ស្ងាត់ៗ​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ក្រោយពី​ចាប់ខ្លួន​ជាង​មួយ​សប្តាហ៍។​ នេះ​បើ​តាម​ប្រភព​ព័ត៌មាន​ស្និទ្ធ​នឹង​អាជ្ញាធរ​ប៉ូលិស​និងមន្ត្រី​ប្រឆាំង​អំពើ​ពុករលួយ។

អាជ្ញាធរ​ប្រឆាំង​នឹង​អំពើ​ពុករលួយ​បាន​ចាប់​ខ្លួន​មន្ត្រី​៤​នាក់​នៃ​ក្រសួង​ដែនដី​នគ​រូបនីយកម្ម​​និង​សំណង់​កាលពី​ថ្ងៃទី៦​ ខែសីហា​ពី​បទ​សង្ស័យ​ថា​បាន​កិបកេង​ប្រាក់​ទាក់ទង​នឹង​ដីធ្លី ​និង​ការសាងសង់​លំនៅដ្ឋាន​ដល់​យោធិន​ចូលនិវត្តន៍​ដែលជា​គម្រោង​របស់​រដ្ឋ។ មន្ត្រី​ទាំង​៤​ គឺ លោក​ ផូរ វុឌ្ឍី ​ប្រធាន​នាយកដ្ឋាន​ផែនការ​ សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ និង​អនុប្រធាន​របស់ ​លោក ​គឺ លោក​ ទុយ ឡាយឫទ្ធី​ និង​ប្រធាន​ការិយាល័យ​ មាស អ៊ីសារា។ អាជ្ញាធរ​ក៏​បាន​ចាប់ខ្លួន​លោក ​សារ៉េត បូរ៉ាម៉ី​ អគ្គ​នាយករង​ផង​ដែរ។​ ការដោះលែង​នេះ​ត្រូវគេ​ប្រៀបធៀប​ថា​ចៅក្រម​ដែល​ពាក់ព័ន្ធ​នឹង​លុយ​តែ​៥​ពាន់​ដុល្លារ​ត្រូវ​ចាប់​ឃុំ​ខ្លួន​បណ្តេញ​ចេញ​ពី​ការងារ​ តែរឿង​ពុករលួយ​ថ្មីៗ​នេះ​វិញ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​លុយ​ជាច្រើន​លាន​ដុល្លារ​ត្រូវ​ដោះលែង​នឹង​គ្មាន​ការ​ចាប់​ខ្លួន​ដូចជា​អំពើ​ពុករលួយ​៥លាន​ដុល្លារ​ដែល​មាន​ពាក់ព័ន្ធ​នឹង​មន្ត្រី​សង្គមកិច្ច​កាលពី​ពេល​ថ្មីៗ​នេះ។

ប្រភព​ព័ត៌មាន​ដដែល​បាន​បញ្ជាក់​ថា​ ចៅក្រម​តុលាការ​ក្រុងភ្នំពេញ​លោក លាង សំណាត់​បាន​សម្រេច​ដោះលែង​ជនសង្ស័យ​ទាំង​៤​នាក់​នៅថ្ងៃនេះ​ ដោយ​ពុំ​បាន​បញ្ជាក់​ពី​មូលហេតុ​ឲ្យដឹង​ជា​សាធារណៈ។


មន្ត្រី​ប៉ូលិស​មួយ​រូបស្និទ្ធ​នឹង​ពន្ធនាគា​ព្រៃស​បាន​អះអាង​ថា​ពន្ធនាគា​បាន​ទទួល​បញ្ជា​ពី​តុលាការ​ឲ្យ​ដោះលែង​ហើយ​តែ​រង់ចាំ​ឯកសារ​មកដល់​នឹង​អនុវត្ត​តាម​នីតិវិធី។

ទាំង​លោក​ចៅក្រម​ លាង សំណាត់​ និង​លោក​ ព្រះរាជអាជ្ញា​ សុខ រឿន ​ដែល​ បាន​ចោទ​ប្រកាន់​ក្នុង​រឿង​នេះ​ពុំអាច​ទាក់ទង​បានទេ​ដើម្បី​អត្ថាធិប្បាយ​បំភ្លឺ​ដោយ​ទូរស័ព្ទ​រោទិ៍​តែគ្មាន​អ្នកទទួល។ ​មន្ត្រី​អាជ្ញាធរ​ប្រឆាំង​នឹង​អំពើ​ពុករលួយ​លោក កែវ រ៉េមី ​ជា​អ្នកនាំពាក្យ​ពុំ​អាច​ទាក់ទង​បាន​ដែរ​ ដោយសារ​គ្មាន​អ្នកទទួល​ទូរស័ព្ទ។​ ដោយឡែក​លោក ឱម យិនទៀង​ប្រធាន​អង្គភាព​ប្រឆាំង​នឹង​អំពើ​ពុករលួយ​បានអះអាង​ថា​លោក​កំពុង​ជាប់ប្រជុំ​នៅពេល​សួរ​ពីការ​ដោះលែង​នេះ។

«សុំទោសខ្ញុំ​នៅក្នុង​អង្គប្រជុំ​ និយាយទៅ​វាមិនគួរសម​ប៉ុន្មាន»។

ប្រភព​ព័ត៌មាន​ពី​មន្ត្រី​ខ្មែរ​ដែល​ថ្លែង​ក្នុង​លក្ខខណ្ឌ​ពុំឲ្យ​ប្រាប់ឈ្មោះ​ដោយ​ខ្លាច ​មានការ​ពិន័យ​បាន​អះអាង​ថា​ការ​ដោះលែង​នេះ​គឺ​ដោយសារ​មាន​អន្តរាគមន៍​ពី​ថ្នាក់ដឹកនាំ​កំពូល​មួយ​រូប​ក្នុង​ប្រទេស។

មន្ត្រី​សង្គម​ស៊ីវិល​បាន​អះអាង​ថា​ពួកគេ​នឹង​រង់ចាំ​មើល​តទៅទៀត​អំពី​រឿង​នេះ​ថា​ តើការ​ដោះលែង​នេះ​ជា​ការណ៍​ពិតមែន​ឬទេ។

លោក អ៊ូ វីរៈ​នាយក​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ ដែល​អង្គការ​លោក​ធ្វើ ​កិច្ចការ​មួយ​ផ្នែក​ទាក់ទង​នឹង​វិស័យ​ប្រឆាំង​នឹង​អំពើ​ពុករលួយ​បាន​អះអាង​ថា​ប្រសិនបើ​មាន​ការ​ដោះលែង​មែន​នោះ​ជា​រឿង​មួយ​ដែល​បញ្ជាក់​ថា​អំពើ​ពុករលួយ​ពិបាក​ក្នុងការ​ប្រយុទ្ធ​ប្រឆាំង​និង​លុបបំបាត់​។ ហើយ​ការ​ដោះលែង​នេះ ​ក៏ជា​ការ​លើក​ទឹកចិត្ត​ឲ្យ​មាន​អំពើ​ពុករលួយ​ថែមទៀត។

«ជាទូទៅ​មន្ត្រី​ដែល​បាន​ប្រព្រឹត្ត​តែងតែ​រួចខ្លួន។​ហើយ​ដោយសារ​អីចឹង​ហើយ​បើសិន​ជាមើល​ពី​រូបមន្ត​វិញ​មន្ត្រី​ណា​ក៏ហ៊ាន​ប្រព្រឹត្ត​ដែរ​ ព្រោះអី​ពួកគេ​មិនសូវ​ជា​ទទួលទោស​ទេ​នៅពេល​ចាប់​បាន»។

ប្រទេស​កម្ពុជា​ត្រូវ​អង្គការ​តម្លាភាព​អន្តរជាតិ​ចាត់ទុកថា​ជា​ប្រទេស​ដែល​មាន​ចំណាត់​ថ្នាក់​ប្រព្រឹត្ត​អំពើ​ពុករលួយ​ជា​ប្រព័ន្ធ​ និង​មាន​លក្ខណៈ​ធ្ងន់ធ្ងរ​ជាងគេ​មួយ​ក្នុង​ពិភពលោក​ដោយ​ជាប់​លេខ​១៦៤​ក្នុង​ចំណោម​ប្រទេស​១៨២។​ ចំណាត់​ថ្នាក់​កម្ពុជា​នៅ​ពី​លើ​ប្រទេស​ភូមា​ និង​កូរ៉េ​ខាងជើង​តែ​បន្តិច​បន្តួច​ប៉ុណ្ណោះ៕

No comments: