Wednesday, August 01, 2012

ស្ត្រី​បឹង​កក់​ម្នាក់​ប្តឹង​ចោទ​អាជ្ញាធរ​វាយ​រលូត​កូន

អ្នកបឹង​កក់ ពេល​ប៉ះទង្គិច​ជាមួយ​សមត្ថកិច្ចកន្លងមក។ រូបថត ម៉េង គីមឡុង

Wednesday, 01 August 2012
ឃុត សុ​ភ​ច​រិ​យា
The Phnom Penh Post

ភ្នំពេញៈ ស្ត្រី​ក្នុង​សហគមន៍​បឹង​កក់​ម្នាក់ កាល​ពី​ម្សិល​មិញ បាន​សម្រេច​ដាក់​ពាក្យ​បណ្ដឹង​ទៅ​សាលា​ដំបូង​ភ្នំពេញ ចោទ​សមត្ថកិច្ច​នគរ​បាល​រាជ​ធានី និង​អាជ្ញាធរ​ខណ្ឌ​ដូន​ពេញ ពី​បទ​ប្រើ​អំពើ​ហិង្សា​ដោយ​ចេតនា

អ្នក​ស្រី បូវ ស្រី​ស្រស់ អាយុ​២៥ ឆ្នាំ រស់​នៅ​ភូមិ​២១ សង្កាត់​ស្រះចក ខណ្ឌ​ដូន​ពេញ​បាន​ដាក់​ពាក្យ​ប្តឹង​ទៅ​តុលា​ការ​ភ្នំពេញ ចោទ​ថា លោក ភួង ម៉ាឡៃ ស្នង​ការ​រង​នគរបាល​រាជ​ធានី លោក សុខ ពេញ​វុធ អភិបាល​រង​ខណ្ឌ​ដូន​ពេញ និង​មន្ត្រី​នគរ​បាល​ម្នាក់​ទៀត​បាន​វាយ​មក​លើ​នាង​រហូត រលូត​កូន​ជាង​ពីរ​ខែ។​

អ្នកស្រី​និយាយ​ថា៖ «​ខ្ញុំ​ប្តឹង​ពួក គាត់​ទាម​ទាររក​យុត្តិធម៌​សម្រាប់​រូប​ខ្ញុំ និង​កូន​ជាង​ពីរ​ខែ​ក្នុង​ផ្ទៃ​ខ្ញុំ ដែល​ត្រូវ​កម្លាំង​សមត្ថកិច្ច​វាយ​ដំ ច្រំធាក់​រហូត​បាត់​បង់​ជីវិត»

កាលពី​ថ្ងៃ​ទី​២៧ ខែ​មិថុនា​អ្នក ស្រី ស្រី​ស្រស់ ត្រូវ​កម្លាំង​នគរបាល​ចម្រុះ​រាជធានី​វាយ​រហូត​រលូត​កូន​ជាង​ពីរខែ​ក្នុង​ការ​បង្ក្រាប​មួយ​ដែល​គាត់​និង​កុមារា កុមារី ព្រម​ទាំង​អ្នក​ភូមិ​រាប់​រយ​​នាក់​ទៀត ព្យាយាម​ដើរ​ក្បួន តាម​ដង​រុក្ខវិថី​ព្រះ​សុធារស​ទៅ​សាលា​ឧទ្ធរណ៍​ដែល​មាន​កាន់​ផ្កា​ឈូក ខ្លះ​កាន់​រូប​ជញ្ជីង​យុត្តិធម៌ និង​ស្លៀក​ពាក់​ស ដើម្បី​ទៅ​ស្ដាប់​សវនាការ​ជំនុំ​ជម្រះ​ករណី​ស្ត្រី​១៣​នាក់ ក្នុង​តំបន់​បឹង​កក់ ដែល​រួម​ទាំង​បង​ស្រី​នាង​ម្នាក់​ផង​ដែរ ហើយ​ថា ជាង​មួយ​ខែ​កន្លង​មក​នេះ មិន​ទាន់​ឃើញ​សមត្ថកិច្ច​ណា​ចេញ​មុខ​ទទួល​ខុស​ត្រូវ​ចំពោះ​អ្វី​ដែល​បាន​កើត​ឡើង​ចំពោះ​នាង​នោះទេ។


ទោះ​ជាបែប​ណា ពាក្យ​បណ្ដឹង​របស់​អ្នកស្រី ត្រូវ​លោក ប្រាក់ សាវុធ នាយក​ក្រឡា​បញ្ជី​សាលា​ដំបូង​រាជ​ធានី​ទទួល​យក​ហើយ​កាល​ពី​ព្រឹក ម្សិល​មិញ​ដោយ​បាន​ប្រាប់​អ្នក​ស្រី​ថា លោក​នឹង​យក​ពាក្យ​បណ្ដឹង​នេះ​ទៅ​ដាក់​ជូន​ប្រធាន​តុលាការ ដើម្បី​ពិនិត្យ​និង​សម្រេច​ចាត់​ការ​បន្ត​តាម​ច្បាប់។

អ្នក​ស្រីថា ៖​ «គាត់​[ប្រាក់​ សាវុធ]​ប្រាប់​ខ្ញុំ​ថា គាត់​នឹង​បញ្ជូន​ពាក្យ​បណ្ដឹង​នេះ​ទៅ​ថ្នាក់​លើ​ដើម្បី​ពិនិត្យ​និង​ចាត់ ការ​តាម​នីតិវិធី​ច្បាប់ ប៉ុន្តែ បាន​បញ្ជាក់​ថា ការ​ចេញ​ដីកា​កោះ​ចុង​បណ្ដឹង​សាក​សួរ​ឬ​អត់​នោះ​គាត់​មិន​ដឹង​ទេ»។

អ្នក​ស្រី​និយាយ​ទាំង​ទឹក​មុខ​ស្ងួត​បែប​មិន​សូវ​សង្ឃឹម​ថា៖ «តុលា​ការ​ភ្នំពេញ​នឹង​លើក​យក​បណ្ដឹង​របស់​ខ្ញុំ​មក​ចាត់​ការ»។

អ្នកស្រី បូវ សោភា ជា​បង​ស្រី​ដើម​បណ្តឹង​រូបនេះ​ដែល​ទើប​រួច​ពី​ការ​ចោទ​ឃុំ​ខ្លួន​នៅ​ព្រៃ​ស តាម​ការ​សម្រេច​របស់​សាលា​ឧទ្ធរណ៍​ថា គាត់​ចាំមើល​ថា តើ​តុលាការ​នេះ នឹង​ចាត់​ការ​បែប​ណា​លើ​សំណុំ​រឿង​ប្អូន​ស្រី​គាត់​នេះ។

អ្នក​ស្រី​បាន​បន្ត​ថា៖​ «ពួកខ្ញុំ​១៣​នាក់ ដែល​ជា​ស្ត្រី​គ្មាន​អាវុធ​ក្នុង​ដៃ​ទាល់​តែ​សោះ គ្រាន់​តែ​ទៅ​មើល​អ្នក​ភូមិ​រង​គ្រោះ​ដូច​គ្នា គេ​រៀប​ចំ​សង់​ផ្ទះ​លើ​ដី​ចាស់​គេ ក៏ត្រូវ​សមត្ថកិច្ច​ចាប់​ឃុំ​ខ្លួន​ពីរ​ថ្ងៃ មុន​ពេល​បញ្ជូន​ទៅ​ឲ្យ​តុលាការ​ភ្នំពេញ​ផ្តន្ទា​ទោស ម្នាក់ៗ​ពីរ​ឆ្នាំ​កន្លះ ចោទ​ប្រកាន់​ពី​បទ​ទន្ទ្រាន​កាន់​កាប់​អចលន​វត្ថុ​របស់​នីតិ​បុគ្គល​សាធារណៈ និង​ពី​បទ​ប្រឆាំង​មន្ត្រី​រាជការ​សាធារណៈ»។

អ្នក​ស្រី​ថា ៖ «ឥឡូវ​ខ្ញុំ​ចាំ​មើល​ថា តើ​តុលាការ​នេះ នឹង​ចាត់​ការ​បែប​ណា ចំពោះ​សមត្ថកិច្ច ឬ មន្ត្រី​សាធារណៈ​ដែល​ប្រើ​ហិង្សា​លើ​ប្អូន​ស្រី​ខ្ញុំ រហូត​ដល់​ស្លាប់​ទារក​ក្នុង​ផ្ទៃ។​យុត្តិធម៌​និង ឯក​រាជ​ភាព​របស់​តុលាការ​នេះ នឹង​ត្រូវ​គេ​មើល​ឃើញ នៅពេល​សំណុំ​រឿង​ប្អូន​ស្រី​ខ្ញុំ ត្រូវ​បាន​គេ​ចាត់​ការ​តាម​នីតិ​វិធី​ច្បាប់»។

លោក ​សុខ ពេញ​វុធ អភិបាល​រង​ខណ្ឌ​ដូន​ភ្នំពេញ មិន​អាច​ទាក់​ទង​សុំការ​ពន្យល់​បាន​ទេ​ពី​ម្សិល​មិញ ចំណែក​លោក ភួង ម៉ាឡៃ ស្នង​ការ​រង​នគរបាល​ភ្នំពេញ ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​តាម​ទូរស័ព្ទថា ការ​ប្ដឹង​ជា​សិទ្ធិ​របស់​គាត់ ប៉ុន្តែ​ថា តើ​គាត់​ចង់​ទាម​ទារ​អ្វី?

លោក​ថ្លែង​ថា៖ «​តើ​ស្ត្រី​រង​គ្រោះ​ក្មេង​ឬក៏​ចាស់ ហើយ​គាត់​ប្ដឹង​ហ្នឹង​ចង់​ឲ្យ​ខ្ញុំ​សង​កូន​គាត់​វិញ​ឬយ៉ាង​ណា? ខ្ញុំ​សូម​ប្រាប់​វិញថា បើ​គាត់​ចង់​ឲ្យ​ខ្ញុំ​សង​កូន​វិញ ខ្ញុំ​ក៏នៅ​ក្មេង​ដែរ...​»។

លោក ទូច ណារ៉ុថ ស្នង​ការ​នគរ​បាល​រាជធានី​ភ្នំពេញ​ម្សិល​មិញ​ប្រាប់​អ្នកសារ​ព័ត៌មាន​ថា លោក​តែង​ក្រើន​រំឭក​ដល់​មន្ត្រី​ក្រោម​ឱវាទ​លោក​កុំ​ឲ្យ​ប្រើ​ហិង្សា​ទៅ លើ​ក្រុម​បាតុករ ។

លោកថ្លែង​ថា​៖ «ខ្ញុំ​តែង​អប់រំ ក្រើន​រំឭក​ដល់​មន្ត្រី​នគរ​បាល យើង​ខ្ញុំ​ថា ឲ្យ​មាន​ចិត្ត​អត់​ធ្មត់​និង​ចេះ​សម្រប​សម្រួល​ជាមួយ​ក្រុម​បាតុករ ដែល​ពួក​គាត់​តវ៉ា​ដើម្បី​ទាម​ទារ​អត្ថប្រយោជន៍​អ្វី​មួយ ធ្វើ​យ៉ាង​ណា​បញ្ចៀស​ឲ្យ​ផុត​នូវ​ការ​ប្រើ​អំពើ​ហិង្សា ឬ បង្ក្រាប​ទៅ​លើ​ក្រុម​បាតុករ»។

លោក​ស្នង​ការ ទូច ណា​រ៉ុថ បាន​បន្ថែម​ថា ៖ «​កង​នគរ​បាល​យើង​ត្រូវ​ប្រែ​ក្លាយ​ពី​ការ​ចុះ​ទៅ​បង្ក្រាប​ក្រុម​បាតុករ​មក​ជា​ការ​បង្កើត​នូវ​ភាតរ​ភាព​ជាមួយ​នឹង​ក្រុម​បាតុ​ករ​វិញ»៕

2 comments:

Anonymous said...

ah sok penh vuth,
ah nis samdey peal avaser
doch ah hun sen bess bet.

Anonymous said...

ពួកអាឆ្កែកញ្ជះដាច់ថ្លៃរបស់យួនហាណូយសាហាវព្រៃផ្សៃ
ឃោរឃៅយង់ឃ្នងខាង បាញ់បោក,វ៉ៃទាត់ធាក់, កាប់សម្លាប់ ,
ឆក់ប្លន់, រំលោភ,ដុតផ្ទះ មកលើប្រជារាស្រ្តស្លូតត្រង់ដោយគ្មាន
ត្រាប្រណីឡើយ។