Thursday, August 16, 2012

អ្នក​បឹង​កក់​ព្យាយាម​ដាក់​ញត្តិ​ទៅ​លោកស្រី ប៊ុន រ៉ានី ករណី​នគរបាល​ប្រើ​ហិង្សា​លើ​ស្ត្រី

ដោយ សុ ជីវី
2012-08-16
Radio Free Asia

Synopsis: About 40 Boeung Kak residents showed up at Hun Xen’s residence on Wednesday 15 August 2012 with the aim of handing over a petition to Hun Xen’s wife to ask for her intervention in taking care of a Phnom Penh police officer and the deputy district governor of Daun Penh. The residents accused these two rascals of using violence against a Boeung Kak woman and this led to her miscarriage. However, the residents’ attempt was not successful as the cops protecting Hun Xen’s house immediately chased them away.

អ្នក​បឹង​កក់​ប្រមាណ​៤០​នាក់ បាន​លើក​គ្នា​ទៅ​ដល់​ខាង​មុខ​ផ្ទះ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​១៥ ខែ​សីហា បំណង​ដាក់​ញត្តិ​ជូន​ភរិយា​លោក​នាយក​រដ្ឋមន្ត្រី ដោយ​សុំ​អន្តរាគមន៍​ចាត់​វិធានការ​ចំពោះ​មន្ត្រី​នគរបាល​រាជធានី​ភ្នំពេញ និង​អភិបាល​រង​ខណ្ឌ​ដូនពេញ។

ពួក​គេ​ចោទ​ប្រកាន់​មន្ត្រី​ទាំង​នោះ​ថា បាន​ប្រើ​អំពើ​ហិង្សា​ទៅ​លើ​ស្ត្រី​បឹង​កក់ ដែល​បណ្ដាល​អោយ​នារី​ម្នាក់​រលូត​កូន។ ប៉ុន្តែ ការ​ប៉ុនប៉ង​នោះ​ត្រូវ​បរាជ័យ ដ្បិត​មន្ត្រី​ដែល​មាន​សមត្ថកិច្ច​ការពារ​សន្តិសុខ បាន​រុញ​ច្រាន​ពួក​គេ​អោយ​ចេញ​ពី​ទី​នោះ​ជា​បន្ទាន់។

អ្នក​បឹង​កក់​ដែល​ទទូច​ចង់​ដាក់​ញត្តិ​ដោយ​ផ្ទាល់​ទៅ​ស្ត្រី​ទី១​របស់​កម្ពុជា គឺ​ភរិយា​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បង្ខំ​ចិត្ត​ដើរ​ចេញ​ពី​ទីតាំង​ដែល​ពួក​គេ​បាន​ប្រមូល​ផ្ដុំ​នៅ​ក្រោម​ដើម​ពោធិ៍ លើ​សួន​ច្បារ​វិមាន​ឯករាជ្យ ខាង​មុខ​ផ្ទះ​លោក​នាយក​រដ្ឋមន្ត្រី ទៅ​តាម​បញ្ជា​របស់​កម្លាំង​សមត្ថកិច្ច​រាជធានី​ភ្នំពេញ។


អ្នកស្រី ប៊ុន រ៉ានី ភរិយា​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ត្រូវ​រាជ​បណ្ឌិត​សភា​កម្ពុជា ផ្តល់​តម្លៃ​ថា​ជា​ស្ត្រី​ទី១​របស់​កម្ពុជា និង​ត្រូវ​ព្រះករុណា​សម្ដេច​ព្រះ​បរមនាថ នរោត្តម សីហមុនី ឡាយ​ព្រះហស្តលេខា​ផ្តល់​គោរមងារ​ថា គតិ​ព្រឹទ្ធ​បណ្ឌិត កាល​ពី​ខែ​កក្កដា ឆ្នាំ​២០១១។

តំណាង​អ្នក​ភូមិ​បឹង​កក់​បាន​ដើរ​ចេញ​បណ្ដើរ ស្រែក​សុំ​អន្តរាគមន៍​បណ្ដើរ​ថា គេ​ចង់​ប្រាប់​ពី​បញ្ហា​របស់​ពួក​គេ​ទៅ​លោកស្រី ប៊ុន រ៉ានី ហ៊ុន សែន ដោយ​គេ​សង្ឃឹម​ថា​ស្ត្រី​ដូច​គ្នា​នឹង​យល់​ពី​ទឹក​ចិត្ត​ស្ត្រី​ដូច​គ្នា ជា​ពិសេស​គឺ​យល់​ពី​ទឹក​ចិត្ត​ម្ដាយ។

តំណាង​អ្នក​បឹង​កក់​ម្នាក់​អ្នកស្រី គង់ ចន្ថា បាន​អោយ​ដឹង​ថា អ្នកស្រី​តែង​បាន​ឮ​ថា ស្ត្រី​ទី១ គឺ​ភរិយា​លោក​នាយក​រដ្ឋមន្ត្រី តែង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​បញ្ហា​ស្ត្រី និង​លើក​តម្កើង​ស្ត្រី ទើប​ស្ត្រី​បឹង​កក់​គិត​ថា ស្ត្រី​ទី១​របស់​កម្ពុជា​នឹង​អាច​ជួយ​ដោះ​ស្រាយ​បញ្ហា​ពួក​គាត់​បាន។ អ្នកស្រី គង់ ចន្ថា បន្ត​ថា ការ​សុំ​របស់​អ្នក​បឹង​កក់ គឺ​ដោយ​សារ​តែ​ករណី​អំពើ​ហិង្សា​លើ​ពួក​គាត់ រហូត​ដល់​មាន​ស្ត្រី​ម្នាក់​បាន​រលូត​កូន​ផង ពុំ​ត្រូវ​បាន​មន្ត្រី​គ្រប់​ជាន់​ថ្នាក់​យក​ចិត្ត​ទុក​ដាក់​ដោះ​ស្រាយ​ឡើយ។ អ្នកស្រី គង់ ចន្ថា បាន​ចាត់​ទុក​ការ​ប្រើ​អំពើ​ហិង្សា​គ្រប់​រូបភាព​ទៅ​លើ​ស្ត្រី គឺ​ជា​ការ​ប្រមាថ​ចំពោះ​ភរិយា​លោក​នាយក​រដ្ឋមន្ត្រី ដែល​តែង​លើក​ឡើង​ពី​ការ​លើក​ស្ទួយ​សិទ្ធិ​ស្ត្រី។

ញត្តិ​របស់​អ្នក​ភូមិ​បឹង​កក់ ដែល​បម្រុង​នឹង​ដាក់​ជូន​លោកស្រី ប៊ុន រ៉ានី ហ៊ុន សែន នោះ បាន​បញ្ជាក់​ថា ពួក​គេ​ចង់​បាន​អន្តរាគមន៍​ចំពោះ​ការ​ប្រើ​អំពើ​ហិង្សា​ពី​សំណាក់​កង​កម្លាំង​ប្រដាប់​អាវុធ​ចម្រុះ​របស់​អាជ្ញាធរ​មាន​សមត្ថកិច្ច ដែល​ដឹក​នាំ​ដោយ​លោក ភួង ម៉ាល័យ ស្នង​ការ​រង​រាជធានី​ភ្នំពេញ និង​លោក សុខ ពេញវុធ អភិបាល​រង​ខណ្ឌ​ដូនពេញ។ អ្នក​ភូមិ​បាន​រំលឹក​ថា កាល​ពី​ថ្ងៃ​ទី​២៧ ខែ​មិថុនា កន្លង​មក នៅ​ក្នុង​ការ​ប៉ះ​ទង្គិច​មួយ​រវាង​អ្នក​ភូមិ​ដែល​តវ៉ា និង​ក្រុម​មន្ត្រី​សមត្ថកិច្ច បាន​បណ្ដាល​អោយ​ស្ត្រី​វ័យ​២៥​ឆ្នាំ ឈ្មោះ បូវ ស្រីស្រស់ ត្រូវ​រលូត​កូន។

ហើយ​ទាក់​ទង​ដល់​ករណី​នេះ អ្នក​ភូមិ​បាន​ចោទ​ប្រកាន់​លោក ម៉ាល័យ ស្នង​ការ​រង​នគរបាល​រាជធានី​ថា បាន​ប្រើប្រាស់​ពាក្យ​សម្ដី​មិន​សមរម្យ​ប្រមាថ​មើល​ងាយ​ស្ត្រី​រងគ្រោះ​ថែម​ទៀត។ អ្នកស្រី បូវ ស្រីស្រស់ បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​៣១ ខែ​កក្កដា ឆ្នាំ​២០១២ ប្ដឹង​ចោទ​ប្រកាន់​លោក ភួង ម៉ាល័យ និង​លោក សុខ ពេញវុធ អភិបាល​រង​ខណ្ឌ​ដូនពេញ ពី​បទ​មនុស្ស​ឃាត​ដោយ​ចេតនា។

បង​ស្រី​នារី​រងគ្រោះ គឺ​អ្នកស្រី បូវ ស្រីពៅ មាន​ប្រសាសន៍​ថា ការ​ដាក់​លិខិត​ជាច្រើន​ដង​ទៅ​អោយ​មន្ត្រី​ខុទ្ទកាល័យ គឺ​ហាក់​ពុំ​មាន​ប្រសិទ្ធភាព​ឡើយ ហេតុ​នេះ​គាត់​ចង់​ដាក់​លិខិត​ដោយ​ផ្ទាល់​ទៅ​ដល់​អ្នកស្រី ប៊ុន រ៉ានី។

ស្នង​ការ​រង​នគរបាល​រាជធានី​ភ្នំពេញ លោក ម៉ាល័យ ពុំ​អាច​សុំ​ការ​អធិប្បាយ​ចំពោះ​ការ​ចោទ​ប្រកាន់​នេះ​បាន​ទេ ដោយ​លោក​បាន​ឆ្លើយ​យ៉ាង​ខ្លី​ថា លោក​កំពុង​ជាប់​រវល់។

ចំណែក​លោក សុខ ពេញវុធ អភិបាល​រង​ខណ្ឌ​ដូនពេញ ក៏​ពុំ​បាន​ឆ្លើយ​តប​ទៅ​កាន់​អ្នក​ភូមិ​នៅ​ពេល​អ្នក​ភូមិ​ចោទ​ប្រកាន់​លោក​ដែរ ប៉ុន្តែ​ជា​រឿយៗ​នៅ​ពេល​មាន​ការ​តវ៉ា​គេ​តែង​ឃើញ​អ្នក​ភូមិ និង​លោក សុខ ពេញវុធ តែង​ប៉ះ​ទង្គិច​ពាក្យ​សម្ដី​ទៅ​វិញ​ទៅ​មក។

កាល​ពី​សប្ដាហ៍​មុន ក្រុម​អង្គការ សមាគម​ចំនួន​២៦ បាន​ចេញ​លិខិត​ចំហ​មួយ​ទៅ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន លោក​ឧបនាយក​រដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក កែប ជុតិមា អភិបាល​រាជធានី​ភ្នំពេញ និង​អ្នកស្រី អ៊ឹង កន្ថាផាវី ប្រធាន​ក្រុម​ប្រឹក្សា​ជាតិ​កម្ពុជា ដើម្បី​ស្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​កិច្ចការ​នារី។ ពួក​គេ​បាន​ស្នើ​សុំ​អោយ​ដក​ហូត​តំណែង​របស់​ស្នង​ការ​រង​នគរបាល​រាជធានី​ភ្នំពេញ លោក ភួង ម៉ាល័យ ដែល​បាន​ប្រើ​ពាក្យ​សម្ដី​ប្រមាថ​មើល​ងាយ​អ្នកស្រី បូវ ស្រីស្រស់។

មក​ដល់​ពេល​នេះ គឺ​ពុំ​ទាន់​មាន​ចំណាត់ការ​ណា​មួយ​ត្រូវ​ធ្វើ​ឡើង​ឆ្លើយ​តប​នឹង​ការ​ស្នើ​នេះ​ឡើយ។ កន្លង​មក រដ្ឋមន្ត្រី​ក្រសួង​កិច្ចការ​នារី អ្នកស្រី អ៊ឹង កន្ថាផាវី ធ្លាប់​មាន​ប្រសាសន៍​ថា ក្រសួង​ពុំ​ដែល​ព្រងើយ​កន្តើយ​ចំពោះ​អំពើ​ហិង្សា​លើ​នារី​ភេទ​ឡើយ។ ប៉ុន្តែ ចំពោះ​អំពើ​ហិង្សា​នៅ​ក្នុង​បញ្ហា​ជម្លោះ​ដីធ្លី គឺ​ជា​តួនាទី​របស់​មន្ត្រី​មាន​សមត្ថកិច្ច ដែល​ត្រូវ​ដោះ​ស្រាយ។ អ្នកស្រី អ៊ឹង កន្ថាផាវី បន្ត​ថា មាន​ការ​លំបាក​ក្នុង​ការ​សន្និដ្ឋាន​ថា តើ​ក្រុម​ស្ត្រី​ដែល​ចេញ​តវ៉ា​នៅ​តាម​ដង​ផ្លូវ​ក្នុង​រាជធានី​ភ្នំពេញ​នោះ បាន​ប្រកាន់​ធម៌​អហិង្សា​បាន​គ្រប់​ពេល​វេលា។

តំណាង​អ្នក​ភូមិ​បឹង​កក់​ម្នាក់​ទៀត​អ្នកស្រី ទេព វន្នី មាន​ប្រសាសន៍​ថា ការ​សម្រេច​ចិត្ត​ចេញ​តវ៉ា​របស់​ស្ត្រី​នៅ​បឹង​កក់ គឺ​ចង់​បង្ហាញ​អោយ​ដឹង​ថា នោះ​ជា​ការ​តវ៉ា​ដោយ​អហិង្សា ព្រោះ​ស្ត្រី​ពុំ​មាន​សមត្ថភាព​ទៅ​ប្រើ​ហិង្សា​ដូច​បុរស​ឡើយ។

នាយិកា​អង្គការ​សីលការ អ្នកស្រី ធិតា ឃិះ មាន​ប្រសាសន៍​ថា ករណី​នេះ​អ្នកស្រី ប៊ុន រ៉ានី និង​អ្នកស្រី អ៊ឹង កន្ថាផាវី ដែល​មាន​តួនាទី​ក្នុង​ការ​លើក​តម្លៃ​ស្ត្រី​ខ្មែរ គួរ​តែ​ពិចារណា​បង្កើន​ការ​អប់រំ​ក្នុង​ចំណោម​មន្ត្រី​មាន​សមត្ថកិច្ច​អោយ​យក​ចិត្ត​ទុក​ដាក់​បន្ថែម​ទៅ​លើ​ការ​គោរព​សិទ្ធិ​ស្ត្រី ទាំង​កាយវិការ និង​ពាក្យ​សម្ដី។

បើ​ទោះ​ជា​យ៉ាង​ណា នៅ​ក្នុង​ការ​ដាក់​ញត្តិ​នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​១៥ ខែ​សីហា អ្នក​បឹង​កក់​បាន​បដិសេធ​មិន​ប្រគល់​ញត្តិ​ទៅ​អោយ​លោក គង់ ចំរើន មន្ត្រី​ខុទ្ទកាល័យ​លោក​នាយក​រដ្ឋមន្ត្រី ដែល​តែង​រង់ចាំ​ទទួល​ញត្តិ​របស់​ក្រុម​អ្នក​តវ៉ា នៅ​ក្រោម​ដើម​ពោធិ៍​ខាង​មុខ​វត្ត​បទុមវតី នោះ​ឡើយ។ ដោយ​សំអាង​ថា គេ​ពុំ​ដែល​ទទួល​បាន​ដំណោះស្រាយ​ពី​ការ​ដាក់​ញត្តិ​នៅ​ទី​នោះ៕

2 comments:

Anonymous said...

Once again,I get the point of view by these women, however if you are pregnant, and why you jointed the protest Hah? All I see is the same face of the women, the same problem.

former KR soldier

Anonymous said...

អាម្សៀ ភួង ម៉ាឡៃ មិនសមជាកូនខ្មែរចេះដឹងរៀនសូត្រទេ វាប្រើសំដីរបៀបណឹង។