អង្គការក្រៅរដ្ឋាភិបាលជំរុញឲ្យមានច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការបោះឆ្នោត
Tuesday, 14 August 2012
Bridget Di Certo និង ឆាយ ច័ន្ទនីដា
The Phnom Penh Post
ភ្នំពេញៈ ក្រុមអង្គការក្រៅរដ្ឋាភិបាលធ្វើសកម្មភាពពាក់ព័ន្ធនឹងការបោះឆ្នោតបានរួបរួមគ្នា ដើម្បីតស៊ូមតិជំរុញឲ្យមានច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការ បោះឆ្នោត ក្នុងគោលបំណងកំណត់ពីចំនួនថវិកាដែលត្រូវប្រើសម្រាប់យុទ្ធនាការបោះឆ្នោតរបស់គណបក្សនីមួយៗ នៅក្នុងការបោះឆ្នោតជាតិឆ្នាំក្រោយ។ នេះបើយោងតាមតំណាងដែលបានថ្លែងកាលពីម្សិលមិញ។
ក្រុមការងារក្រៅរដ្ឋាភិបាលស្តីពីហិរញ្ញវត្ថុនយោបាយបានចាប់ ផ្តើមយុទ្ធនាការតាមការបង្កើតក្រុម Facebook ផ្ទាល់ខ្លួន និងកម្មវិធីវេទិកាសាធារណៈ ដើម្បីព្យាយាមលើកកម្ពស់ការយល់ដឹង និងទាមទារឲ្យមានអភិបាលកិច្ច លើហិរញ្ញវត្ថុដែលប្រើប្រាស់សម្រាប់យុទ្ធនាការបោះឆ្នោត។
លោក ពាន ទន្លក ប្រធានអង្គការប្រជាធិបតេយ្យនិងសិទ្ធិមនុស្សក្នុងប្រតិបត្តិការ បានថ្លែងកាលពីម្សិលមិញថា៖ «យើងកំពុងធ្វើសេចក្តីព្រាងលើសំណើមួយ ដើម្បីឲ្យមានថវិកាសមស្របដើម្បីការគាំទ្រការងាររបស់យើង ហើយយើងនឹងចុះទៅតាមខេត្តនានា តាមរយៈវេទិកាសាធារណៈនៅខែតុលា»។
លោក គល់ បញ្ញា នាយកប្រតិបត្តិនៃគណៈកម្មាធិការ ដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ហៅកាត់ថា ខុម ហ្វ្រែល បានថ្លែងថា ក្រុមការងារ ចង់អប់រំប្រជាពលរដ្ឋ អំពីបញ្ហានេះ ដើម្បីឲ្យមានការអំពាវនាវឲ្យមានច្បាប់នេះចេញពីប្រជាជន ដើម្បីការពារប្រជាជន។
លោកថ្លែងបន្តថា ច្បាប់បែបនេះមានសារៈសំខាន់ណាស់ដើម្បីធានាឲ្យមានការបោះឆ្នោតបែប«យុត្តិធម៌»។
លោក គល់ បញ្ញា បន្តទៀតថា៖«រហូតមកដល់ពេលនេះ មិនមានការយកចិត្តទុកដាក់ពីរដ្ឋាភិបាល អំពីបញ្ហានេះ ដោយសារនៅពេលដែលគណបក្សនយោបាយមួយចំនួនកំពុងកាន់អំណាច ពួកគេមានអារម្មណ៍ថា វាមិនចាំបាច់ត្រូវបង្ហាញហិរញ្ញវត្ថុរបស់គណបក្សខ្លួន គេគ្រប់គ្រងរដ្ឋាភិបាលនិងមានអាណត្តិផ្ទាល់ខ្លួន»។
លោកបន្តថា៖ «គេមិនផ្តោតលើការបោះឆ្នោត«យុត្តិធម៌» ទេ ផ្តោតលើតែការបោះឆ្នោត«សេរី»ប៉ុណ្ណោះ ដោយសារមានអំពើហិង្សាខ្លាំងពីអតីតកាល»។
លោក គល់ បញ្ញា បានបញ្ជាក់ថា គប្បីមានការបង្ហាញជាចាំបាច់ និងផ្តល់ព័ត៌មានជាសាធារណៈអំពីគណបក្សនយោបាយនិងហិរញ្ញវត្ថុ សម្រាប់យុទ្ធនាការបោះឆ្នោត ក៏ពាក់ព័ន្ធខ្លាំងដែរទៅនឹងការរួមចំណែកប្រយុទ្ធប្រឆាំងអំពើ ពុករលួយ។
លោក បញ្ញា បន្តថា៖ «វាច្បាស់ដែលថា គណបក្សណាដែលក្រមានប្រាក់ចំណាយតិចតួច ហើយគណបក្សដែលធំ មានប្រាក់ច្រើន ដូច្នេះបើមានការកំណត់មួយលើហិរញ្ញវត្ថុសម្រាប់ យុទ្ធនាការបោះឆ្នោត នេះនឹងធ្វើឲ្យមានភាពស្មើភាពរវាងគណបក្សទាំងអស់»។
លោកបន្តថា៖ «សង្គមស៊ីវិល និងគណបក្សនយោបាយ លើកលែងតែគណបក្សប្រជាជនកម្ពុជា យល់ស្របថា យើងគួរតែធ្វើការជំរុញឲ្យមានច្បាប់នេះ»។ លោកថា៖ «រដ្ឋាភិបាលនិងគណបក្សប្រជាជនកម្ពុជាមិនដាច់ពីគ្នា បើទោះជារដ្ឋសភាជាស្ថាប័នមានអំណាចបំផុតក៏ដោយ ក៏គណបក្សនេះគ្រប់គ្រងស្ថាប័ននេះដែរ»។
លោក ទេព នីថា អគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត មិនអាចទាក់ទងសុំការធ្វើអត្ថាធិប្បាយបានទេកាលពីម្សិលមិញ។
លោក ជាម យៀប តំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជា ថ្លែងថា លោកធ្លាប់ត្រូវអញ្ជើញម្តងធ្វើជាអធិបតីក្នុងសិក្ខាសាលា ស្តីពីច្បាប់ហិរញ្ញវត្ថុ គណបក្សនយោបាយនៅសណ្ឋាគារ អ៊ឺមភើរៀល ដែលលោកបានប្រាប់សិក្ខាកាមចូលរួមពេលនោះថា លោកស្វាគមន៍ចំពោះច្បាប់នេះ។
លោកថ្លែងថា៖ «ប៉ុន្តែយើងត្រូវការគោលការណ៍ពិតប្រាកដពីរដ្ឋាភិបាល»។ «បច្ចុប្បន្ននេះយើងមិនអាចពង្រីកថវិកាយើងដូចបណ្តាប្រទេស អភិវឌ្ឍន៍បានទេ ពីព្រោះយើងត្រូវការផ្តោតលើការលើកស្ទួយជីវភាពប្រជាជន»។
លោក ជាម យៀប ថ្លែងប្រាប់ភ្នំពេញប៉ុស្តិ៍ម្សិលមិញនេះដែរថា៖ «លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏ចង់ឲ្យមានច្បាប់នេះដែរ»។ លោកថា៖ «ប៉ុន្តែ យើងមិនអាចមានភាពស្មើគ្នាទាំងស្រុងនោះទេ ដោយសារគណបក្សប្រជាជនកម្ពុជាមានសមាជិកជាង ៥,៥៧លាននាក់ រីឯគណបក្សខ្លះមានសមាជិកតិចជាង១លាននាក់ ដូច្នេះយើងមិនអាចមានថវិកាដូចគ្នា សម្រាប់យុទ្ធនាការបោះឆ្នោតនោះបានទេ»៕
Tuesday, August 14, 2012
NGOs push for campaign financing legislation
Labels:
Campaign finance law
Subscribe to:
Post Comments (Atom)
No comments:
Post a Comment