Monday, August 13, 2012

The reason behind the increase of SRP commune chiefs in Preah Vihear province: Land dispute! Land-grabbing! Forced evictions!

តំណាង​ពលរដ្ឋ ៣១៩​គ្រួសារ ដែល​មាន​ជម្លោះ​ដីធ្លី​នៅ​ស្រុក​ជាំក្សាន្ត ខេត្ត​ព្រះវិហារ តវ៉ា និង​សុំ​កិច្ច​អន្តរាគមន៍​ពី​ប្រមុខ​រដ្ឋាភិបាល នា​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​២៦ មិថុនា ឆ្នាំ​២០១២។ (RFA/Morm Moniroth)

មូលហេតុ​ចំនួន​មេ​ឃុំ​បក្ស​សម​រង្ស៊ី​កើន​ឡើង​នៅ​ខេត្ត​ព្រះវិហារ

2012-08-13
ដោយ កែវ និមល
Radio Free Asia

លទ្ធផល​ការ​បោះ​ឆ្នោត​រើស​សមាជិក​ក្រុមប្រឹក្សា​ឃុំ សង្កាត់ កាល​ពី​ខែ​មិថុនា កន្លង​ទៅ បាន​បង្ហាញ​ថា ចំនួន​អាសនៈ​មេ​ឃុំ​របស់​គណបក្ស សម រង្ស៊ី នៅ​ខេត្ត​ព្រះវិហារ បាន​កើន​ឡើង

មន្ត្រី​គណបក្ស សម រង្ស៊ី អះអាង​ថា មូលហេតុ​ចំនួន​មេឃុំ​បក្ស​នេះ​កើន​ឡើង គឺ​ដោយសារ​​តែ​ទំនាស់​ដី​នៅ​ក្នុង​ខេត្ត​នេះ​​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ខ្លះ​អស់​ជំនឿ​លើ​ការ​ដឹកនាំ​របស់​បក្ស​ប្រជាជន ​រួច​ងាក​មក​រក​បក្ស សម រង្ស៊ី វិញ។ តែ​ទោះ​យ៉ាង​ណា​ចំនួន​កើន​ឡើង​នេះ មាន​តិចតួច​នៅ​ឡើយ បើ​ប្រៀបធៀប​​​​ជាមួយ​សមាជិក​បក្ស​ប្រជាជន។

ខេត្ត​ព្រះវិហារ​ជា​ខេត្ត​មួយ​ស្ថិត​នៅ​តំបន់​ដាច់​ស្រយាល ជាប់​ព្រំដែន​ប្រទេស​ថៃ និង ឡាវ។ ប្រជាពលរដ្ឋ​ខេត្ត​ព្រះវិហារ ភាគ​ច្រើន​ជា​ជន​ជាតិ​ភាគ​តិច​ដែល​ប្រកប​របរ​ធ្វើ​ស្រែ និង​ចំការ នៅ​លើ​ដី​ដែល​មាន​សណ្ឋាន​ជា​ខ្ពង់​រាប។


នៅ​ក្នុង​ចំណោម​ឃុំ សង្កាត់ របស់​ខេត្ត​ព្រះវិហារ ចំនួន ៥១ មាន​ឃុំ​ចំនួន ៧ មាន​មេ​ឃុំ​មក​ពី​គណបក្ស សម រង្ស៊ី។ ចំនួន​មេ​ឃុំ​របស់​គណបក្ស សម រង្ស៊ី នេះ បាន​កើន​ឡើង​ពី ២ ឃុំ ក្នុង​អាណត្តិ​ទី​២ មក​ចំនួន ៧​ឃុំ នៅ​ក្នុង​ការ​បោះ​ឆ្នោត​រើស​មេ​ឃុំ ចៅ​សង្កាត់​អាណត្តិ​ទី​៣។ ចំនួន​ឃុំ​ទាំង ៧ ក្នុង​ចំណោម ៥១​ឃុំ សង្កាត់ ទូទាំង​ខេត្ត នៅ​មាន​ចំនួន​តិចតួច​នៅ​ឡើយ ប៉ុន្តែ​បើ​និយាយ​ពី​តួលេខ​កំណើន​ពី ២ ឃុំ​ទៅ ៧​ឃុំ គឺ​ជា​តួលេខ​មួយ​គួរ​ឲ្យ​ចាប់​អារម្មណ៍។

លោក ស៊ាង សួនឌឿន តំណាង​គណបក្ស សម រង្ស៊ី ប្រចាំ​ខេត្ត​ព្រះវិហារ មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ការ​កើន​ចំនួន​អាសនៈ និង​តំណែង​មេ​ឃុំ​របស់​គណបក្ស សម រង្ស៊ី នៅ​ខេត្ត​ព្រះវិហារ នេះ បាន​មក​ដោយសារ​ការ​ខិតខំ​ប្រឹងប្រែង​ធ្វើ​សកម្មភាព​ និង​ឃោសនា​របស់​សមាជិក​គណបក្ស សម រង្ស៊ី ប្រចាំ​ខេត្ត​ព្រះវិហារ​ផង និង​ដោយសារ​ការ​កើន​ជំនឿ​របស់​ប្រជាពលរដ្ឋ​មក​លើ​គណបក្ស សម រង្ស៊ី ផង។

លោក ស៊ាង សួនឌឿន៖ «បញ្ហា​ដែល​យើង​យក​បាន ៧ ឃុំ​ទៀត​នេះ តាម​ពិត​ផ្ដើម​ចេញ​ពី​ការ​រួបរួម​កម្លាំង​គ្នា​រឹង​មាំ ហើយ​យើង​ខិតខំ​ប្រឹងប្រែង​ដើម្បី​ទៅ​រក​សំឡេង​ឆ្នោត​ទាល់​តែ​យើង​មាន​ការ​រឹង​មាំ អត់​មាន​ការ​បែកបាក់​ផ្ទៃ​ក្នុង។ យើង​បាន​អំពាវនាវ​ឲ្យ​បង​ប្អូន​បោះ​ឆ្នោត​ឲ្យ​គណបក្ស សម រង្ស៊ី ដើម្បី​រំដោះ​បង​ប្អូន​ឲ្យ​ផុត​ការ​អត់​ឃ្លាន ភិតភ័យ បាត់បង់​ដីធ្លី។ នេះ​ជា​គោលការណ៍​យើង​បាន​លើក»។

លោក ស៊ាង សួនឌឿន បាន​ពន្យល់​អំពី​មូលហេតុ​នៃ​ការ​កើន​ឡើង ការ​គាំទ្រ​ពី​សំណាក់​ប្រជាពលរដ្ឋ​មក​លើ​គណបក្ស សម រង្ស៊ី ថា គណបក្ស សម រង្ស៊ី មាន​ការ​សន្យា និង​បាន​លើក​យក​បញ្ហា​កើត​ឡើង​ប្រចាំ​ថ្ងៃ ប៉ះពាល់​ប្រយោជន៍​ប្រជាពលរដ្ឋ​មក​ពន្យល់​ប្រជាពលរដ្ឋ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​គាំទ្រ​បោះ​ឆ្នោត​ឲ្យ។

លោក ស៊ាង សួនឌឿន៖ «គឺ​រាល់​ពេល​បោះ​ឆ្នោត​រក​សំឡេង យើង​លើក​យក​បញ្ហា​ជាក់ស្ដែង​របស់​មូលដ្ឋាន​ដែល​គាត់​មាន​ទុក្ខ​លំបាក​មក​លើក។ ដូច​ជា​បញ្ហា​បាត់បង់​ព្រៃ​ឈើ​នៅ​ក្នុង​ឃុំ ស្រុក របស់​គាត់ យើង​លើក​បញ្ជាក់​ជូន។ តែ​កាលណា​បាត់បង់​ព្រៃ​ឈើ គឺ​ព្រៃ​ឈើ​នោះ​វា​ដុះ​លើ​ដី​របស់​គាត់។ អ៊ីចឹង​វា​បាត់​ពីរ គឺ​កាល​ណា​បាត់​បង់​ព្រៃ​ឈើ វា​បាត់​ដី​នោះ​ទៀត។ យើង​បញ្ជាក់​ឲ្យ​គាត់​ដឹង​ថា ឈើ​នោះ​វា​មាន​ទាក់ទង​ប្រយោជន៍​បង​ប្អូន​ផ្ទាល់​នោះ គឺ​បញ្ហា​ច្បោះ ជ័រ​ទឹក។ កាល​ណា​គេ​កាត់​ច្បោះ​ជ័រ​ទឹក​យក អា​ហ្នឹង​ដែល​យើង​បញ្ជាក់​ជូន​បង​ប្អូន ធ្វើ​ឲ្យ​គាត់​មួម៉ៅ ក្ដៅ​ក្រហាយ។ អ៊ីចឹង​មាន​តែ​បង​ប្អូន​បោះ​ឆ្នោត​ឲ្យ​គណបក្ស សម រង្ស៊ី មក ដើម្បី​ឲ្យ​បង​ប្អូន​ផុត​ពី​ការ​លំបាក»។

មេ​ឃុំ​មួយ​រូប​មក​ពី​គណបក្ស សម រង្ស៊ី ដែល​ទើប​ជាប់​ឆ្នោត​ថ្មី​នៅ​ក្នុង​អាណត្តិ​ទី​៣ នេះ នៅ​ឃុំ​ស្រយ៉ង់ ឈ្មោះ ប៉ែន ឡាម។ លោក​មាន​ប្រសាសន៍​ថា លោក​បាន​ទទួល​ការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ​បាន​ឡើង​ធ្វើ​ជា​មេ​ឃុំ​នេះ ដោយសារ​លោក​បាន​អះអាង​ប្រាប់​ប្រជាពលរដ្ឋ​មុន​ពេល​បោះ​ឆ្នោត​ថា គណបក្ស សម រង្ស៊ី នឹង​ប្រឹងប្រែង​ធ្វើ​ការ​បម្រើ​ប្រជាពលរដ្ឋ។

ឈ្មោះ ប៉ែន ឡាម៖ «បាទ! ម៉្យាង​មក​ពី​ក្រុមហ៊ុន​យក​ដី​បង​ប្អូន​ច្រើន​ពេក។ ម៉្យាង​ទៀត បង​ប្អូន​ធ្វើ​ការ​នៅ​ក្នុង​គណបក្ស សម រង្ស៊ី នេះ ចុះ​ហត្ថលេខា​អ្វីៗ​លើ​ដី​អី គឺ​អត់​យក​លុយ​ពី​បង​ប្អូន​ប្រជាជន​ទេ គឺ​មិន​ទាមទារ​កម្រៃ​ដ៏​លើស​លប់​ពី​បង្អូន​ទេ។ នេះ​ជា​ឥទ្ធិពល​មួយ​ដ៏​ល្អ​របស់​គណបក្ស សម រង្ស៊ី។ មាន​ម៉្យាង​ទៀត​នោះ គឺ​សមាជិក​គណបក្ស​ប្រជាជន​មាន​កន្លែង​ខ្លះ​និយាយ​ស្តី​មិន​សមរម្យ​ទៅ​ដល់​បង​ប្អូន​មើល​ងាយ​ធ្វើ​ឲ្យ​គេ​ខឹង»។

លោក​មេ​ឃុំ​ស្រយ៉ង់ មាន​ប្រសាសន៍​ថា នៅ​ក្នុង​ពេល​លោក​កាន់​តំណែង​លោក​នឹង​ប្រកាន់​គោលការណ៍​យុត្តិធម៌ មិន​ពុករលួយ និង​មិន​ចុះ​ហត្ថលេខា​លក់​ដី​ក្នុង​ឃុំ​ទៅ​ឲ្យ​ក្រុមហ៊ុន​នានា ដែល​ចង់​មក​រឹប​អូស​យក​ដី​ប្រជាពលរដ្ឋ​ដោយ​ខុស​ច្បាប់។

ប្រជាពលរដ្ឋ​មួយ​រូប​ឈ្មោះ ចេក វី រស់​នៅ​ឃុំ​ស្រយ៉ង់ បាន​ឲ្យ​ដឹង​ថា មូលហេតុ​ដែល​សមាជិក​គណបក្ស សម រង្ស៊ី ឈ្នះ​ឆ្នោត បាន​ធ្វើ​មេ​ឃុំ​នៅ​ក្នុង​ឃុំ​ស្រយ៉ង់ ដោយសារ​បេក្ខជន​គណបក្ស​មក​ពី បក្ស សម រង្ស៊ី កន្លង​មក បាន​ធ្វើ​អំពើ​ល្អ​ជាមួយ​ប្រជាពលរដ្ឋ ទើប​ប្រជាពលរដ្ឋ​គាំទ្រ​គាត់៖ «គណបក្ស សម រង្ស៊ី ជាប់​ឆ្នោត​នេះ ដោយសារ​ប្រជាជន​គេ​ស្រឡាញ់​គណបក្ស សម រង្ស៊ី ណាស់។ ពីព្រោះ​គាត់​ធ្វើ​ល្អ​ជាមួយ​ប្រជាពលរដ្ឋ​ណាស់។ កាល​មុន​គាត់​ធ្វើ​អនុ​ឃុំ គាត់​ធ្វើ​ល្អ​ជាមួយ​ប្រជាជន ទើប​គេ​បោះ​ឆ្នោត​ឲ្យ​ទៅ»។

លោក ប៉ោយ ស៊ុម ជា​មេ​ឃុំ​ត្បែង​២ មក​ពី​គណបក្ស សម រង្ស៊ី ហើយ​បាន​កាន់​តំណែង​ជា​មេ​ឃុំ​ត្បែង​២ តាំង​ពី​អាណត្តិ​មុន ឲ្យ​ដឹង​ថា គណបក្ស សម រង្ស៊ី កើន​ចំនួន​មេ​ឃុំ​ពី ២​ឃុំ មក ៧​ឃុំ​នេះ ដោយសារ​ប្រជាពលរដ្ឋ​មើល​ឃើញ​អំពើ​ល្អ​ដែល​បេក្ខជន​មេ​ឃុំ​មក​ពី​គណបក្ស សម រង្ស៊ី បាន​ធ្វើ​សកម្មភាព៖ «បាទ! សេវា​សាធារណៈ យើង​អត់​បាន​ជំរិត​ទារ​ប្រាក់​ទេ ហើយ​ដោះស្រាយ​រក​ភាព​យុត្តិធម៌ ហើយ​ការពារ​ដីធ្លី​ចំការ​របស់​ប្រជាពលរដ្ឋ មិន​ចុះ​ហត្ថលេខា​ឲ្យ​ដី​ទៅ​ក្រុមហ៊ុន​ទេ»។

ខេត្ត​ព្រះវិហារ មាន​ស្រុក​ចំនួន ៧ និង​ក្រុង​១ មាន​ឃុំ និង​សង្កាត់​ចំនួន ៥១។ ឃុំ​ទាំង ៧ ដែល​មាន​មេ​ឃុំ​មក​ពី​គណបក្ស សម រង្ស៊ី គ្រប់គ្រង គឺ​ឃុំ​ត្បែង​១ ឃុំ​ត្បែង​២ ឃុំ​ឆែប​២ ឃុំ​ខ្យង ឃុំ​ស្រយ៉ង់ ឃុំ​ម្លូព្រៃ២ និង​ឃុំ​ប្រមេរ៉ិ៕

No comments: