ដោយ សេក បណ្ឌិត 2012-10-23 RFA
នៅក្រោយពេលព្រះករុណាព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ
ព្រះមហាវីរក្សត្រ ទ្រង់យាងចូលទិវង្គត
មហាជនជាច្រើនបានមានចំណាប់អារម្មណ៍ខ្លាំងទៅលើបញ្ហាអនាគតរបស់
រាជានិយម និងការបង្រួបបង្រួមជាតិ។
ប៉ុន្តែអ្នកនយោបាយ និងអ្នកវិភាគបញ្ហាសង្គមបានមើលឃើញថា
ថ្វីត្បិតតែរាជានិយមនៅកម្ពុជា ចេះតែមានវិបត្តិជាបន្តបន្ទាប់
ប៉ុន្តែសង្គមខ្មែរនៅតែត្រូវការរបបរាជានិយម
ជាពិសេសស្ថាប័នរាជបល្ល័ង្កនៅតែជាស៊ីម៉ងត៍ផ្សារភ្ជាប់
និងជាបង្គោល
ដើម្បីទាញរឹតខ្មែរគ្រប់និន្នាការទាំងអស់ឲ្យចេះអង្គុយធ្វើការ
ជាមួយគ្នា ដោយឈរលើឆន្ទៈរួម គឺត្រូវគិតពីប្រយោជន៍ជាតិជាធំ។
អ្នកនយោបាយជើងចាស់មួយចំនួននៅតែមានសុទិដ្ឋិនិយមចំពោះរបបរាជា
និយម ព្រមទាំងមានជំនឿថា ប្រជាប្រិយភាពនៃរបបនេះនឹងមិនព្រមចុះឡើយ
បើទោះបីជាអវត្តមានសម្ដេចព្រះ នរោត្តម សីហនុ ក៏ដោយចុះ។
អតីតឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ
គឺព្រឹទ្ធាចារ្យ លឺ ឡាយស្រេង។ លោកមានប្រសាសន៍ថា
ទឹកចិត្តប្រជារាស្ត្រខ្មែរនៅតែមានសន្តានចិត្តស្រលាញ់រាជានិយម
ចង់ឲ្យប្រទេសខ្លួននៅតែមានស្ថាប័នរាជបល្ល័ង្ក
ព្រះមហាក្សត្រជានិច្ច។
លោកបន្តថា ជាងនេះទៅទៀត បក្សនយោបាយនានាក៏ត្រូវការអង្គព្រះមហាក្សត្រជាអ្នកផ្សះផ្សានៅពេលមានវិបត្តិម្តងៗ។
បើទោះបីជាមានការអះអាងបែបនេះក្តី
ក៏មានប្រជាពលរដ្ឋមួយចំនួននៅតែមានក្តីបារម្ភចំពោះវាសនាអនាគត
របស់រាជានិយម ហើយថា ការបាត់បង់ព្រះមហាវីរក្សត្រនៅពេលនេះ
ហាក់បីដូចជាបាត់បង្គោល
ឬតួអង្គមួយយ៉ាងសំខាន់ក្នុងការបង្រួមបង្រួមជាតិ ផ្សះផ្សាជាតិ
ឬរក្សាឲ្យមានឯកភាពជាតិខ្មែររឹងមាំយូរអង្វែងទៅមុខទៀតនោះ។
ទោះយ៉ាងណា
របបរាជានិយមត្រូវបានគាំទ្រដោយច្បាប់កំពូលរបស់ជាតិទៅហើយ។
រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ១៩៩៣ បានចែងថា
ប្រទេសកម្ពុជា ជាព្រះរាជាណាចក្រដែលព្រះមហាក្សត្រ
ប្រតិបត្តិតាមរដ្ឋធម្មនុញ្ញ និងតាមលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស។
អតីតរដ្ឋមន្ត្រីក្រសួងកិច្ចការនារី
បច្ចុប្បន្នជាមន្ត្រីជាន់ខ្ពស់នៃគណបក្សសិទ្ធិមនុស្ស លោក គៀត
សុគន្ធ។ លោកមានប្រសាសន៍ចាប់អារម្មណ៍ដែរថា
រាជានិយមមានសារសំខាន់ណាស់សម្រាប់កម្ពុជា ទាំងពេលបច្ចុប្បន្ន
និងពេលអនាគត ពីព្រោះលោកយល់ថា ទៅអនាគតបើគេអាចរក្សារាជានិយមបាន
បានន័យថា កម្ពុជាអាចរក្សាអត្តសញ្ញាណជាតិខ្លួនបានល្អ។
ទាក់ទងនឹងប្រជាប្រិយភាពរាជានិយមទៅថ្ងៃមុខយ៉ាងណានោះ
លោកបញ្ជាក់ថា គឺអាស្រ័យលើប្រជាពលរដ្ឋខ្មែរគ្រប់គ្នាមានសាមគ្គីភាព
មានឯកភាពជាតិនៅជុំវិញព្រះរាជារបស់ខ្លួនបច្ចុប្បន្ន។លោកបន្តថា
កន្លងមកអតីតព្រះមហាក្សត្រ សម្ដេចព្រះ នរោត្តម សីហនុ
ព្រះអង្គបានទុកស្នាព្រះហស្ត
និងបទពិសោធន៍ជាច្រើនដែលបង្ហាញពីភាពរុងរឿងនៃរបបរាជានិយម
ដែលមានការឯកភាពជាតិ
មានសាមគ្គីភាពក្នុងការអភិវឌ្ឍន៍ប្រទេសឲ្យបានរីកចំរើន។
លោកបង្ហាញទៀតថា នៅក្នុងរជ្ជកាលសម្ដេចព្រះ នរោត្តម សីហនុ
ទ្រង់ចេះធ្វើឲ្យប្រទេសកម្ពុជា ក្លាយជាគុជនៅអាស៊ី
ដែលបង្ហាញឲ្យឃើញពីតម្លៃរបស់ខ្មែរនៅលើឆាកអន្តរជាតិ។
លោក គៀត សុគន្ធ ក៏បានប្រៀបធៀបមកសង្គមគ្រួសារតូចដែរថា
នៅពេលដែលមេគ្រួសារមានឪពុកម្ដាយជាដើមបាត់បង់ទៅ
ជាធម្មតាកូនចៅតែងតែមានការបែកបាក់គ្នា
ឬលែងមានភាពជិតស្និទ្ធនឹងគ្នាជាដើម។
ប៉ុន្តែសម្រាប់សង្គមជាតិនៅពេលនេះ
មានភាពខុសគ្នាពីសង្គមគ្រួសាររបស់ពលរដ្ឋ។
សម្រាប់អ្នកស្រាវជ្រាវលើការអភិវឌ្ឍសង្គម លោក កែម ឡី
លោកឆ្លុះបញ្ចាំងឃើញដែរថា
អនាគតរាជានិយមនឹងមិនមានការប្រែប្រួលខ្លាំងនោះទេ។ ទន្ទឹមគ្នានេះ
អ្នកនយោបាយសព្វថ្ងៃនៅតែពឹងផ្អែកច្រើនលើស្ថាប័នព្រះមហាក្សត្រ។
លោកបន្តថា ដើម្បីរក្សាស្ថិរភាព
និងដើម្បីគ្រប់ភាគីអាចពឹងពាក់លើស្ថាប័នព្រះមហាក្សត្របាន
គេគួរតែពង្រឹងសសរស្ដម្ភទាំង ៥ ជុំវិញព្រះរាជបល្ល័ង្ក។
ទីប្រឹក្សាអមព្រះរាជខុទ្ទកាល័យព្រះមហាក្សត្រ
បានឲ្យដឹងនៅថ្ងៃទី១៦ តុលា ថា ព្រះករុណាព្រះបាទសម្ដេចព្រះ
នរោត្តម សីហនុ ព្រះមហាវីរក្សត្រនៃព្រះរាជាណាចក្រកម្ពុជា
នៅមុនព្រះអង្គសោយទិវង្គត
ព្រះអង្គមានព្រះរាជឱង្កាណែនាំដល់ព្រះរាជវង្សានុវង្សឲ្យធ្វើអំពើ
ល្អនៅក្នុងសង្គម និងផ្ដល់ភាពយុត្តិធម៌ដល់ប្រជារាស្ត្រខ្មែរទូទៅ។
អតីតលេខាផ្ទាល់ព្រះមហាវីរក្សត្រ
និងជាទីប្រឹក្សាអមព្រះរាជខុទ្ទកាល័យ ព្រះមហាក្សត្រ ព្រះអង្គម្ចាស់
ស៊ីសុវត្ថិ ធម្មិកោ មានព្រះរាជបន្ទូលថា
នៅពេលព្រះរាជវង្សានុវង្សទៅថ្វាយបង្គំគាល់អតីតព្រះមហាក្សត្រ
សម្ដេចព្រះ នរោត្តម សីហនុ កាលពីទ្រង់នៅមានព្រះជន្ម
ព្រះអង្គតែងតែលើកអំពីគោលបំណងសំខាន់របស់ព្រះអង្គឲ្យមានការ
បង្រួបបង្រួមជាតិ។
របបរាជានិយមនៅកម្ពុជា
តែងតែមានការវាយប្រហារជាច្រើនជំនាន់មកហើយ
ដូចជានៅក្នុងរបបសាធារណរដ្ឋខ្មែររបស់លោកសេនាប្រមុខ លន់ នល់
របបកម្ពុជាប្រជាធិបតេយ្យរបស់ខ្មែរក្រហម
និងរបបសាធារណរដ្ឋប្រជាមានិតកម្ពុជាជាដើម។
ប៉ុន្តែរាជានិយមនៅតែរក្សាជំហរ
និងកិត្តិនាមបានរហូតមកដល់ពេលសព្វថ្ងៃនេះ
ហើយការគោរពព្រះរាជានៅតែដក់ជាប់ក្នុងបេះដូងប្រជាពលរដ្ឋខ្មែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
2 comments:
ត្រូវហើយ ! ព្រះមហាក្សត្រជាបង្គោល តែបង្គោលនេះបានទ្រេតទៅខាងគណបក្សកាន់អំណាច ។
ព្រះមហាក្សត្រអាចផ្សះផ្សាជាតិបាន លុះត្រាតែជំហរស្តេច ត្រង់ អាព្យាក្រិត្យ ហើយជាពសេស
គឺត្រូវមានឥទ្ធិពលលើគូភាគីជម្លោះ ។ ចុះបើស្តេចអត់បានគោរពនាទីខ្លួនដែលរដ្ឋធម្មនុញ្ញបានចែង
ក្នុងការគ្រប់គ្រងកងទ័ព និងតុលាការ ក្លាយជាឧបករណ៍របស់គណបក្សកាន់អំណាច មិនខ្វល់
ឬ មិនហ៊ានអើពើ រាស្ត្រទន់ខ្សោយដែលរត់រកជំនួយពីស្តេច នៅក្រៅវាំង ។
មានស្តេចទីងមោងរបៀបហ្នឹង ខាតតែលុយជាតិរាប់រយលានដុល្លា មិនបាច់មាន ជាការល្អ ។
Cambodia will be Kingdom as long as her King
obeys Hun Sen' s orders .
Post a Comment