លោកបណ្ឌិត ឡៅ ម៉ុងហៃ អ្នកវិភាគនយោបាយឯករាជ្យ មានប្រសាសន៍ថា បើសមាសភាពមនុស្សនៅដដែល មានន័យថា សកម្មភាពការងារនៅដដែលដូចមុន ហើយបើចង់ឲ្យមានការប្លែក និងថ្មីទៅបាន លើកលែងតែមនុស្សនោះបានដូរទស្សនៈថ្មី ធ្វើការងារដោយឯករាជ្យ មានតម្លាភាព និងមានប្រសិទ្ធភាព។
ដោយ កែវ និមល 2012-10-14 RFA
រដ្ឋសភាកម្ពុជា កាលពីថ្ងៃទី១១ តុលា កន្លងទៅ
បានអនុម័តរើសសមាសភាពថ្មីរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត
(គ.ជ.ប) សម្រាប់អាណត្តិថ្មីរយៈពេល ៥ឆ្នាំ ចប់សព្វគ្រប់ហើយ។
ប៉ុន្តែ មនុស្សជាច្រើននាក់ យល់ថា ការរើសថ្មី
ក៏ដូចជាការមិនរើសដែរ ពីព្រោះសមាសភាពសមាជិក គ.ជ.ប នោះ ក្នុង ៩នាក់
មានមនុស្សថ្មីតែ ២នាក់ ប៉ុណ្ណោះ ហើយ គ.ជ.ប
នោះស្ថិតនៅក្រោមការដឹកនាំរបស់លោក អ៊ឹម សួស្តី ដដែល។
តំណាងអង្គការមិនមែនរដ្ឋាភិបាលឃ្លាំមើលការបោះឆ្នោត
និងអ្នកសង្កេតការណ៍នយោបាយកម្ពុជា មួយចំនួនយល់ថា
ការបោះឆ្នោតរើសអ្នកតំណាងរាស្ត្រនៅកម្ពុជា ឆ្នាំ២០១៣ ខាងមុខ
ប្រហែលមិនមានអ្វីប្លែកឡើយ ពីព្រោះសមាសភាពអ្នកដឹកនាំរបស់ គ.ជ.ប
គឺនៅដដែល។
លោក ហង្ស ពុទ្ធា ប្រធានគណៈកម្មាធិការអព្យាក្រឹត
និងយុត្តិធម៌ដើម្បីការបោះឆ្នោតដោយសេរី និងត្រឹមត្រូវនៅកម្ពុជា
និកហ្វិច (NICFEC) មានប្រសាសន៍នៅថ្ងៃទី១៣ តុលា ថា
លោកមិនមានការភ្ញាក់ផ្អើលចំពោះលទ្ធផលការតែងតាំងសមាជិក គ.ជ.ប
ថ្មីនោះទេ ពីព្រោះលោកយល់ថា សមាជិកសភាមកពីគណបក្សកាន់អំណាច
មុខជាគាំទ្រសមាសភាពមនុស្សដដែលឲ្យដឹកនាំ គ.ជ.ប ទៀតជាមិនខាន។
លោក ហង្ស ពុទ្ធា បញ្ជាក់បន្ថែមថា នេះជាការចាប់ផ្ដើមមួយប៉ុណ្ណោះ
ដែលធ្វើឲ្យគណបក្សកាន់អំណាច
អាចនៅតែឈ្នះនៅក្នុងការបោះឆ្នោតឆ្នាំ២០១៣ ខាងមុខ។ ប៉ុន្តែ
ប្រជាពលរដ្ឋជាអ្នកបោះឆ្នោត និងគណបក្សជំទាស់
អាចធ្វើឲ្យមានលទ្ធផលខុសពីការគិតទុកថា គណបក្សកាន់អំណាចឈ្នះបាន
បើសិនជាគណបក្សជំទាស់មានគោលនយោបាយអីថ្មី
មានការគាំទ្រពីប្រជាពលរដ្ឋ។
លោក ហង្ស ពុទ្ធា បានលើកសំណូមពរឲ្យអ្នកដឹកនាំរបស់ គ.ជ.ប
ក្នុងអាណត្តិថ្មី
៥ឆ្នាំរបស់ខ្លួនយកចិត្តទុកដាក់ពង្រឹងខ្សែរយៈការងារថ្នាក់ក្រោម
នៅតាមខេត្ត ឃុំ សង្កាត់ ឲ្យធ្វើការងារឲ្យបានល្អ
ដើម្បីបម្រើការបោះឆ្នោត
និងបម្រើប្រជាពលរដ្ឋឲ្យបានចូលរួមបោះឆ្នោតងាយស្រួល។
កន្លងមក តំណាងគណបក្សជំទាស់មានគណបក្ស សម រង្ស៊ី និងគណបក្ស
សិទ្ធិមនុស្ស បានសុំឲ្យមានការដូរសមាសភាពអ្នកដឹកនាំរបស់ គ.ជ.ប
តែការទាមទារនោះ មិនបានទទួលជោគជ័យឡើយ។
លោកបណ្ឌិត ឡៅ ម៉ុងហៃ អ្នកវិភាគនយោបាយឯករាជ្យ មានប្រសាសន៍ថា
បើសមាសភាពមនុស្សនៅដដែល មានន័យថា សកម្មភាពការងារនៅដដែលដូចមុន
ហើយបើចង់ឲ្យមានការប្លែក និងថ្មីទៅបាន
លើកលែងតែមនុស្សនោះបានដូរទស្សនៈថ្មី ធ្វើការងារដោយឯករាជ្យ
មានតម្លាភាព និងមានប្រសិទ្ធភាព។
លោកបណ្ឌិត ឡៅ ម៉ុងហៃ លើកឡើងថា បើសិនជាគណបក្សនយោបាយ
ដែលចូលរួមប្រកួតក្នុងការបោះឆ្នោតនោះ
មិនទុកចិត្តលើភាពមិនលំអៀងរបស់ គ.ជ.ប នោះ
វាអាចធ្វើឲ្យប៉ះពាល់ដល់ជំនឿលើសកម្មភាពផ្សេងៗរបស់ គ.ជ.ប
ហើយចុងក្រោយ វាប៉ះពាល់ដល់ការទទួលយកលទ្ធផលនៃការបោះឆ្នោតផងដែរ។
ចំពោះការរៀបចំឲ្យ គ.ជ.ប មានភាពឯករាជ្យ មានតម្លាភាព
ទទួលបានការគាំទ្រ និងជឿទុកចិត្តបាននោះ លោកបណ្ឌិត ឡៅ ម៉ុងហៃ
មានប្រសាសន៍ថា គេត្រូវការពេលវេលាយូរ ពីព្រោះ គ.ជ.ប
នេះធ្លាប់រៀបចំការបោះឆ្នោតរបៀបនេះ បី បួន អាណត្តិមកហើយ។
លោកបណ្ឌិត ឡៅ ម៉ុងហៃ បានលើកឡើងថា
ដើម្បីឲ្យការបោះឆ្នោតនៅកម្ពុជាទទួលបានជោគជ័យនោះ មានរឿងខ្លះ
គ.ជ.ប តែម្នាក់ឯងមិនអាចធ្វើបានឡើយ
ទាល់តែមានការសហការពីស្ថាប័នក្រសួង មន្ទីរពាក់ព័ន្ធដែរ
ដូចជាក្រសួងមហាផ្ទៃ អាជ្ញាធរឃុំ-សង្កាត់ តាមមូលដ្ឋានផងដែរ។
ក្រៅពីនោះ លោកបានលើកឡើងអំពីការដូរប្រព័ន្ធបោះឆ្នោត។ ពីព្រោះ
នៅប្រទេសជឿនលឿនមួយចំនួន គេតែងតែកែច្បាប់
ឬប្រព័ន្ធបោះឆ្នោតរបស់គេ ឲ្យកាន់តែងាយស្រួល កាលណាគេរកឃើញថា
ប្រព័ន្ធបោះឆ្នោតដែលគេកំពុងតែអនុវត្ត ជួបប្រទះឧបសគ្គជាច្រើននោះ។
ទាក់ទងជាមួយសមាសភាព គ.ជ.ប នេះដែរ លោក នី ចរិយា
ប្រធានក្រុមអង្កេតរបស់សមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc)
មានប្រសាសន៍ថា ការរៀបចំកន្លងមករបស់ គ.ជ.ប នេះ តែងតែកើតរឿងដដែលៗ
បើទោះបីជាសមាសភាពសមាជិក គ.ជ.ប នេះបានកាន់ការងារជាយូរមកហើយ
មានពិសោធន៍ច្រើនហើយក៏ដោយ។ ដូច្នេះ គេត្រូវតែដូរសមាសភាពថ្មី
ដើម្បីទទួលបានការជឿជាក់ពីអ្នកចូលរួមបោះឆ្នោត។ ប៉ុន្តែ
បើគេមិនអាចដូរសមាសភាពថ្នាក់ជាតិបានទេ
ក៏គេត្រូវតែដូរសមាសភាពថ្នាក់ក្រោមជាតិ។ ពីព្រោះ
បញ្ហាខ្លះដែលកើតឡើង ទាក់ទងការបោះឆ្នោតនោះ
មានកើតឡើងភាគច្រើននៅតាមខេត្ត ស្រុក ឃុំ សង្កាត់
ដែលជាថ្នាក់ក្រោមជាតិ។
ទាក់ទងជាមួយការរៀបចំសមាសភាព គ.ជ.ប នេះ លោក សុរិយា ស៊ូប៊ែឌី (Surya
Subedi)
អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំ
កម្ពុជា ធ្លាប់បានលើកជាអនុសាសន៍ជាច្រើន ដើម្បីឲ្យសមាសភាពសមាជិក
គ.ជ.ប អាណត្តិថ្មី មានតម្លាភាព និងមានការគាំទ្រពីមជ្ឈដ្ឋានទូទៅ។
ប៉ុន្តែ មន្ត្រីរដ្ឋាភិបាលបានបដិសេធ
និងរិះគន់អនុសាសន៍ទាំងនោះទៅវិញ។ ក្រោយពេលជាប់ជាប្រធាន គ.ជ.ប
សម្រាប់អាណត្តិថ្មីបន្តទៀត លោក អ៊ឹម សួស្តី
បានមានប្រសាសន៍ឆ្លើយតបសំណួរអ្នកកាសែត កាលពីថ្ងៃទី១១ តុលា ថា
នៅក្នុងមុខតំណែងរបស់លោកជាប្រធាន គ.ជ.ប នោះ
លោកនឹងខិតខំរក្សាឯករាជ្យភាព នៅក្នុងមុខងាររបស់ខ្លួន។
ការបោះឆ្នោតអនុម័តតែងតាំងសមាសភាពសមាជិក និងអ្នកដឹកនាំ គ.ជ.ប
ក្នុងអាណត្តិថ្មីរបស់រដ្ឋសភានេះ សមាជិកសភាមកពីគណបក្ស សម រង្ស៊ី
និងគណបក្ស សិទ្ធិមនុស្ស មិនបានចូលរួមឡើយ។ ជាមួយគ្នានេះដែរ លោក សួង
សោភ័ណ្ឌ ប្រធានចលនាយុវជនគណបក្ស សម រង្ស៊ី បានប្រកាសថា
លោកមិនទទួលយកលទ្ធផលនៃការតែងតាំងនោះឡើយ
ហើយលោកមានគម្រោងរៀបចំប្រមូលមនុស្សរាប់រយនាក់
ធ្វើបាតុកម្មប្រឆាំងសមាសភាពថ្នាក់ដឹកនាំ គ.ជ.ប ថ្មីនេះ នៅថ្ងៃទី២៣
តុលា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
1 comment:
បើចង់ផ្លាស់ទាល់តែផ្លាស់ក្បាលម៉ាស៊ីនយួនអ៊ឹមសួស្ដី
នេះចេញ ទើបអ្វីនឹងអាចថ្មីបានបើមិនដូច្នេះទេនៅតែ
យួនជាដដែល។
Post a Comment