លោកសន ម៉ាគីនតូស អ្នកនាំពាក្យស្ថានទូតអាមេរិក |
By គង់ សុឋានរិទ្ធ VOA Khmer
ភ្នំពេញ៖ សហរដ្ឋអាមេរិកនៅថ្ងៃសុក្រនេះ បានបញ្ជាក់ថាខ្លួន នឹងតាមមើលការវិវត្ត ទាក់ទងនឹង ចំណាត់ការ របស់រដ្ឋាភិបាល លើវិទ្យុសំឡេងសហរដ្ឋអាមេរិក ជាខេមរភាសា និងវិទ្យុអាស៊ីសេរី។ លោកសន ម៉ាគីនតូស អ្នកនាំពាក្យស្ថានទូត អាមេរិក បានអំពាវនាវ នៅរសៀលនេះ ដល់រដ្ឋាភិបាលកម្ពុជា ឲ្យគោរពសេរីភាព នៃការបញ្ចេញមតិ។
«សហរដ្ឋអាមេរិកនៅតែព្រួយបារម្ភជាខ្លាំងអំពីឧប្បត្តិហេតុជាច្រើនដែលបានកើតឡើងដែលធ្វើ ឲ្យមានចំណោទពីការ ប្តេជ្ញាចិត្តរបស់ រដ្ឋាភិបាលក្នុងការ ការពារសេរីភាព បញ្ចេញមតិហើយ យើងអំពាវនាវ ដល់រដ្ឋាភិបាល ចាត់គ្រប់វិធានការ ចាំបាច់ដើម្បីការពារ សេរីភាព បញ្ចេញមតិ»។
លោកថ្លែងដូច្នេះដោយសារតែមានការកោះហៅវិទ្យុសំឡេងសហរដ្ឋអាមេរិកនិងវិទ្យុអាស៊ីសេរីកាលពីថ្ងៃពុធទី១០ ខែតុលា ពីសំណាក់រដ្ឋាភិបាលដើម្បីសើរើពីបេសកកម្មរបស់វិទ្យុទាំងពីរនិងការទាមទារឲ្យមានកិច្ចសហការជាមួយរដ្ឋាភិបាលខ្មែរ។ លោកសន ម៉ាកគីនតូស បញ្ជាក់ថាសហរដ្ឋអាមេរិកនឹងបន្តតាមដានការវិវត្តបញ្ហានេះ។ «យើងបន្តធ្វើការ ជាមួយសង្គមស៊ីវិល និងជាមួយរដ្ឋាភិបាលក្នុងបញ្ហានេះ និងមិនខ្លាចក្នុងការលើកឡើងបញ្ហានេះម្តងហើយម្តងទៀត ហើយយើងបន្តធ្វើការឃ្លាំមើលស្ថានភាពនៅទីនេះ»។ កិច្ចប្រជុំជាមួយមន្ដ្រីរដ្ឋាភិបាលរួមទាំងទីប្រឹក្សាលោកនាយករដ្ឋមន្ដ្រី និងមន្ដ្រីមកពីក្រសួងការបរទេស ក្រសួងព័ត៌មាន ក្រសួងយុត្តិធម៌ និងទីស្តីការ គណៈរដ្ឋមន្ដ្រី បានចំណាយ ពេលអស់រយៈ ពេលប្រមាណពីរម៉ោងហើយមិនអនុញ្ញាតឲ្យផ្សព្វផ្សាយខ្លឹមសារនៃកិច្ចប្រជុំនេះទេ។ មន្ត្រីអ្នកនាំពាក្យស្ថានទូតអាមេរិកបានបញ្ជាក់ឡើងវិញពីឯករាជ្យភាពរបស់វិទ្យុដែលមានមូលដ្ឋាននៅក្រុងវ៉ាស៊ីនតោនទាំងពីរ។
«វិទ្យុសំឡេងសហរដ្ឋអាមេរិកនិងវិទ្យុអាស៊ីសេរីដែលផ្តល់មូលនិធិដោយរដ្ឋាភិបាលអាមេរិកមិនមែនដើម្បីប្រឆាំងប្រជាពលរដ្ឋកម្ពុជានោះទេ ហើយក៏មិនមែនដើម្បីគាំទ្រគណបក្សប្រឆាំងដែរ។ គឺដើម្បីផ្តល់ភាពជាក់ច្បាស់មួយ និងដើម្បីគាំទ្រដល់ការផ្តល់ភាពច្បាស់លាស់និងដើម្បីផ្តល់ព័ត៌មានដល់សាធារណជនកម្ពុជា»។
ទោះជាមានការកោះហៅរបស់រដ្ឋាភិបាលក៏ដោយនាយកវិទ្យុផ្សាយសំឡេងទាំងពីរបានបញ្ជាក់ជំហរមិនកែប្រែរបស់ខ្លួនក្នុងសេចក្ដីថ្លែងការណ៍ផ្សេងៗគ្នា ហើយប្តេជ្ញានឹងបន្តបេសកកម្មសព្វថ្ងៃសម្រាប់បំពេញព័ត៌មានដល់ប្រជាពលរដ្ឋខ្មែរ។ កាលពីម្សិលមិញគណៈអភិបាលការផ្សាយដែលគ្រប់គ្រងលើការផ្សាយនៃវិទ្យុទាំងពីរបានថ្កោលទោសទង្វើរបស់រដ្ឋាភិបាលខ្មែរ។ លោក ផៃ ស៊ីផាន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ដ្រីបានបញ្ជាក់ថារដ្ឋាភិបាលមិនទាន់មានគម្រោងចាត់វិធានការណាមួយលើវិទ្យុអាមេរិកទាំងពីរនេះទេ។ «យើងគ្រាន់តែនិយាយគ្នា។ រដ្ឋាភិបាលគ្មានវិធានការចាត់អីទេ»។
កាលពីក្នុងអំឡុងពេលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់រដ្ឋាភិបាលបានបញ្ជាឲ្យវិទ្យុដែលស្ថិតក្រោមកុងត្រាជាមួយវិទ្យុវីអូអេ និងវិទ្យុអាស៊ីសេរីផ្អាកការផ្សាយបន្តផ្ទាល់និងការផ្សាយបន្តដល់វិទ្យុទាំងពីរមួយរយៈខ្លីគឺនៅមុន និងនៅក្រោយពេលបោះឆ្នោតរួច៕
1 comment:
What is wrong with this black-man?
Post a Comment