Monday, November 05, 2012

ហេតុ​អ្វី​ឯក​សារ​សំខាន់​ៗ​ក្លាយ​ជា​ក្រដាស​ខ្ចប់​នំបុ័ង? [... ពីព្រោះអីនេះជា ក្រដាស សម្ដាចម៏ ជួយ]

លិខិតបង្គាប់​ការ​មួយ របស់​អគ្គិសនី​កម្ពុជា ដែល​គេ​យកមក​​ខ្ចប់​នំបុ័ង​។ រូបថត តុង សុប្រាជ្ញ

Monday, 05 November 2012
តុង សុប្រាជ្ញ
The Phnom Penh Post
ពេល ​ខ្លះ​ ក៏​ឃើញ​ក្រដាស​វេច​ខ្ចប់​របស់​ទាំង​នោះ មាន​ឈ្មោះ ហត្ថលេខា និង​ត្រា របស់​សម្តេច​ទាំង​បី ជា​ថ្នាក់​ដឹក​នាំ​កំពូល​របស់​ប្រទេស​ផង​ដែរ គឺ​សម្តេច​ប្រធាន​ព្រឹទ្ធ​សភា សម្តេច​ប្រធាន​រដ្ឋ​សភា និង​សម្តេច​នាយក​រដ្ឋ​មន្រ្តី។ ​
ម្តងម្កាល ក្រុម​អ្នក​កាសែត​ផ្ទុះ​សំណើច​ខ្លួន​ឯង ដោយ​សារ​ឃើញ​ឈ្មោះ និង​អត្ថបទ​របស់​ខ្លួន ​នៅ​ក្រដាស​ខ្ចប់​នំប៉័ង ខ្ចប់​ចេក​ចៀន ឬ​ក្រដាស​ខ្ចប់សាច់​ក្រក​ជាដើម។ ពួក​គេ​មាន​អារម្មណ៍​ថា កិច្ចការ​របស់​គេ​ ត្រូវ​បាន​គេ​ប្រមាថ និង​វាយ​តម្លៃ​ទាប​បំផុត​ ខណៈ​ដែល​ឯកសារ​ដ៏​មាន​ប្រយោជន៍​ត្រូវ​បាន​គេ​លក់​សម្រាប់​ខ្ចប់​របស់​កំប៉ិក កំប៉ុក​បែប​នេះ។

ប៉ុន្តែ​វា​មិន​ថ្វី​ទេ សម្រាប់​អត្ថបទ​កាសែត និង​ឈ្មោះ​អ្នក​កាសែត​នោះ ផ្ទុយ​ទៅ​វិញ​គេ​មិន​គួរ​លក់​ឯកសារ​ស្រាវជ្រាវ​របស់​គ្រូ​បង្រៀន សាស្ត្រាចារ្យ បណ្ឌិត​ លិខិត​បទដ្ឋាន​ផ្សេងៗ ដែល​ជា​បែបបទ​រដ្ឋបាល ក្នុង​មន្ទីរ​ ក្រសួង​ និង​ស្ថាប័ន​នានា​របស់​រដ្ឋ​ទេ ព្រោះវា​អាច​លេច​ចេញ នូវ​លទ្ធផល​អវិជ្ជមាន​មួយ​ចំនួន

កន្លង​មក​អ្នក​យក​ព័ត៌មាន តែង​តែ​កត់​សម្គាល់​ឃើញ​ថា មន្ត្រី​រាជ​ការ​ និង​អ្នក​ទទួល​ខុស​ត្រូវ​ នៅ​តាម​ក្រសួង​មន្ទីរ និង​ស្ថាប័ន​ផ្សេងៗ​របស់​រដ្ឋាភិបាល​ កំណាញ់​ណាស់ ចំពោះ​ឯកសារ​នានា​ដែល​អ្នក​កាសែត​សុំយក​ទៅ​សរសេរ​ចុះ​ផ្សាយ​ជូន​ជន​រួម​ ជាតិ បាន​ដឹង បាន​យល់​តាម​រយៈ​ទំព័រ​សារព័ត៌មាន​នោះ​ ព្រោះ​ក្រុម​មន្ត្រី​ចាត់​ទុក​ថា «​ជា​ឯកសារ​សម្ងាត់​»​ មិន​អាច​ឲ្យ​អ្នក​កាសែត​បាន​ទេ។ ប៉ុន្តែ​ពេល​ខ្លះ​ អ្នក​កាសែត​បែរ​ជា​រក​ឃើញ ឯកសារ​សម្ងាត់​បំផុត​របស់​ក្រសួង​មន្ទីរ​នានា​ ដែល​អ្នក​យក​ព័ត៌មាន​ចង់​បាន​នោះ បែរ​ជា​នៅ​ក្នុង​ឃ្លាំង​ផ្ទុក​ក្រដាស​អេតចាយ​ជាមួយ​នឹង​វត្ថុអេត​ចាយ រាប់​សិប​មុខ​ទៀត​ទៅ​វិញ


សកម្មភាព​យក​ក្រដាស​ផ្សេងៗ​ដូចជា​ លិខិត​ស្នាម​បែប​បទ​រដ្ឋបាល ឯកសារ​ស្រាវ​ជ្រាវ​ ទិន្នន័យ​ចំណូល​ចំណាយ ឬក៏​ព័ត៌មាន​សម្ងាត់​ផ្សេង​ៗ...យក​ទៅ​វេច​ខ្ចប់​គ្រឿង​លក់​ចាប់​ហ៊ួយ ​ខ្ចប់​នំប៉័ង ខ្ចប់​ថ្នាំ​ពេទ្យ​ ខ្ចប់​ត្រីងៀត​ត្រី​អាំង​ ឬក៏​យក​ទៅ​ដាក់​ទ្រ​ជើង​ឆ្នាំង​ដាំបាយ​ ដែល​កើត​ឡើង​ជា​រៀង​រាល់​ថ្ងៃ​បែប​នេះ​ ពិត​ជា​មិន​សមរម្យ​ទេ។ ​ពេល​ខ្លះ​ ក៏​ឃើញ​ក្រដាស​វេច​ខ្ចប់​របស់​ទាំង​នោះ មាន​ឈ្មោះ ហត្ថលេខា និង​ត្រា របស់​សម្តេច​ទាំង​បី ជា​ថ្នាក់​ដឹក​នាំ​កំពូល​របស់​ប្រទេស​ផង​ដែរ គឺ​សម្តេច​ប្រធាន​ព្រឹទ្ធ​សភា សម្តេច​ប្រធាន​រដ្ឋ​សភា និង​សម្តេច​នាយក​រដ្ឋ​មន្រ្តី។ ​

ជា​ទូទៅ​គេ​ឃើញ​មាន​ឈ្មោះ​ប្រធាន​ ស្ថាប័ន​ផ្សេងៗ​ និង​ត្រា​ក្រហម​ផង​ដែរ ​ជា​ក្រដាស​ខ្ចប់​​នំប៉័ង​សាច់​។ ទាំង​នេះ គឺជា​ប្រការ​ដ៏​គួរ​ឲ្យ​ព្រួយបារម្ភ​មួយ​ ចំពោះ​របៀប​របប​រក្សា​ឯកសារ ទាំង​ផ្លូវ​ការ​ក្តី មិន​ផ្លូវ​ការ​ក្តី ដែល​អាច​លេច​ធ្លាយ​តាម​រយៈ​ការ​និយម​លក់​ក្រដាស​ និង​ឯកសារ​ចាស់​ឲ្យ​អេតចាយ ដើម្បី​បាន​ប្រាក់​កម្រៃ​តិច​តួច​។

ការ​ពិត ក្រដាស​ ដែល​ប្រើ​រួច​អាច​មាន​ជាតិ​ពុល ជាតិ​គីមី​ម្យ៉ាង ដែល​បណ្តាល​ឲ្យ​ប៉ះពាល់​​សុខភាព​របស់​អ្នក​ប្រើ​ប្រាស់​ និងមានមេរោគ​នានា​ ដែល​ជាប់​នឹង​ក្រដាស បន្ត​ចម្លង​ទៅ​មនុស្ស ព្រោះ​ក្រដាស​ទាំង​នោះ ត្រូវ​បាន​អ្នក​ធ្វើ​អាជីវកម្ម​អេត​ចាយ​ដាក់​លាយឡំ​ជាមួយ​របស់​របរ​ ស្មោកគ្រោក​ផ្សេង​ទៀត ក្នុង សម្រាម ដូចជា​ជ័រប្លាស្ទិក កំប៉ុង​ស្រាបៀរ​ និង​វត្ថុ​ឥត​អនាម័យ ជាដើម។

ថ្វី​ដ្បិត​ថា ឯកសារ​ខ្លះ​ចាស់​ (Expired) មិន​ត្រូវ​ការ​ប្រើ ប៉ុន្តែ​វា​នៅ​តែ​ជា​ឯកសារ​មាន​តម្លៃ ដែល​អាច​រក្សា​ទុក​សម្រាប់​ប្រើ​ប្រាស់​ថ្ងៃ​ក្រោយ​ទៀត។ ក្នុង​នោះ​រួម​មាន​ ឯកសារ ទិញ លក់ ដី ផ្ទះ និង​ឯកសារ​ជា​កិច្ច​សន្យា​ផ្សេងៗ របស់​រដ្ឋ​បាល​សាធារណៈ ត្រូវ​បាន​គេ​ប្រមូល​លក់​ឲ្យ​អេតចាយ។ នោះ​ជា​គ្រោះថ្នាក់​មួយ​សម្រាប់​ម្ចាស់​ឯកសារ​ទាំង​ឡាយ ដែល​ចង់​លាក់​អាថ៌កំបាំង​រឿង​រ៉ាវ​ផ្សេងៗ​។​ បើ​យើង​ពិនិត្យ​មើល​ស្ថាប័ន​អង្គការ​សហប្រជាជាតិ ធនាគារ​ពិភពលោក និង​អង្គការ​ជាតិ អន្តរជាតិ​ផ្សេង​ទៀត គេ​កម្រ​ប្រមូល​ឯកសារ​ចាស់​ៗ លក់​ឲ្យ​អេត​ចាយ​ណាស់។ បើ​ប្រើ​មិន​បាន ដាច់​ខាត​ត្រូវ​ហែក​ចោល ដុត កិន ឬ​កាត់​កម្ទេច​ចោល​តែ​ម្តង។ ការ​ធ្វើ​បែប​នេះ គឺ​ចៀស​វាង​បែក​ធ្លាយ​ឯកសារ​សម្ងាត់​ផ្សេងៗ​ដោយ​ប្រការ​ណាមួយ​ ដែល​បណ្តាល​ឲ្យ​ស្ថាប័ន​សាមី មាន​បញ្ហា​ធំ​ នៅ​ថ្ងៃ​ក្រោយ។ អ្វី​ដែល​ជា​ការ​ព្រួយបារម្ភ​នោះ​ គឺ​ឯកសារ​សម្ងាត់​របស់​ជាតិ ទាក់ទិន​នឹង​កិច្ច​ការ​ ការពារ​ជាតិ​។ល។

ជាការ​ពិត​ណាស់ កម្ពុជា ទាំង​សង្គម​ចាស់ និង​សង្គម​បច្ចុប្បន្ន ដឹក​នាំ​ប្រទេស​តាម​បែបបទ​រដ្ឋបាល​បារាំង។​ ក្រោម​អាណា​ព្យាបាល​របស់​បារាំង​ រយៈពេល​ស្ទើរ​មួយ​សតវត្សរ៍ បារាំង ​បាន​បង្រៀន​ច្រើន​ណាស់ រួម​ទាំង​របៀប​របប​ស្លៀកពាក់ ខោ​បារាំង​ អាវធំ ក្រវាត់​ក ឬ​ដំណើរ​ការិយាល័យ​រដ្ឋបាល ការងារ​លើ​ឯកសារ​ចេញ-ចូល ពិធី​ជប់​លៀង​បែប​បារាំង និង​ពិសា​អាហារ​បែប​បារាំង​ជាដើម។ ​ទាំង​អស់​នេះ ​សុទ្ធ​តែ​ជា​កេរ​ដំណែល​បែប​បទ​រដ្ឋបាល​សាធារណៈ​ ដែល​បារាំង​បន្សល់​ទុក​ឲ្យ​នោះ​។ សូម្បី​តែ​លោក ផៃ ស៊ីផាន ​អ្នក​នាំ​ពាក្យ​ទីស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី​ ក៏​ទទួល​ស្គាល់​ថា​ កម្ពុជា​អនុវត្ត​បែប​បទ​រដ្ឋបាល​របស់​ប្រទេស​បារាំង​ជា​មូលដ្ឋាន​ដែរ​។

ចំពោះ​មន្រ្តី រាជការ​ជាន់​ខ្ពស់​ភាគ​ច្រើន​សព្វ​ថ្ងៃ​ ចូល​ចិត្ត​តែ​ការ​គ្រប់គ្រង​តាម​បែប​រដ្ឋបាល តាំង​ពី​ការ​ប្រើ​ពាក្យ​ពេចន៍ ឃ្លា​ឃ្លោង និង​ការ​ធ្វើ​ការ​ចាំ​ថ្នាក់​លើ​សម្រេច​ឲ្យ​ធ្វើ​ជាដើម។ ឧទាហរណ៍​៖​ គ្រាន់​តែ​លិខិត​លោក​ សម​ រង្ស៊ី​ ប្រធាន​គណបក្ស សម រង្ស៊ី ស្នើ​សុំ​រាជ​រដ្ឋាភិបាល​ ដើម្បី​ថ្វាយ​បង្គំ​ព្រះ​បរម​សព​សម្តេចឪ​ ជា​លើក​ចុង​ក្រោយ​ តែ​រាជ​រដ្ឋាភិបាល ​បញ្ជូន​លិខិត​នោះ​ត្រឡប់​ទៅ​លោក សម រង្ស៊ី​វិញ ​ព្រោះ​លិខិត​នោះ​គ្មាន​អាសយដ្ឋាន​។ តែ​ផ្ទុយ​ទៅ​វិញ ​គេ​អាច​រក​ឃើញ​ឯកសារ​ផ្សេង​ៗ​ជាច្រើន ពាក់ព័ន្ធ​នឹង​លិខិត​បទ​ដ្ឋាន​បែប​បទ​រដ្ឋបាល​នានា​ នៅ​តាម​ឃ្លាំង​អេតចាយ​ តាម​ផ្សារ​ ផ្ទះ​លក់​ចាប់​ហួយ​ផ្សេងៗ​ រាប់​សិប​កន្លែង​ នៅ​ក្នុង​រាជធានី​ ក៏ដូចជា​នៅ​តាម​ខេត្ត

ទំាង​នេះ​គឺជា​ការ​ធ្វេស​ប្រហែស​ ដ៏​ធ្ងន់ធ្ងរ​មួយ​លើ​ផ្នែក​រដ្ឋ​បាល​សាធារណៈ​។​ «ប្រសិន​បើ​រក​ឃើញ​ថា​ មន្ត្រី​ណា​មួយ​ប្រព្រឹត្ត​ខុស​ជាក់​ស្តែង​នោះ ​គឺ​សាមី​អង្គភាព​ អាច​ដាក់​ពិន័យ​ផ្នែក​រដ្ឋ​បាល ​ដូច​ដែល​មាន​ចែង​ក្នុង​ច្បាប់​ស្តីពី ​សហលក្ខន្តិកៈ​មន្ត្រី​រាជការ​ស៊ីវិល ឆ្នាំ​២០១០​»។ នេះ​​បើ​តាម​ប្រសាសន៍​លោក ពេជ្រ ប៊ុនធិន រដ្ឋលេខាធិការ នៃ​រដ្ឋ​លេខាធិការដ្ឋាន​មុខ​ងារ​សាធារណៈ​។​ មាត្រា ៣៩ ចែងថា​៖ «កំហុស ​និង​ការ​ឆ្គាំឆ្គង​ក្នុង​វិជ្ជាជីវៈ ​ត្រូវ​យក​ទណ្ឌកម្ម​ខាង​វិន័យ​ទៅ​អនុវត្ត...»។ និង​មាត្រា ៤០ ចែង​ថា​៖«ទណ្ឌកម្ម​ខាង​វិន័យ​ មាន​តំាង​ពី​ការ​ស្តី​បន្ទោស ...រហូត​ដល់​បណ្តេញ​ចេញ​ពី​មុខ​តំណែង​រាជការ​»។

សរុប មក​វិញ ការ​ធ្វេស​ប្រហែស ក៏​មិន​មែន​កើត​ឡើង ​ចំពោះ​​តែ​ស្ថាប័ន​រាជ​រដ្ឋាភិបាល​ទេ ឯ​ស្ថាប័ន​អង្គការ​ក្រៅ​រដ្ឋាភិបាល និង​ក្រុមហ៊ុន​មួយ​ចំនួន​ក៏​មិន​យក​ចិត្ត​ទុក​ដាក់​ អំពី​របៀបការ​កម្ទេច​ឯកសារ​នេះ​ដែរ​។ បើ​សង្កេត​ទៅ​មើល​ស្រុក​គេ​វិញ​ គឺ​គេ​មិន​យក​ក្រដាស​ទំាង​នេះ​ មក​វេច​ខ្ចប់​ទេ​ គឺ​គេ​មាន​ថង់​ក្រដាស​ស្តើង​ថ្មី​មក​ខ្ចប់​ ដើម្បី​លើក​ស្ទួយ​សុខភាព​សាធារណ​ជា​ចម្បង៕

3 comments:

Anonymous said...

It's a win-win game: recycling news on recycling papers serving the readers who can't afford to buy newspaper for reading only; but if he bought a snack wrapped in old newspaper,so he shall enjoy his snack while keeping himself posted on the old news on the wrapper. At last he 's full of food and news at the same time.
This is economic smart recycling?

Anonymous said...

3:38PM what are you smoking ?.. imagine some small time office clerk selling secret state documents by the kilo to whoever will take it, instead of destroying them.

healhealthy said...

we can live healthy by our atmosphere should be neat and clean. we should clean regularly our locality. Then we can live healthy.
health definition