Saturday, November 10, 2012

គណបក្សប្រឆាំង ស្នើ​ឲ្យ​លោក អូ​បា​ម៉ា ជំរុញ​មានការ​អនុវត្ត​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ថ្ងៃ​២៣​តុលា​

ថ្ងៃទី 9 វិច្ឆិកា 2012 | ដោយ: រតនា 
Cambodia Express News

ភ្នំពេញ: ​គណបក្សប្រឆាំង​នៅ​កម្ពុជា បានស្នើ​ឲ្យ​លោក អូ​បា​ម៉ា ប្រ​ធា​ធិបតី​អាមេរិក ជួយជំរុញ​ឲ្យ​មាន​ប្រសិទ្ធភាព​នូវ​ការអនុវត្ត​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ថ្ងៃ​២៣​តុលា ឆ្នាំ​១៩៩១ ពីព្រោះ​អាមេរិក គឺជា​ប្រទេស​ហត្ថលេខី​ដ៏​សំខាន់​មួយ ក្នុងចំណោម ១៩ ប្រទេស ក្នុង​ការធានា​សន្តិភាព​ពេញលេញ នៅ​កម្ពុជា ចាប់តាំងពី​ឆ្នាំ​១៩៩១ មក​នោះ​។​
​លោក សុន ឆ័យ ប្រធាន​ក្រុម​អ្នកតំណាងរាស្ត្រ គណបក្ស សម រង្ស៊ី កាលពី​ថ្ងៃទី​៨ ខែវិច្ឆិកា ឆ្នាំ​២០១២ បាន​មានប្រសាសន៍ថា លោក​ធ្លាប់​បានទទួល​ការសាកសួរ​ពី​ថ្នាក់ដឹកនាំ មន្ត្រីជាន់ខ្ពស់​របស់​ក្រសួងការបរទេស អាមេរិក ថា តើ​លោក​បាន​សំណូមពរ​ដល់​លោក អូ​បា​ម៉ា ចំពោះ​ប្រទេស​កម្ពុជា​នោះ មាន​អ្វីខ្លះ​? លោក សុន​ឆ័យ បាន​និយាយ​បញ្ជាក់​ទៅ​មន្ត្រីជាន់ខ្ពស់​ទាំងនោះ​ថា សម្រាប់​ប្រទេស​កម្ពុជា​យើង យើងចង់​ឲ្យ​មានការ​គោរព និង​អនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ និងពេញលេញចំពោះ​កិច្ចព្រមព្រៀង​នៃ​ទីក្រុង​ប៉ារីស២៣​តុលា ឆ្នាំ​១៩៩១ ពីព្រោះថា សហរដ្ឋអាមេរិក ក៏​ជា​ហត្ថលេខី នៃ​កិច្ចព្រមព្រៀង ទីក្រុង​ប៉ា​រី​នោះដែរ​។​
លោក សុន ឆ័យ បានបញ្ជាក់​ឲ្យ​ដឹង​បន្តថា បើ​យើង​និយាយ​ពី​ខ្លឹមសារ​សំខាន់​នូវ​កិច្ច​ព្រម​ព្រៀម នៃ​ទីក្រុង​ប៉ារីស​នោះ គឺ​ការធានា​នូវ​ការគោរព​សិទ្ធិមនុស្ស ការអនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ​នូវ​លទ្ធិប្រជាធិបតេយ្យ សេរី​ពហុបក្ស ហើយ​និង​ធានា​នូវ​បូ​ណ​ភាព​ទឹកដី និង​ឯករាជ្យ​របស់​ប្រទេស​កម្ពុជា​។ ដូច្នេះ ភារកិច្ច​របស់​ប្រទេស​ហត្ថលេខី រួមទាំង​សហរដ្ឋអាមេរិក​ផង ត្រូវតែ​បន្ត​ពិនិត្យ​ក្នុងការ​អនុវត្ត ឲ្យ​បាន​ត្រឹមត្រូវ​កិច្ចព្រមព្រៀង នៃ​ទីក្រុង​ប៉ារីស​នេះ​។


​លោក សុន ឆ័យ បាន​បន្តទៀតថា​៖ ជាគោលការណ៍​គណបក្ស បានបញ្ជាក់​ហើយ​ថា យើង​ចង់​ឲ្យ​មាន​ការជជែក​គ្នា​រវាង​ខ្មែរ និង​ខ្មែរ ព្រោះ​យល់ថា ជាការ​ចាំបាច់​ក្នុងការ​ដោះស្រាយ​ប្រទេសជាតិ​នោះ គឺជា​ជម្រើស​ទី​១ ហើយ​ជា​មូលដ្ឋាន នៃ​ការដោះស្រាយ​សំខាន់​ជាងគេ​។ សម្រាប់​ការពឹង​ពាក់​បរទេស​នោះ គ្រាន់តែ​ជាការ​ជួយ​បន្ថែម​ទៅលើ​អ្វី ដែលជា​ការខ្វះខាត ដែល​យើង​មិនអាច​ធ្វើបាន​រវាង​ខ្មែរ និង​ខ្មែរ​។​
​លោក សុន ឆ័យ បាន​យល់ថា “​បញ្ហា​បរទេស ក្នុង​ជំហ​នយោបាយ​របស់គេ ទោះជា​យ៉ាងណាក៏ដោយ ក៏​គេ​គិតពី​ផលប្រយោជន៍​របស់គេ​ដែរ​។ បើ​យើង​សង្កេតឃើញ​មានការ​អភិវឌ្ឍ​ទៅ​នៅក្នុង​ប្រទេស​កម្ពុជា​យើង ក៏ដូចជា​ប្រទេស​នៅក្នុង​តំបន់​អាស៊ី ជាពិសេស​នៅ​ភូមា​ជា​ឧ​ទារ​ហណ៍ នោះ​គឺថា ការជជែក​គ្នា​រវាង​គណបក្ស​សំខាន់​របស់​ប្រទេស​នោះ បាន​ជួយ​ដោះស្រាយ​បញ្ហា​ជាតិ​របស់ខ្លួន បាន​ឆាប់រហ័ស​ហើយ​មាន​ប្រសិទ្ធភាព​ជាង​”​
​លោក សុន ឆ័យ បាន​បន្ថែមទៀតថា យើង​ដឹង​ហើយ​ថា ការវិវឌ្ឍ​នយោបាយ​ប្រទេស​កម្ពុជា ក្រោយពី​ការបោះឆ្នោត ដោយ​អង្គការសហប្រជាជាតិ នា​ឆ្នាំ​១៩៩៣ នោះ គឺថា​គណបក្ស​នីមួយៗ បានធ្វើការ​ជាមួយគ្នា​ជា​គ្រួសារ នៅក្នុង​ប្រទេស បើទោះបីជា​ភាព​រកាំរកូស​យ៉ាងណាក៏ដោយ ក៏មាន​ភាពចាស់ទុំ កាន់តែច្រើន ហើយ​ល្មម​ដល់ពេល​យើង​ឈាន​មួយ​ជំហាន​ទៀត ក្នុង​ការងារ​នយោបាយ​ក្នង​ប្រទេស​នោះ ដោយ​ចេះ​គោរព​តួនាទី​គ្នា ហើយ​ចេះ​ពិគ្រោះគ្នា​លើ​ការងារ​សំខាន់ៗ ព្រមទាំង​កែទម្រង់ ភាពខ្វះខាត ក្នុងការ​គ្រប់គ្រង ប្រទេស​នោះ ជាមួយគ្នា​បាន​ឆាប់រហ័ស ដើម្បី​ធានា​ភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​របស់​យើង​នោះ ឲ្យ​បាន​សមរម្យ​។​
​សូមបញ្ជាក់ថា ថ្មីៗ​នេះ រាជរដ្ឋាភិបាល​បានសម្រេច​ដាកបញ្ចូល​ថ្ងៃទី​២៣​តុលា ជា​ថ្ងៃ ឈប់សំរាក​បុណ្យជាតិ ដែលជា​ថ្ងៃ​ប្រវត្តិសាស្ត្រ នៃ​កិច្ចព្រមព្រៀង​សន្តិភាព ២៣​តុលា ឆ្នាំ​១៩៩១​នៅ​ទីក្រុង​ប៉ារីស ដែល​នាំមក​នូវ​ការបោះឆ្នោត នៅ​កម្ពុជា កាលពី​ឆ្នាំ​១៩៩៣​។
​ការសម្រេច​បញ្ចូល​ថ្ងៃ​រម្លឹក​ខួប​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ថ្ងៃ​២៣​តុលា ឡើងវិញ ទៅក្នុង​ប្រតិទិន​ឈប់សម្រាក​ប្រចាំឆ្នាំ គឺ​ក្រោយពី​អតីតព្រះមហាក្សត្រ សម្តេចព្រះ នរោត្តម សីហនុ ដែលជា​បិតា​ស្ថា​និក​កិច្ចព្រមព្រៀង​នោះ បាន​យាង​ចូល​ទិវង្គត កាលពី​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០១២​។​
​ថ្ងៃ​រម្លឹក​ខួប​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ត្រូវបាន​រដ្ឋាភិបាលរ​បស់​សម្តេច ហ៊ុន សែន សម្រេច​លុប​ចេញពី​ប្រតិទិន​ឈប់សម្រាក កាលពី​អំឡុង​ឆ្នាំ​២០០៦៕

1 comment:

Anonymous said...

យើងខ្ញុំ ឆ្ងល់ណាស់ ក្នុងមួយឆ្នាំៗ តើ គេសម្លាប់
ខ្មែរក្រីក្រប៉ុន្មាននាក់ ដើម្បីយកសរីរាង្គដូចជាបេះដូង
ថ្លើម...និង ផលិតគ្រឿងញៀនប៉ុន្មានតោនផ្ដល់ទៅ អាមេរិក អឺរុប និង អូស្រ្តាលី? ដូច្នេះ ប្រទេសមហា
អំណាច ត្រូវតែគាំទ្រ របបផ្ដាច់ការភ្នំពេញ គ្មាអ្វីក្រៅ
ពីផលប្រយោជន៍របស់គេទេ៕