Friday, November 30, 2012

លោកហ៊ុន សែន​ប្រកាស​មិន​ឱ្យ​យក​រឿង​នយោបាយ​ឡូកឡំ​នឹង​ទំនាស់​ដី​ធ្លី

លោក​ នាយក​រត់មុនត្រី ហ៊ុន សែន

29.11.2012
By សុខ ខេមរា
VOA Khmer

វ៉ាស៊ីនតោន៖ ក្រោយពេល​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​បានប្រកាស​ជាសាធារណៈ​ថ្មី​ទៀត​ថា​បញ្ហា​វិវាទ​ដីធ្លី​ដែល​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ​មិនអាច​ដោះស្រាយ​បាន ​ក្រុមមន្ត្រី​គណបក្ស​នយោបាយ​និង​សង្គម​ស៊ីវិល​បានអះអាងថា​អត្ថាធិប្បាយ ​របស់​លោក​នាយក​រដ្ឋមន្ត្រី​បង្ហាញ​ពី​ការ​បង្វែរ​ការទទួល​ខុសត្រូវ​និង​ការ​គំរាម ​ពលរដ្ឋ​មុន​ការ​បោះឆ្នោត

លោក ​កឹម សុខា ​ប្រធាន​គណបក្ស​សិទ្ធិមនុស្ស​បានអះអាង​ថា​ អត្ថាធិប្បាយ ​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​នឹង​ធ្វើ​ឲ្យ​ពលរដ្ឋ​កាន់តែ​មិនសប្បាយ​ចិត្ត​ ហើយ​ប៉ះពាល់​ដល់​លទ្ធផល​នៃការ​បោះឆ្នោត​នៃ​គណបក្ស​គ្រប់គ្រង​ប្រទេស

លោក​កឹម សុខា​បញ្ជាក់ថា៖ «ពីព្រោះ​ប្រជាពលរដ្ឋ​មុននឹង​មកពឹង​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង​ឬអង្គការ ​សង្គម​ស៊ីវិល​ គេបាន​ដោះស្រាយ​ជាមួយ​អាជ្ញាធ​រដ្ឋាភិបាល​ហើយ​តែអត់​អាចរក​យុត្តិធម៌​ អត់អាច​ដោះសា្រយ​ឲ្យគេបាន។​ ដូច្នេះ​បើសិនណា​ជាគាត់​ទៅខ្ទប់មួយ​ចំហៀង​ទៀត​គឺគាត់​ធ្វើឲ្យ​ប្រជា​ពលរដ្ឋ​រឹតតែ​ខឹង​គាត់​ឡើង។ ​ហើយ​ប្រសិនណា​ជាអ្វី​ដែលគាត់​ដោះស្រាយ​បានវាបាន​ទៅ​ហើយ ​ប្រជាពលរដ្ឋ​គេជឿ​ទៅលើគាត់​ទៅហើយ​ មិនចាំបាច់​គាត់ទៅ​សំឡុតទៅ​រារាំងគេ​បន្ថែម​ទេ»


លោក ​កឹម សុខា ​អះអាង​ថា​រដ្ឋាភិបាល​បច្ចុប្បន្ន​របស់​លោក​ហ៊ុន​ សែន​ពុំគួរយក​លេស​ទម្លាក់​ការ​ទទួល​ខុសត្រូវ​នេះ​ដល់​គណបក្ស​ជំទាស់​ និង​ក្រុម​មន្ត្រី​សង្គម ​ស៊ីវិល​ថារារាំង​ទេ​នៅពេល​ទាល់​ច្រក​មិនអាច​ដោះស្រាយ​បញ្ហា​ដីធ្លី​បាន​ដែល ​រដ្ឋាភិបាល​ បង្កើត​ឡើង​ខ្លួនឯង​ដូចជា​ បញ្ហា​បណ្តេញ​ចេញពី​លំនៅដ្ឋាន​នៅ​បឹងកក់​ បូរីកីឡា​និងដី​សម្បទាន​សេដ្ឋកិច្ច​ដែល​រដ្ឋាភិបាល​បាន​ផ្តល់​ឲ្យ​ក្រុមហ៊ុន​ ឯកជន​ជាដើម​នោះ។

«ហើយ​មិនអាច​ទៅរារាំង​ឬហាម​ឃាត់ថា​មិនឲ្យ​សង្គមស៊ីវិល​ទៅចុះ​ជួយប្រជា​ពលរដ្ឋទេ​​ព្រោះជា​កាតព្វកិច្ច។​ នាយក​រដ្ឋមន្ត្រី​មិនអាច​មកហាម​បានទេ​ ព្រោះ នេះជា​កាតព្វកិច្ច​របស់​យើង​ជា​តំណាងរាស្ត្រ​ កាតព្វកិច្ច​អង្គការ​ក្រៅ​រដ្ឋាភិបាល​ គេជួយ​មើល​រាស្ត្រ។​ បើយើង​ជាអ្នក​ដឹកនាំ​យើងធ្វើ​មិនកើត​ហើយ​ គេ​ក៏​មាន ​កាតព្វកិច្ច​ដែរ​ព្រោះ​រាស្ត្រហ្នឹង​មិនមែន​រាស្ត្រ​តែ​របស់​គណបក្ស​កាន់​អំណាច​ទេ»។

ទោះជា​យ៉ាងណា​ក៏ដោយ​ថ្លែងជា​សាធារណៈ​ក្នុងឱកាស​សម្ពោធ​ការដ្ឋាន​សាងសង់​ស្ពាន​អាកាស​មួយ​កន្លែង​នៅស្ទឹង​មានជ័យ​ រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃទី​២៦ ខែ​វិច្ឆិកា​ ​លោក​ហ៊ុន សែន​បាន​អះអាង​ថា​លោក​ស្វាគមន៍​បំណងល្អ​ របស់​គណបក្ស ​នយោបាយ​និង​អង្គការ​សង្គម​ស៊ីវិល​ជាដៃគូ​ក្នុងការរួម​ចំណែក​ដោះស្រាយ​បញ្ហា​វិវាទ​ដីធ្លី៖

«ប៉ុន្តែ​កុំឲ្យមាន​ការញុះញង់​ខាងផ្នែក​នយោបាយ ​តែប៉ុណ្ណឹងទេ​ ព្រោះអ្វី​ដែលជា តំណម​របស់ខ្ញុំ​គឺ​កាលណា​នយោបាយ​ចូលហើយ​ ដោះងាប់​ទាំងខ្លួនទៀត​ ដោះ ​មិន​ចេញ​ទេ​ ខ្ញុំចង់​សំដៅ​កែតម្រូវ​ត្រង់​ហ្នឹង​បន្តិច»។

លោក ​ហ៊ុន សែន​មិនបាន​លើកឡើងចំៗ​ថាតើ​ករណី​រំលោភ​បំពាន​ដីធ្លី​មួយណា ​ជាប់​ពាក់ព័ន្ធ​នយោបាយ​យ៉ាងម៉េច​ ដែល​មិនអាច​ឲ្យលោក​ដោះស្រាយ​បាន។

បើតាមការ​អះអាង​របស់​មន្ត្រី​គណបក្ស​ជំទាស់់​និង​ក្រុម​មន្ត្រីសង្គម​ស៊ីវិល​បាន ​អះអាង​ថាលោក​ នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ទំនងជា​និយាយ​សំដៅ​ទៅលើ​បញ្ហា​ បូរីកីឡា​ និង​បឹងកក់​ដែលមាន​អ្នកភូមិ​ត្រូវជាប់គុក​ អ្នកភូមិ​ត្រូវគេ​រឹបអូស​យក ផ្ទះសម្បែង ​បាត់បង់​ដីធ្លី​របស់ពួកគេ​ក្រោយពី​មាន​បាតុកម្ម​តវ៉ាជាច្រើន​ឆ្នាំ​ទោះបីជា​រដ្ឋាភិបាល​ផ្តល់ដី​មួយចំនួន​ដល់ពលរដ្ឋ​នៅទីនោះ​ក្តី។

លោក​ នី ចរិយា​ ប្រធាន​អ្នកស៊ើប​អង្កេត​នៃ​អង្គការ​សិទ្ធិមនុស្ស​អាដហុក​បាន​អះអាង​ថា​ការដោះស្រាយ​បញ្ហាដីធ្លី​គួរតែ​ពឹងផ្អែក​ទៅលើច្បាប់​ លើភស្តុតាង​និង​ ហេតុផល​សមស្រប​តាម​ច្បាប់​ដែល​មិន​ទាក់ទង​នឹង​ការពាក់ព័ន្ធ​របស់​សង្គម ​ស៊ីវិល​ ពាក់នឹង​គណបក្ស​នយោបាយ​ទេ។​ លោក​ចាត់ទុកថា​ការប្រកាស​របស់ ​លោក ​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ប្រសិនជា​ក្នុង​ប្រទេស​ប្រកាន់​ច្បាប់​ពេញលេញ ​គឺជា​រឿងខុស​គោលការណ៍​ច្បាប់ ​និងអាច​ជាសារ​គំរាម​ដល់​ប្រជាពលរដ្ឋ​និង​ រារាំង​មិនឲ្យ​មានអន្តរាគមន៍​ពីសង្គម​ស៊ីវិល​ឬក្រុម​ណាមួយ។

«ពីព្រោះ​គោលការណ៍​ច្បាប់​គ្មានច្បាប់​ណា​និយាយ​អំពី​ហេតុផល​ទាក់ទង​ទៅនឹង ​មាន​ភាគី​ណាមួយ​អន្តរាគមន៍​ឬ​មិន​អន្តរាគមន៍​ទេ។ ​ធម្មតា​នៅក្នុង​ច្បាប់​តែងតែ​ បើកឱកាស​ ជំរុញ​ហើយ​និង​គាំទ្រ​ឲ្យ​ប្រជាពលរដ្ឋ​ទូទៅ​ ទោះបី​មាន​និន្នាការ​អី្វ ​ក៏ដោយ​ចូលរួម​សហកា​គ្នា​ធ្វើការ​ដោះសា្រយ​បញ្ហា​នៅក្នុង​សង្គម​ទាំងអស់គ្នា»។

លោក​ចរិយា​ថ្លែងថា​គណបក្ស​កាន់អំណាច​អាច​បារម្ភ​ខ្លាចថា​ក្រុមផ្សេង​មាន​ការចំណេញ​នយោបាយ​ពីការ​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​ដែល​គណបក្ស​កាន់​អំណាច​ចង់បាន​១០០​ភាគរយ។

លោក​ យឹម សុវណ្ណ ​អ្នកតំណាងរាស្ត្រ​គណបក្ស​សម រង្ស៉ី​ និង​ជា​អ្នកនាំពាក្យ​បានអះអាង​ថា​ប្រសិនបើ​រដ្ឋាភិបាល​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​បាន​គាត់មិនទៅ​រក ​សង្គមស៊ីវិល​ ទៅរក​គណបក្ស​ប្រឆាំង​ទេ។​ ហើយវាជា​កាតព្វកិច្ច​របស់​រដ្ឋាភិបាល ​មេដឹកនាំ​រដ្ឋាភិបាល​ថ្នាក់ជាតិ​ និង​មូលដ្ឋាន ​នៅពេល​កាន់អំណាច​ ថា​ត្រូវតែ​ ដោះសា្រយ​បញ្ហា​ទាំងអស់​ជូន​ប្រជា​ពលរដ្ឋ៖

«ក៏ប៉ុន្តែ​ដោយសារ​មន្ត្រី​ទាំងអស់​នោះ​ធ្វើព្រងើយ​កន្តើយ​ មានអ្នកខ្លះ​គាប​សង្កត់ ​គាត់ ​មាន​អ្នកខ្លះ​ប្រព្រឹត្ត​អំពើ​ពុករលួយ​ ធ្វើឲ្យគាត់​រងនូវ​អំពើ​អយុត្តិធម៌ ​ដូច្នេះ​គាត់ ​គ្មានជម្រើស​បានជា​គាត់​ទៅពឹង​ឲ្យ​សង្គម​ស៊ីវិល​ជួយ​ ទៅពឹងឲ្យ​គណបក្ស ​ប្រឆាំង​​ជួយ។​ ប៉ុន្តែនៅ​ប្រទេសគេ​គោរព​ច្បាប់​ត្រឹមត្រូវ​ ប្រកាន់​នីតិរដ្ឋ​ មានប្រព័ន្ធ​តុលាការ​ត្រឹមត្រូវ​គឺជា​កាតព្វកិច្ច​របស់​រដ្ឋាភិបាល​ ហើយនឹង​តុលាការ ​ដែល​រក​យុត្តិធម៌​ជូន​គាត់»

លោកអះអាង​ដែរថា​អ្វីដែល​រដ្ឋាភិបាល​ដោះស្រាយ​បាន​គឺ​តិចតួច​បំផុត។​ ការដោះស្រាយ​កន្លង​មក​គឺដោះស្រាយ​បញ្ហាដីធ្លី​នៅកន្លែង​ដែលគ្មាន​ទំនាស់​គឺមាន​ន័យ​ថា​ ចេញប្លង់​កម្មសិទ្ធិ​ដល់​ពលរដ្ឋ​ដែល​កាន់កាប់​ដីស្របច្បាប់​យូរយា​ណាស់ ​មក​ហើយ​តែប៉ុណ្ណោះ​ទេ។​ ចំណែក​កន្លែង​ដែល​មាន​ទំនាស់គឺ​មិនបាន​ដោះស្រាយ​ជូន​ ប្រជាពលរដ្ឋ​ឡើយ​ តែថែម​ទាំង​បង្ក​ទំនាស់​កាន់តែ​ស្រួចស្រាល់​ទៅ។

លោក ​សៀ ភារម្យ​នាយក​លេខាធិការដ្ឋាន​នៃ​អង្គការ​សិទ្ធិ​លំនៅដ្ឋាន​បានអះអាង​ថា​អង្គការ​សង្គម​ស៊ីវិល​និង​តំណាងរាស្ត្រ​គណបក្ស​នយោបាយ​គឺធ្វើ​ទៅតាម​កាតព្វកិច្ច​តែប៉ុណ្ណោះ​ក្នុង​ការជួយ​ផ្តល់​សេវាកម្ម​ច្បាប់​ ជាគំនិត​ផ្លូវច្បាប់​នានា​ដល់ ​ជនរងគ្រោះ​រឿងដីធ្លី។ តែអ្វី​ដែល​ដោះសា្រយ​មិនបាន​លោកកត់​សម្គាល់​ឃើញ ​ថា​ក្រុមហ៊ុន​ អ្នកមាន​ឋានៈ​និង​ទឹកប្រាក់​ មាន​ឥទ្ធិពល​លើការ​សម្រេច​របស់ ​រដ្ឋាភិបាល ​និង​តុលាការ​ក៏​មាន។

«ដោយសារតែ​ស្ថាប័ន​ដែល​ពាក់ព័ន្ធ​ ដែលត្រូវ​ដោះស្រាយហ្នឹង​មិនមាន​មុខងារ ច្បាស់លាស់​ មិនមាន​អំណាច​គ្រប់គ្រាន់​ក្នុងការ​ដោះស្រាយ​ ដូច្នេះ​ហើយ​បាន ​ជា​ទំនាស់​ហ្នឹង​គឺមិនអាច​ដោះស្រាយ​ចេញ​បាន​ទេ។​ យើង​អាច​និយាយ​ចេញ​បាន ​ថា​ដោយសារ​ថា​មានឆន្ទៈ​តិចតួច​នៅក្នុង​ការ​ចង់ដោះស្រាយ​អញ្ចឹង»។

លោកថ្លែង​ដូច្នេះ​ដោយលើក​យកបញ្ហា​បឹងកក់​ដែល​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ​ផ្តល់ដី​១២,៤៤​ ហិកតា​ ដល់​ពលរដ្ឋ​រងគ្រោះ​តែ​ទីបំផុត​ពុំមានការ​បែងចែក ​តាម​ការចង់បាន​របស់​ពលរដ្ឋ​ទេ។​ ហើយ​បញ្ហា​បូរីកីឡា​ ទោះជា​មាន​ការព្រមព្រៀង​ថា​ក្រុមហ៊ុន​ត្រូវសាងសង់​អគា១០​ដើម្បី​ចែក​ជូន​ពលរដ្ឋ​១.៧៧៦​ គ្រួសារ​ ហើយ​ តែសម្រេច​ចុងក្រោយ​ មានការ​សាងសង់​តែ​៨អគា​ដោយ​ រំលោភ​លើ​កិច្ចសន្យា​និង​ទុកចោល​ពលរដ្ឋ​ជាង​១០០​គ្រួសារ​រស់នៅ​ដោយ​គ្មាន​ទីជម្រក​ហើយ​ពួកគេ​បន្ត​ការ​តវ៉ា​រហូត​មកទល់​បច្ចុប្បន្ន។

បញ្ហា​វិវាទ​ដីធ្លី​ត្រូវគេ​ដឹងថា​ស្ថិតក្នុង​ចំណោម​បញ្ហាក្តៅ​នានា​សម្រាប់​គណបក្ស​នយោបាយ​នៅ​កម្ពុជា​យកមកធ្វើ​ជា​ប្រធានបទ​នៃ​ការ​ឃោសនា​ទាញយក​សំឡេងឆ្នោត​គាំទ្រ​សម្រាប់​ការបោះឆ្នោត​ថ្ងៃទី២៨​ខែកក្កដា​ឆ្នាំ២០១៣​ខាងមុខ

2 comments:

Anonymous said...

Samdach Hun Sen gave Cambodia the freedom to live the way they thought best. Under CPP, There is no persecuttion in Cambodia, its people enjoy freedom of speech and liberty. There are lots of forests, animals, water, and rich farmland for all Cambodia to be used and prouded of. In addition of peace and prospirity, Cambodia now a day welcome all foreigners included Youn to live and work in Cambodia. ScamSR and his followers might have to sit down and creat an other party name after Pi Anh.ahahahahahahha

Anonymous said...

The Cambodian don't just welcome all foreigner there are policy in place which allow foreigner to enter a country. The policy come from the government not from the people moron go and get some skooling. lol