Wednesday, 31 October 2012
Mer Chanpolydet and Cheng Bunlong
The Phnom Penh Post
នៅពេលដែលទទួលដំណឹងពីការសោយទិវង្គតរបស់សម្តេចតាភ្លាម ប្រជាជនកម្ពុជាម្នាក់ៗរួសរាន់រៀបចំសម្លៀកពាក់កាន់ព្រះរាជមរណទុក្ខទៀនធូបគ្រឿងសក្ការបូជានិងផ្កាភ្ញីដើម្បីបូជាថ្វាយព្រះបរមសពរបស់ព្រះមហាវីរក្សត្រ។ យ៉ាងណាមិញ ផ្កាភ្ញី ដែលប្រជាពលរដ្ឋទិញទាំងនេះក៏បានរួមចំណែកជួយសម្រាលជីវភាពរបស់អ្នកលក់ផ្កាផងដែរ។
ដៃម្ខាងកាន់ថាសផ្កាម្លិះ ដៃម្ខាងត្រកងផ្កាឈូក នារីសម្បុរស្រអែមសក់វែងចងក្របួចជាអ្នកលក់ផ្កានៅមុខព្រះបរមរាជវាំងពិតជាមមាញឹកយ៉ាងខ្លាំងនៅពេលដែលនារីម្នាក់នេះនិយាយទៅកាន់អ្នកដំណើរក្នុងទឹកមុខញញឹមញញែមលាយឡំនឹងតំណក់ញើសហូរកាត់ផែនថ្ពាល់។
កញ្ញា វ៉ិត ធីតា អាយុ១៦ឆ្នាំ បានប្រាប់ថា៖«ខ្ញុំរត់ទៅមកទៅមក ដើម្បីហៅឲ្យគេទិញផ្កាជាទម្លាប់ប្រចាំថ្ងៃទៅហើយ។ យ៉ាងណាមិញ ខ្ញុំនៅតែឆ្លៀតពេលវេលាខ្លះទៅរៀននឹងគេដែរ ដោយខ្ញុំរៀននៅពេល ព្រឹកខ្ញុំមកលក់ផ្កានៅពេលរសៀល»។
គ្រាន់តែជួបសម្ភាសបានបន្ដិចកញ្ញា ធីតា ក៏ស្ទុះទៅពពាយនាយលក់ផ្កាបន្ដទៀត រួចទើបនិយាយបន្ដថា៖ «នៅពេលវិស្សមកាលខ្ញុំមកលក់ផ្កានៅទីនេះពេញមួយថ្ងៃតែម្ដងចាប់តាំងពីម៉ោង៦ព្រឹករហូតដល់ម៉ោង៨យប់»។
នៅពេលដែលចេញពីរៀនពេលព្រឹក ធីតា ត្រូវទៅផ្ទះរៀបចំកិច្ចការផ្ទះហើយចាក់ផ្កាម្លិះ រួចជិះម៉ូតូមកលក់តាំងពីស្រុកកោះក្របីខេត្ដកណ្ដាល មកដល់មុខព្រះបរមរាជវាំងរហូតដល់ម៉ោង៨យប់ទើបត្រឡប់ទៅផ្ទះវិញ។
ចំពោះបញ្ហាការសិក្សា និងសុវត្ថិភាពក្នុងពេលធ្វើដំណើរតែម្នាក់ឯងនៅពេលយប់កញ្ញាធីតា ក៏បារម្ភចំពោះផ្លូវចូលទៅផ្ទះដែលមានសភាពងងឹត ប៉ុន្ដែអ្វីដែល ធីតាបារម្ភខ្លាំងជាងនេះទៀតនោះ គឺជីវភាពគ្រួសារ។
កញ្ញាធីតា បានរៀបរាប់ទាំងទឹកមុខស្រពាប់ស្រពោនថា៖ «រាល់ថ្ងៃចេះតែខំទៅ ពីព្រោះក្នុងផ្ទះត្រូវការប្រាក់របស់ខ្ញុំ។ ពុករបស់ខ្ញុំឈប់ធ្វើការ បងស្រីមានភារកិច្ចរ៉ាប់រងរបស់គាត់ប្អូន៥នាក់នៅតូចណាស់ រីឯម៉ែរបស់ខ្ញុំគាត់កូនខ្ចី ហើយត្រូវមើលថែប្អូនខ្ញុំម្នាក់ដែលមានជំងឺពងបែកពេញខ្លួននៅមន្ទីរពេទ្យឯនោះ»។
និយាយមិនទាន់ចប់ផង ធីតាក៏រត់ទៅលក់ផ្កាជាមួយនឹងអ្នកលក់ផ្កាដទៃទៀត ប្រហែលជាមួយសន្ទុះធំទើបត្រឡប់មកវិញទាំងទឹកមុខញញឹមបន្តិចហើយអង្គុយចុះផ្ទាល់ដីដកដង្ហើមធំៗទើបនិយាយថា ថ្វីដ្បិតតែប៉ុន្មានថ្ងៃនៃការសោយទីវង្គតរបស់សម្តេចតាពិតជាលក់ដាច់ខុសពីថ្ងៃធម្មតាខ្លាំងបន្តិចមែន ប៉ុន្តែតម្លៃផ្កាដែលយកមកលក់ក៏ឡើងថ្លៃណាស់ដែរ។
កញ្ញាធីតាបានប្រាប់អំពីការងារប្រចាំថ្ងៃថា៖ «ថ្ងៃណាក៏ដូចថ្ងៃណាដែរ មិនថាអាកាសធាតុក្ដៅ ឬត្រជាក់នោះទេ ខ្ញុំត្រូវតែចេញទៅលក់ទាំងក្តៅរត់កាត់ភ្លៀងហើយបើទោះបីជាឈឺរហូតដល់និយាយមិនរួចក៏ត្រូវតែមកលក់ដែរ ពីព្រោះខ្ញុំខ្លាចម៉ែគាត់ពិបាកចិត្តអត់ប្រាក់សម្រាប់ជីវភាពគ្រួសារ»។
ផលវិបាកធំមួយទៀតដែលប្អូនស្រីតែងតែជួបប្រទះគឺ នៅពេលដែលសមត្ថកិច្ចប្រចាំការនៅទីនោះដេញមិនឲ្យលក់ដូរពីព្រោះវាប៉ះពាល់ដល់សណ្ដាប់ធ្នាប់តាមសួនសាធារណៈ។
កំពុងតែស្លុងអារម្មណ៍ពីជីវិតរបស់ធីតាដែល ជាអ្នកលក់ផ្កាមិនទាន់អស់ចិត្ដផង ស្រាប់តែធីតាស្ទុះវឹងរត់សំដៅទៅកាន់អ្នកដំណើរហើយត្រឡប់មកវិញដោយទឹកមុខអស់សង្ឃឹមដែលដណ្តើម ម៉ូយមិនឈ្នះគេ រួចនិយាយថា៖ «ទៅថ្ងៃក្រោយប្រសិនបើមានឱកាស ខ្ញុំអត់ចង់លក់ផ្កាទេ ខ្ញុំចង់បើកជាសម្អាងការមួយផ្ទាល់ខ្លួនឯងវិញ»៕
Subscribe to:
Post Comments (Atom)
2 comments:
Putto!...k'nhom anet neang Thyda nass!
Srey Mao
she is pretty. i hope she is doing well. best wish.
Post a Comment