http://www.youtube.com/watch?v=2UFXMTvIhfg
ដោយ ហង្ស សាវយុត 2012-12-29RFA
អង្គការស្បៀងអាហារពិភពលោក និងអង្គការបេសកកម្មមេត្តាករុណា
កំពុងជួយឧបត្ថម្ភស្បៀងអាហារសម្ភារៈសិក្សា និងសម្លៀកបំពាក់ផង
ចំពោះប្រជាពលរដ្ឋក្រីក្រ និងសិស្សដែលរស់នៅភូមិបណ្ដែតទឹក
(ពាមតាអ៊ួ) នៃបឹងទន្លេសាប ស្រុកពួក
ដើម្បីឱ្យពួកគេមានលទ្ធភាពគ្រប់គ្រាន់ និងទៅរៀនបានទៀងទាត់។
ការផ្តល់ស្បៀងអាហារ និងសម្ភារៈសិក្សានោះ
នៅពេលដែលគេមើលឃើញថាមានកុមារជាច្រើននៅតំបន់នោះតែងបោះបង់ចោល
ការសិក្សានៅត្រឹមថ្នាក់បឋមសិក្សា
ដោយសារតែជួបប្រទះលើបញ្ហាជីវភាពប្រចាំថ្ងៃ។
តើក្នុងភូមិបណ្ដែតទឹកនៃបឹងទន្លេសាប នោះមានការព្រួយបារម្ភចំពោះការខ្វះធនធានមនុស្សយ៉ាងណា?
ពាមតាអ៊ួ គឺជាឈ្មោះភូមិបណ្ដែតទឹកមួយក្នុងបឹងទន្លេសាប
នៃឃុំកែវពណ៌ ចម្ងាយប្រមាណជិត
១០គីឡូម៉ែត្រភាគខាងត្បូងពីទីរួមស្រុកពួក។ ជារៀងរាល់ថ្ងៃ
កុមារជាច្រើនតែងនាំគ្នាអុំទូកតូចៗចាកចេញពីផ្ទះ
កាត់ផ្ទៃទឹកទន្លេឆ្ពោះទៅកាន់សាលារៀនបណ្ដែតទឹកមួយ
ដែលអង្គការក្រៅរដ្ឋាភិបាលបានជួយសាងសង់ឱ្យ។
ការរៀនសូត្ររបស់កុមារនៅទីនោះមិនទៀងទាត់ដូចកុមារដទៃទៀត
ដែលរស់នៅលើតំបន់ដីគោកទេ។ ថ្ងៃខ្លះ ពួកគេបានមកចូលរៀនច្រើន
និងថ្ងៃខ្លះទៀត
ពួកគេមួយចំនួនបានខកខានដោយសារតែខ្វះមធ្យោបាយធ្វើដំណើរ។
អ្នកស្រី ឈួន សុវណ្ណា គឺជាគ្រូបង្រៀនថ្នាក់ទី៤
ម្នាក់ក្នុងចំណោមគ្រូជាច្រើននាក់ទៀតនៃសាលាបឋមសិក្សាបណ្ដែតទឹក
នៅភូមិពាមតាអ៊ួ នោះ អ្នកស្រីបានមានប្រសាសន៍ថា
នៅភូមិបណ្ដែតទឹកនេះ
កុមារជាច្រើនបានចូលមករៀនសូត្រមិនបានទៀងទាត់ដូចកុមារដទៃទៀត
ដែលរស់នៅលើដីគោកទេ។ មូលហេតុដែលកុមារមិនបានមករៀនទៀតទាត់
ដោយសារតែការធ្វើដំណើរតាមផ្លូវទឹកមិនមានភាពងាយស្រួល។
ពួកគេត្រូវទៅសាលារៀន ដោយនាំគ្នាអុំទូក
ក៏ប៉ុន្តែថ្ងៃខ្លះដែលពុំមានទូក គឺពួកគេក៏មិនបានទៅរៀនដែរ។
អ្នកស្រី ឈួន សុវណ្ណា៖ «សិស្សយើងមានផលលំបាក
គឺខ្វះមធ្យោបាយធ្វើដំណើរមករៀន បាត់ឃើញៗបាត់ទៅ។
ណាមួយគ្នាវាក្រីក្រច្រើន មករៀនទាល់តែមានទូក បានមកបាន។
ពីដើមឆ្នាំមក វាមានសិស្សអាចបោះបង់អត់មករៀន ស៊ើបសួរទៅ
គឺភាគច្រើនគាត់អត់មធ្យោបាយ
ម្យ៉ាងទៀតមានសិស្សខ្លះខ្ជិលរៀនបណ្ដោយ»។
ការខកខានទៅរៀនមិនទៀងទាត់របស់កុមារនៅតំបន់នោះ
មានមូលហេតុជាច្រើន ដូចជា ពួកគេត្រូវចេញទៅនេសាទតាមឪពុកម្តាយ
និងការចល័តផ្ទះទៅតាមទឹក ហើយកន្លែងដែលពួកគេស្នាក់នៅ
គឺឆ្ងាយពីសាលារៀនជាដើម។
វាមិនមែនជាការងាយទេដែលកុមារតូចៗនាំគ្នាជិះកូនទូក
ហើយអុំទៅសាលារៀនជារៀងរាល់ថ្ងៃនោះ។ ពេលខ្លះ
ពួកគេបានប្រឈមមុខនឹងគ្រោះថ្នាក់ ដោយសារលិចទូក។
អ្នកស្រី អ៊ា លាន គឺជាអ្នកភូមិពាមតាអ៊ួ បានមានប្រសាសន៍ថា
គាត់មានកូនស្រីម្នាក់ដែលចូលរៀននៅសាលានោះ។ ក៏ប៉ុន្តែថ្ងៃខ្លះ
កូនរបស់គាត់មិនបានទៅសាលារៀនទេ
ដោយសារតែមិនមានទូកសម្រាប់ធ្វើដំណើរ។ ស្ត្រីដដែលបានបញ្ជាក់ថា
គាត់តែងមានការព្រួយបារម្ភ
នៅពេលដែលកូនរបស់គាត់អុំទូកទៅសាលារៀនម្ដងៗ
ខ្លាចក្រែងមានគ្រោះថ្នាក់៖ «ថ្ងៃណាទៅ អត់មានទូក
គឺទូកវាមានតិច ដល់ពេលរវល់ទៅរកស៊ីដែរ។
ព្រួយខ្លាចខ្យល់ប៉ះណាខ្យល់រលកលិចទូក តាមផ្លូវលិចទទឹកសៀវភៅ
ទទឹកក្ដារអស់។ អុំទៅខ្លួនឯង តូចៗហ្នឹង»។
បច្ចុប្បន្ន នៅក្នុងភូមិបណ្ដែតទឹក (ពាមតាអ៊ួ)
មានសិស្សចំនួនប្រមាណជាង ២៤០នាក់ ចាប់ពីថ្នាក់ទី១
រហូតដល់ថ្នាក់ទី៦ នៃសាលាបឋមសិក្សាដែលតែងនាំគ្នាអុំទូកទៅរៀន។
ក៏ប៉ុន្តែចំនួននេះបានថយចុះបន្តិចម្តងៗ
ដោយសារការមករៀនមិនទៀតទាត់
និងសិស្សខ្លះទៀតបានបោះបង់ចោលការសិក្សាតែម្ដង។
លោក រឿន ខាន ជានាយកសាលាបឋមសិក្សាពាមតាអ៊ួ បានមានប្រសាសន៍ថា
ភាគច្រើននៃប្រជាពលរដ្ឋដែលរស់នៅភូមិបណ្ដែតទឹកពាមតាអ៊ួ
គឺមានជីវភាពក្រីក្រ។
ពួកគេបានទីពឹងតែលើមុខរបរនេសាទត្រីមួយមុខគត់។
ដោយសារតែឪពុកម្តាយមានជីវភាពដុនដាប
គឺបានធ្វើឱ្យប៉ះពាល់ដល់ការរៀនសូត្ររបស់កុមារមួយចំនួន
គឺមិនសូវចូលសាលាទៀតទាត់ទេ។
លោក រឿន ខាន៖ «ដោយសារឪពុកម្តាយ គាត់មានជីវភាពក្រីក្រ
ទីមួយគាត់ត្រូវការកម្លាំងមនុស្សឱ្យបានច្រើន
ជាពិសេសគឺកូនរបស់គាត់ហ្នឹង។ កាលណាគាត់មានកម្លាំងច្រើន
គាត់អាចរកបានច្រើនដើម្បីផ្គត់ផ្គង់ជីវភាព
ដូច្នេះដល់ពេលកូនធំគ្រាន់ថាអាចល្មមប្រើបានហើយ
គ្រួសារមួយចំនួនអូសកូនហ្នឹងទៅប្រើ
ដើម្បីឱ្យបានកម្រៃផ្គត់ផ្គង់ជីវភាពរបស់គាត់»។
នៅពាមតាអ៊ួ ត្រូវគេដឹងថា ភាគច្រើននៃសិស្សសាលា
បានបោះបង់ចោលការសិក្សាត្រឹមថ្នាក់បឋមសិក្សាជាបន្តបន្ទាប់
រហូតដល់ថ្នាក់ទី៦។ មានសិស្សប្រហែលជា ៥៥% ប៉ុណ្ណោះ
ដែលនៅតស៊ូបន្តការសិក្សាទៅថ្នាក់អនុវិទ្យាល័យ ឬវិទ្យាល័យ
ដោយចាកចេញពីភូមិរបស់ពួកគេ ទៅស្នាក់នៅរៀនសូត្រឯស្រុកពួក
ក្នុង១ឆ្នាំៗ។ រហូតមកដល់ពេលនេះ សង្គមរស់នៅក្នុងភូមិពាមតាអ៊ួ
គឺខ្វះធនធានពលរដ្ឋដែលជាអ្នកចេះដឹងជ្រៅជ្រះ។ ជាច្រើនឆ្នាំមកនេះ
ភូមិពាមតាអ៊ួ
មិនទាន់មានមនុស្សណាម្នាក់ដែលកើតចេញពីភូមិនោះបានធ្វើជាគ្រូ
បង្រៀនពេញសិទ្ធិនៅក្នុងទីកំណើតរបស់ពួកគេនៅឡើយទេ។
លោក កែ វណ្ណី ជាប្រធានការិយាល័យអប់រំយុវជន និងកីឡាស្រុកពួក
បានមានប្រសាសន៍ថា តំបន់ដែលសិស្សទៅរៀនមិនបានទៀតទាត់នោះ
គឺនៅភូមិបណ្ដែតទឹកចំនួន ២កន្លែង គឺភូមិពាមតាអ៊ួ
និងឃុំពោធិទ្រាយ។ នៅឯឃុំពោធិទ្រាយ
គឺមានស្ថានភាពគួរឱ្យព្រួយបារម្ភខ្លាំងជាងនៅពាមតាអ៊ួ ទៅទៀត។
បញ្ហាចោទនានា
ដូចជាខ្វះទូកធ្វើដំណើរទៅសាលារៀនឱ្យបានទៀតទាត់នោះ
គឺជាកង្វល់ដែលមន្ត្រីអប់រំ មិនទាន់ដោះស្រាយបាននៅឡើយ។
លោកប្រធានការិយាល័យអប់រំបានឱ្យដឹងថា
លោកតែងតែធ្វើការផ្សព្វផ្សាយនៅតាមសហគមន៍
ដោយបញ្ចុះបញ្ចូលឪពុកម្តាយ
ធ្វើយ៉ាងណាឱ្យបញ្ជូនកូនទៅសាលារៀនឱ្យបានទៀងទាត់។
អង្គការស្បៀងអាហារពិភពលោក (វើលហ៊្វូត ប្រូក្រាម = World Food
Program) និងអង្គការបេសកកម្មមេត្តាករុណា
កំពុងផ្ដោតការយកចិត្តទុកដាក់ទៅលើការសិក្សារបស់សិស្សនៅតំបន់
ទាំងនោះ ដោយបានជួយឧបត្ថម្ភជាស្បៀងអាហារដល់គ្រួសារប្រជាពលរដ្ឋ
ផ្គត់ផ្គង់ជាសម្ភារៈសិក្សា
និងសម្លៀកបំពាក់ឱ្យកុមារបានទៅសាលារៀនទៀតទាត់។ បន្ថែមលើនេះទៀត
នៅពេលដែលក្រុមកូនៗរបស់អ្នកភូមិទីនោះមានវ័យធំ
ហើយត្រូវបន្តការសិក្សានៅថ្នាក់អនុវិទ្យាល័យ ឬក៏វិទ្យាល័យ
គឺអង្គការមួយចំនួនបានជួយសង់ជាមជ្ឈមណ្ឌល ដើម្បីឱ្យបានស្នាក់នៅ
និងបន្តការរៀនសូត្រក្នុងទីរួមស្រុកពួក ផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
1 comment:
SALA VIETNAM?
Post a Comment