Monday, December 03, 2012

បើ​សាលាក្តី​ខ្មែរ​ក្រហម​ឈ​ប់​ដំណើរ​ការ​តើ​ចិន​នៅ​​ផ្តល់​ជំនួយ​ដ៏​ធំ​​ដល់​កម្ពុជា​ឬ?

លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន (ស្តាំ) និង​លោក​ វេន ជា​ប៉ាវ ប្រធា​នា​ធិប​តី​ចិន​ នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​អា​ស៊ាន​។ រូបថត ហេង ជី​វ័ន
Monday, 03 December 2012
តុង សុប្រាជ្ញ
The Phnom Penh Post

កូន​ជន​ជាតិ​អូស្រ្តាលី​ គ្រាន់​តែ​កើត​ប៉ិច​មក​ភ្លាម​ គឺ​រដ្ឋាភិបាល​អូស្រ្តាលី​ ផ្តល់​ទឹក​ប្រាក់​លើក​ទឹក​ចិត្ត​ ដល់​ឪពុក​ម្តាយ​ចំនួន​ ៥៤៣៧ ដុល្លារ​អូស្រា្តលី ​(ប្រហែល​ជា ៦ ពាន់​ដុល្លារ​អាមេរិក​) ឯ​កូន​ខ្មែរ​វិញ​គ្រាន់​តែ​បើក​ភ្នែក​ង៉ា​ឃើញ​ពន្លឺ​ព្រះអាទិត្យ​ភ្លាម​ ជំពាក់​បំណុល​គេ​ជិត​១​ពាន់​ដុល្លារ​ទៅ​​ហើយ​។ ​តើនេះ​មក​ពីកម្មឬវា​សនា​របស់មនុស្ស​កើត​មក​ខុសៗ​គ្នា​ ឬ​មួយ​ក៏​មក​ពី​កេរ​មរតក​រដ្ឋាភិបាល​របស់​ខ្លួន​បន្សល់​ទុក​ឲ្យ​?

ថ្មីៗ នេះ ​មាន​ទិន្ន័យ​ខុសៗ​​គ្នា អំពី​បំណុល​ដែល​កម្ពុជា​ បាន​ជំពាក់​គេ​ លោកជាម​ យៀប​ តំណាង​រាស្ត្រ​គណ​បក្ស​ប្រជា​ជន​ មាន​ប្រសាសន៍​ថា ​បំណុល​ដែល​កម្ពុជា​បាន​ជំពាក់​គេ​គឺ​ប្រមាណ​ជា ​៧​ ពាន់​លាន​ដុល្លារ​។​ លោក​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន សែន​ មាន​ប្រសាសន៍​ថា ​ប្រមាណ​ជា​ជាង​ ២​ពាន់​លាន​ដុល្លារ​ទេ​។​ តំាង​ពីពេល​នោះ​មក​ លោក ​ជាម ​យៀប​ ពុំ​សូវ​បញ្ចេញ​មតិ​ទេ​រឿង​បំណុល​នេះ​។ ឯបក្ស​ប្រឆំាងសម​ រង្ស៊ី​វិញ តែង​តែ​លើក​ឡើង​ថា​ បំណុល​មាន​ដល់​ទៅ ​១០ ​ពាន់​លាន​ដុល្លារ​។​​

បើ​តាម​រយៈ​ទីភ្នាក់ងារ​ព័ត៌មានរ៉យទ័រ​ រាយការណ៍​ថា​ បំណុល​របស់​កម្ពុជា​គ្រាន់តែជំពាក់​ប្រទេស​ចិនមួយ​ ពេល​នេះ​សរុប​មាន​យ៉ាង​តិច​ ៤,៧ ​ពាន់​លាន​ដុល្លារ​ឯណោះ​។​ តើ​ព័ត៌មាន​ណា​ដែល​ត្រឹម​ត្រូវ​អាច​ទទួល​យក​បាន​?​ តើ​ចាំ​ដល់​ពេល​ណា​ទើប​រាជរដ្ឋាភិបាល បង្ហាញ​តួលេខ​ត្រឹម​ត្រូវ​?​

កាល ​ពី​សប្តាហ៍​មុន រដ្ឋ​សភា​អនុញ្ញាត​ឲ្យ​រាជរដ្ឋាភិបាល ​ខ្ចី​បំណុល​បរទេស​ប្រមាណ​ ៩០០ លាន​ដុល្លារ​ សម្រាប់​ឆ្នាំ​២០១៣ ដើម្បី​កំណើន​សេដ្ឋកិច្ច​។​ លោក​នាយក​រដ្ឋ​មន្ត្រី​ បាន​ស្នើ​សុំ​ខ្ចី​លុយ​ប្រទេស​ចិន​៥០០​លាន​ដុល្លារ​បន្ថែម ដើម្បី​សាងសង់ ផ្លូវ​បន្ថែម​ទៀត។ ជាង​នេះ​ទៅ​ទៀត​មាន​អ្នក​សេដ្ឋវិទូ​ខ្លះ បាន​ជំរុញ​ឲ្យ​ខ្ចី​ច្រើន​ផងដែរ។ ​ចុះ​បើ​ខ្ចី​គេ​ច្រើន​ម្ល៉ឹងៗ នរណា​ជា​អ្នក​សង​គេ​?​ ហើយ​សង​គេ​តាម​​របៀប​ណា​?​ បើ​ក្រឡេក​មើល​ធនធាន​ធម្មជាតិ​វិញ កាប់​គាស់ ​រុក​រាន​ ទន្ទ្រាន​យក​ខ្ទេច​ខ្ទី​ស្ទើរ​គ្មាន​សល់ ហើយ​ប្រេង​ក្នុង​បាត​សមុទ្រ​ ក៏​មិន​ច្បាស់​ខ្លួន​ឯង​បាន​ប៉ុន្មាន​ គេ​បាន​ប៉ុន្មាន។​

វប្បធម៌​លក់​តាំង​ពី​របស់​កេរ​ដូនតា​ លក់​អគារ​រដ្ឋាភិបាល​ លក់​ស្ថាន​ទូត ​នៅ​​ក្រៅ​ប្រទេស រហូត​ដល់​លក់​សក់​ក្បាល ​និង​កេរ​ម៉ែ​ចែក​ឲ្យ​ទៀត​ នៅ​តែ​ថ្ងៃ​លក់​លីអូ​កំពុង​តែ​ស្លៀក​ហ្នឹង​ទេ​? បើ​ក្រុម​ហ៊ុន​ភាគ​ច្រើន​មាន​តែ​ដាំ​កៅស៊ូ​ និង​ដូង​ប្រេង​ តែ​បាន​ត្រឹម​តែ​លក់​ទៅ​ក្រៅ​ប្រទេស មិន​បាន​ធ្វើ​នៅ​នឹង​កន្លែង​ផង​ហ្នឹង​។​ ​សូម្បី​តែ​ប៊ិក ១​ ក៏​នាំ​ចូល​ពី​ស្រុក​ក្រៅ​មក​ដែរ​។​

ម្យ៉ាង​វិញ​ទៀត​ បើ​​មើល​ទៅ​ស្រុក​​គេ បើក​ភ្នែក​ឡើង​គេ​គិត​គូរពី​រឿង​រក​ថវិកាចូលរដ្នគេ ឯ​ស្រុក​យើង​មួយ​ថ្ងៃៗ​ ហាក់បី​ដូច​ជា​ដេក​តែ​គិត​ពី​រឿង​សុំ​ជំនួយ​ ខ្ចី​លុយ​គេ និង​លក់​របស់​របរ​ខាង​ក្នុង​ដើម្បី​សម្ញែង​រថយន្ត​ទំនើបៗ​ អួត​ពី​ផ្ទះ​វីឡា ​និង​ដី​ចម្ការ​ដាក់​គ្នា​?​ តើ​ឪពុក​ម្តាយ​ដើរ​ខ្ចី​លុយ​គេ​យក​មក​ចាយ​ តើ​ឲ្យ​កូនៗ​ ជា​អ្នក​រក​ស៊ី​សង​ជំនួស​?រាល់​បំណុល​តែង​តែ​មាន​​ម្ចាស់​​«កុកភ្លេច​ជង់​ តែ​ជង់​មិន​ភ្លេច​កុក​​ទេ​!» មាន​ន័យ​ថា​ អ្នក​ជំពាក់​គេ​ ខំ​ធ្វើ​មិន​ដឹង​​មិន​ឮ ​តែ​​អ្នក​ឲ្យ​ខ្ចី​មិន​ភ្លេច​នូវ​អ្វី​ដែល​គេ​ឲ្យ​ខ្ចី​នោះ​ទេ​។​ ដូច​លោក​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន​​ សែន​ តែង​តែ​លើក​ឡើង​ អំពី​បំណុល​ដែល​ខ្មែរ​ជំពាក់​អាមេរិក​ចំនួន ៣៧០​ លាន​ដុល្លារ​តាំង​ពី​សម័យ ​លន់ នល់ ដែល​ខ្ចី​លុយ​អាមេរិក​មក​ទម្លាក់​គ្រាប់​បែក​ មក​លើ​ស្រុក​ខ្មែរ​​ សម្លាប់​ខ្មែរ​។ ទាំង​រដ្ឋ​សភា ទាំង​រាជ​រដ្ឋា​ភិបាល​ មិន​ព្យាយាម​សង​ទេ​ ព្រោះ​បំណុល​ចាស់​ គឺ​មាន​តែ​បញ្ចុះ​បញ្ចូល​ឲ្យ​អាមេរិក​លុប​បំណុល​នេះ​ចេញ​ បង្វែរ​ទៅ​ជា​ជំនួយ​មនុស្ស​ធម៌​ទៅ​វិញ​។​ តែ​អាមេរិក​នៅ​តែ​ធ្វើ​មិន​ដឹង​មិន​ឮ​ដដែល​ ចំពោះ​បញ្ហា​បំណុល​នេះ​។

ចុះ ​បើ​រាជ​រដ្ឋាភិបាល​សព្វ​ថ្ងៃ​នេះ នៅ​ខ្ចី​លុយ​បរទេស​កាន់​តែ​ច្រើន​ឡើង​ៗ​ ហើយ​បំណុល​ទាំង​ចាស់​ទាំង​ថ្មី​ចេះ​តែ​កើន​ឡើង​ តើ​កម្ចី​ទំាង​នោះ​ យក​មក​អភិវឌ្ឍ​ពិត​ប្រាកដ​?​ ឬ​ក៏​យក​មក​អភិវឌ្ឍ​ខ្លះ​ទៅ ​ឬ​ក៏​កិប​កេង​ស៊ី​លើ​ស៊ី​ក្រោម​ចែក​គ្នា​ខ្លះ​ទៅ​?​ ឬ​ក៏​កិប​កេង​សម្រាប់​អភិវឌ្ឍន៍​​បក្ស​មួយ​ចំនួន​ធំ​ទៅ ដើម្បី​ឲ្យ​បក្ស​បន្ត​កាន់​អំណាច​ទៅ​មុខ​ទៀត​?​ ដូច​ដែល​របាយការណ៍​ឆ្នាំ​​២០០៩ របស់​ទីភ្នាក់ងារ​ជំនួយ​របស់​សហរដ្ឋ​​អាមេរិក​(USAID) ថា​៖«កម្ពុជា​បាត់​ទឹក​ប្រាក់​ចំនួន​ជាង ៥០០ លាន​ដុល្លារ​ក្នុង​១​ឆ្នាំ​ៗ​»នេះ​ដោយ​សារ​តែ​បរទេស​ គេ​អាណិត​កូន​ខ្មែរ​ទាំង​ជំនាន់​បច្ចុប្បន្ន​ និង​ជំនាន់​ក្រោយ​បាន​ជា​គេ​ខំ​ជួយ​ស្វែង​រក​យុត្តិធម៌ ព្រោះ​វា​អយុត្តិធម៌​ណាស់​សម្រាប់​កូន​ខ្មែរ​កើត​មក​មិន​ទាន់​ដឹង​​ក្តី​ផង ​ ជំពាក់​លុយ​គេ​រាប់​ពាន់​ដុល្លារ​ទៅ​ហើយ​នោះ​។​ ដែល​លុយ​ជំពាក់​ទំាង​នោះ​ បាន​មក​ពី​កម្ចី​ពី​បរទេស និង​ពុករលួយ ហើយ​គេ​យក​លុយ​ទាំង​នោះ​មក​ ចាយ​វាយ​ហ៊ឺហា​ នៅ​នឹង​មុខ​ស្រស់ៗ​ និង​កូន​ៗ​ពួក​គេ​សុទ្ធ​តែ​ទៅ​រៀន​នៅ​បរទេស​។ នេះ​សុទ្ធ​តែ​រឿង​ឈឺចាប់​សម្រាប់​កូន​ខ្មែរ ដែល​ក្រីក្រ​ មិន​បាន​លុយ​ខ្ចី​គេ​នោះ​ចាយ​ផង​ ហើយ​ជំពាក់​បំណុល​គេ​ទៀត​។​
ចុះ​បើ​មាន​ការ​ផ្លាស់​ប្តូរ​របប​ តើ​អ្នក​កាន់​របប​ថ្មី​នោះ ​ទទួល​ស្គាល់​បំណុល​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​ទាំង​នេះ​ដែរ​ឬ​ទេ​? នេះ​​មិន​មែន​ជា​កម្ម​របស់​ប្រជា​ពលរដ្ឋ​​ខ្មែរ​​ធ្វើ​បុណ្យ​ពី​ជាតិ​មុន​ មិន​ល្អ​ទេ​ តែ​ជា​ការ​ទទួល​រង​ថ្ម​បាក់​ពី​ការ​ដឹក​នាំ​របប​មុនៗ​ ​កាក​សំណល់​បន្សល់​ទុក​ឲ្យ​កូន​ខ្មែរ​។​ គឺ​ខុស​ពី​ខ្មែរ​សម័យ​​អង្គរ​ ដែល​បន្សល់​ទុក​ឲ្យ​កូន​ខ្មែរ​រស់ ​និង​មាន​មុខ​មាន​មាត់​លើ​ឆាក​អន្តរជាតិ​ទៀត​ផង​។​ តែ​អ្វី​ដែល​មើល​ឃើញ​គួរ​ឲ្យ​កត់​សម្គាល់ គឺ​ចាប់​ពី​ឆ្នាំ​ ២០០៧​ បន្ទាប់​ពី​ចាប់​ផ្តើម​ឃុំ​ខ្លួន​ ​នឹង​កាត់​ទោស​ពួក​ខ្មែរ​ក្រហម​នៅ​សាលាក្តី​ខ្មែរ​ក្រហម ទាំង​ជំនួយ​ឥត​សំណង​ ទំាង​កម្ចី​ ពី​ប្រទេស​ចិន​មក​អភិវឌ្ឍ​នៅ​ប្រទេស​កម្ពុជា​ ហាក់​ដូច​ជា​មាន​ការ​កើន​ឡើង​យ៉ាង​គំហុក​ ឥឡូវ​ឡើង​ទៅ​លំដាប់​លេខ​១ ​ហើយ​នៅ​ពីលើ​ប្រទេស​ជប៉ុន​ទៅ​ទៀត​។

តើ​ជំនួយ​ និង​កម្ចី​របស់​ប្រទេស​ចិន មក​កម្ពុជា តើ​មក​ពី​ប្រទេស​ចិន ​រក​ស៊ី​មាន​បាន​ សេដ្ឋកិច្ច​នៅ​ឈរ​លេខ​ ២​​ នៅ​លើ​ពិភព​លោក​?​ ឬក៏​ព្យាយាម​ទប់ទល់​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង​ ដែល​កម្ពុជា​ធ្វើ​ជា​ប្រធាន​អាស៊ាន​ឆ្នាំ​នេះ​? ឬ​មួយ​ទៀត​ក៏​ទប់​ស្កាត់​ប្រវត្តិសាស្រ្ត​ខ្មែរ​ក្រហម​កាន់​កាប់ ​បាន​សម្លាប់​ខ្មែរ​ជាង ​១,៧​ លាន​នាក់​ ដែល​គាំទ្រ​ដោយ​ប្រទេស​ចិន បើ​ទោះ​បី​ជា​សាលាក្តី​ជំនុំ​ជម្រះ​ក្តី​តែ​បុគ្គល​ពីរ​ជំពូក ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ថា​មាន​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​ឧក្រិដ្ឋកម្ម ដែល​ត្រូវ​បាន​ប្រព្រឹត្ត​នៅ​ចន្លោះ​ថ្ងៃទី ១៧ មេសា ១៩៧៥ និង​ថ្ងៃ​ទី ៦ មករា ១៩៧៩ ៖​ មេ​ដឹក​នាំ​ជាន់​ខ្ពស់​នៃ​កម្ពុជា​ប្រជាធិបតេយ្យ និង​អ្នក​ដែល​ត្រូវ​បាន​ជឿជាក់​ថា មាន​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់​បំផុត ចំពោះ​ការ​​រំលោភ​បំពាន​ធ្ងន់ធ្ងរ​​លើ​ច្បាប់​ជាតិ និង​ច្បាប់​អន្តរជាតិ?

បន្ទាប់​ពី​ទទួល​បាន​ទឹក​ប្រាក់​ដ៏​ច្រើន​ សន្ធឹក​សន្ធាប់​ពី​ប្រទេស​ចិន​ និង​គ្មាន​លក្ខខណ្ឌ​ក៏​ដោយ ​ក៏​រាជ​រដ្ឋាភិបាល​ព្យាយាម​យក​ចិត្ត​យក​ថ្លើម​ប្រទេស​ចិន​ដែរ​ ដូចជា​ ការ​បញ្ជូន​ជន​ជាតិ​ដើម​ភាគ​តិច​អ៊ុយគ័រ​២០​នាក់​ ដែល​សុំ​សិទ្ធិ​ជ្រក​កោន​ពី​ការ​យាយី ​និង​ធ្វើ​ទុក្ខ​បុក​ម្នេញ​ពី​អាជ្ញាធរ​ចិន ​ឲ្យ​ចេញ​ពី​ប្រទេស​កម្ពុជា​ កាល​ពី​ចុង​ឆ្នាំ​២០០៩​។​ ថ្មីៗ​នេះ ​កម្ពុជា​ធ្វើ​ជា​ប្រធាន​អាស៊ាន​ ​​សម្រប​សម្រួល​បាន​ល្អ​ក្នុង​ពេល​ប្រជុំ​អាស៊ាន​លើក​ចុង​ក្រោយ​ខែ​មុន​នេះ​ រឿង​ដែន​សមុទ្រ​ចិន​ខាង​ត្បូង​​ដែល​ចិន​ជា​អ្នក​ឈ្នះ​រឿង​នេះ ​ដោយ​យក​បញ្ហា​នេះ​មិន​ដាក់​ទៅ​ជា​អន្តរជាតិ បើ​​ទោះ​បី​ជា​ហ្វីលីពីន​ មាន​ការ​តវ៉ា​ មិន​ពេញ​ចិត្ត​សេចក្តី​ថ្លែងការណ៍​ដែល​បាន​ចេញ​ហើយ​ក៏​ដោយ​។

ឯ​រឿង​កាត់​ទោស​ពួក​មេដឹកនាំ​ខ្មែរ​ក្រហម​វិញ​ គឺ​កាត់​បាន​តែ​សំណុំ​រឿង​ ០០១​ លោក​ឌុច​ ដែល​គ្រាន់​តែ​ជា​កូន​ជឹង​តូច​មួយ​របស់​មេ​ខ្មែរ​ក្រហម​ទេ​។ ចំណែក​ឯ​សំណុំ​រឿង​ ០០២​ មេៗ​ ៤ ​នាក់​ទៀត នៅ​តែ​កាត់​ទៅ​មុខ​ថយ​ក្រោយៗ​ និង​ការ​ស៊ើប​អង្កេត​សំណុំ​រឿង​ ០០៣​ និង​០០៤​ នៅ​គាំង​ស្ញេញ​? ដូច​លោក​នាយក​រដ្ឋ​មន្ត្រី​ បាន​មាន​ប្រសាសន៍​​ថា៖​ «​ខ្ញុំ​សុខ​ចិត្ត​ឲ្យ​សាលាក្តី​ខ្មែរ​ក្រហម​បរាជ័យ​ កុំ​ឲ្យ​តែ​សង្រ្គាម​កើត​មាន​ឡើង​វិញ​!​»។​ សំណួរ​សួរ​ថា​ តើ​ហេតុ​អ្វី​បាន​ជា​ប្រទេស​ចិន​ផ្តល់​ជំនួយ​ ផ្តល់​ប្រាក់​កម្ចី ​និង​វិនិយោគ​ទុន​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​?​ ប្រសិន​បើ​សាលាក្តី​ខ្មែរ​ក្រហម​ត្រូវ​បាន​បញ្ចប់​សព្វ​​គ្រប់​ហើយ​ តើ​ជំនួយ​​ និង​កម្ចី​ចិន​នៅ​តែ​ផ្តល់​ដ៏​ធំ​ជា​ហូរហែ​ដូច​សព្វ​ថ្ងៃ​នេះ​ទេ​?​ តើ​នេះ​ជា​ការ​ខិតខំ​លុប​លាង​កំហុស​របស់​ចិន​ ដែល​​ព្យាយាម​លុប​បំបាត់ ឲ្យ​ដូច​​ប្រទេស​ជប៉ុន​ ធ្វើ​មក​លើ​ស្រុក​ខ្មែរ?

បន្ទាប់​ពី​បោះឆ្នោត​ដែល​រៀប​ចំ​ដោយ​អ៊ុន​តាក់​ពី​ឆ្នាំ​១៩៩៣ ​មក​ ប្រទេស​ជប៉ុន​បាន​ក្លាយ​ជា​ម្ចាស់​ជំនួយ​ដ៏​ធំ​នៅ​កម្ពុជា ដោយ​សារ​ជប៉ុន​យល់​ឃើញ​ថា ​បន្ទាប់​ពី​ប្រទេស​ជប៉ុន​ ចាញ់​សង្រ្គាម​លោក​លើក​ទី២​ ហើយ​កាល​នោះ​ ជប៉ុន​​ក៏​ចាញ់​នៅ​ស្រុក​ខ្មែរ​ផង​ដែរ។ តែ​កម្ពុជា​មិន​បាន​ទាមទារ​សំណង​អ្វី​ពី​ជប៉ុន​ដែរ​។​ ក្នុង​អំឡុង​ពេល​ដែល​ជប៉ុន ​បាន​ដេញ​បារាំង​ចេញ​ពី​ស្រុក​ខ្មែរ​ ហើយ​បាន​កាន់​កាប់​ស្រុក​ខ្មែរ​ ដែល​មាន​ការ​ខូច​ខាត ​និង​មាន​ប្រជាពលរដ្ឋ​ខ្មែរ​ស្លាប់​តិច​តួច​ ដោយ​សារ​គ្រាប់​បែក​របស់​អាមេរិក​តាម​ទម្លាក់​​នៅ​តាម​ទីតាំង​លេណ​ដ្ឋាន​ កង​ទ័ព​ជប៉ុន ​នៅ​ស្រុក​ខ្មែរ និង​កងទ័ព​ជប៉ុន​ដែល​រត់​ពួន​ជ្រក​កោន ជាមួយ​ខ្មែរ​ ដូច​ជា​ការ​ទម្លាក់​គ្រាប់​បែក​នៅ​មុខ​វត្ត​ឧណ្ណាលោម ​ស្លាប់​ដោយ​ទាំង​ប្រជាពលរដ្ឋ​ខ្មែរ​ស្លូត​ត្រង់​ជា​ដើម​ (រឿង​គូលី​កំណែន​)។

សរុប​មក​វិញ​​ ដោយ​សារ​តែ​ទឹក​ប្រាក់​​ ធ្វើ​ឲ្យ​អ្វីៗ​ត្រូវ​បាន​គេ​បំ​ភ្លេច​ចោល​ទាំង​អស់​ ទាំង​អាយុ​ជីវិត ទាំង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ត្រូវ​កម្ទេច​ស្ទើរ​គ្មាន​សល់​ គឺ​ស្រវា​យក​លុយ​សិន​។ ទី​បំផុត ហេដ្ឋា​រចនា​សម្ព័ន្ធ​ខ្ទេចខ្ទី​ជា​របស់​ខ្មែរ ​អ្នក​សម្លាប់​គឺ​ខ្មែរ អ្នក​ត្រូវ​គេ​កាត់​ទោស​ក៏​ខ្មែរ​ អ្នក​ជំពាក់​បំណុល​វ័ណ្ឌក​ក៏​ខ្មែរ​ សុទ្ធ​តែ​ជា​របស់​ខ្មែរ​ និង​ជនជាតិ​ខ្មែរ​ទាំង​អស់​។​ ហេតុ​ដូច្នេះ​ហើយ ​រាជ​រដ្ឋាភិបាល​គួរ​តែ​មាន​តម្លាភាព​ក្នុង​ការ​បង្ហាញ​ពី​បំណុល​ទំាង​ អស់ ​និង​កម្ចី​ថ្មីៗ​ កុំ​ឲ្យ​តែ​និយាយ​តាម​មាត់​ថា​ជំពាក់​គេ​ជាង​ ២​ ពាន់​លាន​ តែ​ដល់​ពេល​នៅ​ក្នុង​ឯកសារ​មែន​ទែន​ ទៅ​ច្រើន​ជាង​នេះ​ ៤ ទៅ​ ៥ ដង​នោះ​ ​ហើយ​ធ្វើ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ឲ្យ​មាន​គុណភាព​ កុំ​ធ្វើ​តែ​ផ្លូវ​ដដែល​រាល់​តែ​ឆ្នាំ ហើយ​សុំ​លុយ​គេ​ដដែល​ៗ​នោះ៕

3 comments:

Anonymous said...

ប្រទេសចិនជាប្រទេសមហាអំណាចមួយ ត្រូវទទួលដឹងឮពីការពិត នឹងការធ្វើបដិវត្តន៏នៅប្រទេសកម្ពុជា នឹងការស្លាប់បីលាននាក់
ក្នុងរបបប្រល័យសាសជន៏។

Anonymous said...

វាពិតណាស់ គឺ ចិន + យួន + អាមេរិក = សម្លាប់ខ្មែរ៣លាននាក់
ចិនវាផ្ដល់ជំនួយដល់ជនល្មោភអំណាចដឹកនាំកម្ពុជា មិនគិតពីភាព
ល្ងង់ខ្លៅ របស់ខ្លួន តើ ថ្ងៃ ខែ ឆ្នាំណា សងបំណុលចិនរួច? តាម
ចំនួនទឹកប្រាក់ដែលចិនជួយ ជិត៥ពាន់លានដុល្លា នោះគឺ ចិនវាបាន
មើលឃើញជាមុនរួចស្រេច ដោយយកកម្ពុជាជាថ្នូរ ព្រោះអ្វី ចិនដឹង
ថា ហ៊ុនសែន ពុំអាចសងរួឡើយ រវល់តែយកលុយជំនួយទាំងនោះ
ថ្វាយទៅចៅហ្វាយយួន សល់ពីនោះគឺចែកចាយគ្នាវា៕

Anonymous said...

ការដែលមេដឹកនាំខ្ចីបុលគេ វាជាការត្រឹមត្រូហើយ
ព្រោះថាយើងគ្មាន,តែយើងជាពលរដ្ឋក៏ចង់ដឹងដែរ
ថា តើការខ្ចីបុលនេះ យកមកធ្វើអ្វីពិតប្រកដ?
(រាប់ពីការចំណូលនិងចំណាយផងដែរ)ដើម្បីជៀសវាងការបន្ទោលគ្នាទៅវិញទៅមក។

ខ្ញុំបានឮនិងត្តចៀក,ឃើញនិងភ្នែក ហើយរស់ឆ្លង
កាត់ការទាំងនេះដែរ។ខ្ញុំឮពាក្យលោកនាយករដ្ឋ
មន្រ្តីខ្មែរហ៊ុន សែនស្តីបន្ទោសសេនាប្រមុខខ្មែរ
លន់ នល់ថាបានជំពាក់បំណុលអាមេរិកាំងរាប់
រយលានដុល្លារ។លន់នល់បន្ទោសស្តេចសីហនុថា
សប្បាយចាយលុយជាតិយកទៅថតកុននិងធ្វើឲ្យ
សេដ្ឋកិច្ចខ្មែរធ្លាក់(ត្រូវយួនខាងជើងក្លែងក្លាយក្រ
ដាស់ប្រាក់រៀលចាយក្នុងស្រុកខ្មែរ)។យួននាំភ្លើង សង្រ្គាមឲ្យខ្មែរ វិនាស,ព្រាត់ប្រាស់គ្រួសារ,ញាតិ,
មិត្តរហូតដល់សព្វថ្ងៃ។ល។

ឥឡូវនេះ ម្ចាស់បំណុល គេទារពីយើងជាបណ្តើៗ
ដូច្នេះដឹកនាំប្រទេស ត្រូវតែបញ្ជាក់អំពីចំណូលចំ
ណាយឲ្យច្បាស់ព្រោះពេលនេះក៏មិនមែនជាពេល ដែលត្រូវឆ្លើយដាក់គ្នាដូចកាលពីមុនបានទៀតដែរ៕