Wednesday, January 16, 2013

អ្នក​រលាំងគ្រើល​លើក​គ្នា​មក​តវ៉ា​មុខ​តុលាការ​កំពង់ស្ពឺ

ប្រ​ជា​ពល​រដ្ឋ​ដែល​មាន​ជម្លោះ​ដី​ធ្លី លើក​គ្នា​មក​តវ៉ា​មុខ​សាលា​ដំបូង​​ខេត្ត​កំពង់​ស្ពឺ កន្លង​មក​។ រូបថត ហេង ជី​វ័ន​

Wednesday, 16 January 2013
ឆាយ ច័ន្ទនីដា
The Phnom Penh Post

កំពង់ស្ពឺៈ ពលរដ្ឋ​ភូមិ​ត្រពាំង​ខ្យង​ប្រមាណ​១០០​នាក់ បាន​ធ្វើ​ការ​តវ៉ា​មុខ​សាលា​ដំបូង​ខេត្ត​កំពង់ស្ពឺ កាលពី​ម្សិលមិញ ទាមទារ​ឲ្យ​ដោះលែង​ស្ត្រី​ជា​អ្នក​ភូមិ​ម្នាក់ ដែល​ត្រូវ​តុលាការ​ឃាត់​ខ្លួន​ក្នុង​ពេល​កោះ​ហៅ​មក​សាកសួរ​ កាលពី​ថ្ងៃ​ទី១៤ មករា ទាក់ទិន​នឹង​ជម្លោះ​ដីធ្លី​២​ហិកតា ក្នុង​ឃុំ​រលាំងគ្រើល ស្រុក​សំរោង​ទង។

លោក ម៉ាក់ វ៉ាត អាយុ​៥៥​ឆ្នាំ ជា​អ្នក​ចូលរួម​តវ៉ា​ថ្លែង​ថា ករណី​នេះ ជា​រឿង​ដី​ទំនាស់​តាំង​ពី​ឆ្នាំ​១៩៩៦​មក បន្ទាប់​ពី​អាជ្ញាធរ​ឃុប​ឃិត​យក​ដី​ទំហំ​ពីរ​ហិកតា ជា​ដី​រួម​របស់​ភូមិ មាន​កន្លែង​សក្ការបូជា ត្រពាំង កោះ​តូច​មួយ និង​ម្លប់​ឈើ​ត្រឈឹង​ត្រឈៃ យក​ទៅ​ប្រគល់​ឲ្យ​បុគ្គល​ជា​អតីត​យោធា​ឈ្មោះ ឆែ សំអុល និង​បាន​ប្តឹង​ប្តល់​ទៅ​ដល់​តុលាការ​គ្រប់​ជាន់​ថ្នាក់ តែ​អ្នក​ភូមិ​បាន​ចាញ់​ក្តី។

លុះ​ដល់​ខែ​កញ្ញា ឆ្នាំ​២០១២ អាជ្ញាធរ​និង​មន្ត្រី​តុលាការ​ខេត្ត​កណ្តាល បាន​ចុះ​អនុវត្ត​សាល​ដីកា ធ្វើ​ការ​វាស់វែង​ដីធ្លី​ឲ្យ​ឈ្មោះ ឆែ សំអុល តែ​មិន​បាន​សម្រេច​ទេ​ដោយ​មាន​ពលរដ្ឋ​រាប់រយ​នាក់​ក្នុង​ភូមិ​ ធ្វើ​ការ​តវ៉ា​នា​ពេល​នោះ។ លុះ​ដល់​ថ្ងៃ​ទី១៤ មករា​កន្លង​ទៅ​នេះ ​ពលរដ្ឋ​៤នាក់​សុទ្ធ​តែ​ជាស្ត្រី ក៏​មាន​ឈ្មោះ​ត្រូវ​ចូល​បំភ្លឺ​តុលាការ ពី​ករណី​រំខាន​ការ​វាស់វែង​របស់​អាជ្ញាធរ​និង​តុលាការ តែ​ម្នាក់​ឈ្មោះ វ៉ាន់ សារឿន អាយុ​៤០​ឆ្នាំ ត្រូវ​ឃាត់​ខ្លួន​ពេល​សាក​សួរ​។ ​កាលពី​ម្សិលមិញ ពលរដ្ឋ​៣នាក់ ផ្សេង​ទៀត​ក៏​ត្រូវ​តុលាការ​សាកសួរ​ដែរ ប៉ុន្តែ​បាន​ឲ្យ​វិល​ត្រឡប់​មក​ផ្ទះ​វិញ។


លោក ម៉ាក់ វ៉ាត ថ្លែង​ថា ៖ «ដី​នេះ​ជា​ដី​រួម​ភូមិ យើង​ត្រូវ​តែតវ៉ា យក​មក​វិញ ព្រោះ​អាជ្ញាធរ​ភូមិ​ឃុំ​ឃុបឃិត​កាល​ពី​ឆ្នាំ​៩០​ជាង បាន​កាត់​ដី​លក់​ឲ្យ​ឈ្មោះ ឆែ សំអុល ហើយ​យើង​សូម​ឲ្យ​តុលាការ ឬ​ថ្នាក់​ដឹក​នាំ​រដ្ឋាភិបាល​អន្តរាគមន៍​ដោះលែង​អ្នក​ភូមិ​យើង​ម្នាក់​នេះ​ពី​ ពន្ធនាគារ​ផង»។

លោក ហែម ឡេវ សមាជិក​ក្រុម​ប្រឹក្សា​ឃុំ និង​ធ្លាប់​ជា​អតីត​មេ​ឃុំ​រលាំងគ្រើល​ឲ្យ​ដឹង​ថា រឿង​កាត់ដី​នេះ​មាន​មែន តាំង​ពី​សម័យ​ដែល​មាន​មេ​ឃុំ​ចាស់​មុន​លោក​ម្ល៉េះ និង​លោក​មេ​ឃុំ​រូប​នោះ​ស្លាប់​បាត់​ហើយ គាត់​បាន​កាត់​ដី​ឲ្យ​អតីត​យោធា​ឈ្មោះ​ឆែ សំអុល។

លោក និយាយ​ថា មេ​ឃុំ​ចាស់ មិន​បាន​លក់​ដី​ទៅ​ឲ្យ ឆែ សំអុល ឡើយ​គឺ​គ្រាន់​តែ«​គេ​កាប់​មាន់ ផឹក​ស៊ី​ជួប​ជុំ​គ្នា​ជាមួយ​ទេ គ្មាន​អ្នក​ណា​ឃុបឃិត​អី​ឡើយ»។

លោក​បន្ត​ថា ករណី​ស្ត្រី​អ្នក​ភូមិ វ៉ាន់ សារឿន ត្រូវ​ចាប់​ខ្លួន ដោយ​សារ​គាត់​ចេញ​មុខ​តវ៉ា​ខ្លាំង​ពេក នៅ​ពេល​អាជ្ញាធរ​ធ្វើ​ការ​វាស់វែង​ដី​ឲ្យ​អ្នក​ឈ្នះ។ គាត់ (វ៉ាន់ សារឿន) បាន​សម្តី​ជាង​គេ និង​បង្ក​ទំនាស់។ ​យើង​ដឹង​ថា ពេល​គេ​ទាញ​ម៉ែត្រ​វាស់​អ្នក​តវ៉ា បាន​ទាញ​បណ្តាច់​ម៉ែត្រ​អាជ្ញាធរ​ទៀត»។

ទោះ​យ៉ាង​ណា មន្ត្រី​តុលាការ​ កាន់​សំណុំ​រឿង​មួយ​នេះ មិន​អាច​ទាក់ទង​សុំ​ការ​អធិប្បាយ​បាន​ទេ។

លោក រិន សារ៉េត អ្នក​ស៊ើប​អង្កេត​អង្គការ​សិទ្ធិ​មនុស្ស​អាដហុក​ខេត្ត​កំពង់ស្ពឺ ថ្លែង​ថា អង្គការ​លោក មិន​បាន​តាម​ដាន​រឿង​ទំនាស់​មួយ​នេះ​ឡើយ​តាំង​ពី​ដើម​មក​ ប៉ុន្តែ លោក​បាន​ជួប​ពលរដ្ឋ​ទាំង​នេះ​កាល​ពី​ម្សិលមិញ និង​បាន​សម្ភាស ដើម្បី​ធ្វើ​កំណត់​ហេតុ ផ្ញើ​ទៅ​ទីស្នាក់ការ​កណ្តាល​អង្គការ​នៅ​ភ្នំពេញ​ដែរ​។

លោក បាន​ថ្លែង​ថា ៖ «​នេះ​ជា​រឿង​ក្តី​ថ្មី​សម្រាប់​ខ្ញុំ ដូច្នេះ ខ្ញុំ​កំពុង​ធ្វើ​របាយការណ៍​សង្ខេប ហើយ​ផ្ញើ​ទៅ​ភ្នំពេញ ដើម្បី​សុំ​យោបល់​ឲ្យ​ផ្តល់​មេធាវី ដល់​ពលរដ្ឋ​នៅ​ក្នុង​រឿង​មួយ​នេះ»៕

No comments: