Tuesday, January 01, 2013

អ្វី​ទៅ​ជា​អធិបតេយ្យ​និង​ភាព​ក្សេមក្សាន្ដ​របស់​រាស្ត្រ?

ជា​អធិបតេយ្យ​  និង​ភាព​ក្សេមក្សាន្ដ​របស់​រាស្ត្រ គឺការគំរាមកំហែង សម្លាប់ក្រៅរង្វង់​ច្បាប់ រំលោភយកដីធ្លីផ្ទះសម្បែង និងប្រើ​តុលាការជាឧបករណ៍ចាប់អ្នកស្លូតត្រង់ដាក់ គុក ?                                                                                                               អ្នកស្រែ...
អ្នក​​​បឹង​កក់​នៅ​តែ​​ធ្វើការ​តវ៉ា​ក្តៅ​គគុក ​ប្រឆាំង​ការ​រំលោភ​សិទ្ធិ​លំនៅ​​ដ្ឋា​ន។ រូបថត ម៉េង​ស្រ៊ុន

សូម​ជូន​មក​សារព័ត៌​មាន​ភ្នំពេញ​ប៉ុស្តិ៍
ប្រទេស ដែល​មាន​អធិបតេយ្យ​ពិត​ប្រាកដ​ គឺ​ជា​ប្រទេស​ ដែល​មាន​ការ​តភ្ជាប់​ជានិច្ច ទៅ​នឹង«លទ្ធ​ភាព» ជា​បរិបូរណ៍ ក្នុង​ការ​ធានា​រ៉ាប់​រង​ចំពោះ​ផល​ប្រយោជន៍​ធំ​ដុំ​នៃ​ប្រជា​ពល​រដ្ឋ​របស់ ខ្លួន​។
ដូច្នេះ បើ​រដ្ឋ​មួយ «មិន​អាច​» មាន​ដំណើ​ការ សម្រាប់​ផល​ប្រយោជន៍​ធំ​ដុំ នៃ​ប្រជា​ពលរដ្ឋ​របស់​ខ្លួន​ទេ​នោះ គ្មាន​នរណា​គេ​គិត​ថា ជា​រដ្ឋ​ដែល​មាន​អធិបតេយ្យ​សោះ​ទេ។ យើង​ក្រឡេក​មើល​មក​ស្រុក​ខ្មែរ ដែល​យើង​ចាត់​ទុក​ថា​ ជា​ប្រទេស​មាន​អធិបតេយ្យ ហើយ​ដែល​សម្តេច​ហ៊ុន ​សែន លោក​ប្រកាន់​យ៉ាង​ខ្ជាប់​ខ្ជួន​ថា ក្នុង​ឋានៈ​ពេញ​លេញ​ជា​ប្រមុខ​រដ្ឋ​នៃ​ប្រទេស​អធិបតេយ្យ គឺ «មិន​គួរ​ឡើយ»​ នឹង​មាន​ឥស្សរជន​បរទេស​ណា​ម្នាក់ មក​និយាយ​ណែ​នាំ​ទូន្មាន ឲ្យ​លោក​ស្តាប់​បង្គាប់​ ធ្វើ​នេះ​  ធ្វើ​នោះ ​ក្នុង​កិច្ច​ការ​រដ្ឋ​ណា​មួយ​នោះ​ទេ។

តាម​ការ​យល់​ឃើញ​របស់​សម្តេច ហ៊ុន​សែន គឺ​វា​ឆ្គាំ​ឆ្គង​ពេក​ហើយ ​ក្នុង​ចំណុច​នេះ ដែល​មាន​បរទេស​ មក​និយាយ​ត្រួត​ត្រា​លើ​សម្តេច... ផ្តល់​អនុសាសន៍​ដល់​សម្តេច ចំពោះ​កិច្ចការ​អ្វីៗ ដែល​សម្តេច​គួរ ឬ​មិន​គួរ​នឹង​ធ្វើ​។ លើស​ពី​ការ​ឆ្គាំ​ឆ្គង​មិន​សមរម្យ​សកម្ម​ភាព​នេះ​ក៏​អាច​ចាត់​ទុក​ថា ជា​ការ​ប្រមាថ​យ៉ាង​ធ្ងន់​ធ្ងរ ចំពោះ​កិត្តិយស​ និង​សតិ​បញ្ញា​មេ​ដឹក​នាំ​នៃ​ប្រទេស​។ យើង​យល់​យ៉ាង​ប្រត្យក្ស​ថា ជា​ទូទៅ​ ក្នុង​ប្រទេស​ណា​ក៏​ដោយ​គេ​កម្រ​នឹង​ទទួល​ស្វាគមន៍ ចំពោះ​សកម្មភាព​ណា​ ដែល​គេ​មើល​ទៅ​ឃើញ ដូច​ជា​ ការ​ត្រួត​ត្រា​លើ​កិត្តិយស​ និង​អធិបតេយ្យ​របស់​គេ​ពី​សំណាក់​ជន​បរទេស​ ជិត​ឆ្ងាយ​។ ព្រោះ​វា​ជា​រឿង​អាម៉ាស់ ឱនថយ​បាត់​បង់​កិត្តិយស ដែល​មនុស្ស​ម្នាក់ៗ​ប្រាថ្នា​ចង់​បាន​ ទោះ​ជា​គេ​កំពុង​តែ​រស់​ទាំង​ត្រដរ ក្នុង​ជីវ​ភាព​ក្រីក្រ​យ៉ាង​ណា​ក្តី​។ គេ​នឹង​មាន​ទឹក​ចិត្ត​រីក​រាយ​ច្រើន ក្នុង​ការ​រស់​នៅ​ប្រកប​ដោយ​កិត្តិយស ជា​ជាង​ការ​រស់​នៅ លើ​ភាព​ស្តុកស្តម្ភ ផ្នែក​ខាង​ភោគ​ទ្រព្យ តែ​ទទួល​ការ​ប្រមាថ​មើល​ងាយ ពី​គ្រប់​ទិស​ទី ដែល​គេ​ប្រាថ្នា​មិន​ចង់​ជួប​ប្រទះ​ទាល់​តែ​សោះ​។ ក្នុង​ករណី​នេះ យើង​រាល់​គ្នា ក៏​អាច​យល់​ស្រប​ទាំង​ស្រុង​ដែរ​ថា ទោះ​ជា​សង្គម​ខ្មែរ​យើង​ក្រខ្សត់​យ៉ាង​ណា​ក្តី ក្នុង​ឋានៈ​ជា​មេ​ដឹក​នាំ​កំពូល នៃ​ប្រទេស​អធិបតេយ្យ​មួយ​ដែល​ជា​នីតិរដ្ឋ​មាន​រដ្ឋ​ធម្មនុញ្ញ និង​ច្បាប់​ក្រឹត្យ​ក្រម គឺ​ឥស្សរជន​ខ្មែរ​រូប​នេះ​ ចាំបាច់​ត្រូវ​តែ​មាន​កិត្តិយស​ពេញ​លេញ​បរិបូរណ៍ នៅ​ក្នុង​តំណែង​របស់​លោក ដូច្នេះ​ដែល​កាំរស្មី​នៃ​កិត្តិយស​នោះ នឹង​សាយ​ភាយ​ចែង​ចាំង​មក​លើ​សង្គម​យើង​ផង​ដែរ​។ យើង​ជា​រាស្ត្រ តែង​តែ​មានស​មាន​ចិត្ត​ស្រស់​ស្រាយ ចង់​ជួយ​លើក​តម្កើង​កិត្តិយស​មេ​ដឹក​នាំ​របស់​យើង​គ្រប់ៗ​រូប នៅ​គ្រប់​កាលៈទេសៈ​ ឲ្យ​មាន​ភាព​ហ៊ឹកហ៊ាក់​នឹង​គេ​ឡើង​។ ព្រោះ​យើង​គោរព​ស្រឡាញ់​មេដឹក​នាំ​របស់ ​យើង​ ហើយ​យើង​ក៏​រំពឹង​គិត​ទុក​ថា មេ​ដឹក​នាំ​យើង​នឹង​ដឹង​ទុក្ខ​ធុរៈ​យើង​ជា​រាស្ត្រ នៅ​គ្រប់​កាលៈ​ទេសៈ ហើយ​លោក​ក៏​គោរព​ស្រឡាញ់​ជីវិត​យើង​ជា​រាស្ត្រ​សាមញ្ញ​វិញ​ផង​ដែរ​។ នេះ​ជា​កែវ​បញ្ច​ពណ៌ ជា​រាសី​ល្អ​ សម្រាប់​សង្គម​យើង​។ សំណើច​ក្អាក​ក្អាយ​របស់​យើង​ គឺជា​គ្រឿង​ស្រវឹង ក្នុង​ព្រលឹង​វិញ្ញាណ​របស់​លោក​ រី​ឯ​ទុក្ខ​សោក​របស់​យើង​ម្នាក់ៗ​ ក្នុង​កាលៈ​ទេសៈ​ណា​មួយ​ ក៏​ជា​ទុក្ខ​សោក​របស់​លោក​ដែរ​។ នេះ​ហើយ​ជា​មេកើយ គួរ​ឲ្យ​គោរព​ស្នេ​ហា​របស់​យើង​រាល់​គ្នា។ ជា​មេ​កើយ​ ដែល​ដួង​ចិត្ត​យើង​ត្រេក​ត្រអាល​នឹង​លើក​តម្កើង​គាំទ្រ។ យើង​មិន​ចង់​ឃើញ​មាន​ជន​បរទេស​ណា​ម្នាក់ មក​ដាក់​សម្ពាធ​អ្វី​មួយលើ​សតិ​បញ្ញា​នៃ​មេដឹក​នាំ​របស់​យើង​នោះ​ទេ​។ ទោះ​ជាយ៉ាង​ណា ក្នុង​ករណី «អធិបតេយ្យ​ និង​ភាព​សុខ​ក្សេមក្សាន្ត​របស់​រាស្ត្រ» នៃ​ប្រទេស​កម្ពុជា​ សង្គម​នេះ ​អាច​ចូល​ដល់​វិវឌ្ឍនាការ និង​ភាព​ថ្កុំ​ថ្កើង​រុង​រឿង​បាន គឺ​ដោយ​សារ​មេ​ដឹក​នាំ​ល្អៗ​ ដែល​មាន​ភក្តី​ភាព​ចំពោះ​ជាតិ​សាសន៍​របស់​ខ្លួន ដឹង​សុខ​ទុក្ខ​រាស្ត្រ​របស់​ខ្លួន ហើយ​មាន​ចំណង់​ចំណូល​ចិត្ត​ខ្លាំង​ក្នុង ​ការ​លើក​តម្កើង​កិត្តិយសរាស្ត្រ​របស់​ខ្លួន​ ក្នុង​គ្រប់ៗ​ករណី និង​គ្រប់ៗ​កាលៈ​ទេសៈ​។ ដូច្នេះ​ជា​ការ​ចាំបាច់​និង​សំខាន់​ណាស់​ ដែល​យើង​គួរ​តែ​សាក​ល្បង​ធ្វើ​ការ​ពិចារណា ក្នុង​ករណី​មួយ​អន្លើ​ដើម្បី​ជា​អំណោយ ​ផល ដល់​ការ​យល់​ដឹង​ច្បាស់​លាស់​របស់​យើង ថា​តើ​មាន​កត្តា​អ្វី​ទៅ បាន​ជា​មាន​បរទេស​ចូល​មក​ជ្រៀត​ជ្រែក​ផ្ទៃ​ក្នុង នៃ​កិច្ច​ការ​នា​នា​របស់​កម្ពុជា​ ដែល​ជា​រដ្ឋ​អធិប​តេយ្យ​? តើ​មាន​ហេតុ​ផល​យ៉ាង​ណា ដែល​ដំណើរ​កា​រ​នេះ ចាំ​បាច់​ត្រូវ​តែ​កើត​មាន?
យើង ​បាន​ដឹង​ហើយ​ថា តាំង​ពី​ដើម​រៀង​មក សម្តេច​តេជោ​ហ៊ុន​ សែនមិន​សប្បាយ​ចិត្ត​នឹង​របាយ​ការណ៍​ទាំង​ឡាយ​ របស់​សង្គម​ស៊ី​វិល ឬ​របស់​អ្នក​រាយការណ៍​ពិសេស​នៃ​អង្គការ​សហ​ប្រជា​ជាតិ ទទួល​បន្ទុក​ផ្នែក​សិទ្ធិ​មនុស្ស ​ស្តី​ពី​ការ​រំលោភ​បំពាន​ទៅ​លើ​ជីវិត​រាស្ត្រ ធ្វើ​ឲ្យ​ពួក​គេ​ប្រាស​ចាក​សេច​ក្តី​សុខ​ក្សេម​ក្សាន្ត ក្នុង​ការ​រស់​នៅ​ក្នុង​រដ្ឋ​មួយ ​ដែល​លោក​ខំ​និយាយ​ប្រកែក​ថា មាន​សន្តិភាព​ស្ថិរភាព និង​សេរី​ភាព​មតិ​គ្រប់​បែប​យ៉ាង​នោះ​ទេ​ ទោះ​ជា​មាន​ការទាញ​យក​ភស្តុតាង​គ្រប់​គ្រាន់ មក​បង្ហាញ​យ៉ាង​ណា​ ក៏​រដ្ឋាភិបាល​មិន​ព្រម​អើ​ពើ​ ចំពោះ​ការ​ពិត​ទាំង​នោះ​ឡើយ​។​ មិន​តែ​ប៉ុណ្ណោះ​សម្តេច​ហ៊ុន​ សែន បាន​លើក​យក​ពាក្យ «អធិបតេយ្យ​» មក​កាន់​ជា​ខែល ក្នុង​ការ​ទប់​ទល់​ព្រួញ​នៃ​ការ​រិះ​គន់​ពី​សំណាក់​មជ្ឈដ្ឋាន ដែល​មាន​នាទី​ការ​ពារ​«សិទ្ធិ​មនុស្ស នៅ​ទូទាំង​ផែន​ដី​»។ គេ​មាន​ចិត្ត​អាណោច​អាធ័ម ចំពោះ​សេច​ក្តី​វេទនា​នៃ​មនុស្ស ហើយ​គេ​ក៏​ចង់​ឃើញ​ «ការ​បៀត​បៀន​មនុស្ស​ពី​សំណាក់​មនុស្ស​» ត្រូវ​ផុត​រលត់​ជា​និរន្តត​រៀង​ទៅ​។ នេះ​ជា​សកម្មភាព «គួរ​ឲ្យ​គោរព​សរសើរ» របស់​អង្គការ​សង្គម​ស៊ីវិល និង​អង្គ​ការ​សហប្រជា​ជាតិ ដែល​លោក​មាន​ការ​កង្វល់​ឈឺ​ឆ្អាល ចំពោះ​ទុក្ខធុរៈ​ នៃ​មនុស្ស​ផង​គ្នា ដែល​គេ​ខំ​ចំណាយ​ថវិកា​ដ៏ច្រើន​សន្ធឹក​សន្ធាប់​ ដើម្បី​ជួយ​មនុស្ស ដែល​ពុំ​មាន​លទ្ធភាព​គ្រប់​គ្រាន់ និង​ការពារ​ខ្លួន​ឯង​បាន។ ប្រទេស​ចិន និង​រាជ​រដ្ឋាភិបាល​ខ្មែរ​បច្ចុប្បន្ន​ គឺ​ប្រឆាំង​ពេញ​ទំហឹង ​ចំពោះ​«ការ​ខ្នះ​ខ្នែង​របស់​មនុស្ស​ សម្រាប់​សេចក្តី​សុខ​របស់​មនុស្ស​»​ ហើយ​នេះ​ជា​សក្ខីភាព​ជាក់​លាក់ នៃ​លទ្ធិ​ប្រជាធិបតេយ្យ​របស់​កម្ពុជា បែប​កុម្មុយ​នីស្ត​និយម​។​ សូម​សរ​សេរ​បញ្ជាក់​ម្តង​ទៀត​ថា... បាន​ជា​មាន​ការ​ជ្រៀត​ជ្រែក ពី​មនុស្ស​ដែល​គេ​មើល​ឃើញ​ថា​ ជា​«ជន​បរទេស​» ​ក្នុង​បញ្ហា​ផ្ទៃ​ក្នុង​នៃ​រដ្ឋ​កម្ពុជា​អធិប​តេយ្យ គឺ​ព្រោះ​តែ​បញ្ហា​ទុក្ខ​វេទនា​របស់​ជន​ជាតិ​ខ្មែរ មួយ​ចំនួន​ធំ ដែល​ «ពុំ​មានលទ្ធ​ភាព​គ្រប់​គ្រាន់​» នឹង​ការ​ពារ​សេចក្តី​សុខ​ក្សេម​ក្សាន្ត​របស់​ពួក​គេ​បាន​។ តែ​វា​«មិន​មែន​» ជា​សេចក្តី​ប្រាថ្នា និង​ចំណាយ​ថវិកា​មួយ​គំនរ យ៉ាង​ឥត​ប្រយោជន៍ ដើម្បី​គ្រាន់​តែ​មក​អុក​ឡុក ប្រទេស​ខ្មែរ​អធិបតេយ្យ​នោះ​ទេ​។ តែ​គេ​មក​«​ដើម្បី​ជួយ​រាស្ត្រ​ខ្មែរ​»ដ៏​កម្សត់​ទាំង​នោះ ដូច​ដែល​គេ​បាន​និង​កំពុង​តែ​ធ្វើ នៅ​ទូទាំង​ផែន​ដី កន្លែង​ណា​ដែល​មាន​ការ​រំលោភ​បំពាន​សិទ្ធិ​មនុស្ស​។ ដូច្នេះ​ ជា​ការ​សម​ហេតុ​សមផល ដែល​សម្តេច​ហ៊ុន សែន លោក​យល់​ឲ្យ​ជាក់​ចំពោះ​ការ​យក​ពាក្យ​ «អធិបតេយ្យ» មក​ប្រើ ដើម្បី​កំញើញ​គេ ឲ្យ​ឈប់​ប្រឆាំង​នឹង​អំពើ​មិន​គប្បី​របស់​លោក ចំពោះ​ប្រជា​ជន​របស់​លោក​។ ពីព្រោះ​គេ​មិន​មែន​មក​ជិះ​ជាន់​អធិបតេយ្យភាព​របស់​ខ្មែរ​សោះ​ទេ​ តែ​គេ​ជា​អង្គការ​មនុស្ស​ធម៌ ដែល​មាន​បំណង​តែ​មួយ​គត់ គឺ​គេ​មក​ជួយ​ដោះ​ទុក្ខ​ម​នុស្ស​កម្សត់​តែ​ប៉ុណ្ណោះ​។ ជា​អង្គការ​ចាំបាច់​របស់​មនុស្ស​ ដែល​មនុស្ស​ទូទៅ​ គួរ​ដឹង​គុណ​ហើយ​គោរព​កោត​សរសើរ​។ បើ​គ្មាន​អង្គការ​នេះ​ទេ​ សង្គម​មនុស្ស​ទាំង​ស្រុង​នៅ​លើ​លោក​នេះនឹង​ធ្លាក់​ចុះ​ក្នុង​ភព​អន្ធការ ហើយ​សេចក្តី​វេទនា​នៃ​មនុស្ស នឹង​កើន​ឡើង ដោយ​ការ​រើ​បម្រះ និង​ភាព​ចលាចល​គ្រប់​បែប​យ៉ាង​។ ពេល​នោះ​មេ​ដឹក​នាំ​ប្រទេស ​នឹង​ខំ​ស្រែក​អំពាវ​នាវរក​សន្តិ​ភាព និង​ស្ថិរ​ភាព ក្នុង​សង្គម​។ ប៉ុន្តែ​ធាតុ​ពិត គឺ​មេ​ដឹក​នាំ​ដ៏​អាក្រក់​ទាំង​នោះ​ឯង ជា​ឫស​គល់​នៃ​ភាព​ចលាចល និង​សេច​ក្តី​វេទនា​ក្នុង​សង្គម។ គណបក្ស​របស់​សម្តេច​ហ៊ុន​ សែន ដែល​ដាក់​ឈ្មោះ​ថា​ ជា «គណ​បក្ស​ប្រជា​ជន» តើ​វា​មិន​មែន​មាន​អត្ថន័យ​សម្រាប់​បម្រើ​ផល​ប្រយោជន៍​ធំ​ដុំ នៃ​ពល​រដ្ឋ​របស់​ខ្លួន​ទេ​ឬ​យ៉ាង​ម៉េច​? បើ​រដ្ឋ​មួយ​ «មិន​អាច» មាន​ដំណើ​ការ សម្រាប់​ផល​ប្រយោជន៍​ធំ​ដុំ នៃ​ប្រជា​ពល​រដ្ឋ​របស់​ខ្លួន​ទេ​នោះ​ គ្មាន​នរ​ណា​គេ​គិត​ថា ជា​រដ្ឋ​ដែល​មាន​អធិបតេយ្យភាព​សោះ​ទេ​។ សូម​កុំ​សាង​សង់​ប្រទេស ក្នុង​ទឹក​ភ្នែក​រាស្ត្រ​ណា​ម្នាក់​សោះ​ឡើយ​។ ការ​អភិវឌ្ឍ​ប្រទេស គឺ​ដើម្បី​សេច​ក្តី​សប្បាយ​រីក​រាយ​រុង​រឿងទាំង​អស់​គ្នា​។ មនុស្ស​អាក្រក់ នឹង​ជួប​ពេល​វេលា​អា​ក្រក់...នេះ​ជា​ច្បាប់​ព្រះ។ សូម​អរគុណ
ដោយ ជូលាង​ហាក់ នៅ​អាមេរិក អ៊ីមែល hakchou@hotmail.com

No comments: