Sunday, January 13, 2013

ស្ដេចកន

រជ្ជកាលព្រះបាទស្រីសុគន្ធបទ និង ស្ដេចកន
ស្រង់ចេញពីសៀវភៅប្រវត្តិសាស្រ្តខ្មែររបស់លោកត្រឹងងា ទំព័រ១៤៥ដល់១៥០
ដោយ សំ វិជ្ជា ថ្ងៃទី១២ មករា ២០១៣

ក្នុងឆ្នាំ១៥០៤ ក្រោយពេលដែលព្រះបាទធម្មរាជាសុគតទៅ បុត្រច្បង របស់ព្រះអង្គ គឺ ចៅពញាដាំខាត់រាជា បានឡើងសោយរាជ្យស្នងព្រះអង្គដោយមានព្រះនាមសម្រេចរាជ្យថា ព្រះបាទស្រីសុគន្ធបទ គង់នៅរាជធានីចតុមុខ ។
ក្រោយពី ពិធីអភិសេកបន្តិចមក ព្រះអង្គទ្រង់លើករាជធានី ទៅតាំងនៅ ទួលបាសាន ហើយលើកព្រះអនុជ ពញាចន្ទរាជា ជាមហាឧបរាជ ឲ្យនៅការពារក្រុងចតុមុខ ។
រាជពង្សាវតារបាននិយាយថា នៅទួលបាសាន ព្រះបាទស្រីសុគន្ធបទ បានលើកនាង ស (ឯកសារខ្លះថានាងពៅ) ជាស្នំឯក មាននាមថា កេសរបុប្ផា (ទើបស្រុកនោះ មានឈ្មោះថាស្រីសឈរ ដែលក្លាយជាស្រីសន្ធរទល់សព្វថ្ងៃ)។ នាង ស នេះជាកូនរបស់មន្រ្តីម្នាក់ឈ្មោះ ពិជ័យនាគ និងនាង បាន ដែលជាពលព្រះ ស្រីរតនត្រ័យ ។ ប្អូនប្រុសរបស់នាង ស ឈ្មោះ កន ត្រូវបានតែងតាំងជាមហា តលិក ក្រោយមកទៀត បានឡើងឋានៈជា ឃុនហ្លួងព្រះស្ដេច មាននាទីមើលខុសត្រូវលើពលព្រះទាំងអស់ និងលើកិរិយាមារយាទនៃពលរដ្ឋទូទៅ ។
រាជពង្សាវតារ បាននិយាយទៀតថា នៅឆ្នាំ១៥០៩ ព្រះបាទស្រីសុគន្ធបទ ទ្រង់សុបិនឃើញនាគរាជដេញខាំព្រះអង្គ ហើយខាំពាំស្វេតច្ឆ័ត្រថែមទៀត ។ ព្រះអង្គទ្រង់បញ្ជាឲ្យហោរាទាយ ថាមានកោលាហល អ្នកបង្កគឺ ឃុនហ្លួងព្រះ ស្ដេចកន ដែលកើតនៅឆ្នាំរោង (នាគ) ។ ស្របពេលជាមួយគ្នានោះ មានពាក្យ បណ្តឹងមកថា មានកើតហេតុចម្លែកផ្សេងៗនៅក្នុងព្រះរាជាណាចក្រ ។


ដោយខ្លាចក្រែងស្ដេចកន ក្បត់ដណ្តើមរាជសម្បត្តិ សមដូចទំនាយរបស់ហោរា នោះ ព្រះរាជា ទ្រង់បានធ្វើការប្រជុំសម្ងាត់នឹងពួក មន្រ្តីជំនិត ដើម្បីរិះរកមធ្យោបាយកំចាត់ឲ្យបាន តែស្នំឯកលបលួចស្ដាប់ដឹងការណ៍ ហើយក៏ផ្ញើសំបុត្រទៅប្រាប់ប្អូនព្រះនាង យ៉ាងប្រញាប់ ។
តមក ព្រះរាជាទ្រង់បញ្ជាឲ្យពួកមន្រ្តីរៀបចំដង្ហែព្រះអង្គ ទៅក្រសាលបឹងបង់សំណាញ់កំសាន្ត ទៅតាមចំណូលព្រះហឫទ័យរបស់ព្រះអង្គដែលធ្លាប់តែ ធ្វើពីមុនរៀងមក ។ ស្ដេចកន ក៏ត្រូវគេចាត់ឲ្យទៅហែហមព្រះរាជាជាមួយនឹង មន្ត្រីឯទៀតៗដែរ ។ ដូចគេបានគ្រោងទុកជាមុនស្រេច ទ្រង់ធ្វើកលថា សំ ណាញ់ព្រះអង្គជាប់សំរាស់លើកពុំរួច ហើយទ្រង់បញ្ជាឲ្យស្ដេចកន មុជទឹកទៅ ដោះ។ ស្ដេចកន ទទួលបញ្ជាហើយលោតទៅក្នុងទឹក ធ្វើហាក់ដូច ជាពុំដឹងខ្លួន ហើយមុជថយចេញពីកន្លែងនោះឆ្ងាយទៅ ។ ពេលនោះពួកបរិវារ ដែលជាជំនិត ស្មានថាស្ដេចកន បានធ្លាក់ចូលអន្ទាក់ហើយ ក៏ប្រញាប់បង់សំណាញ់ព្រមគ្នាគ្រប់ត្រង់កន្លែងដែលស្ដេចកនលោតទៅនោះ ដោយមានបំណង ឲ្យ ស្ដេចកនជាប់សំណាញ់រើពុំរួច ស្លាប់ក្នុងទឹកនោះទៅ ។
លុះបានចាកផុតពីគ្រោះថ្នាក់ហើយ ស្ដេចកន បានភៀសខ្លួនទៅដល់ខេត្ត បាភ្នំ ហើយប្រើឧបាយកលបោកបញ្ឆោតពួកចៅហ្វាយខេត្តថា ខ្លួនបានទទួល បញ្ជាពីព្រះរាជាឲ្យមកកែនទ័ពទៅកំចាត់មហាឧបរាជ ចន្ទរាជា ដែលមានចិត្ត ចង់ឡើងសោយរាជ្យនៅក្រុងចតុមុខ ។
ព្រះរាជា លុះបានជ្រាបដំណឹងថា ស្ដេចកន នៅរស់ហើយមានទ័ពប្រឆាំង ព្រះអង្គថែមទៀត ក៏ទ្រង់បញ្ជាឲ្យឪពុកនិងបងស្រីស្ដេចកន សរសេរសំបុត្រ
ហៅត្រឡប់មកវិញ ។ ស្ដេចកន ប្រើឧបាយកលម្ដងទៀត ដោយប្រាប់ទៅពួក
ចៅហ្វាយខេត្ត និងអ្នកស្រុកថាហ្លួងទ្រង់តឿនពីរឿងសង្រ្គាមទៅវិញ ។
ពាក្យឃោសនារបស់ស្ដេចកន បានលេចឮទៅដល់ព្រះមហាឧបរាជ ចន្ទ រាជា។ ព្រះអង្គនឹកស្មានថាមានហេតុមិនស្រួល ក៏នាំព្រះរាជវង្សានុវង្សប្រញាប់ ប្រញាល់ភៀសខ្លួនទៅសុំជ្រកកោននឹងស្ដចសៀមទៅ ។ កាលដែលយាងទៅ ខេត្តពោធិ៍សាត់ ព្រះចន្ទរាជា ទ្រង់បានទៅសំណាក់ផ្ទះមន្រ្តីម្នាក់ឈ្មោះ ពេជ ហើយទ្រង់បានទទួលការទំនុកបំរុងផ្សេងៗពីមន្រ្តីរូបនេះ ។
លុះបានដឹងថា ព្រះចន្ទរាជា ព្រះអនុជ ស្រីសុគន្ធបទ បានយាងចេញផុតពីប្រទេសហើយ ស្ដេចកន ក៏ចាប់ផ្តើមការវាយលុកចូលរាជធានីទួលបាសាន។ ព្រះរាជាទ្រង់បានលើកទ័ពចេញតទល់ផ្ទាល់ព្រះអង្គ តែត្រូវបរាជ័យ ហើយថយទៅកែនទ័ពថែមនៅក្រុងចតុមុខ ។ ស្ដេចកន លើកទ័ពដេញតាមវាយបែក បន្ទាយភ្នំពេញទៀត ។ ព្រះបាទស្រីសុគន្ធបទ ថយទៅគង់នៅលង្វែក ។ លុះ បន្ទាយលង្វែកត្រូវវាយបែក ព្រះអង្គទៅគង់នៅបរិបូណ៌ (អម្រិន្ទបូរ) រួចនៅទី បំផុត ទៅគង់នៅបន្ទាយស្ទឹងសែនក្នុងខេត្តអាសន្ទុក (គស១៥១២)។ ពេល នោះ ឃុនហ្លួងព្រះស្ដេចកន ទៅតាំងទ័ពបោះបន្ទាយនៅទួលបាសាន ហើយ ប្រារព្ធធ្វើពិធីលើកខ្លួនឯងជាមហាឧបរាជ ។ រួចស្រេចហើយ ក៏បានបញ្ជាឲ្យ ទ័ពលើកឆ្លងទៅបោះនៅកំពង់សៀមទៀត ។ ស្ដេចកន បានក្លែងសំបុត្រផ្ញើទៅ ហ្លួង សុំចុះចូល តែសុំឲ្យម្តាយនិងបងប្អូន បានមកមុនសិន ។ ហ្លួងបញ្ជាឲ្យ ឆ្លើយវិញថា ត្រូវតែស្ដេចកន ចូលខ្លួនមកមុន បើពុំដូច្នោះទេ នឹងសម្លាប់ម្តាយ
និងបងប្អូនទាំងអស់ ។ ស្ដេចកន លើកទ័ពទៅជិតអាសន្ទុក រកឧបាយយក ម្តាយនិងញាតិសន្តានមកវិញ ។ ពេលនោះ មានមន្រ្តីម្នាក់ស្ម័គ្រចិត្តទទួលបំ ពេញកិច្ចការនេះថ្វាយ ស្ដេចកន ឈ្មោះ ឧកម៉ឺនសុរិន្ទកែវ (ស័ក្តិ៣ហ៊ូពាន់ មាន
ពលរេហ៍៣០០០នាក់) ។ បន្ទាប់មក ឃុនហ្លួងព្រះស្ដេចកន នាំទ័ពចូលវាយ បន្ទាយស្ទឹងសែន យ៉ាងខ្លាំង ។ ដោយទ្រង់ឈ្វេងយល់ថាមិនអាចទប់ទល់យូរ អង្វែងទៅទៀតបាន ព្រះរាជាគិតដកថយតាមជើងទឹកទៅកាន់ខេត្តពោធិ៍សាត់ តែពេលនោះ ឧកម៉ឺនសុរិន្ទកែវ និងបក្ខពួក បះឡើងចូលចោមធ្វើគុតព្រះអង្គ បានក្នុងបន្ទាយស្ទឹងសែននោះទៅ (គស១៥១២)។ ព្រះរាជបុត្រព្រះអង្គនាម ពញាយសរាជា(បុត្រជាមួយម្នាងកេសរបុប្ផា)និងបរិវារមួយក្រុម បានភៀសទៅជ្រកកោននៅប្រទេសសៀមជាមួយព្រះចន្ទរាជា ។
ឃុនហ្លួងព្រះស្ដេចកន ត្រឡប់មកទួលបាសានវិញ ប្រកាសឲ្យរកព្រះខាន់ រាជ្យ លំពែងជួយ និងគ្រឿងព្រះបញ្ចក្សត្រដើម្បីឡើងសោយរាជសម្បត្តិ ។
រាជពង្សាវតារខ្លះបានបញ្ជាក់ថា កាលដែលឡើងសោយរាជនោះ ស្ដចកន មានព្រះជន្មាយុទើបតែ២៩វស្សា ហើយមាននាមសម្រាប់រាជ្យថា ស្រីជេដ្ឋា ធិរាជរាមាធិបតី ។ ព្រះអង្គ (ស្ដចកន) ទ្រង់បញ្ជាឲ្យមេទ័ព កៅ ដែលជាឪពុក មាបង្កើត ឲ្យលើកទ័ពទៅបង្ក្រាបខេត្តទាំងឡាយដែលមិនទាន់ចុះចូល។ លុះបានសុខសន្តិភាពបរិបូណ៌ឡើងវិញហើយ ព្រះអង្គ(ស្ដចកន)ទ្រង់លើក ឪពុក មា (កៅ) ឲ្យឡើងឋានៈជា ស្ដេចចៅហ្វ៊ាទឡ្ហៈ (ស្មើនឹងនាយករដ្ឋមន្រ្តីសព្វថ្ងៃ) ឯពួកបរិវារឯទៀត យសសក្តិទៅតាមគុណបំណាច់រៀងៗខ្លួនដែរ ។
នៅប្រមាណ គស ១៥១៤ ព្រះបាទ ស្រីជេដ្ឋា (ស្ដចកន) ទ្រង់បានលើក
រាជធានីទៅតាំងនៅ ចន្លកដូនតី (នៅបានតែ៥ខែ) រួចលើកទៅតាំងនៅភូមិ ស្រឡប់ ទល់ដែនខេត្តត្បូងឃ្មុំនិងខេត្តបាភ្នំ ដែលជាបន្ទាយការពាររឹងមាំ និង
ដែលឲ្យឈ្មោះថា ស្រឡប់ពិជ័យព្រៃនគរ ។

រាជពង្សាវតារខ្លះ បានបញ្ជាក់ថា ព្រះបាទស្រីជេដ្ឋា (ស្ដចកន) ទ្រង់មាន ចំណូលហឫទ័យខាងបរបាញ់សត្វ ចាប់ត្រី ល្បែងស្រី ទតរបាំមហោស្រព និង តន្រ្តី ។ ក្នុងរជ្ជកាលនោះ ព្រះអង្គមានបោះប្រាក់ស្លឹង(សាច់ប្រាក់សុទ្ធ) មានរូប នាគសម្រាប់ប្រើប្រាស់ក្នុងប្រទេស ហើយមានប្រវត្តិវិទូខ្លះ បានសង្កត់សេចក្តីថា នៅសម័យនោះអាណាប្រជានុរាស្រ្តបានសុខសម្បូរសប្បាយថែមទៀតផង។
*******************************************
និយាយពីព្រះចន្ទរាជា កាលដែលទៅសុំជ្រកជាមួយព្រះចៅសៀមនោះ តែងតែយករបរទាក់ដំរីទៅបំរើព្រះអង្គ ។ លុះទ្រង់ជ្រាបថាព្រះរៀមត្រូវស្តចកននិងបក្ខពួកធ្វើ គុតហើយ ព្រញចន្ទរាជា ទ្រង់រិះរកមធ្យោបាយដើម្បីវិលត្រឡប់ចូលមាតុប្រទេសវិញ ។ ឆ្នាំ១៥១៥ ព្រះអង្គទាក់បានដំរីស យកទៅថ្វាយស្ដេចសៀម ហើយសុំអនុញ្ញាតឲ្យធ្វើ និវត្តន៍ចូលស្រុកវិញ តែពុំបានសម្រេចដូចប្រាថ្នាឡើយ ។ ព្រះចន្ទរាជាប្រឌិតថាមាន ដំរីខ្ពស់១០ហត្ថ (៥ម៉ែត្រ) នៅក្នុងព្រៃភូមិភាគខាងកើតប្រទេសសៀម ។ ស្ដេចសៀមក៏ អនុញ្ញាតឲ្យព្រះចន្ទរាជាចេញទៅទាក់ដំរី ដោយឲ្យពល៥០០០នាក់ ដំរីធ្នាក់១០០, គ្រឿងសាស្រ្តាវុធ ស្បៀងអាហារនិងដាវអាជ្ញាសឹក តាមការស្នើសុំពីព្រះចន្ទរាជា ។
ឆ្នាំ១៥១៦ មុននឹងចេញទៅទាក់ដំរី(ក្លែងក្លាយនោះ) ព្រះចន្ទរាជាទ្រង់បានជួបជា សម្ងាត់ជាមួយនឹងពញាអុង ហើយបបួលព្រះអង្គឲ្យត្រឡប់ចូលប្រទេសវិញ ។
ដោយពុំបានបបួលពញាអុងបានទេ (ព្រោះពញាអុងធ្វើជាកូនធម៌ស្ដេចសៀម ហើយបានធ្វើចៅហ្វាយខេត្តសុវណ្ណខាត់លោក ថែមទាំងទូលស្ដចសៀមអំពីល្បិចរបស់ព្រះចន្ទរាជាទៀតផង) ព្រះចន្ទរាជាក៏បញ្ជាទ័ព ធ្វើដំណើរទៅទិសខាងកើត ដល់បាត់ដំបងក៏កែនពលបាន១សែន(១០០០០០)នាក់ ហើយក៏បង្ហួសមកដល់ខេត្តពោធិ៍សាត់។ លោកឧកញ៉ាសួគ៌ាលោកកែវ ចៅហ្វាយខេត្តនេះ ក៏លួចយក
ដំណឹងនេះថ្វាយស្ដេចកន តែត្រូវតាពេជ និងបក្ខពួកស្ទាក់វាយសម្លាប់បាន ។
តាពេជត្រូវបានតែងតាំងជាឧកញ៉ាសួគ៌ាលោកជំនួសឧកញ៉ាកែវ និងជាមេទ័ព ហើយកូនតាពេច៤នាក់ទៀតជាមេទ័ពរង ។ ដោយវាយលុកមិនឈ្នះទ័ពស្ដេចកន តាពេជក៏ធ្វើពលិកម្មបូជាជីវិតដើម្បីទៅកែនទ័ពបិសាចមកជាទ័ពជំនួយ។ បន្ទាប់មកទ័ពព្រះចន្ទរាជាក៏មានជ័យជំនះធ្វើឲ្យទ័ពចៅហ្វ៊ាកៅ(ឪពុកមាស្ដេចកន) បាក់ថយទៅត្រើយខាងកើត ។
ក្នុងដំណើរជំរុលទៅមុខ ព្រះចន្ទរាជា បានលើកទ័ពវាយយកបានខេត្តជា ច្រើនជាបន្ត បន្តាប់គ្នា គឺក្រគរ ខ្លុង ក្រង បរិបូណ៌ កំពង់សៀម ជើងព្រៃ ស្ទឹងត្រង់ ។ គ្រានោះ មានពួកព្រះបាទស្រីជេដ្ឋា (ស្ដេចកន) ដែលទទួលបរាជ័យនោះ មកសុំចុះចូល ឯពួកដែលរត់ពួន កាលព្រះបាទស្រីសុគន្ធបទច្បាំងចាញ់ ក៏ចេញមកថ្វាយខ្លួនទាំងអស់ ។ ពួកនោះបានសុំឲ្យព្រះចន្ទរាជាឡើងសោយ រាជ្យសិន ។ ព្រះក៏យល់ព្រម ដោយមានព្រះនាមសំរាប់រាជ្យថា ព្រះបរមរាជាចន្ទរាជា (ឆ្នាំ១៥១៦) ។
នៅឆ្នាំបន្ទាប់ (១៥១៧) ដោយត្រូវបរាជ័យអស់ច្រើនលើកច្រើនសារមក ព្រះបាទស្រីជេដ្ឋា (ស្ដេចកន) ក៏ស្នើទៅព្រះចន្ទរាជា ឲ្យផ្អាកសង្រ្គាម ដើម្បីឲ្យ រាស្រ្តធ្វើស្រែសិន ។ ព្រះចន្ទរាជាទ្រង់ក៏យល់ព្រម ។
ដល់ចេញវស្សា ព្រះចន្ទរាជា ក៏ធ្វើការវាយលុក ដោយប្រើល្បិច ។ ឯខាងស្ដេចកន ក៏មានល្បិចដូចគ្នា ។ ដល់ឆ្នាំ១៥២៥ ព្រះចន្ទរាជាចាត់ឲ្យគេទិញកាំភ្លើងធំតូចពីប្រទេសម៉ាឡាយូ វាយលុកចែកជា៣ផ្លូវ អស់៣ខែ ទើបបានទទួលជោគជ័យ ។ ព្រះបាទស្រីជេដ្ឋា(ស្ដេចកន) ត្រូគេកាត់ព្រះសិរបាន ហើយ យកទៅដោតនៅមុខបន្ទាយក្រុងស្រឡប់ពិជ័យ ។ ឯចៅហ្វ៊ាកៅ (ជាឪពុកមា) ក៏ត្រូវគេសម្លាប់ក្នុងបន្ទាយនោះដែរ ។ សង្រ្គាមនេះអស់រយៈ៩ឆ្នាំ (១៥១៦ ដល់ ១៥២៥) ៕ (ចប់)

4 comments:

Anonymous said...

អរគុណ !

Anonymous said...

ជោគវាសនាអាឆ្កែសែនពាលខ្វាក់គឺមិនខុសពីអាស្ដេចកនជ្រែករាជឡើយ...
កើតមកសំរាប់តែដាច់ក្បាល...

Anonymous said...

ថ្ងៃក្រោយអាខ្វាក់ និងបរិវារ ត្រូវខ្មែរទូទាំងប្រទេស
ក្រោកឡើង កាត់ក្បាល ហើយយកទៅដោតនៅ
កណ្ដាលក្រុងភ្នំពេញ....

ជយោ! គំរូខ្មែរស្នេហាជាតិ...!

បរាជ័យ! ពួកអាខ្ញុំកញ្ជះយួន...!

បរាជ័យ!ពួកអាក្បត់ជាតិលក់ក្បាលធ្វើកញ្ជះយួន ...!

Anonymous said...

មុនព្រះបាទជ័យវរ្ម័នទី៧ សម្រេចបានជោគជ័យ វាយ
លើខ្មាំងសត្រូវ តើ ព្រះអង្គបានសម្លាប់ជនជំពូកថោក
ទាបនិងក្បត់ជាតិ​ទាំងនេះ ចោលដែរឬទេ?