Monday, January 14, 2013

ពលរដ្ឋ​បឹង​កក់​ស្នើ​ក្រសួង​មហាផ្ទៃ​អន្តរាគមន៍​បោះ​ព្រំដី​ជូន​ពួកគេ

ពលរដ្ឋបឹងកក់មកដាក់លិខិតជូនរដ្ឋមន្ត្រីក្រសួងមហាផ្ទៃនៅព្រឹកថ្ងៃចន្ទនេះ។រូបថតហេង ជីវ័ន
ភ្នំពេញៈ ប្រជាពលរដ្ឋ​បឹង​កក់ បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​មុខ​ក្រសួង​មហា​ផ្ទៃ ដើម្បី​ដាក់​លិខិត​ជូន​រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ ស្នើ​សុំ​ជួយ​អន្តរាគមន៍​ដោះ​ស្រាយ​ បោះ​ព្រំ​ប្រទល់​ដី ១២.៤៤​ហិចតា​និង ផ្តល់​ប្លង់​កម្មសិទ្ធិ​ដើម្បី​បញ្ចប់​ជម្លោះ​ដីធ្លី​ដ៏​រ៉ាំរ៉ៃ​នេះ។
នៅ ​ក្នុង​លិខិត​ដាក់​ជូន​រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ​នៅ​ថ្ងៃ​ទី​១៤ ខែ​មករា​នេះ ពលរដ្ឋ​បឹង​កក់​បាន​ស្នើ​ឲ្យ​មាន​ការ​ផ្តល់​ប្លង់​កម្មសិទ្ធិ​ជូន​ ប្រជាពលរដ្ឋ​ដែល​ស្ថិត​ក្នុង​ភូមិ​២២ (១៩​គ្រួសារ) ភូមិ​២៤ (៧​គ្រួសារ) ភូមិ​៦ (៦​គ្រួសារ)​ដែល​មន្ទី​សូរិយា​ដី​ក្រុង​បាន​វាស់​វែង​ទំហំ​ដី​រួច​ហើយ ប៉ុន្តែ​ត្រូវ​បាន​សាលា​ក្រុង មិន​ផ្តល់​ប្លង់​ជូន។ ពលរដ្ឋ​ស្នើ​បញ្ជូល​ប្រជាពលរដ្ឋ​ភូមិ​១ ចំនួន​២៩​គ្រួសារ​ទៅ​ក្នុង​ដី ១២,៤៤​ហិច​តា និង​ផ្តល់​ប្លង់​កម្ម​សិទ្ធិ​គ្រប់​គ្រួសារ និង​បោះ​ព្រំ​ប្រទល់​ដី ១២,២២​ហិច​តា តាម​អនុ​ក្រឹត្យ ១៨៣ អនក្រ.បក ចុះ​ថ្ងៃ​ទី​១១ ខែ​សីហា ឆ្នាំ​២០១១ ឲ្យ​បាន​ច្បាស់​លាស់។
ក្នុង​លិខិត ​នោះ​ដែរ ពលរដ្ឋ​បឹង​កក់​ក៏​បាន​ស្នើ​ឲ្យ​មាន​ការ​ដោះ​លែង​អ្នក​ស្រី​យ៉ោម បុប្ផា​ដែល​ជា​សកម្មជន​ដីធ្លី​នៅ​តំបន់​បឹង​កក់ ឲ្យ​មាន​សេរីភាព​ឡើង​វិញ​រួច​ផុត​ពី​ការ​ចោទ​ប្រកាន់។
ក្នុង​លិខិត​ ដាច់​ដោយ​មួយ​ទៀត ដែល​ពលរដ្ឋ​បឹង​កក់​បាន​ដាក់​ជូន​រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ ដែល​មាន​កម្មវត្ថុ សូម​ជួយ​ផ្តល់​ឳវាទ​ចំពោះ​លោក គុយ ប៊ុនសន ជា​អគ្គនាយក​នៃ​អគ្គនាយក​ដ្ឋាន​ពន្ធនាគារ​ក្រសួង​មហា​ផ្ទៃ ដែល​បាន​ផ្តល់​បទ​សម្ភាសន៍​ឲ្យ​វិទ្យុ​អាស៊ី​សេរី និង​បាន​ចាក់​ផ្សាយ​កាល​ពី​រាត្រី​ថ្ងៃ​សៅរ៍​ទី១២ ខែ​មករា ឆ្នាំ​២០១៣ ដោយ​ប្រើ​ពាក្យ​ប្រមាថ (ជន​អគតិ)មក​លើ​ក្រុម​ស្ត្រី​បឹង​កក់ និង​ប្រជាពលរដ្ឋ​ដែល​បាន​គាំទ្រ​អ្នក​ស្រី​យ៉ោម បុប្ផា​ផង​ដែរ។
សូមរង់ចាំអានព័ត៌មានពិស្តារក្នុងកាសែតភ្នំពេញប៉ុស្តិ៍

No comments: