លោក រ៉ុង ឈុន និង អ្នកស្រី យ៉ាង សុភណ្ឌ័ ដឹកនាំកម្មករបាតុកម្មនាពេលកន្លងមក
(ថ្ងៃទី 27 កុម្ភៈ 2013, ម៉ោង 06:17:PM) | ដោយ: លី សិលា CEN
ភ្នំពេញ: ក្រុមការងារចម្រុះត្រីភាគី រវាងភាគីសហជីពតំណាងកម្មករ ភាគីថៅកែរោងចក្រកាត់ដេរ និងភាគីរដ្ឋាភិបាល តំណាងដោយមន្ត្រីក្រសួងសង្គមកិច្ច និងក្រសួងការងារ នៅរសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៣ មិនត្រូវរ៉ូវគ្នាឡើយ។ មូលហេតុ មកពីភាគីថៅកែរោងចក្រ មិនព្រមតម្លើង ពីការព្រមព្រៀង កាលពីថ្ងៃម្សិលមិញ ៧២ ដុល្លារឡើយ។
ចំណែកភាគីសហជីពតំណាងកម្មករ បានយល់ព្រមបន្ថយការទាមទារតម្លើងប្រាក់ខែកម្មករពី ១២០ ដុល្លារ មកនៅត្រឹម ១០០ ដុល្លារ។
ទីបំផុតទៅ តំណាងរដ្ឋាភិបាល បានឲ្យភាគីទាំងពីរ ដកឃ្លា ទៅពិនិត្យមួយជំហ៊ានទៀត ដោយមិនបានកំណត់ថា ពេលណាទើបជួបប្រជុំចរចា រឿងឡើងប្រាក់ខែជាថ្មីម្តងទៀត។
ភាគីនិយោជក ដែលជាថៅកែរោងចក្រកាត់ដេរ តាមរយៈលោក វ៉ាន់ ស៊ូអៀង ប្រធានសមាគមរោងចក្រកាត់ដេរ នៅកម្ពុជា ហៅកាត់ថា GMAC បានថ្លែងនៅរសៀល ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៣ ថា ភាគីថៅកែរោងចក្រកាត់ដេរ មិនមានលទ្ធភាពអ្វី ទៅតម្លើងប្រាក់ខែកម្មករកាត់ដេរច្រើនជាង ៧២ ដុល្លារអាមេរិកឡើយ បើទោះបីជាខាងសហជីពតំណាងកម្មករ បានព្រមព្រៀងបញ្ចុះការទាមទារពី ១២០ ដុល្លារ មកនៅត្រឹម ១០០ ដុល្លារក៏ដោយ។
ទោះជាយ៉ាងណាក៏ដោយ លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា ដែលជាតំណាងកម្មករ ចូលរួមតុចរចាតម្លើងប្រាក់ខែដែរនោះ បានឲ្យដឹងថា ភាគីសហជីពកម្មករ ចង់ឲ្យដំណើរការចរចាបានលឿន និងមិនឲ្យមានភាពស្មុគស្មាញ ដើម្បីផលប្រយោជន៍កម្មករ ក៏យល់ព្រមបញ្ចុះការទាមទារ តម្លើងប្រាក់ខែកម្មករពី ១២០ ដុល្លារ មកនៅត្រឹម ១០០ ដុល្លារ។ ក៏ប៉ុន្តែភាគីថៅកែរោងចក្រ មិនព្រមតម្លើងថែមទៀតទេ។
លោក អាត់ ធន់ បានគូសបញ្ជាក់ថា សហជីពកម្មករនិមួយៗ នឹងត្រូវជួបប្រជុំជាមួយសមាជិករបស់ខ្លួនរៀងៗខ្លួន ដើម្បីប្រាប់ពីលទ្ធផលនៃកិច្ចចរចា និងស្តាប់មតិពីសមាជិក ថាតើពួកគេពេញចិត្តនឹងការតម្លើងប្រាក់ខែត្រឹមតែ ៧២ ដុល្លារ ឬក៏មិនពេញចិត្ត ហើយអាចនឹងមានការធ្វើបាតុកម្មតវ៉ាយ៉ាងដូចម្តេចតទៅទៀត។
ចំណែកលោក វង្ស សុវណ្ណ ប្រធានសហព័ន្ធសហជីពការងារកម្មករកម្ពុជា ដែលជាភាគីសហជីពមួយ ចូលរួមក្នុងកិច្ចចរចា កាលពីរសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៣ បានឲ្យដឹងថា សហជីពកម្មករ នឹងមិនមានកិច្ចប្រជុំអ្វីជាមួយគ្នាទៀតទេ ព្រោះសហជីពបានព្រមព្រៀងរួចហើយ លើការទាមទារឡើងប្រាក់ខែ ដោយបញ្ចុះពី ១២០ ដុល្លារ មកនៅត្រឹម ១០០ ដុល្លារ។
សូមរម្លឹកថា កិច្ចប្រជុំចរចាត្រីភាគី ដើម្បីតម្លើងប្រាក់ខែកម្មករកាត់ដេរ កាលពីរសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៣ គឺថៅកែរោងចក្រកាត់ដេរ បានព្រមព្រៀង តម្លើងប្រាក់ខែកម្មករកាត់ដេរ ពី ៦១ ដុល្លារ ទៅ ៧២ ដុល្លារប៉ុណ្ណោះ។ ក៏ប៉ុន្តែសហជីពកម្មករ មិនយល់ស្រប ហើយទាមទារឲ្យមានការតម្លើងប្រាក់ខែគោលដល់កម្មករ ពី ៦១ ដុល្លារនៅពេលសព្វថ្ងៃ រហូតដល់ ១២០ ដុល្លារ។
ដោយសារគម្លាតឆ្ងាយពេកនៃការកិច្ចចរចាតម្លើងប្រាក់ខែនោះ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច ដែលជាប្រធានកិច្ចប្រជុំចរចាត្រីភាគី បានសម្រេចបង្កើតក្រុមការងារចម្រុះមួយ ដែលមានសមាសភាពមកពីខាងសហជីពតំណាងកម្មករ ១០ នាក់ និងខាងថៅកែរោងចក្រកាត់ដេរ ១០ នាក់ ដោយមានការសម្របសម្រួលពីមន្ត្រីក្រសួងសង្គមកិច្ច និងក្រសួងការងារ ដើម្បីអង្គុយចរចាគ្នា រកចំណុចរួម លើការតម្លើងប្រាក់ខែកម្មករ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៣៕
1 comment:
យួនបង្កើតក្រុមខ្មែរវៀតមិញ!
យួនក៏បង្កើតខ្មែរសម រង្សី,
កឹម សុខាសង្រ្គោះអាយួនដែរ!
បើខ្មែរចង់សើច...សូមកុំទៅបោះឆ្នោតជាមួយយួន!
________________________________
បើខ្មែរចង់យំ........បោះឆ្នោតទៀតទៅ!
យាយម៉ៅ
Post a Comment