Monday, February 25, 2013

គេ​ថា​បម្រាម​កាប់​គ្រញូង​ហួស​ពេល​ខណៈ​គ្រញូង​សូម្បី​តែ​គល់​ក៏​មិន​សល់

សមត្ថ​កិច្ច​ថ្លឹង​ឈើ​គ្រញូង ដែល​រឹប​អូស​ពី​ឈ្មួញ​​ចំនួន ១០ ម៉ែត្រ​គូប នៅ​ផ្ទះ​ជួល​មួយ​កន្លែង ក្នុង​ក្រុង​ស្ទឹង​ត្រែង កាល​ពី​សប្តាហ៍​មុន​​​។ រូបថត សហ​ការី

Monday, 25 February 2013
ម៉ៃ ទិត្យថារ៉ា ភ្នំពេញប៉ុស្តិ៍

ភ្នំពេញៈ អង្គការ​ក្រៅ​រដ្ឋាភិបាល ដែល​ធ្វើ​ការ​លើ​វិស័យ​ព្រៃ​ឈើ បាន​ចាត់​ទុក​ចំណាត់​ការ​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន ​សែន​ ដែល​បាន​ចុះ​ហត្ថលេខា​ លើ​សារាចរ​ទប់ស្កាត់​ការ​កាប់​ឈើ​គ្រញូង​ថា ហួស​ពេល​ ខណៈ​ឈើ​គ្រញូង ត្រូវ​បាន​គេ​កាប់​អស់​គ្មាន​សល់ សូម្បី​តែ​គល់​គ្រញូង ក៏​ត្រូវ​គេ​កាប់​គាស់​ យក​ទៅ​ថ្លឹង​គីឡូ​លក់​គ្មាន​សល់​ផង​ដែរ​នោះ​។ ​
លោក ឈឹម សាវុធមន្ត្រី​សម្រប​សម្រួល​គម្រោង​របស់​មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​ កម្ពុជា បាន​មាន​ប្រសាសន៍​ថា លោក​ស្វាគមន៍​ចំពោះ​វិធានការ​ថ្មី​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន តែ​សារាចរ​ថ្មី​នេះ​ជា​វិធានការ​យឺត​ពេល​។ លោក​បាន​ថ្លែង​ថា​៖ ​«បើ​សិន​រាជរដ្ឋាភិបាល មាន​បំណង​ពិត​ប្រាកដ ក្នុង​ការ​លុប​បំបាត់​បទល្មើស​ព្រៃ​ឈើ​នេះ គួរ​ណាស់​តែ​ចេញ​សារាចរ​នេះ ​តាំង​ពី ៦-៧ ​ឆ្នាំ​មុន​ ទើប​បាន​មាន​សេស​សល់​ឈើ​គ្រញូង​ខ្លះ​នៅ​ក្នុង​ព្រៃ​។ ប៉ុន្តែ​ឥឡូវ​នេះ​ កុំ​ថា​ឡើយ​ដើម​គ្រញូង​ សូម្បី​តែ​គល់​គ្រញូង ក៏​គេ​គាស់​យក​ទៅ​ថ្លឹង​គីឡូ​លក់​អស់​ទៅ​ហើយ​ដែរ​ តើ​មាន​គ្រញូង​មក​ពី​ណា​ទៀត»។
លោក​ឈឹម សាវុធ ក៏​បាន​លើក​ឡើង​ផង​ដែរ​ថា ប្រ​សិន​បើ​រដ្ឋាភិបាល​ចេញ​សារាចរ​នេះ​ តាំង​ពី​ ៦ ឬ ​៧ ឆ្នាំ​មុន ម្ល៉េះ​រហូត​មក​ដល់​ពេល​នេះ ​ពុំ​មាន​ពលរដ្ឋ​ខ្មែរ​ណា​ម្នាក់​ត្រូវ​បាន​ទាហាន​ថៃ​​បាញ់​សម្លាប់ ដោយ​សារ​តែ​លួច​ចូល​ទៅ​កាប់ ឬ​ជញ្ជូន​ឈើ​គ្រញូង ក្នុង​ទឹក​ដី​ថៃ ដូច​សព្វ​ថ្ងៃ​នេះ​ទេ​។ ដូច្នេះ​វិធានការ​នេះ​គឺ គ្រាន់​តែ​ធ្វើ​ឲ្យ​ល្អ​មើល​ប៉ុណ្ណោះ​ ពុំ​អាច​ការពារ​ព្រៃ​ឈើ​បាន​នោះ​ទេ។

លោក​បាន​គូស​បញ្ញាក់​ថា​៖ «បើ​យក​ល្អ ​រដ្ឋាភិបាល ​គួរ​តែ​ចេញ​សារាចរ​ ទប់​ស្កាត់​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ទូទៅ ដែល​នៅ​សេស​សល់​ខ្លះៗ​ ក្នុង​តំបន់​ជួរ​ភ្នំ​ក្រវាញ​ភាគ​កណ្តាល ភ្នំឱរ៉ាល់ ឬ​ក៏​ព្រៃ​ឡង់​វិញ​វា​ល្អ​ជាង​ ទើប​អាច​ការ​ពារ​ព្រៃ​ឈើ​ខ្លះៗ​បាន​ ទាន់​ពេល​វេលា​»។​ លោក​សាវុធ បាន​ធ្វើ​ការ​កត់​សម្គាល់​ថា ​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ រដ្ឋាភិបាល​តែង​តែ​ធ្វើ​យឺត​ជាង​សភាព​ការណ៍ ដែល​បាន​កើត​ឡើង​ ដូច​ជា​ករណី​ការ​ហាម​កាប់ឈើ​គ្រញូង​នេះ ​គឺ​បាន​ដើរ​ក្រោយ​សភាព​ការណ៍​រួច​ទៅ​ហើយ​។
លោក​បាន​ថ្លែង​បញ្ជាក់​ថា​៖ ​«​រដ្ឋាភិបាល​គ្មាន​ឆន្ទៈ​ពិត​ប្រាកដ ក្នុង​ការ​ការពារ​ព្រៃ​ឈើ​នោះ​ទេ​ គឺ​គ្រាន់​តែ​ធ្វើ​ឲ្យ​ល្អ​មើល​តែ​ប៉ុណ្ណោះ​»។ ឈើ​គ្រញូង​​ភាគ​ច្រើន ត្រូវ​បាន​គេ​នាំ​យក​ទៅ​លក់​នៅ​ប្រទេស​វៀតណាម និង​នាំ​យក​ទៅ លក់​បន្ត​នៅ​ប្រទេស​ចិន​។ ឈើ​ទាំង​នោះ ត្រូវ​គេ​កាប់​ពី​ក្នុង​ព្រៃ​ជួរ​ភ្នំ​ក្រវាញ ព្រៃឡង់ ព្រៃ​ក្នុង​ខេត្ត​មណ្ឌលគិរី រតនគិរី និង​ស្ទឹង ត្រែង ជាដើម។ បើ​តាម​លោក​សាវុធ ឈើ​ទាំង​នោះ ​ត្រូវ​បាន​គេ​ប្រើ​រថយន្ត​ទំនើបៗ រួម​ទាំង​រថយន្ត​កាកបាទ​ក្រហម រថយន្ត​សង្គ្រោះ​បន្ទាន់ និង​ជា​ពិសេស​ រថយន្ត​ដែល​ពាក់​ស្លាក​លេខ​ខេមរភូមិន្ទ​ ធ្វើ​ការ​ដឹក​ជញ្ជូន​។
ចំណែក លោក​ ចាន់ សុវ៉េត​ មន្ត្រី​ស៊ើប​អង្កេត​ជាន់​ខ្ពស់​ សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាហុក បាន​ឲ្យ​ដឹង​ថា​ បើ​តាម​ការ​អង្កេត​សព្វ​ថ្ងៃ​នេះ ​ពុំ​មាន​ឈើ​គ្រញូង​នៅ​សល់​ក្នុងព្រៃ​ស្រុក​ខ្មែរ​​ទៀត​នោះ​ទេ​ ប្រសិន​បើ​មាន​នោះ ម្ល៉េះ​ពលរដ្ឋ​កម្ពុជា មិន​ចាំបាច់​ត្រូវ​ឆ្លង​ដែន​ទៅ​ប្រទេស​ជិត​ខាង​ ដើម្បី​កាប់​ឈើ​ប្រណីតៗ​នោះ​ឡើយ​។​ លោក​សុវ៉េត រំឭក​ថា ​ដើម្បី​ទប់​ស្កាត់​បទ​ល្មើស​ព្រៃ​ឈើ​ ​កាល​ពី​ឆ្នាំ​ ១៩៩៣​ ព្រះ​មហាក្សត្រ បាន​ចេញ​រាជក្រឹត្យ ​ដើម្បី​កំណត់​តំបន់​ព្រៃ​ការពារ ហើយ​ក្រោយ​មក​រដ្ឋាភិបាល​ក៏​បាន​ចេញ​បទ​បញ្ជា​ហាម​កាប់​បំផ្លាញ​ព្រៃឈើ​ ប៉ុន្តែ​​ជាក់​ស្តែង បទ​ល្មើស​ព្រៃឈើ នៅ​តែ​បន្ត​កើត​មាន​ជា​ហូរ​ហែរ​ហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ។
លោក ចាន់ សុវ៉េត បាន​បញ្ជាក់​ថា​៖ ​«​ខ្ញុំ​សោក​ស្តាយ​បំផុត ​ដែល​រដ្ឋាភិបាល​បរាជ័យ ​ក្នុង​ការ​ទប់​ស្កាត់​បទល្មើស​ព្រៃ​ឈើ​ ហើយ​បច្ចុប្បន្ន​នេះ ​បើ​ទោះ​បី​ជា​រដ្ឋាភិបាល​ ចេញ​សារាចរ​ការពារ​ឈើ​គ្រញូង ឬ​ក៏​មិន​ចេញ​ក៏​ដោយ ក៏​វា​គ្មាន​ឈើ​គ្រញូង ត្រូវ​ការពារ​ទៀត​ដែរ ពីព្រោះ​ឈើ​គ្រញូង​វា​អស់​ពី​ស្រុក​ខ្មែរ​ហើយ»។
លោក​ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​ទីស្តីការ​គណ​រដ្ឋ​មន្ត្រី ថ្លែង​ថា លោក​ពុំ​ទាន់​ឃើញ​សារាចរ​​ហាម​កាប់​ឈើ​គ្រញូង​នៅ​ឡើយ​ទេ។
លោក នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន​ បាន​ឲ្យ​ដឹង​កាល​ពី​ចុង​សប្តាហ៍​មុន​ថា លោក​បាន​ចុះ​ហត្ថលេខា​រួច​ហើយ​ កាល​ពី​ថ្ងៃ​ទី​ ២១​ ខែ​កុម្ភៈ​ ឆ្នាំ ២០១៣​ ទាក់ទង​ទៅ​នឹង​បញ្ហា​ការ​កាប់​ឈើ​ខុស​ច្បាប់ ជា​ពិសេស បញ្ហា​ឈើ​គ្រញូង ត្រូវ​បញ្ចប់​ទាំង​ការ​ប្រើ​ប្រាស់​ក្នុង​ស្រុក​ និង​បញ្ចប់​ការ​នាំ​ចេញ​។​ លោក​នឹង​ទាក់​ទង​ទៅ​ប្រទេស​ដែល​ទិញ​ឈើ​គ្រញូង ​សុំ​ឲ្យ​ឈប់​ទទួល​ទិញ​គ្រញូង​ពី​ស្រុក​ខ្មែរ​តែ​ម្តង។ លោក​បាន​ថ្លែង​ថា​៖ «​វា​ទាល់​តែ​មាន​វិធី​នេះ​ បើ​មិន​អ៊ីចឹង​ទេ វា​នៅ​តែ​មក​ទៀត​ អាការ​កែច្នៃ​គ្រញូង​ស្អី​ៗ​នេះ​ គួរ​តែ​បញ្ចប់​»។ លោក​បាន​មាន​ប្រសាសន៍​ទៀត​ថា​ កាពិត​នៅ​ក្នុង​ស្រុក​ខ្មែរ​ អត់​មាន​ការ​ប្រើ​ប្រាស់​គ្រញូង​ទេ។ លោក​បាន​ថ្លែង​ទៀត​ថា៖​«នៅ​ក្នុង​ប្រទេស​ដទៃ គេ​កាប់​នៅ​ហ្នឹង​ហើយ​ស្រេច តែ​គេ​យក​ចេញ​ពី​ប្រទេស​គេ​មិន​រួច យើង​វា​ទៅ​ជា​កន្លែង​សម្រាប់​ឆ្លង​កាត់​ឈើ​គ្រញូង​ហ្នឹង។ ខ្ញុំ​បាន​ចុះ​ហត្ថលេខា​លើ​សារាចរ យើង​ត្រូវ​ផ្សព្វផ្សាយ​ឲ្យ​បាន​ទូលំទូលាយ និង​អនុវត្ត​ទាំង អស់​គ្នា បើ​មិន​អ៊ីចឹង​ទេ ​វា​នៅ​តែ​មាន​អ្នក​ប្រើ​ប្រាស់​ វា​នៅ​តែ​មាន​អ្នក​ផ្គត់ផ្គង់ ហើយ​ផ្គត់ផ្គង់​ទៅ​កាប់​ពី​ណា ​ទៅ​កាប់​ពី​ក្នុង​ប្រទេស​របស់​យើង​​ផង​ ទៅ​កាប់​ពី​ប្រទេស​ដទៃ​ផង អ៊ីចឹង​ទេ រឿង​វា​មិន​ចប់​ទេ​»។​
សូម​រំឭក​ថា កាល​ពី​ខែ​មករា ឆ្នាំ​ ២០១០ លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ បាន​ដាក់​បទបញ្ជា​យ៉ាង​តឹងរ៉ឹង ដោយ​បាន​ធ្វើ​ការ​ព្រមាន​ខ្លាំងៗ ទៅ​លើ​មន្ត្រី​យោធា​ និង​មន្ត្រី​សមត្ថកិច្ច​ពាក់​ព័ន្ធ​ទាំង​អស់ ឲ្យ​បញ្ឈប់​សកម្មភាព​ពាក់ព័ន្ធ​ជា​មួយ​នឹង​ការ​កាប់​ព្រៃឈើ និង​បញ្ឈប់​សកម្មភាព​ទន្ទ្រាន​កាន់កាប់​ដី ឬ​គាំទ្រ​អ្នក​រកស៊ី​ឈើ​ខុស​ច្បាប់​។ ប៉ុន្តែ​យ៉ាង​ណា​ក្តី តាម​សេចក្តី​រាយ​ការណ៍ ពី​អ្នក​ឃ្លាំ​មើល និង​មន្ត្រី​សហគមន៍​ការ​ពារ​ព្រៃ​ឈើ​ជា​ច្រើន បាន​អះអាង​ថា បទ​ល្មើស​ព្រៃ​ឈើ​នៅ​តែ​បន្ត​កើត​ឡើង​យ៉ាង​ពេញ​បន្ទុក​នៅ​ឡើយ រហូត​មក​ដល់​ពេល​នេះ៕

No comments: