Wednesday, March 27, 2013

8-yr-old girl works to support her family of 5: This is Hun Xen's F_CKING development and progress!

ស្រុកហ៊ុនសែន ជឿនលឿន ច__ម្រ៉ាយ គួរឲ្យស្រក់ទឹកភ្នែក

ក្មេងស្រីអាយុ៨ឆ្នាំរ៉ាប់រងចិញ្ចឹមសមាជិកគ្រួសារ៥នាក់

ដោយ អ៊ុក សាវបូរី
2013-03-26
RFA

កុមារី ធិន ចន្ធី អាយុ ៨ឆ្នាំ និងប្អូនប្រុសពៅអាយុ ៣ឆ្នាំ អូសរទេះដឹកទឹក ក្នុងភូមិនៀល ឃុំគូស ស្រុកត្រាំកក់ ខេត្តតាកែវ កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៣។ (RFA/Ouk Savborey)



នៅឃុំគូស ស្រុកត្រាំកក់ ខេត្តតាកែវ មានក្មេងស្រីអាយុ ៨ឆ្នាំមួយរូប បានឈប់រៀន ហើយទៅរកស៊ីដើម្បីចិញ្ចឹមមនុស្សចំនួន ៥នាក់ជាសមាជិកគ្រួសារ។ មនុស្សទាំង ៥នាក់នោះ មានជីដូនចាស់មួយរូប និងបងប្អូនប្រុស ៣នាក់។ ការប្រឹងរកស៊ី ដើម្បីចិញ្ចឹមមនុស្សជាច្រើននាក់ក្នុងគ្រួសារ ធ្វើឲ្យមានការចាប់អារម្មណ៍ពីសំណាក់ប្រជាពលរដ្ឋជាច្រើននាក់។

ភាពទាល់ច្រក បង្ខំឲ្យកុមារី ធិន ចន្ធី ទើបមានអាយុ ៨ឆ្នាំ ស្ថិតនៅក្នុងភាពជាកុមារ ទៅធានារ៉ាប់រងជីវភាពក្រុមគ្រួសារប្រមាណ ៣ឆ្នាំមកនេះ។ កុមារី ធិន ចន្ធី រស់នៅភូមិនៀល ឃុំគូស មានចម្ងាយប្រមាណ ១៤គីឡូម៉ែត្រពីសាលាស្រុកអង្គតាសោម ខេត្តតាកែវ និងនៅជិតភ្នំដំរីរមៀល។

កុមារី ធិន ចន្ធី អះអាងថា ភ្នំដំរីរមៀល ជាភ្នំសម្បូរធនធានដែលនាងអាចរកអង្ក្រង ស្លឹករងៀង អុស ជាដើម លក់ចិញ្ចឹមគ្រួសារនាង។

ថ្ងៃច័ន្ទ ដើមសប្ដាហ៍ទី៤ នៃខែមីនា កុមារី ធិន ចន្ធី មិនបានទៅសាលាទេ។ កុមារីនៅអូសទឹក និងរកអង្ក្រងផ្សំសម្រាប់ធ្វើម្ហូប និងសម្រាប់លក់៖ «ខ្ញុំដងទឹកពីត្រពាំង ត្រពាំងរបស់គេទឹកនោះមានពណ៌ស្រដៀងខ្មៅ។ ទឹកនេះ ខ្ញុំទុកលាងចាន។ ខ្ញុំអូស ថ្ងៃណានេះ ខ្ញុំរែកខ្ញុំខ្ជិលអូសខ្ញុំរែក»។


កុមារីបានប្រាប់ថា ដោយសារតែជីដូនឈឺ មិនអាចរកអ្វីមកចិញ្ចឹមចៅទាំង ៤នាក់បាន ទើបនាងដើរទៅភ្នំស្វែងរកសម្បុកអង្ក្រង និងអុស មកផ្សំលក់ដើម្បីទិញស្បៀង៖ «១ថ្ងៃ ១ម៉ឺន ២ម៉ឺន ខ្ញុំទៅគោះអង្ក្រងនៅឯភ្នំឯណោះ ២នាក់បង»។

កុមារីឲ្យដឹងថា ក្រោយពីឪពុកម្តាយស្លាប់ បងប្អូននាង ៤នាក់កំព្រា ត្រូវជីដូនខាងម្តាយជួយមើលថែទាំ ប៉ុន្តែដោយសារជីដូនឈឺក្រោកមិនសូវបានយូរ ចេះតែវិលមុខ ទើបកុមារី និងបងប្រុសនាំគ្នាស្វែងរកចំណូលពីការលក់អង្ក្រង និងស្លឹកឈើក្នុងព្រៃភ្នំមកលក់។ កុមារីឲ្យដឹងទៀតថា នៅពេលបានអង្ក្រង និងស្លឹករងៀង ឬអុស រកបានពីភ្នំដំរីរមៀល យកទៅលក់ គាត់ត្រូវដើរតាំងពីភ្នំដំរីរមៀល ទៅដល់ផ្សារត្រាំកក់ ចម្ងាយ ៦គីឡូម៉ែត្រ ដើម្បីលក់របស់រកបាននោះប្ដូរយកប្រាក់ទិញអង្ករ ឬអំបិល ត្រីសាច់ជាដើម ហើយដើរមកផ្ទះវិញ ៣គីឡូម៉ែត្រទៀត៖ «យាយគាត់ឈឺ គាត់ហូបបាយអត់បាន។ ខ្ញុំដើរកាប់ក្តាម រកអង្ក្រងបានយកលក់ យកលុយចាយ និងរៀន។ លក់មួយកូនចាន ១ពាន់រៀល ថ្ងៃណាខ្ញុំរៀនអត់ ថ្ងៃណាខ្ញុំអត់រៀន លក់បាន»។

កុមារា ធិន ចំរើន អាយុ ១០ឆ្នាំ ថ្លែងថា ឪពុកម្តាយគាត់បានស្លាប់មិនដឹងនៅទីណាទេ ព្រោះចេញទៅធ្វើកម្មករសំណង់នៅប្រទេសថៃ។ ៥ឆ្នាំក្រោយមក ឮថាស្លាប់បាត់ទៅហើយ។ កុមារាបន្តថា ជីដូនឈឺសម្រាកលើកន្ទេល មានតែគាត់ និងប្អូនស្រីទេ ដែលអាចរកចំណូលចិញ្ចឹមប្អូនតូចៗបាន។ ពួកគេជួយគ្នាទៅវិញទៅមក និងអត់ធ្មត់នៅពេលខ្វះខាតអាហារម្តងម្កាល។ ពួកគេមិនចេះខ្ចីបុលនរណាឡើយ ព្រោះនៅតូចគ្មានគ្រួសារណាបណ្ដាក់ ឬឲ្យខ្ចីទេ ព្រោះអ្នកភូមិគេជួយចិញ្ចឹមក្រុមគ្រួសារកុមារកំព្រានេះច្រើនពេកហើយ ពួកគេក៏មានគ្រួសាររបស់គេត្រូវចិញ្ចឹមដែរ៖ «បងប្អូនខ្ញុំចេះជួយគ្នា។ ជួនកាលមានត្រីអាំង មានត្រីងៀតអីចៀន។ ដើររកអង្ក្រងរកអី គោះយកទៅលក់ ហើយទិញមក»។

ស្ត្រីមេម៉ាយឈ្មោះ អិត លី អាយុ ៥៤ឆ្នាំ ត្រូវជាជីដូនរបស់កុមារកំព្រាទាំង ៤នាក់ បានអះអាងថា គាត់មានកូន ៧នាក់។ ប្ដីគាត់ធ្លាក់ពីលើដើមត្នោតស្លាប់រយៈពេល ១៥ឆ្នាំកន្លងមកនេះ។ កូនចៅបែកមានគ្រួសារអស់ គ្មាននរណាបានជួយគាត់វិញទេ។ មិនតែប៉ុណ្ណោះ គាត់ត្រូវរ៉ាប់រងចិញ្ចឹមចៅកំព្រា ៤នាក់នេះទៀត។ តែ ២ ទៅ ៣ឆ្នាំមកនេះ គាត់ឧស្សាហ៍វិលមុខ និងដួលញឹកញាប់ ទើបគាត់មិនអាចជួយអ្វីដល់ចៅទាំង ៤នាក់បាន។ បច្ចុប្បន្ន ចៅទាំង ៤នាក់ មើលថែគាត់វិញ ចៅពៅគេអាយុ ៣ឆ្នាំ ជួយដងទឹកឲ្យគាត់ផឹកជាដើម៖ «ខ្ញុំអត់ដែលហ៊ានដើរទៅណាទេ។ ខ្ញុំឈឺដើរខ្លាចតែដួល។ ខ្ញុំទៅផ្ទះប្រធានភូមិដួលបាត់មាត់ បាត់កទៅ។ បើចៅខ្ញុំគ្នានៅផ្ទះ រែកទឹករែកអីដាំបាយទៅ ខ្ញុំឈឺដៃឈឺជើង ធ្វើអីអត់កើត។ កុំបានមេភូមិគាត់ជួយខ្ញុំ ជួយដោះស្រាយដែរហ្នឹង បានអង្ករ បានមី បានទឹកត្រី ហើយលុយឲ្យក្មេងៗបានម្នាក់ ១០ម៉ឺន ហូបមិនដែលគ្រាន់ទេ មកពីខ្ញុំមិនដែលមានស្អីទេ»។

មេភូមិនៀល លោក ណោម សារឿន ថ្លែងថា ក្នុងភូមិនេះមានមនុស្សរស់នៅ ៨៨គ្រួសារ។ ក្នុងនោះមានគ្រួសារជិត៣០ ដែលមានជីវភាពក្រីក្រខ្លាំងលំដាប់លេខ១ និងលេខ២។ ចំណែកក្រុមគ្រួសារកុមារីកំព្រានោះ ស្ថិតឋានៈក្រីក្របំផុត។ លោកថា គ្រួសារនេះបានទទួលការឧបត្ថម្ភពីអាជ្ញាធរស្រុកត្រាំកក់ អាជ្ញាធរខេត្ត ទីប្រឹក្សាលោក ហេង សំរិន ប្រធានរដ្ឋសភា សប្បុរសជនក្នុង និងក្រៅប្រទេស។ សប្បុរសជនខ្លះជួយទិញស័ង្កសីឲ្យ ដើម្បីប្រក់ផ្ទះ ខ្លះជួយទិញស្លឹកបាំងជញ្ជាំង ខ្លះជួយអង្ករ ខ្លះកន្ទេល ក្រមា ខ្លះសម្លៀកបំពាក់ ខ្លះថវិកា។

ចំណែករូបគាត់ ជាអាជ្ញាធរភូមិជួយដឹកក្មេងធំៗទាំង ២នាក់បងប្អូនទៅសាលារៀន ព្រោះចង់ឲ្យគេរៀនអាចចេះអានអក្សរបានខ្លះ៖ «ដោយសារពីមុន គាត់ដំបូលស្លឹក មិនមានស័ង្កសីដូចសព្វថ្ងៃនេះទេ ដោយខាងសម្ដេច ហេង សំរិន គាត់បានជួយ និងសប្បុរសជនមកពីសៀមរាប។ ខ្ញុំក៏មិនបានស្គាល់គាត់ដែរ គាត់មកបានជួយឧបត្ថម្ភជាថវិកាមួយចំនួន ហើយរាជរដ្ឋាភិបាលក៏បានជួយដែរ តែវាមិនបានគ្រប់ចំនួននៅក្នុងក្រុមគ្រួសាររបស់គាត់ទេ ដោយសារគាត់ក្រីក្រពេក។ តែសប្បុរសជនដទៃទៀត គាត់បានជួយហូរហែ»។

ក្នុងថ្ងៃច័ន្ទ ទី២៥ ខែមីនា នោះដែរ ក្រុមប្រឹក្សាខេត្តតាកែវ ដឹកនាំដោយលោក ម៉ៅ សុផល បានទិញកង់មួយគ្រឿង មី ២កេះ សម្លៀកបំពាក់ រួមទាំងថវិកាច្រើនម៉ឺនរៀល ជូនបងប្អូនកុមារី ធិន ចន្ធី។

លោក ម៉ៅ សុផល ថ្លែងថា លោកនឹងស្នើសុំទៅកាកបាទក្រហមកម្ពុជា និងក្រសួងសង្គមកិច្ច ឲ្យជួយផ្តល់ស្បៀងឲ្យបានរាល់ខែដល់ក្រុមគ្រួសារក្រីក្រនេះ ដើម្បីការពារកុំឲ្យកុមារី និងបងប្រុសផ្អាករៀន ព្រោះតែធានារ៉ាប់រងការចិញ្ចឹមក្រុមគ្រួសារបែបនេះតទៅទៀត៖ «យើងបើអត់ជួយក្មេងនេះទេ គឺទៅថ្ងៃអនាគត ក្មេងនេះគឺប្រៀបដូចពេលយប់ គឺអត់មានពន្លឺ ពីព្រោះអនាគតក្មេងនេះនឹងបោះបង់ការសិក្សានៅពេលដែលយើងអត់ជួយគាត់។ អីចឹង ខ្ញុំសូមអំពាវនាវដល់រដ្ឋាភិបាល ឬក៏ខ្មែរដែលនៅឯនាយសមុទ្រ សូមជួយក្មេងនេះ ធ្វើម៉េចឲ្យគាត់មានអនាគតល្អផង។ ពេលដែលខ្ញុំត្រឡប់ទៅវិញ គឺខ្ញុំប្រាប់ខាងផ្នែកកាកបាទក្រហម ដើម្បីឲ្យជួយដល់យាយ ហើយនិងក្មេង ៤នាក់នេះ ដើម្បីជួយបន្តទៅមុខទៀត»។

នៅថ្ងៃនោះដែរ ក្រុមការងារគណបក្សសង្គ្រោះជាតិ បានផ្តល់ថវិកាចំនួន ១០០ដុល្លារ និងប្រាក់រៀលច្រើនម៉ឺនទៀត ជួយក្រុមគ្រួសារកុមារីកំព្រានោះដែរ។

អាជ្ញាធរឃុំគូស បានថ្លែងថា មិនមែនតែក្រុមគ្រួសារកុមារីមួយនេះទេដែលជួបការលំបាកនោះ គឺនៅក្នុងឃុំមានគ្រួសារច្រើនទៀត បានធ្វើចំណាកស្រុក ព្រោះតែការធ្វើស្រែ និងដាំដំណាំរួមផ្សំមិនអាចរកប្រាក់ចំណូលផ្គត់ផ្គង់ជីវភាពបានប្រចាំថ្ងៃ៕

No comments: