លោក រ៉ុង ឈុន បានឲ្យដឹងថា
ដោយសារការតវ៉ាដើម្បីផលប្រយោជន៍គ្រូបង្រៀន និងកម្មករនេះ
ធ្វើឲ្យលោករៀនបានមេរៀនជាច្រើនពីជីវិត
ហើយបានមើលឃើញយ៉ាងច្បាស់អំពីតម្លៃនៃការតស៊ូធ្វើការងារ។
រ៉ុង ឈុន គឺជាឈ្មោះគ្រូបង្រៀនមួយរូប
ដែលអ្នកសារព័ត៌មានទាំងជាតិ និងអន្តរជាតិ អ្នកនយោបាយ
មន្ត្រីសង្គមស៊ីវិល គ្រូបង្រៀន មន្ត្រីអង្គការសិទ្ធិមនុស្ស
អ្នកច្បាប់ កម្មកររោងចក្រកាត់ដេរជាច្រើននាក់បានស្គាល់
និងដឹងពីសកម្មភាពតាមការផ្សាយព័ត៌មាននានា។
គិតមកត្រឹមឆ្នាំ២០១៣ នេះ លោក រ៉ុង ឈុន មានអាយុជាង ៤០ឆ្នាំ។
លោកមានសក់រួញអង្គាដី និងមានសម្ដីនិយាយមួយៗ ច្បាស់ៗ។
លោកមានស្រុកកំណើតនៅភូមិចុងកោះតូច ឃុំតាលន់ ស្រុកស្អាង
ខេត្តកណ្ដាល។ លោកបានរៀនចប់មហាវិទ្យាល័យ និងជាមន្ត្រីក្រសួងអប់រំ
យុវជន និងកីឡា និងជាគ្រូបង្ហាត់មុខវិជ្ជាគណិតវិទ្យា។
ក្នុងពេលជួបសម្ភាសន៍ជាមួយអ្នកយកព័ត៌មានវិទ្យុអាស៊ីសេរី លោក
រ៉ុង ឈុន បានរៀបរាប់ឲ្យដឹងថា លោកចាប់ផ្ដើមសកម្មភាពបម្រើសង្គម
ចូលរួមតវ៉ាជាសាធារណៈជាមួយគ្រូបង្រៀន និងកម្មកររោងចក្រកាត់ដេរ
នៅក្នុងឆ្នាំ១៩៩៦ ដោយលោកមើលឃើញថា
កម្មកររោងចក្រកាត់ដេរបានទទួលប្រាក់បៀវត្សរ៍ទាបពេក
មិនគ្រប់សម្រាប់ចំណាយក្នុងជីវភាពរស់នៅឲ្យបានសមរម្យឡើយ
នៅក្នុងពេលដែលថៅកែរោងចក្របានទទួលប្រាក់ចំណេញជាច្រើនពីការខិតខំ
ធ្វើការរបស់កម្មកររោងចក្រកាត់ដេរទាំងអស់នោះ។
លោក រ៉ុង ឈុន៖
«ក្នុងការតស៊ូមតិ តាមពិតទៅ
ខ្ញុំជាមន្ត្រីរាជការ គ្រូបង្រៀនទេ
ប៉ុន្តែយើងបានឃើញស្ថានភាពជាក់ស្តែងនៅក្នុងចុងឆ្នាំ១៩៩៦
យើងឃើញស្ថានភាពកម្មករមានភាពកម្មករពេលនោះមានបៀវត្សរ៍ប្រមាណ
២៥ដុល្លារ ក្នុងមួយខែ ហើយលក្ខខណ្ឌការងារក៏អាក្រក់ សេរីភាពក៏គ្មាន
នៅពេលនោះហើយដែលយើងចូលប្រឡូកជាមួយចលនាសហជីព
ដើម្បីលើកស្ទួយលក្ខខណ្ឌការងារកម្មករ លើកស្ទួយសិទ្ធិសេរីភាពកម្មករ
លើកស្ទួយប្រាក់ឈ្នួលរបស់កម្មករ»។
លោក រ៉ុង ឈុន បាននិយាយឲ្យដឹងថា លោកចាប់ផ្ដើមសកម្មភាពជួយកម្មករ
ដោយចូលរួមជាមួយលោក ជា វិជ្ជា
ជាអតីតប្រធានសហជីពសេរីកម្មករកម្ពុជា។ កាលពីលោក ជា វិជ្ជា នៅរស់
លោកច្រើនបានជួបលោក ជា វិជ្ជា នៅចុងសប្ដាហ៍
ហើយឧស្សាហ៍ជជែកគ្នាអំពីការលំបាកផ្សេងៗរបស់កម្មករ
និងបានចូលរួមជាមួយលោក ជា វិជ្ជា ក្នុងសកម្មភាពតវ៉ាផ្សេងៗ
ដើម្បីឡើងប្រាក់ខែកម្មករ ទាមទារឲ្យមានការកែលំអលក្ខខណ្ឌការងារ
ទាមទារឲ្យមានលុយបន្ថែមម៉ោង និងប្រាក់ថ្លៃបាយជាដើម។
លោក រ៉ុង ឈុន៖
«អ្វីដែលយើងធ្វើការប្រឡូកជាមួយក្នុងជួរកម្មករ
និងជួរគ្រូបង្រៀន គឺយើងឃើញមានការផ្លាស់ប្ដូរច្រើន។
កាលពីចាប់ផ្ដើមដំបូង យើងពិបាកជួបគាត់ណាស់។
ក្នុងការប្រមូលផ្តុំកម្មករក្តី គ្រូបង្រៀនក្តី
គឺមានការលំបាកណាស់។ តែក្រោយពីយើងបានបញ្ជ្រាបម្តងហើយម្តងទៀត
គឺគាត់ហ៊ានប្រើសិទ្ធិរបស់គាត់។ គាត់ហ៊ាននិយាយ
គាត់ហ៊ានប្រើសិទ្ធិធ្វើបាតុកម្ម កូដកម្មរបស់គាត់
ដើម្បីទាមទារអត្ថប្រយោជន៍របស់ពួកគាត់»។
ផ្ដើមចេញពីការជួយកម្មករកាត់ដេរ លោក រ៉ុង ឈុន
បានកត់សម្គាល់ឃើញថា
គ្រូបង្រៀនក៏មានស្ថានភាពលំបាកក្នុងជីវភាពដូចកម្មករដែរ
គឺប្រាក់ខែក៏តិច មិនហ៊ាននិយាយស្តីអំពីការលំបាករបស់ខ្លួន
និងលក្ខខណ្ឌការងារមានការលំបាកដែរ។
លោកបានចាប់ផ្ដើមបង្កើតសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យនៅខែមីនា
ឆ្នាំ២០០០៖
«ក្នុងពេលប្រមូលផ្តុំដំបូង យើងធ្វើសិក្ខាសាលាចំនួន
២ថ្ងៃ។ នៅឆ្នាំ២០០០ មានអ្នកចូលរួមប្រមាណ ៣៥នាក់។
អ្នកចូលរួមជាគ្រូបង្រៀនមកពីខេត្តកណ្ដាល ភ្នំពេញ បន្ទាយមានជ័យ
និងព្រះវិហារ អីជាដើម»។
ចាប់ផ្ដើមដំបូង សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ
មានសមាជិកចំនួនតែ ៣៥នាក់ប៉ុណ្ណោះ។ បច្ចុប្បន្ន
សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ មានសមាជិកចំនួនជាង ១ម៉ឺននាក់ នៅ
២១ខេត្ត-ក្រុងទូទាំងប្រទេស។
នៅក្នុងសកម្មភាពតវ៉ាដើម្បីទាមទារឲ្យឡើងប្រាក់ខែ
ទាមទារឲ្យមានការកែលំអលក្ខខណ្ឌការងារ និងការទាមទារផ្សេងៗទៀត លោក
រ៉ុង ឈុន តែងរងការបង្ក្រាបពីសំណាក់អាជ្ញាធរ មានប៉ូលិស ប៉េអិម
និងសន្តិសុខយាមការពាររោងចក្រជាដើម។
លោក រ៉ុង ឈុន
ធ្លាប់ត្រូវអាជ្ញាធរវាយដោយសារការចូលរួមតវ៉ាជាមួយកម្មករ
និងគ្រូបង្រៀន ហើយធ្លាប់ជាប់ពន្ធនាគារចំនួន ៩៦ថ្ងៃ
ទាក់ទងការចេញផ្សាយសេចក្តីប្រកាសព័ត៌មានរឿងព្រំដែន
លោកត្រូវចៅក្រមតុលាការចោទប្រកាន់ពីបទផ្សាយព័ត៌មានមិនពិត
និងបរិហារកេរ្តិ៍។ ប៉ុន្តែដោយសារមានការជួយពីប្រជាពលរដ្ឋ
អង្គការជាតិ និងអន្តរជាតិ លោកបានត្រូវគេដោះលែងវិញ។
លោក រ៉ុង ឈុន៖
«យើងមានការប្រឈមខ្លាំងណាស់
នៅពេលយើងដឹកនាំកម្មករធ្វើការប្រមូលផ្តុំ
ត្រូវបានអាជ្ញាធរបង្ក្រាប ត្រូវបានគេឃាត់ខ្លួននៅក្នុងរោងចក្រ។
ហើយសកម្មជនកម្មករត្រូវគេប្រើអំពើហិង្សាលើ គេវាយ
គឺមានការប្រឈមខ្លាំង»។
លោក រ៉ុង ឈុន ធ្លាប់បានចេញទៅប្រទេសក្រៅជាច្រើនប្រទេស
ដើម្បីធ្វើបាឋកថា
ឬការរៀបរាប់អំពីស្ថានភាពលំបាកផ្សេងៗរបស់គ្រូបង្រៀន
និងកម្មកររោងចក្រកាត់ដេរនៅកម្ពុជា នៅក្នុងការបំពេញការងារ
និងការលំបាកលើជីវភាពរស់នៅ។ ប្រទេសដែលលោកធ្លាប់ទៅទស្សនកិច្ច
និងធ្វើបាឋកថា មានជាអាទិ៍ ប្រទេសអង់គ្លេស សហរដ្ឋអាមេរិក អូស្ត្រាលី
បារាំង បែលហ្សិក និងជប៉ុន ជាដើម។
ពិតមែនតែលោកបានធ្វើសកម្មភាពតវ៉ាទាមទារឡើងប្រាក់ខែ
ទាមទារកែប្រែលក្ខខណ្ឌការងារឲ្យកម្មករ និងគ្រូបង្រៀនជាច្រើនលើក
និងជាច្រើនឆ្នាំមកហើយក្តី តែលោក រ៉ុង ឈុន
មិនទាន់បានទទួលពានរង្វាន់ ឬមេដាយសរសើរពីអង្គការជាតិ អន្តរជាតិ
ណាមួយនៅឡើយទេ។
លោក អំ សំអាត មន្ត្រីអង្កេតរបស់អង្គការការពារសិទ្ធិមនុស្ស ឈ្មោះ
លីកាដូ (Licadho) បានលើកឡើងថា លោក រ៉ុង ឈុន
ជាសកម្មជនការពារសិទ្ធិមនុស្សដ៏សកម្មមួយរូប
ដែលធ្វើការងារបម្រើកម្មកររោងចក្រកាត់ដេរ និងគ្រូបង្រៀន
ដោយមិនខ្លាចលំបាក៖
«យើងចាត់ទុកគាត់ជាសកម្មជនការពារសិទ្ធិមនុស្សដ៏ឆ្នើម ក្នុងការទាមទារសិទ្ធិសេរីភាពជូនកម្មករ និងគ្រូបង្រៀន»។
ទោះបីជាការធ្វើសកម្មភាពបម្រើសង្គមដោយចូលរួមតវ៉ាឲ្យគ្រូ
បង្រៀន និងកម្មកររោងចក្រមានការលំបាកយ៉ាងណាក៏ដោយ ក៏លោក រ៉ុង ឈុន
នៅតែពេញចិត្តក្នុងការងារនេះ ដោយលោកយល់ថា
ការតស៊ូរបស់លោកបានផ្តល់ប្រយោជន៍ដល់មនុស្សជាច្រើននាក់
ហើយសកម្មភាពនេះបានចូលរួមកសាងប្រទេសឲ្យមានការគោរពច្បាប់
គោរពសិទ្ធិមនុស្ស និងមានលទ្ធិប្រជាធិបតេយ្យ។
លោក រ៉ុង ឈុន យល់ថា សកម្មភាពលោកមិនបានប្រឆាំងជាមួយអាជ្ញាធរ
និងរដ្ឋាភិបាលទេ ផ្ទុយទៅវិញ
គឺជួយបំពេញចន្លោះខ្វះខាតរបស់រដ្ឋាភិបាលទៅវិញទេ។
លោកមានការសប្បាយរីករាយ ដោយលោកបានតស៊ូជួយកម្មករ
ជាមួយសកម្មជនសហជីពផ្សេងទៀត ធ្វើឲ្យប្រាក់ខែគោលរបស់កម្មករឡើងពី
២៥ដុល្លារ ក្នុងមួយខែ មកដល់
៦១ដុល្លារក្នុងមួយខែក្នុងពេលបច្ចុប្បន្ន។ ចំណែកគ្រូបង្រៀន
ក៏បានឡើងប្រាក់ខែបានមួយចំនួនដែរ។
ក្រៅពីមុខតំណែងជាប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ លោក រ៉ុង
ឈុន មានមុខតំណែងមួយទៀត គឺជាប្រធានសហភាពសហជីពកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
1 comment:
Rung Chun is an active member of SRP but hide himself under name of NGO.
Post a Comment