Saturday, July 06, 2013

​បក្សប្រឆាំង ជំរុញ​ចាត់វិធានការ​អ្នក​ប្រើ​អាវុធ​បាញ់​គំរាម ដំណើរ​ការរក​សម្លេង​ឆ្នោត

យុវជនសង្រ្គោះជាតិដែលរបួសក្នុងអំពើហិង្សា
​គណបក្ស​សង្គ្រោះ​ជាតិ អំពាវនាវ​ឲ្យកម្លាំង​សមត្ថកិច្ច ចាត់វិធានការទៅលើ​ជន​ដៃដល់ ដែល​ប្រើ​អាវុធបាញ់​គំរាម សកម្មជន​របស់​ខ្លួន ក្នុង​យុទ្ធ​ធនា​ការឃោសនាបោះឆ្នោត ដោយ​ឈរ​លើ​ឯករាជ្យ ដើម្បី​ធានា​សិទ្ធិ​ស្មើ​ភាព​គ្នា រវាង​គណបក្ស​នយោបាយ ដែល​ចូលរួម​ប្រកួតប្រជែង​ការបោះឆ្នោត ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៥ ឆ្នាំ​២០១៣​នេះ​។​
អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ ឲ្យដឹង​នៅ​ព្រឹក​ថ្ងៃ​សៅរ៍​នេះ​ថា ហេតុការណ៍​ដែល​មនុស្សមួយក្រុម បាន​ប្រើ​អាវុធ បាញ់​គំរាម​ក្បួន​ដង្ហែ​របស់​គណបក្ស​សង្គ្រោះ​ជាតិ កាល​ពី​យប់មិញ​នេះ រហូតមកទល់​ពេលនេះ គឺ​សមត្ថកិច្ចបាន​ចាប់ខ្លួនជនដៃដល់​រួចហើយ ប៉ុន្តែលោកព្រួយបារម្ភ​ពី​ឯករាជ្យភាព​របស់ សមត្ថកិច្ច ដែល​តែងតែ​រង​ការ​ចោទថា មាន​ភាពលំអៀង​ទៅរក​បក្ស​កាន់​អំណាច​នោះ​។

​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​លោក ជួន សុវណ្ណ ប្រាប់​VOD​យ៉ាងខ្លីថា ការផ្ទុះ​ហិង្សា ដែល​កើតឡើង​នៅ​ម៉ោង​ជិត ៨​យប់មិញ​នេះ គឺ​រវាង​គណបក្ស​សង្គ្រោះ​ជាតិ និង​ប្រជាពលរដ្ឋ មិនមែន​គណបក្ស​ប្រជាជន​កម្ពុជា​ឡើយ​។ បើទោះបីជា​យ៉ាងនេះក្តី លោកបាន​ចុច​ទូរស័ព្ទ​បិទ នៅពេល​សាកសួរ​ពាក់ព័ន្ធ ​នឹង​ចំណាត់ការ​របស់​សមត្ថ​កិច្ច ក្នុង​ការចាប់ខ្លួន​ជនដៃដល់​។​
​យ៉ាងណាក៏ដោយ លោក យឹម សុវណ្ណ អះអាងថា សមត្ថកិច្ចមិនទាន់​ប្រាប់​ពី​តម្រុយ​ណាមួយ ដែល​ឈានទៅរក​ការ​ពិត​នៃ​ការបាត់​ខ្លួន អ្នកគាំទ្រ​គណបក្ស​លោក៣​នាក់ ក្នុង​ហេតុការណ៍​ប៉ះទង្គិច​គ្នា​នោះ បាន​នៅឡើយ​ទេ​។​
​គួរបញ្ជាក់​ថា នៅវេលា​ម៉ោង​៧​និង​៤៦​នាទី​យប់ ថ្ងៃទី​០៥ ខែកក្កដា អំពើ​ហិង្សា​មួយ​បាន​ផ្ទុះ​ឡើង​មក​លើ​ក្បួន​ដង្ហែ របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ដឹកនាំ​ដោយ​លោក យឹម សុវណ្ណ ប្រធាន​គណៈកម្មាធិការ​ប្រតិបត្តិ គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​ប្រធាន​ក្រុមការងារ គណបក្ស​សង្គ្រោះ​ជាតិ រាជធានី​ភ្នំពេញ​។ ហឹង្សា​នោះ បាន​កើតឡើង​នៅលើ​ផ្លូវ​លេខ​១៣៥ ស្ថិតក្នុង​សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន ទល់មុខ​ផ្ទះ​ឧកញ៉ា​ម្នាក់ ដោយ​មាន​ការ​គប់​ដុំ​ថ្ម មកលើ​ក្បួន​ដង្ហែ​ឃោសនា​របស់​គណបក្សប្រឆាំង បណ្តាលឲ្យ​មនុស្ស​យ៉ាងតិច​៣​នាក់ រងរបួស​។
​​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យដឹងថា ស្រប​ពេល​ការ​គប់​ដុំ​ថ្ម​នោះ ក៏​មាន​ការបាញ់​គ្រប់​កាំភ្លើង​ជា​បន្តបន្ទាប់ (​ពី​៥​ទៅ​១០​គ្រាប់​) ហើយ​អ្នកចូលរួម​ហែ​ក្បួន​ឃោសនា របស់​គណបក្ស​សង្គ្រោះ​ជាតិ​បីនាក់ ត្រូវបាន​ចាប់ខ្លួន​ដោយ​គ្មាន​មូលហេតុ​៕

No comments: