Friday, October 04, 2013

រដ្ឋសភា នឹង​បោះឆ្នោត​ជ្រើសរើស​ប្រធាន និង​អនុប្រធាន​គណៈកម្មការ​ជំនាញ នៅ​ថ្ងៃ​ទី​១០​ខែតុលា​​

សមាជិក សមាជិការ នៃសភាចោរ នីតិកាលទី៥

ដោយ៖​ ស៊ុន ណារិន​ | ថ្ងៃព្រហស្បតិ៍ ទី3 ខែតុលា ឆ្នាំ2013 | 3 ម៉ោង មុន

រដ្ឋសភា​នីតិកាល​ទី​៥​នេះ នឹង​បើក​សម័យប្រជុំ​បោះឆ្នោត​ជ្រើសរើស​ប្រធាន និង​អនុប្រធាន​គណៈកម្មការ​ជំនាញ​ទាំង​៩​នៃ​រដ្ឋសភា នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១០ ខែតុលា សប្តាហ៍​ក្រោយនេះ ដើម្បី​បញ្ចប់​ការជ្រើសរើស​សមាសភាព​របស់​រដ្ឋសភា​។​
​ការបើក​សម័យប្រជុំ​ជា​លើក​ទី​ពីរ​នេះ ធ្វើឡើង​បន្ទាប់​ពី​សម័យ​ប្រជុំ​សភា​លើក​ដំបូង ត្រូវ​បាន​ប្រព្រឹត្តឡើង កាលពី​ថ្ងៃ​ទី​២៣​ខែ​កញ្ញា ដោយ​មិន​​មាន​វត្តមាន​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​។ កាលពី​ថ្ងៃ​ទី​២៤ លោក ហេង សំរិន ប្រធានរដ្ឋសភា បានប្រកាស​ផ្អាក​សម័យប្រជុំ​សភា បន្ទាប់​ពី​បោះឆ្នោត​ជ្រើសរើស​ប្រធាន និង​អនុប្រធាន​រដ្ឋសភា​។ លោក ហេង សំរិន តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា​ប្រចាំ​ខេត្ត​កំពង់ចាម  ត្រូវបាន​ជ្រើសរើស​ជា​ប្រធានរដ្ឋសភា សម្រាប់​នីតិកាល​ទី​៥​នេះ ដោយ​សំឡេង​គាំទ្រ ៦៨​លើ​៦៨​។ ចំណែក​លោក ងួន ញ៉ិល តំណាងរាស្ត្រ​ខេត្ត​កំពង់ធំ ជា​អនុប្រធាន​ទី​១ និង​លោកស្រី ឃួន សុ​ដា​រី តំណាងរាស្ត្រ​ខេត្ត​កណ្តាល ជា​អនុប្រធាន​រដ្ឋសភា​ទី​២​។​
​ទូរ​ទស្សន៍​ក្នុង​ស្រុក​ស៊ី​អ៊ិន​ស៊ី រាយការណ៍​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ដោយ​ដកស្រង់​សម្តី​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា​ថា ការបោះឆ្នោត​ជ្រើស​រើស​ប្រធាន និង​អនុប្រធាន​គណៈកម្មការ​ទាំង​៩​នៃ​រដ្ឋសភា នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​ទី​១០​ខែតុលា បើ​ទោះ​ជា​មិន​មាន​វត្តមាន​តំណាង​រាស្ត្រ​​គណបក្ស​សង្គ្រោះ​ជាតិ​ក៏​ដោយ​។​

VOD មិនទាន់​អាច​ទាក់ទង​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​បញ្ជាក់​បន្ថែម​លើ​ការបើក​សម័យប្រជុំ​បាន​នៅឡើយ​ទេ និង​មន្ត្រី​គណ​បក្ស​​សង្គ្រោះ​ជាតិ ដើម្បី​សុំ​ការអត្ថាធិប្បាយ​ថា​តើ​នឹង​ចូលរួម​សម័យប្រជុំ​លើក​ទី​ពីរ​នេះ​ ដែរ​ឬ​យ៉ាងណា​។​ តែគណបក្សសង្រ្គោះជាតិ នឹង​ជួប​ជុំជាមួយអ្នកគាំទ្ររបស់ខ្លួន នៅថ្ងៃទី០៦ខែតុលា ដើម្បីបញ្ជាក់ពីជំហររបស់គណបក្សក្នុងការទាមទាររកយុត្តិធម៌ជូនម្ចាស់ឆ្នោត។
​គណៈកម្មការ​ទាំង​៩​នៃ​រដ្ឋសភា​នោះ រួមមាន គណៈកម្មការ​សិទ្ធិមនុស្ស ទទួល​ពាក្យបណ្តឹង អង្កេត និង​ទំនាក់ទំនង​រដ្ឋសភា ព្រឹទ្ធសភា គណៈ​កម្មការ​សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និង​សវនកម្ម គណៈកម្មការ​ផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និង​ធន​ធានទឹក គណៈកម្មការ​មហាផ្ទៃ ការពារជាតិ អង្កេត បោសសំអាត និង​មុខងារ​សាធារណៈ គណៈកម្មការ​កិច្ចការបរទេស សហ​ប្រតិបត្តិការ​អន្តរជាតិ ឃោសនា​ការ និង​ព័ត៌មាន គណៈកម្មការ​នីតិកម្ម និង​យុត្តិធម៌ គណៈកម្មការ​អប់រំ យុវជន កីឡា ធម្មការ កិច្ចការ​ឃោ​ស​នា​វប្បធម៌ និង​ទេសចរណ៍ គណៈកម្មការ​សុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាល​វិជ្ជា​ជី​វិៈ និង​​​កិច្ចការនារី និង​គណៈកម្មការ​សាធារណៈការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំ​ដែនដី នគរូ​បនីយកម្ម និង​សំណង់ ។​
​គណបក្ស​ប្រជាជន​កម្ពុជា បានដាក់​បញ្ជីរាយនាម​សមាសភាព​នៃ​ប្រធាន និង​អនុប្រធាន​គណៈកម្មការ​ជំនាញ​ទាំងអស់​នៃ​រដ្ឋសភា ទៅ​រដ្ឋសភា សម្រាប់​នីតិកាល​ទី​៥​នេះ​។​
​កន្លងទៅ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី  បកស្រាយ​ថា គណបក្ស​ពិតជា​បាន​សុំ​ជា​តំណែង​ប្រធានរដ្ឋសភា​ពិតមែន តែ​នេះ​គ្រាន់តែ​ការធ្វើឲ្យ​មាន​តុល្យភាព​នៃ​អំណាចនីតិបញ្ញត្តិ និង​រដ្ឋាភិបាល​ប៉ុណ្ណោះ ដើម្បី​ជា​ការត្រួតពិនិត្យ​គ្នា​ទៅវិញទៅមក​។ លោក សម រង្ស៊ី បញ្ជាក់ថា ការចរចា​សុំ​តុល្យភាព​អំណាច​នេះ គឺ​ធ្វើឡើង​ជា​ការ​បណ្តោះអាសន្ន ដើម្បី​រក​ដំណោះស្រាយ​ការជាប់គាំង​ប្រទេសជាតិ មុន​ការស្វែងរក​ការ​ពិត​នៃ​ការបោះឆ្នោត​។​
​កាលពី​ថ្ងៃ​ទី​២៤​ខែ​កញ្ញា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បង្ហើប​ឲ្យដឹងថា ក្នុង​ជំនួប​កំពូល​លើក​ទី​ពីរ​រវាង​គណបក្ស​ឈ្នះ​អាសនៈ​ទាំង​ពីរ គឺ​បក្សប្រឆាំង​ព្រម​ទទួលស្គាល់​លទ្ធផល​បោះឆ្នោត ៦៨​អាសនៈ ទល់នឹង​៥៥ បើសិន​គណបក្ស​ប្រជាជន​កម្ពុជា ព្រម​ប្រគល់​តំណែង​ប្រធានរដ្ឋសភា និង​ប្រធាន​គណៈកម្មការ​មួយចំនួនទៀត​។​លោកនាយក​រដ្ឋមន្ត្រី​ឲ្យដឹង​ទៀតថា ក្នុងជំនួប​នោះ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ទទួលបាន​សំឡេង​ច្រើនជាង បាន​ផ្តល់​តួនាទី​មួយចំនួន​ដល់​បក្សប្រឆាំង ដូចជា តំណែង​អនុប្រធាន​សភា​ទី​១ ឬ​ទី​២ នៃ​រដ្ឋសភា ប្រធាន​​គណៈកម្មការ​ចំនួន ៤ និង​អនុប្រធាន​ចំនួន​៥ ក្នុងចំណោម គណៈកម្មាធិកា​រទាំង​៩​នៃ​រដ្ឋសភា ។​
​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​ថ្ងៃ​ទី​២៣​ខែ​កញ្ញា បាន​ប្រកាស​ជា​ផ្លូវការ​ថា សភា ដែល​កើតឡើង គឺជា​សភា​ឯក​បក្ស មិនមែន​តំណាងឲ្យ​ប្រជា​ជាតិ​ខ្មែរ​ទាំងមូល​ទេ​។ គណបក្ស​សង្គ្រោះ​ជាតិ បានចាត់ទុក​ការប្រជុំ​សភា​នេះ ផ្ទុយ​ទាំងស្រុង​ទៅនឹង​គោលការណ៍​ប្រជាធិបតេយ្យ សេរី ពហុបក្ស ហើយ​កំពុង​នាំ​ប្រទេស​ទៅ​កាន់​របប​ផ្តាច់ការ​សាជាថ្មី​។​គណបក្ស​សង្គ្រោះ ជាតិ​បន្តថា ការបើក​សម័យប្រជុំ​នេះ គឺជា​ការ​រំលោភ​​រដ្ឋធម្មនុញ្ញ​កម្ពុជា ទៅលើ​មាត្រា​ចំនួន​៥ គឺ​មាត្រា​១ មាត្រា ៨ មាត្រា ៩ មាត្រា​៥១ និង​មាត្រា​៧៦៕
​សរសេរ​មកកាន់ លោក ស៊ុន ណារិន តាមរយៈ sun_narin@vodhotnews.com

1 comment:

Jendhamuni said...


Dear អ្នកស្រែ

Wow, I love that 'new' animated text :) My brother អ្នកស្រែ is very creative. I will steal that from you soon :) I am extremely helpful to see your post again.

~Jendhamuni